អ្នកឃ្លាំមើលព្រមាន​ពី​ហានិ​ភ័យ​នៃ​ដី​ឡូត៍ ឡេង ណាវ៉ាត្រា នៅ​សៀម​រាប​​ក្នុង​​តម្លៃ​ថោក

អ្នក​ឃ្លាំ​មើល ព្រមាន​ថា ពលរដ្ឋ​គួរ​ប្រុង​ប្រយ័ត្ន និង​ពិនិត្យ​ឱ្យ​ច្បាស់ ជៀស​វាង​ហានិ​ភ័យ​ខាត​បង់​ប្រាក់ មុន​​​ចំណាយ​លុយ​ទិញ​ដី​ឡូត៍​តម្លៃក្រោ​ម ១ពាន់​ដុល្លារ​របស់​លោក ឡេង ណាវ៉ាត្រា នៅ​សៀម​រាប ដែល​​កំពុង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ទិញ​​​យ៉ា​ង​ណា​ក៏​ដោយ។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើ​លក​ម្ពុជា លោក ម៉ែន ណាត ប្រាប់​​​វីអូឌី​​​នៅ​ថ្ងៃទី​២១ ខែក​ញ្ញា​ថា ដីធ្លី​របស់​លោក​ ឡេង ណា​វ៉ាត្រា ភាគ​ច្រើន​ជា​ដីស​ម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋ ដែល​ផ្តល់​សម្រាប់​អភិវឌ្ឍន៍ ដូច្នេះ​លោក​មិន​អាច​លក់​ដី​ទាំង​នោះ​តាម​​អំពើ​​ចិត្ត​បាន​ទេ។ ប្រសិន​បើ​មិន​បន្ត​អភិវឌ្ឍន៍​តាម​លក្ខ​ខណ្ឌ​សម្ប​ទាន រដ្ឋ​អាច​មាន​សិទ្ធិ​ដក​ហូត ឬ​យក​ដី​មក​វិញ​តាម​ច្បាប់។

លោកអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្ន និងកុំប្រញាប់​ទិញ ដោយ​សារ​ស្ថាន​ភាព​កម្ម​សិទ្ធិ និង​ការ​អភិវឌ្ឍ​ដី​មិន​ទាន់​មាន​​ភាព​​ច្បាស់​លាស់ ទោះ​ក្រុម​ហ៊ុន​​​នេះប្រ​កាស​លក់​ដីឡូត៍​នៅខេត្ត​សៀ​មរាប​ក្នុង​តម្លៃ​ក្រោម ១ពាន់ដុល្លារ​ក្នុង​មួយ​ឡូត៍។ លោក​បារម្ភ​ថា អ្នក​ទិញ​អាច​ប្រឈម​នឹង​ការ​ខាត​បង់​ប្រាក់ ខណៈ​មិន​ទទួល​បាន​ដី​ ដោយ​សារ​បញ្ហា​វិវាទ និង​ស្ថាន​ភាព​ផ្លូវ​ច្បាប់​ ពាក់​ព័ន្ធ​នឹង​ទ្រព្យ​សម្បត្តិ​របស់​លោក ឡេង ណាវ៉ាត្រា។

​លោក ម៉ែន ណាត ថ្លែងថា៖ «បើមិនដឹងសាច់រឿងទេ សូមកុំសាកល្បង ទៅទិញដីឃើញដីថោកៗរបស់ ឡេង ណាវ៉ា​ត្រា កុំ​ទិញ​ឱ្យ​​សោះ ប្រយ័ត្ន​ខាត​ទាំង​លុយ ខាត​បង់​ទាំង​លុយ ហើយ​ដី​មិន​បាន ខាត​លុយ​ហើយ​ដី​មិន​បាន ដូច​ខ្ញុំ​ជម្រាប​​ជូន​អញ្ចឹង​ថា ដី​ធ្លី​របស់​សេដ្ឋី​ដី​ធ្លី​រប​ស់​លោក ឡេង ណាវ៉ា​ត្រា ភាគ​ច្រើន​​ជា​​​ដី​សម្ប​ទាន​​​សេដ្ឋ​កិច្ច​របស់​រដ្ឋាភិ​បាល ដែល​ឱ្យ​ធ្វើ​ការ​អភិវឌ្ឍន៍ មិន​ថា​អភិវឌ្ឍន៍​ដី ផ្ទះ​ល្វែង​ ឬ​អភិវឌ្ឍន៍​អី​ទេ ឱ្យ​តែ​ពាក់​​ព័ន្ធ​អភិវឌ្ឍន៍ ឧទាហរណ៍​ដូច​កាល​ជំនាន់​ឆ្នាំ​២០២៤​អញ្ចឹង គឺ​រឿង​ភ្នំ​តាម៉ៅ​អញ្ចឹង​ជា​ដើម»។

ចំណែក អតិថិជនរងគ្រោះ​ហាក់មិនចាប់អារម្មណ៍នឹងគម្រោងថ្មីរបស់ម្ចាស់ក្រុមហ៊ុន​នេះ​ទេ។ តំណាងអតិថិជន​ម្នាក់ លោក កែ រ៉ាវុធ បន្ត​ទទូចឱ្យក្រុមហ៊ុន​គោរពកិច្ចសន្យាចាស់​​របស់ខ្លួន​ជាមួយអតិថិជន ទោះក្រុមហ៊ុន​ប្រគល់ឱ្យក្រសួង​រៀបចំដែនដី​រាប់​រង​បន្ត​​​ក៏​ដោយ។

​លោក កែ រ៉ាវុធ និយាយថា៖ «​វា​​ជា​​កំហុស​របស់​ក្រុមហ៊ុន​ ហើយ​វា​ជា​កំហុស​របស់​ ឡេង ណាវ៉ា​ត្រា​ អញ្ចឹង​​ ឡេង​ ណាវ៉ា​ត្រា​ ត្រូវ​​​តែ​​ទទួល​ ទំនួល​ខុស​ត្រូវ​​ទៅ​ និង​​កាតព្វកិច្ច​របស់​ខ្លួន​ដែល​បាន​ចែង​នៅ​ក្នុង កិច្ចសន្យា​ចាស់»។

ការលើកឡើងដូច្នេះ បន្ទាប់​ពី​​លោក ឡេង​ ណាវ៉ាត្រា ប្រកាស​​លក់ដីឡូតិ៍​នៅ​ស្រុកបន្ទាយស្រី ខេត្ត​សៀម​រាប ក្នុង​​តម្លៃ​១ឡូតិ៍ ៩៥០​ដុល្លារ ដោយ​​​គ្រាន់តែ​​ចំណាយកាត់ប្លង់​កម្មសិទ្ធិខ្លួនឯង ក្រោម​ឈ្មោះរបស់​លោក​និង​​ភរិយា។ លោកថា ប្រាក់​លក់នឹងវេរចូលកុងធនាគាររបស់ក្រសួងរៀបចំ​ដែន​ដី​ផ្ទាល់ ដើម្បី​ប្រមូល​ថវិកា​ទៅ​បង្ហើយ​គម្រោង​៦អា និង​ជ្រែ​១០០ នៅ​​ខេត្ត​​កណ្ដាល ដែល​​លោក​ប្រកាស​ក្ស័យ​ធន និង​​ផ្ដល់​សិទ្ធិ​ឱ្យ​ក្រសួង​រៀបចំ​ដែន​ដី​ចាត់​ចែង​បន្ត ដោយ​មាន​ការ​លក់​ឡាយ​ឡុង​ដីនៅ​ខេត្ត​កំពត និង​ខេត្ត​​​បន្ទាយ​មាន​ជ័យជា​ដើម។

វីអូឌី មិនអាចសុំការឆ្លើយតបពីតំណាងក្រុមហ៊ុន ឡេង ណាវ៉ាត្រា លោក សុំ មនោរម្យ និង​អ្នកនាំ​ពាក្យក្រសួង​រៀបចំ​ដែនដី លោក សេង ឡូត បានទេនៅថ្ងៃទី២១ ខែ​កញ្ញា។

ចំណែក អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា យល់ថា ការ​លក់ដីឡូត៍​អាចជា​ដំណោះ​ស្រាយ​មួយផ្នែក ប៉ុន្តែមិនទាន់អាចបញ្ជាក់ថា មានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាធំៗរបស់អតិថិជនបានឬយ៉ាង​ណាទេ។ ឯប្រសិទ្ធភាពអាស្រ័យលើទំហំបញ្ហារបស់អតិថិជន និងថាតើប្រាក់ចំណូលពី​​ការលក់អាចយកមកដោះស្រាយបញ្ហា​ដែលកើតមានបានកម្រិតណា។ ជាមួយគ្នានេះ លោក​មើលឃើញថា ស្ថាន​ភាពសេដ្ឋកិច្ច​​បច្ចុប្បន្ន​ អាច​ប៉ះ​ពាល់​ដល់សមត្ថភាព និងការសម្រេចចិត្តរបស់អតិថិជន​ ក្នុងការទិញដីឡូត៍ផងដែរ ខណៈ​​ទំនុកចិត្តរបស់អតិថិជនចាស់ និងអតិថិជនថ្មីក៏ជាបញ្ហា​ចម្បង។

​លោក ប៉ោ មករា ថ្លែង​ថា៖ «អញ្ចឹងសរុបជារួមមកវិញ ខ្ញុំនៅតែមើលឃើញថា អឺភាព ជឿជាក់ និងការសាងទំនុក​ចិត្ត ទៅឲ្យប្រជាពលរដ្ឋគឺជារឿងសំខាន់ណាស់ ដូច្នេះប្រសិទ្ធភាពនៃការដោះស្រាយហ្នឹងវាអាស្រ័យទៅ​លើ​ភាពជឿជាក់និងការស្មោះត្រង់ រវាងគាត់និងអតិថិជន រវាងគាត់និងប្រជាពលរដ្ឋដែលជាអតិថិជនថ្មីហ្នឹង អញ្ចឹងបើសិនជាការទុកចិត្តការជឿជាក់បាន ខ្ញុំគិតថា វាជាដំណោះស្រាយល្អមួយដែរ»។

យ៉ាងណា អ្នកសិក្សាការអភិវឌ្ឍសង្គម លោក​​​បណ្ឌិត មាស នី យល់ ថា ករណីនេះ នៅមិនទាន់មានការបញ្ជាក់​ច្បាស់​ថា ជា​ការបោកប្រាស់ដោយចេតនា ឬក្ស័យធនឱ្យពិត​​ប្រាកដ។ លោកថា បើជាការបោកប្រាស់​ដោយចេតនា គួរ​តែ​មាន​​ការ​ស៊ើបអង្កេត​ដើម្បីឱ្យ​ដឹងថា ប្រាក់ដែលប្រមូលបានរាប់សិបលាន​ដុល្លារ ត្រូវបានយកទៅណា ចំណាយ​សាង​សង់​អស់​​ប៉ុន្មាន និងនៅសល់ប៉ុន្មាន ដើម្បីកំណត់ទំនួលខុសត្រូវ និងដោះ​ស្រាយជូនអ្នករងគ្រោះ។ ប៉ុន្តែ បើជាបញ្ហាក្ស័យ​ធន នោះការលក់ ឬប្រើប្រាស់ទ្រព្យសម្បត្តិ​ ដើម្បីបង្វិល​ប្រាក់មកដោះស្រាយ​ជូនអតិថិជន​ដែលរងផលប៉ះពាល់ អាច​ចាត់ទុកជាវិធីសាស្ត្រមួយ ក្នុងការដោះស្រាយ​វិបត្តិអាជីវកម្ម។

លោក មាស នី ថ្លែង​ថា៖ «សម្រាប់ករណី ឡេង ណាវ៉ាត្រា នេះ ខ្ញុំហាក់ដូចជាមិនទាន់ឃើញ​មានរដ្ឋាភិបាល​បង្ហាញ ឬក៏ក្រសួងហ្នឹងពាក់ព័ន្ធណា បង្ហាញអំពីមូលហេតុច្បាស់លាស់ថា តើជារឿងក្ស័យធន ឬក៏ជារឿងបោក​ប្រាស់ ប៉ុន្តែបើជារឿងបោកប្រាស់ វាត្រូវតែមានលុយហ្នឹង​នៅលើបុគ្គលណាមួយ​​ហើយ វាអត់ត្រូវមាន អត់មានអីនៅដៃសោះឡើយ បាទ»។

ចំណែក ​អ្នកតាមដានភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី យល់ថា ការលក់ដីឡូត៍នៅសៀមរាបអាច​ជាផ្នែកមួយ​នៃដំណោះស្រាយ​​បញ្ហាអតិថិជនគម្រោង 6A ប្រសិនបើប្រាក់ដែលបានពីការលក់ត្រូវប្រើដោះ​ស្រាយ​​បញ្ហាអតិថិជន​​ចាស់ និងមានការត្រួតពិនិត្យច្បាស់លាស់។ ប៉ុន្តែបើជាការលក់ថ្មី ដើម្បីយកប្រាក់​ពីអតិថិជនថ្មី​ មកដោះស្រាយបំណុលចាស់ វាអាចបង្កជនរងគ្រោះ​ថ្មី។ ដូច្នេះ រដ្ឋាភិបាលគួរបញ្ជាក់ពីកម្មសិទ្ធិ ប្លង់ បំណុល និងគោលដៅប្រើប្រាស់ប្រាក់ពីការលក់ ព្រមទាំងបង្ហាញច្បាស់ថា វាជាផែនការដោះស្រាយគម្រោង 6A ឬអាជីវកម្មថ្មី។ លោកសង្កត់ធ្ងន់​ថា តម្លាភាព និងការត្រួតពិនិត្យមានសារៈសំខាន់ ដើម្បីកុំ​ឱ្យអ្នកទិញថ្មីទទួលបន្ទុកបញ្ហាចាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ