ពលរដ្ឋ និងអ្នកឃ្លាំមើលធនធានធម្មជាតិ មើលឃើញថា វិធានការរបស់អាជ្ញាធរខេត្តព្រះវិហារ ចុះបង្ក្រាបអាជីវកម្មរ៉ែមាស នៅតំបន់ភ្នំលុង ស្រុករវៀង ខេត្តព្រះវិហារ គ្រាន់តែចុះរុះរើសម្ភារៈរែងរ៉ែមាស ឬកម្ទេចសម្ភារៈ ដើម្បីបិទបាំងភ្នែកមហាជនមួយរយៈខ្លី ហើយក្រោយពីសមត្ថកិច្ចត្រឡប់ទៅវិញ ក្រុមឈ្មួញ និងកម្មករ បន្តលួចចូលធ្វើសកម្មភាពឡើងវិញដដែលៗជាច្រើនឆ្នាំមកហើយ។
ប្រតិកម្មនេះ ធ្វើឡើងក្រោយពីអាជ្ញាធរខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា បានចុះពិនិត្យ និងអនុវត្តច្បាប់លើ អាជីវកម្មរ៉ែមាសខុសច្បាប់យ៉ាងហោចណាស់ជិត ១០០ កន្លែង ឋិតនៅតំបន់រំដេង ឃុំរមទម ស្រុកវៀង។
អ្នកឃ្លាំមើលធនធានធម្មជាតិ និងសិទ្ធិមនុស្ស លោក ប៊ី វ៉ាន់នី យល់ថា អាជ្ញាធរត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយពីច្បាប់ ផលប៉ះពាល់បរិស្ថាន និងអាយុជីវិតមនុស្សដែលស្លាប់ក្នុងរណ្តៅរ៉ែមាស ខុសច្បាប់។ លោកថា រដ្ឋាភិបាលមិនគួរជឿតែរបាយការណ៍របស់អាជ្ញាធរមូលដ្ឋាននោះទេ គួរតែចុះស៊ើបអង្កេត ស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ជាពិសេសត្រូវចាត់វិធានការលើមន្ត្រីពុករលួយ។
លោក ប៊ី វ៉ាន់នី ថ្លែងថា៖ «ប្រសិនបើយើងមិនព្រមអនុវត្តវិធានការតឹងរ៉ឹង ឬក៏ការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងទៅលើជនប្រព្រឹត្ត ឬក៏មន្ត្រីពាក់ព័ន្ធទៅនឹងបទល្មើសហ្នឹងទេ វាមិនអាចចាត់វិធានការទៅលើការគ្រប់គ្រងតំបន់រ៉ែច្បាស់បានទេ។ អ៊ីចឹងហើយអាជ្ញាធរគួរតែចុះធ្វើការស៊ើបអង្កេតទៅលើបញ្ហាទាំងអស់ហ្នឹង យើងមិនត្រូវបណ្តែតបណ្តោយយកតែរបាយការណ៍បកស្រាយពីអាជ្ញាធរមូលដ្ឋានទេ»។
ពលរដ្ឋរស់នៅឃុំរមទម ស្រុករវៀង លោក ទុយ ឆេង សង្កេតឃើញថា អាជ្ញាធរអនុវត្តច្បាប់រ៉ែមាស គ្មានតម្លាភាពនោះទេ ពោលគឺអនុវត្តតែពលរដ្ឋតូចតាច រករ៉ែមាសលក្ខណៈគ្រួសារ តែសម្រាប់បុគ្គលមានលុយមានអំណាច និងក្រុមហ៊ុនឯកជន ធ្វើអាជីវកម្មរ៉ែខុសច្បាប់ បែរជាគ្មានចំណាត់ការ។
លោកថា ក្រុមហ៊ុនឌែលខម ខែមបូឌា (Delcom Cambodia) ដែលវិនិយោគរ៉ែមាសក្នុងតំបន់នោះជិត ២០ឆ្នាំ មានអំណាចខ្លាំងគ្រប់គ្រងតំបន់នោះ និងរំលោភយកដីរបស់ពលរដ្ឋជាច្រើនគ្រួសារ ធ្វើឱ្យអ្នកភូមិខ្លះលំបាកវេទនាដោយសាររឿងអយុត្តិធម៌សង្គម។
លោក ទុយ ឆេង និយាយថា៖ «ប្រជាជនដែលប្រកបមុខរបររាល់ថ្ងៃនេះ ជុំវិញភ្នំ មួយឃុំរមទម គឺពួកគាត់ប្រកបមុខរបររកស៊ីរ៉ែហ្នឹងឯង។ នៅពេលដែលមានហេតុការណ៍ចឹងៗទៅ វាប៉ះពាល់ទី១ គឺគ្នាវាគ្រោះថ្នាក់អត់ឃ្លាន ស៊ីព្រឹកខ្វះល្ងាច។ ទី២ទៀត គឺវាទាក់ទិនជាមួយនឹងលុយធនាគារ។ ប្រជាជន៥ភូមិហ្នឹង គឺសុទ្ធតែមុខរបរពួកគាត់ហ្នឹងឯង គឺក្រោយពីធ្វើស្រែចម្ការរួច គឺគាត់មករកមាសហ្នឹងឯង តាំងពីដើមពីដូនតារបស់គាត់មកហើយ»។
វីអូឌី មិនទាន់អាចទាក់ទងសុំការបំភ្លឺជុំវិញរឿងនេះ ពីប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ លោក ស៊ុន ច័ន្ទរក្សា បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
តែយ៉ាងណា កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីក្រសួងរ៉ែ លោក កែវ រតនៈ បង្ហាញជំហរយ៉ាងម៉ឺងម៉ាត់បង្ក្រាប និងលុបបំបាត់រាល់អាជីវកម្មរ៉ែមាសខុសច្បាប់ទូទាំងប្រទេស ដើម្បីការពារធនធានធម្មជាតិ ទប់ស្កាត់ការលេចធ្លាយចំណូលជាតិ និងការពារសុវត្ថិភាពបរិស្ថាន សុខភាពពលរដ្ឋ។
លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបរាល់សកម្មភាពរុករករ៉ែខុសច្បាប់ និងបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណថ្មីៗ ក្នុងតំបន់ការពារធម្មជាតិ ដូចជា ព្រៃឡង់ ជាដើម។
អ្នកភូមិ ឱ្យដឹងថា ពលរដ្ឋរាប់រយគ្រួសាររស់នៅក្នុងភូមិចំនួន ៥ ក្នុងឃុំរមទម ស្រុករវៀង តែងតែទៅធ្វើអាជីវកម្មរ៉ែមាស នៅតំបន់ភ្នំលុង ឬតំបន់រំដេង លក្ខណៈគ្រួសារ ដោយប្រើកម្លាំងមនុស្សជីកដីដោយដៃ មិនមានប្រើម៉ាស៊ីន ឬសារធាតុគីមីនោះទេ។ ពួកគាត់ចាត់ទុកថា ការទាញយកធនធានរ៉ែមាសរបស់សហគមន៍ ធ្វើឡើងតាមទម្រង់ប្រពៃណីបន្សល់ពីបុរាណ ក៏ប៉ុន្តែមុខរបរនេះស្ទើរតែបាត់បង់ទាំងមូល ក្រោយពីមានវត្តមានក្រុមហ៊ុនឯកជន និងក្រុមអ្នកមានអំណាចចូលទៅតំបន់នោះ។
បន្ថែមពីនេះទៀត មុនពេលមិនទាន់មានវត្តមានក្រុមហ៊ុនឯកជនចម្រាញ់រ៉ែមាស និងទីតាំងអាជីវកម្មរ៉ែខុសច្បាប់នៅតំបន់ភ្នំលុង កាលពី២០ឆ្នាំមុន តំបន់ភ្នំលុង គឺជាកន្លែងផ្តល់សក្ដានុពល សម្រាប់អ្នកភូមិរកអនុផលព្រៃឈើ និងរែងរ៉ែមាសលក្ខណៈសហគមន៍ ក៏ប៉ុន្តែមកទល់ពេលនេះ មុខរបរទាំងនេះ បានបាត់បង់ស្ទើរទាំងស្រុងហើយ។ ចំណែកអាជ្ញាធរមូលដ្ឋានតែងតែលម្អៀងខាងភាគីក្រុមហ៊ុន និងថៅកែជនជាតិវៀតណាម។
ពលរដ្ឋថា នៅរយៈពេលជិត ២០ ឆ្នាំកន្លងទៅនេះ ក្រោយពីមានវត្តមានក្រុមហ៊ុនឌែលខម ខែមបូឌា (Delcom Cambodia) និងថៅកែបរទេសជាច្រើននាក់ បើកការដ្ឋានធ្វើអាជីវកម្មរ៉ែមាសនៅតំបន់នោះ ធ្វើឱ្យអ្នកភូមិលំបាកវេទនា មិនត្រឹមតែធ្វើឱ្យបាត់បង់ធនធានធម្មជាតិប៉ុណ្ណោះទេ ពលរដ្ឋមួយចំនួនបានក្លាយជាជនរងគ្រោះដោយសារបាត់បង់ដីធ្លីកេរឪពុកម្ដាយ។
ពេលនេះដីរបស់ពួកគាត់តំបន់ខ្លះ និងនៅតំបន់រំដេង នៅអែបជើងភ្នំលុង បានក្លាយជាទីតាំងធ្វើអាជីវកម្មរ៉ែមាស ដោយមានផ្នែកខ្លះ មានរណ្តៅដីជាច្រើនកន្លែង ដាច់ដោយកង់ៗ ហើយតំបន់ខ្លះទៀត ហ៊ុមព័ទ្ធរបងជិត មិនឱ្យអ្នកខាងក្រៅចេញចូល៕









