ធនាគារ​ជាតិឱ្យ​ដឹ​ង​តិច​តួច​ពី​វិធាន​ការ​ផ្អាក​ការ​ទូទាត់​ប្រាក់​​បញ្ញើ​​របស់​​ធនាគារ​​ពាណិជ្ជ ឈីហ្វ

ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ទម្លាយ​ឱ្យ​ដឹង​តិច​តួច ជុំវិញ​វិធាន​ការ​ដែល​ខ្លួន​បាន​សម្រេច​ផ្អាក​ការ​ទូទាត់​ប្រាក់​បញ្ញើ និង​ចំណាយ​មិន​ចាំបាច់​មួយ​ចំនួន​របស់​ធនាគារ​ពាណិជ្ជ ឈីហ្វ​(​ខេម​បូឌា) ដោយ​សំអាង​ត្រឹម​ថា​ បាន​រក​ឃើញ​ការ​ខ្វះ​​ចន្លោះ ​ក្នុង​ការ​អនុ​ឡោម​តាម​បទ​ប្បញ្ញត្តិ​នានា។

នេះបើ​យោ​ងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា «ស្តីពី​ការ​ដាក់​ឱ្យ​ធនាគារ​ពាណិជ្ជ ឈីហ្វ (ខេម​បូឌា)​​ម.ក ស្ថិត​ក្រោម​អភិបាល​បណ្តោះ​អាសន្ន» ចុះថ្ងៃទី២១ ខែ​កញ្ញា ឆ្នាំ​២០២៦។

ធនាគារជាតិ​ បាន​គូសបញ្ជាក់ថា វិធាននេះ ដើម្បីគ្រប់គ្រងស្ថានការណ៍ និង​បាន​តែង​តាំង​ក្រុម​ហ៊ុន បេក​ឃើ ធិល​លី (ខេម​​បូឌា) ម.ក ជា​អភិបាល​បណ្ដោះ​អាសន្ន សម្រាប់​រយៈ​ពេល ៣ ខែ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២៦​​នេះ​​ទៅ។

អភិបាលបណ្ដោះអាសន្ន មានភារកិច្ចវាយតម្លៃស្ថានភាព និងធ្វើ​របាយ​ការណ៍​ជូន​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ដើម្បី​ជា​មូ​ល​​ដ្ឋាន​​ក្នុង​​ការ​​សម្រេច​​ចាត់​​វិធាន​​ការ​​បន្ត។

ក្នុង​អំឡុងពេល៣ខែនេះ អភិបាលបណ្ដោះអាសន្ន ទទួល​បាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​គ្រប់​គ្រង និង​តំ​ណាង​​​ឱ្យ​ធនាគារ​​​ពាណិជ្ជ ឈីហ្វ លើ​ប្រតិ​បត្តិ​ការ​ទាំង​អស់ រួម​ទាំង​ការ​ផ្អាក​ការ​ទូទាត់​ប្រាក់​បញ្ញើ និង​ចំណាយ​មិន​ចាំបាច់​មួយ​ចំនួន។

លើសពីនេះ ធនាគារជាតិ បាន​អះអាង​ថា ខ្លួន​នឹង​បន្ត​តាម​ដាន​យ៉ាង​ប្រុង​ប្រយ័ត្ន​ខ្ពស់​លើ​ការ​អនុ​វត្ត​របស់​អភិ​បាល​​បណ្ដោះ​​អាសន្ន និង​ស្នើ​សុំ​ឱ្យ​សាធារណ​ជន​តាម​ដាន​ព័ត៌​មាន​ផ្លូវ​ការ​ជា​បន្ត​បន្ទាប់។

តាមរបាយការណ៍នានា ក្រោយពីអន្តរជាតិជំរុញឱ្យបោសម្អាតឧក្រិដ្ឋកម្មឆបោក​អន​ឡាញ និង​ការ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា ធនាគារ​ និង​គ្រឹះ​ស្ថាន​ហិរ​ញ្ញ​វត្ថុ​មួយ​ចំនួន​ត្រូវ​បាន​បិទ ដូច​ជា ធនាគារ ព្រីនស៍ របស់​លោក ចេន ហ្ស៊ី ។ កាស៊ីណូ ២៧ កន្លែង ត្រូវ​បាន​ដក​ហូត​អាជ្ញា​ប័ណ្ណ ជាប់​ពាក់​ព័ន្ធ​នឹង​ប្រតិ​បត្តិ​ការ​ឆបោក​ និង​លាង​លុយ​កខ្វក់។

ក្នុង​នោះមាន​ទាំង​ក្រុម​ហ៊ុន ហួយវ័ន គ្រុប (Huione Group) និង ហួយវ័ន ផេ ពាក់​ព័ន្ធ​​នឹ​ង​លោកហ៊ុន តូ ដែល​ស្ថាប័ន​​នេះ រង​ទណ្ឌ​កម្ម​និង​ការ​ចោទ​ប្រកាន់​ពី​សហរដ្ឋ​អាមេ​រិក និង​អង់​​គ្លេ​ស ពី​ការ​ពាក់​ព័ន្ធ​នឹង​ការ​លាង​លុយ​កខ្វក់​​រាប់​ពាន់​លាន​ដុល្លារ និង​បណ្តាញ​ឧក្រិដ្ឋ​កម្ម​ឆបោក​លំដាប់​ពិភព​លោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ