ក្រុមហ៊ុនដឹ​​កថ្មជាង២០ឆ្នាំ​ធ្វើឱ្យ​ខូ​ចផ្លូ​វ​ប៉ះ​ពាល់​ការ​រស់​នៅ​របស់ព​លរដ្ឋ​៣ស្រុក​នៅ​ខេត្ត​សៀម​រាប

ពលរដ្ឋ​​​ខេត្ត​​សៀម​រាប ​ខក​​ចិត្ត​​ចំពោះ​​អាជ្ញាធរ​​កសាង​​ផ្លូវ​​គ្មាន​​គុណ​ភាព​ដដែលៗ ​បណ្តាល​​​ឱ្យ​ផ្លូវ​ជាតិ​លេខ​៦៧ ​ខូ​ច​ខាត​​កាន់​តែ​​ធ្ងន់​ធ្ងរ​ ​​នៅ​​រយៈ​​ពេល ​៦​ ឆ្នាំ​​កន្លង​​ទៅ​​នេះ។ រីឯ​សកម្មភាព​​រថយន្ត​​ធំៗ​ដឹក​ថ្ម​​និង​​ខ្សាច់ ​របស់​​ក្រុម​ហ៊ុន​​ឯក​ជន ​ដែល​ពួក​គាត់​មិន​ស្គាល់​ឈ្មោះ ធ្វើ​​ឱ្យ​​ផ្លូវ​​ជាតិ​មួយ​ខ្សែ​នេះ មាន​ប្រវែង​​ជិត ៣០ គីឡូ​​ម៉ែត្រ រង​ការ​ខូច​ខាត​កាន់​តែ​ធ្ងន់។

ពលរដ្ឋ​រស់​នៅ​ស្រុក​អង្គរ​ធំ​ លោក សៀម រ៉ាន់ ត្អូញ​​ត្អែរ​​ថា ​ស្ថាន​ភាព​​ផ្លូវ​​ពេល​​នេះ ​មាន​​ជង្ហុ​ក​​ជ្រៅ​ៗ មិន​​អាច​​បើក​​ឡាន​​តូចៗ​​បាន​ឡើយ​ ហើយ​អ្នក​ដំណើរ​ខ្លះ​ត្រូវ​ចំណាយ​ពេល​ច្រើន​ ​ទម្រាំ​ឆ្លង​​ផុត​ផ្លូវជាតិដ៏​លំបាក​នេះ។ លោក​ថា ​ផ្លូវ​​មួយ​ខ្សែ​​នេះ​​ឆ្លង​កាត់​ស្រុក​ចំនួន​ ៣​ ខេត្ត​​សៀមរាប​ លំបាក​ជាង ៦ ឆ្នាំ​មក​ហើយ​ ហើយ​អាជ្ញាធរ​តែង​តែ​កសាង​ជា​បន្ត​​បន្ទាប់ ​ក៏​ប៉ុន្តែ​គ្មាន​គុណភាពនោះទេ​។ លោក​ថា​ ពេល​ផ្លូវ​លំបាក ​ពលរដ្ឋរាប់ពាន់គ្រួសារ ​រស់​នៅ​យ៉ាងលំបាក​វេទនា​ ពិបាក​​​ដឹក​ជញ្ជូន​កសិផល ​ហើយ​សិស្ស​សាលា​ក៏​ពិបាក​​ទៅ​រៀន​ដែរ៖

លោក សៀម រ៉ាន់ បានលើកឡើងថា៖ «ថ្នល់ជាតិគេធ្វើផ្លូវកៅស៊ូស្អាតធ្វើរួចពីខាង​មុខ ខូច​ក្រោយ ធ្វើ​លាប​ៗ។ ផ្លូវ​ជាតិ​​សេដ្ឋ​កិច្ច​ធំ​ណាស់​ផ្លូវ​នេះ ផ្លូវ​ជាតិ សព្វ​ថ្ងៃ​ឈប់​ជា​តិ​ហើយ កើត​ជង្ហុក កើត​ស្រះ»។

ថ្មីៗ​នេះ ​ពលរដ្ឋខេត្តសៀមរាប​បាន​ថតវីដេអូ បង្ហាញ​ពីទិដ្ឋភាពផ្លូវជាតិលេខ​៦៧​ ​រៀប​រាប់​​បែប​​ឌឺ​ដង​​ថា ​ផ្លូវ​​ថ្នល់​​ក្រាល​​កៅស៊ូដែ​ល​អាជ្ញាធរ​កសាង ​បាន​​ក្លាយ​​​ជា​​ស្ទឹង​ និង​​ទឹក​​ដក់​​ជ្រៅៗ​ នៅ​រដូវ​វស្សា​ឆ្នាំ​នេះ។ លោក​ថា ពេល​រថយន្ត​​ដឹក​​ថ្ម​ឆ្លង​​កាត់​​ផ្លូវ​នេះ​ ប្រៀប​ដូច​ជា​បុណ្យ​ហែ​ផ្កាថ្ម​ដូច្នេះដែរ។

ពលរដ្ឋបាននិយាយថា៖ «បង​ប្អូន​នេះ​គេ​ហែ​ផ្កា ហែផ្កា​​ថ្ម ផ្លូវ​ខូច​មិន​បាច់​ឆ្ងល់​ទេ ហែផ្កា​ថ្ម​រាល់​ថ្ងៃ។ ឥលូវ​កើត​ស្ទឹង​ហើយ វែង​​អ៊ីចឹង​ឯង»។

វីអូឌី ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ ​ពី​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​សៀមរាប លោក លី វណ្ណៈ បាន​​​នៅ​ឡើយ​ទេ​​គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ ​ដោយ​ទូរសព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក។

តែ​យ៉ាង​​ណា ​កន្លង​ទៅ ប្រធាន​​មន្ទីរ​រ៉ែ ខេត្ត​សៀម​រាប លោក ឡេង លាត ធ្លាប់​​ប្រាប់​​សារ​ព័ត៌​មាន​​ក្នុ​ង​​ស្រុក​​ថា បច្ចុប្បន្ន​​មាន​​ក្រុម​ហ៊ុន​​ចំនួន ​៣ បន្ត​​អាជីវកម្ម​​ដឹក​​ថ្ម​ និង​​ខ្សាច់ ​ក្នុង​នោះ​មាន​ក្រុមហ៊ុន​ចិន ២ និង​ក្រុមហ៊ុន​ឯកជន​​ខ្មែរ​មួយ​ បាន​ដឹកថ្មឆ្លងកាត់ផ្លូវនៅតំបន់នោះ។

ជុំវិញ​រឿង​នេះ ​អ្នក​គ្រប់គ្រង​ការិយាល័យ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​​ទិសពាយ័ព្យ​ លោក អ៊ិន គង់​ជិត ស្នើ​ឱ្យ​​អាជ្ញាធរ​​ខេត្ត​សៀមរាប ​ធ្វើ​របាយការណ៍​ដាក់​សំណើ​ទៅ​ក្រសួង​សាធារណៈ​ ដើម្បី​​ពន្លឿន​ជួស​ជុល ​និង​ស្ថាបនា​ផ្លូវ​​ជាតិ​មួយ​​ខ្សែ​​នេះ​ឡើង​វិញ។ លោក​ថា នៅ​គ្រា​ដែល​ផ្លូវ​លំបាក​ធ្វើ​ដំណើរ ជា​ឧបសគ្គ​ប៉ះពាល់​ជីវភាព​ពលរដ្ឋ​ដឹក​ជញ្ជូន​កសិ​ផល​​ទៅ​​ទីផ្សារ​ និង​ការ​​ប្រកបរ​ចិញ្ចឹម​ជីវិត​ប្រឈម​បញ្ហា​រាំង​ស្ទះ។

លោក អ៊ិន គង់ជិត ថ្លែងថា៖ «ការត្អូញត្អែររបស់ពលរដ្ឋនៅតំបន់ហ្នឹង គឺគាត់​ពិត​ជា​លំបាក​វេទនា​ធ្វើ​ដំណើរ ដឹក​ភោក​​ផល ផលិត​ផល​របស់​គាត់ ពី​តំបន់​ហ្នឹង​មក​លក់​នៅ​ក្រុង​សៀម​រាប ជាពិសេស​បើ​មាន​ស្ត្រី​ឆ្លង​ទន្លេ​ពេល​យប់ ឬ​ក៏​មា​ន​ពលរដ្ឋ​រង​គ្រោះ​ដោយ​ជំងឺ ដោយ​គ្រោះ​ថ្នាក់ ​តាម​ផ្លូវ​ហ្នឹង ជួប​ប្រទះ​នូវ​ឧបសគ្គ​យឺត​យូរ»។

អ្នកភូមិ​ខ្លះ បង្ហើប​ថា ​កន្លង​ទៅ​តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច​ ធ្លាប់ចុះទៅឃោសនាបោះឆ្នោត ដោយ​​សន្យាជាមួយ​​ពលរដ្ឋ​មុន​ពេល​បោះឆ្នោត​ថា​ នឹង​កសាង​ផ្លូវ​មាន​គុណភាព ក៏​ប៉ុន្តែ​មក​ទល់​ពេល​នេះ ​ពលរដ្ឋថា ​ជា​ការ​សន្យា​​ខ្យល់​ ធ្វើ​​ឱ្យ​ពលរដ្ឋ​អស់​ជំនឿ។

ពលរដ្ឋ​បន្ថែម​ថា ផ្លូវ​ជាតិ​មួយ​ខ្សែ​ខូចខាត​ខ្លាំង​ឆ្លង​កាត់​ឃុំ​ចំនួន ២ គឺ​​ឃុំ​​ជប់​តាត្រាវ ស្រុក​​អង្គរធំ​ ឆ្ពោះ​ទៅ​ឃុំ​គោក​ដូង ស្រុក​​​អង្គរជុំ ​និង​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប ហើយ​ផ្លូវ​ដែល​ខូចខាត​ខ្លាំងជាងគេ​មាន​ប្រវែង​ជាង ១០ គីឡូ​ម៉ែត្រ ដែល​អាជ្ញាធរ​ទុក​ចោល​ជា​ច្រើន​ឆ្នាំ​មក​ហើយ មិន​បាន​ជួសជុល​ និង​សាងសង់​ឡើង​វិញ​នៅ​ឡើយ​ទេចាប់តាំង​ពី​ឆ្នាំ​២០២០ រហូតមក។

ពលរដ្ឋ​​ទទូច​ឱ្យ​រដ្ឋាភិបាល​កសាង​ផ្លូវ​ថ្នល់​មាន​គុណភាព លុបបំបាត់អំពើ​ពុករលួយ​ និង​អនុវត្តច្បាប់​ដល់​មន្ត្រី​ទាំង​ឡាយ​​​ណា​ដែល​កិបកេង​លុយ​​ជាតិ​​ស្ថាបនា​ផ្លូវថ្នល់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ