កញ្ញា​ហ៊ីម មុំ​ បដិសេធ​ភស្តុ​តាង​​​​របស់​​សមត្ថ​កិច្ច​​ដែល​ដាក់​​បន្ទុក​​ចោទ​កញ្ញាពី​បទ​ញុះ​​ញង់​ ​

សង្គម​ស៊ីវិល​ ឱ្យ​​ដឹង​ថា នៅក្នុ​ង​​សវនាការ​​នៅតុលាការ​ក្រុង​ភ្នំពេញ សកម្មជន​​សង្គម កញ្ញា ហ៊ីម មុំ ហៅ ខែម​ ស្រីមុំ ដែល​រង​ការ​ចោទរឿង​ ញុះញង់ បាន​បដិសេធភស្តុតាង​មួយចំនួន​របស់​សមត្ថ​​​កិច្ច ដោយកញ្ញាអះអាងថា ការ​បញ្ចេញ​មតិ ឬ Comment ខ្លះរបស់កញ្ញាក្នុង​បណ្តាញ​សង្គម​​​នោះ សមត្ថកិច្ច​បាន​បន្ថែម​បន្ថយពាក្យ ខណៈវីដេអូឃ្លីប​ភាគច្រើន​​លើសលុប​ដែលសមត្ថ​កិច្ច​យកមកធ្វើជា​ភស្តុតាង ក៏​កញ្ញា​មិន​បាន​ផុស​លើបណ្តាញ​សង្គមឡើយ។

នៅព្រឹក​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ​២០២៦នេះ សាលា​ដំបូងរាជធានីភ្នំពេញ បាន​បើក​សវនាការ​លើ​អង្គ​សេចក្តី ក្នុងសំណុំរឿង​របស់​សកម្មជន​សង្គម និងជា​អ្នកសារព័ត៌មាន​ពលរដ្ឋ កញ្ញា ហ៊ីម មុំ ពីបទ «ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវ​រ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម» និង​បទ «ប្រមាថ»។​ សកម្មជន​​​​​រូបនេះ​ ត្រូវ​​បាន​សមត្ថ​កិច្ច​ឆ្មក់​ចូល​ចាប់​​ខ្លួន កាល​​ពី​យប់​ថ្ងៃទី​១៥ ខែ​ឧសភា​ ឆ្នាំ​២០២៦ នៅ​​​​បន្ទប់​​ជួល​​មួយ​​កន្លែង ក្នុង​​រាជធានី​ភ្នំពេញ បន្ទាប់​ពីកញ្ញា​បាន​​​​​ចែក​រំលែក​បញ្ហា​សង្គម​លើ​​​ហ្វេស​ប៊ុក ដូច​​​ជា ព័ត៌​​​មាន​​អន្តរ​​ជាតិ បញ្ហា​​អយុត្តិ​ធម៌​​​​សង្គម ករណី​​ចាប់​ខ្លួន​សកម្ម​ជន​ចលនា​​មាតា​ធម្ម​ជាតិ សកម្ម​ភាព​ចូល​រួម​កិច្ច​ការ​​សង្គម​ និង​​ព័ត៌មាន​​​ពាក់​ព័ន្ធ​នឹង​​ការ​ឈ្លាន​ពាន​របស់​ថៃ មក​លើ​​បូរណភាព​ទឹក​ដី​កម្ពុជា​ជា​ដើម។

មន្ត្រីគោលនយោបាយ និង​តស៊ូមតិនៃ​អង្គការ​ភាពជាដៃគូដើម្បី​បរិស្ថាន និង​ការ​អភិវឌ្ឍ កញ្ញា ហេង គឹមសួ​ ដែលបានចូលរួមតាមដាន​សវនាការ បានឱ្យដឹងថា ក្នុងអំឡុង​ពេល​​សវនការ​ កញ្ញា ហ៊ីម មុំ​ បាន​បដិសេធ​ចំពោះ​ភស្តុ​តាង​​មួយ​​ចំនួន ដែលសមត្ថកិច្ច​បានផ្តល់​ឱ្យ​តុលាការ ដោយ​​សកម្មជន​រូបនេះ ថា​មានពាក្យពេចន៍​ខ្លះ​សមត្ថកិច្ច​បាន​​បន្ថែម​​បន្ថយ​​ពាក្យ លើសពីអ្វីដែល​​គាត់បាន​បញ្ចេញមតិ​ជា​សាធារណៈនៅ​លើបណ្តាញសង្គម។

កញ្ញា គឹមសួ​ បន្តថា ចំណែក វីដេអូចំនួន ៨ នៅក្នុង​អង្គចងចាំក្នុង​ទូរស័ព្ទរបស់​កញ្ញា ហ៊ីម មុំ​​ (Memory Card) ដែលសមត្ថកិច្ច​បាន​ដាក់​ជូនតុលាការ​​នោះទៀតសោត គឺមាន​វីដេអូឃ្លីប​តែមួយ​​ប៉ុណ្ណោះ ដែល​កញ្ញា ហ៊ីម មុំ បាន​បង្ហោះ​ឬ​ចែក​​រំលែក​លើ​បណ្តាញ​សង្គម​ ខណៈវីដេអូឃ្លីបចំនួន ៧ទៀត គឺសមត្ថកិច្ច​បានយកចេញពីទូរស័ព្ទ​ ដោយ​កញ្ញា ហ៊ីម មុំ មិន​បាន​បង្ហោះលើ​បណ្តាញ​សង្គម​នោះទេ។

កញ្ញាថា៖ «[ក្នុងសវនាការ]ហើយ​មេធាវីក៏បាន​បញ្ជាក់ដែរថា បើសិន​ជា​វីដេអូ​ហ្នឹង​អត់​មាន​ទេ ចឹង​វា​ក៏មាន​ភស្តុ​តាង​ណា​​ថា​​កញ្ញា​[ហ៊ីម មុំ]ញុះ​ញង់​ដែរ។ ហើយ​ការ​ស៊ែរ ឬខំមិនរបស់កញ្ញា​ ក៏អត់​បានគាំទ្រ​ទៅលើ​គំនិត​ណា​ដែរ តាមការ​បញ្ជាក់របស់​មេធាវីដូច​គ្នា​​ដែរ គាត់ថា ការ​ដែល​កញ្ញាគ្រាន់​តែ​ខំមិន[Comment] ឬក៏ស៊ែ[Share]​ហ្នឹង គឺគ្រាន់តែ​ប្រើ​សិទ្ធិ​​សេរីភាព​ក្នុងការ​បញ្ចេញ​​មតិរបស់​ខ្លួន​ទេ ទៅតាម​បណ្តាញ​សង្គម​​ដែល​វា​ក៏បាន​ចែង​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​ប្រទេស​កម្ពុជា​​​ដែរ ហើយ​បើសិនជា​ការ​ដែល​យើងគ្រាន់តែ​យើង​ផុស​ឬក៏ស៊ែ ដើម្បីចែក​រំលែក​​ពីព័ត៌មាន​ជា​ផ្សេង​ៗហ្នឹង ជាការ​​ញុះ​​ញង់​​ដែរ ចឹង​វាអស់​ហើយសិទ្ធិ​សេរីភាពក្នុងកា​របញ្ចេញមតិផ្សេង​ៗ​នោះ»។

​​ជុំវិញ​ករណីនេះ មន្ត្រីសង្គមស៊ីវិល​រូប​នេះ យល់ថា បើ​​គ្រាន់តែ​កញ្ញា ហ៊ីម មុំ បញ្ចេញ​មតិ​​​តាមរយៈ​​ការ​ចែករំលែកព័ត៌​មាន និង​បញ្ចេញមតិ​លើ​បណ្តាញសង្គម ដោយសារ​ការ​ខ្វល់ខ្វាយនឹង​រឿង​​សង្គម​ជាតិ ​ហើយ​បែរជា​រង​ការ​ចោទប្រកាន់​ និង​ជាប់ឃុំ ពីបទញុះញង់បែបនេះ បង្ហាញ​​ថា កម្ពុជា​មានការ​រឹតត្បិត​ខ្លាំ​ង​លើ​សេរីភាព​បញ្ចេញមតិ។ ​

ការណ៍នេះ កញ្ញា ហេង គឹមសួ ស្នើថា៖ «​ខ្ញុំ​ចង់​ឱ្យ​​រដ្ឋាភិបាល ក៏ដូចជាតុលាការ​កុំ​យក​ច្បាប់​មក​​គាបសង្កត់ទៅ​​​លើ​ការ​​បញ្ចេញ​​មតិ​ ​ឬក៏សិទ្ធិរបស់​ពលរដ្ឋ គួរ​តែ​បើក​លំហសេរីភាព​សិទ្ធិ​មនុស្ស​​​ឱ្យ​​បាន​ទូលំ​ទូលាយ ដើម្បីយើង​​រីក​ចម្រើនទាំង​​អស់​គ្នា ហើយ​យើង​ស្វែង​រកដំណោះស្រាយ ដើម្បី​ដោះស្រាយ​​ទាំង​អស់គ្នា»។

ចំណែក លោក អំ សំអាត នាយក​ទទួលបន្ទុកកិច្ច​ការ​ទូទៅនៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ឱ្យដឹង​​​ថា ក្នុង​សវនាការនោះដែរ កញ្ញា ហ៊ីម មុំ ក៏​​បាន​លើកឡើងដែរ​ ​ការ​ដែលកញ្ញាស៊ែ​​ហេតុការណ៍​កើតឡើងក្នុង​សង្គម និង​ការ​បញ្ចេញ​មតិ​​ផ្សេងៗនោះ គឺកញ្ញា​មិនមានចេតនាណា​មួយ​ញុះញង់ឱ្យមាន​ភាពវឹក​វរ​ធ្ងន់ធ្ងរ​​ដល់សន្តិសុខ​សង្គមនោះទេ។

លោក​បន្តថា៖ «ចឹង​ទាំងកញ្ញា ហ៊ីម មុំ និង​​មេធាវី​ហ្នឹង គឺបានស្នើ​សុំឱ្យមានការ​លើក​លែង​​ចោទប្រកាន់​ទៅលើ​កញ្ញា ហ៊ីម មុំ​ ហើយ​ដោះលែង​ឱ្យមាន​សេរីភាព​វិញ»។

ជុំវិញករណីនេះ អ្នកជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​រូប​នេះ បាន​លើកឡើង​ថា ទាំង​សហគមន៍​​ជាតិ-​អន្តរ​​​ជាតិ និង​អ្នករាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិស្តីពីស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នាពេលកន្លងមក ​ក៏បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះការ​ចាប់​ ការ​ឃុំ​ខ្លួន កា​រចោទប្រកាន់ និងការ​ផ្តន្ទា​ទោស​ទៅលើ​អ្នក​ដែល​បាន​​បញ្ចេញមតិ​ទៅតាម​បណ្តាញ​សង្គម​ផ្សេង​ៗ​ផងដែរ ថាមានការ​​​​​​ប៉ះ​ពាល់ដល់លំហ​​​សេរីភាព​​ក្នុង​ការ​បញ្ចេញ​មតិ។​

លោកបន្តថា ការ​ចោទប្រកាន់ និង​ផ្តន្ទាទោស​ទៅ​លើ​អ្នក​បញ្ចេញមតិជា​បន្តបន្ទាប់​នេះ មិន​មែន​ជា​រូបភាព​ល្អសម្រាប់​​កម្ពុជានោះទេ ស្របពេល​ដែលកម្ពុជានឹង​មានការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​​សង្កាត់ និង​ការ​បោះឆ្នោត​ជាតិ​នា​ពេល​ខាង​មុខ។ ដូច្នេះ​រាជរដ្ឋាភិបាល ក៏ដូចជា​តុលាការ​ គួរតែ​ពិនិត្យ និងពិចារណារ​ឱ្យ​បាន​ច្បាស់​លាស់ ដើម្បី​កុំ​ឱ្យ​មានការ​រិះគន់ និង​​​ធានា​នូវ​​ការ​​គោរព​​គោល​​ការណ៍​​សិទ្ធិ​​មនុស្ស សិទ្ធិសេរីភាព​បញ្ចេញមតិ សិទ្ធិសេរីភាពសារព័ត៌មាន និង​ធ្វើឱ្យ​មានបរិយា​កាស​ល្អ​សម្រាប់កា​របោះឆ្នោត។​

បើតាម​​អង្គការ​សង្គម​ស៊ីវិល ក្រោយ​ការ​សួរដេញដោល​លើ​អង្គសេចក្តី ក្នុង​សំណុំរឿង​ចោទប្រកាន់​ទៅលើ​កញ្ញា ហ៊ីម មុំ នៅថ្ងៃនេះ ប្រធានក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលា​ដំបូងរាជធានីភ្នំពេញ នឹង​ប្រកាសសាលក្រម នៅ​ថ្ងៃទី​២៥ ខែកញ្ញា ចុងសប្តាហ៍នេះ។

កញ្ញា ស្រីមុំ ត្រូវបានគេស្គាល់ថាជាស្រ្តីមួយរូប ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​ សិទ្ធិ​​​បញ្ចេញ​​មតិ និង​ចូល​រួម​ក្នុង​កិច្ច​ការ​ងារ​ការ​ពារ​បរិស្ថាន ការ​ងារ​សង្គម​ជា​ច្រើន​ជាមួយ​សកម្ម​ជន​បរិស្ថាន​ អ្នក​​ការ​ពារ​សិទ្ធិ​មនុស្ស សង្គម​ស៊ីវិល​ផង​ដែរ។

អ្នកស្រី ខែម សឿន ម្តាយរបស់កញ្ញា ហ៊ីម មុំ បានឱ្យដឹងថា ថ្ងៃនេះអ្នកស្រីពុំបានចូលរួមស្តាប់​សវនាការ​ក្នុងសំណុំរឿង​​ចោទប្រកាន់លើកូនអ្នកស្រីនោះទេ ដោយសារតែ​អ្នកស្រីពុំបាន​ដឹង។ យ៉ាងណា អ្នកស្រីបានស្នើ​យ៉ាងទទូច​សុំឱ្យ​តុលាការ​ទម្លាក់ចោល​បទចោទប្រកាន់​ និង​ដោះលែង​​កូន​អ្នកស្រីឱ្យមាន​សេរីភាព បានជួបជុំគ្រួសារ​វិញ ដោយ​អ្នកស្រីអះអាងថា កូនរបស់​ខ្លួន​ជាមនុស្ស​ស្លូត​បូត។

អ្នកស្រីថា៖ «រាល់ថ្ងៃនេះ ចង់​ឱ្យ​រដ្ឋាភិបាលនឹង​ជួយស្រាវ​ជ្រាវមើល តើកូនខ្ញុំខុសអី ថានេះឱ្យ​​​ដោះលែង​កូនមក​វិញ គាត់​ធ្វើអីខុស ធ្វើអីខុស សូមឱ្យជួយដោះលែង​គាត់​មក​វិញ​មក ព្រោះ​តែ​មានតែពីរនាក់ម៉ែកូន​»។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យ​សាលា​ដំបូង​រាជធានីភ្នំ​ពេញ លោក អ៊ី រិន្ទ បាន​ទេ​នៅថ្ងៃចន្ទនេះ។

បើតាម​របាយ​ការណ៍​​នៅដើមខែកញ្ញា ឆ្នាំ​២០២៦​របស់​អង្គ​ការ​​ការ​ពារសិទ្ធិ​មនុស្ស​​លីកាដូ ​គិ​ត​​​​មក​ដល់​បច្ចុប្បន្ន​ មាន​​ពលរដ្ឋ​​ជា​​​សកម្ម​ជន​​សង្គម សិទ្ធិ​មនុស្ស បរិស្ថាន និង​​នយោ​បាយ​​ចំនួន ១១៧​​នាក់ ត្រូវ​​​បា​ន​​​ចាប់​​​ខ្លួន​​​ឃុំ​ឃាំង និង​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ ដោយសារ​ការ​ប្រើ​សិទ្ធិ​បញ្ចេញ​​មតិ​របស់​ពួកគេ ក្នុង​​​នោះក៏មាន​​​​សកម្មជន​​សង្គម កញ្ញា ហ៊ីម មុំ​ ហៅ​ ខែម ស្រី​មុំ ផងដែរ​។

កាល​ពី​ថ្ងៃទី៣១ ខែ​​កក្កដា ឆ្នាំ​២០២៦នេះ ក្នុ​ងសន្និសីទ​សារព័ត៌មាន​​ក្រោយ​បិទ​បញ្ចប់​បេសក​កម្ម​​ផ្លូវការ​​នៅ​​​កម្ពុជា អ្នក​រាយ​ការណ៍​​ពិសេស​​អង្គ​ការ​សហ​ប្រជា​ជាតិ​​ទទួល​បន្ទុក​​ស្ថា​ន​ភាព​​សិទ្ធិ​មនុស្ស លោក ថម អេន​ឌ្រូ (Tom Andrews) បាន​​វាយ​តម្លៃ​ថា កម្ពុជា​នៅតែ​​ប្រឈម​​បញ្ហា​សិទ្ធិ​មនុស្ស​​ធ្ងន់ធ្ងរ ស្របពេល​ដែល​​​​មនុស្ស​​ជាង ១០០​នាក់ ​កំពុង​​​​ត្រូវ​បាន​​ឃុំ​ខ្លួន​ដោយ​​សារ​​តែ​​ការ​អនុវត្ត​​សិទ្ធិ​មូល​ដ្ឋាន ខណៈ​លំហ​​នយោ​បាយ សេរីភាព​​បញ្ចេញ​មតិ​​​កាន់​​តែ​​រួម​តូច។ ត្រង់​ចំណុ​ច​​​នេះ ​លោក​​សង្កត់​​ធ្ងន់​​ថា គ្មាន​នរណា​ម្នាក់​គួរ​ត្រូវ​ជាប់ពន្ធនា​គារ​ ដោយសារ​ការអនុវត្ត​សិទ្ធិ​ជា​មូល​ដ្ឋាន​​​ដោយ​​​សន្តិ​​វិធី​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ