លោកសម រង្ស៊ី អំពាវ​នាវ​ឱ្យ​​លោក​​ហ៊ុន សែន ​លាលែង​ដើម្បី​​សង្គ្រោះ​កម្ពុជា​​​ពី​វិបត្តិ​​ចាក់​​ស្រេះ

លោក​​សម រង្ស៊ី មេដឹកនាំ​​រដ្ឋាភិបាល​​កម្ពុជា​ឯករាជ្យ​​២៣​​តុលា បាន​​អំពាវ​នាវ​ជាថ្មី​​ទៀត​​​ឱ្យ​លោក​​ហ៊ុន សែន ប្រធាន​​ព្រឹទ្ធ​សភា​​ និង​​លោក​​ហ៊ុន ម៉ាណែត ​នាយក​​រដ្ឋ​​មន្ត្រី​​ លាលែង​​ពី​តំណែង ដើម្បី​​សង្គ្រោះ​កម្ពុជា​​ពី​វិបត្តិ​ចាក់​ស្រេះ ​ជាពិសេស​​​ឧក្រិដ្ឋ​កម្ម​​អន​ឡាញ ដែល​​កំពុង​​បំផ្លាញ​​មុខ​​មាត់​កម្ពុជា​​នៅ​​លើ​​​ឆាក​អន្តរ​ជាតិ និង​​បញ្ហា​​បូរណ​​ភាព​​ទឹក​ដី និង​​ដើម្បី​​ឱ្យ​ក​ម្ពុជា​​មាន​​មេដឹក​នាំ​ថ្មី អាច​ស្នើ​​ទៅ​​សហ​ប្រធាន​កិច្ច​​ព្រម​ព្រៀង​​សន្តិភាព​​ទីក្រុង​​ប៉ារីស ​​ឱ្យ​កោះ​​ប្រជុំ​​រឿង​ថៃ​​ឈ្លាន​ពាន​​ទឹក​ដី​កម្ពុជា។​

អ្នក​ឃ្លាំមើល​ចាត់​ទុកការថ្លែង​របស់​លោក​សម រង្ស៊ី ថាជាជំហរ​​នយោ​បាយ ប៉ុន្តែ​​គាំទ្រ​ឱ្យ​​បង្ក្រាប​​ឧក្រិដ្ឋ​កម្ម​​អន​ឡាញ​​ឱ្យ​​ដល់​​ឫស​គល់ និង​ជំរុញឱ្យមាន​ការស្នើ​ទៅ​សហប្រធាន​កិច្ចព្រម​ព្រៀង​ទីក្រុងប៉ារីស ​ឱ្យកោះ​ប្រជុំ​​​លើ​​​រឿង​​ថៃ​ឈ្លាន​ពានទឹកដីកម្ពុជា។

នៅក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​​រស់នៅ​បរទេស ​នាពេលថ្មីៗនេះ លោកសម រង្ស៊ី ​ថ្លែង​ថា នៅ​ពេល​​នេះ​ ទឹកដីខ្មែរ​កំពុង​ត្រូវ​បាន​ថៃឈ្លានពាន។ ថៃ​បាន​យក​លេសស្គេ​ម​អន​ឡាញ​ដែល​មាន​សាងសង់​អគារ​ធំៗ​​នៅ​តាម​ព្រំដែន ដើម្បី​វាយ​ចូល​ឈ្លានពានទឹក​ដី​កម្ពុជា។ ប៉ុន្តែ​គ្មាន​ប្រទេសណា​ហ៊ាន​ជួយកម្ពុជា​ទេ ដោយ​​​សារ​​​តែ​លោក​ហ៊ុន សែន ​និង​រដ្ឋាភិបាលលោក​ហ៊ុន ម៉ាណែត​ គប់​គិតជាមួយ​មេឧក្រិដ្ឋ​ជន​អន​ឡាញ រក​ស៊ីឆបោក​ធ្វើឱ្យ​កម្ពុជា​ស្អុយឈ្មោះ​ ​ពេញ​​ពិភពលោក។

លោកថា៖ «​បើគេដឹងថា រដ្ឋាភិបាល​នឹង​ជា​រដ្ឋាភិបាល​ចោរ​ គ្មាន​​អ្នកណា​គេ​ចង់​មក​ធ្វើការ​ជាមួយ​រដ្ឋា​ភិបាល​ចោរ​ អ្នក​​ណា​ចង់​ការពារចោរ គេអត់មក​ទេ! អ៊ីចឹង​បើកាល​ណា ហ៊ុន សែន ​នៅកាន់​អំណាច​ខ្មែរ​ស្លាប់​ហើយ​ យើង​​បាត់​បង់ទឹកដីហើយ បរទេសមាន​លេសចូល​មក​ហើយ​។ រឿងនេះ​រឿងធំ​ រឿង​ចោរស្កេម ​គឺ​ធំជាង​រឿង​ព្រំដែន​​ទៀត។ បើ​ហ៊ុន សែន​ ​ឯងស្រឡាញ់​ជាតិ​តែបន្តិច ​​បើ​ហ៊ុន សែន ​ឯង​អាណិត​ខ្មែរ​តែបន្តិច ​ហ៊ុន សែន​ឯង​​​ចុះចេញទៅ​ ​ដើម្បី​ឱ្យ​ខ្មែរមាន​តំណាង​ដែល​សក្តិសមសូម​ឱ្យ​​អនុវត្ត​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​»។

​លោកបានគូសបញ្ជាក់ថា ​ប្រទេសកម្ពុជា​បច្ចុប្បន្ន​​ ត្រូវ​បាន​សហគមន៍​អន្តរ​ជាតិ​មើល​ឃើញថា  ​ជា​ស្រុកចោរ ដឹក​​នាំ​ដោយ​​​ចោរ។ ហេតុដូច្នេះ​ហើយ ទើប​គ្មាន​ប្រទេស​ណាមួយ ​ចេញ​មុខ​ថ្កោល​ទោស​ថៃ នៅពេល​ថៃ​​ឈ្លានពាន​​​កម្ពុជា​នោះ​ទេ ខណៈ​​ឧក្រុដ្ឋកម្ម​អនឡាញ​បាន​ធ្វើឱ្យ​​ភ្ញៀវទេស​ចរបរទេស ​មិនហ៊ាន​​មក​លេង​​កម្ពុជា និង​​អ្នក​វិនិយោគទុន​សុច្ចរិត​ ​ក៏គេ​មិន​ហ៊ាន​ចូល​មក​រកស៊ី​នៅកម្ពុជា​ផងដែរ ដែល​នេះ​បានធ្វើ​ឱ្យ​ប៉ះ​​ពាល់យ៉ាង​ខ្លាំង​​​ដល់​សេដ្ឋកិច្ចកម្ពុជា។

លោកថា៖ «សូម​ឱ្យ​សំឡេង​ខ្ញុំ​នេះ​​បានឮទៅ​ដល់​ស្រុកខ្មែរ ​គឺអ្នកនៅជិតស្និទ្ធជាមួយ​ ហ៊ុន សែន ​សូម​ឱ្យ​អង្វរ​ ហ៊ុន សែន ទៅ​ថា ​យើង​អត់បាន​សុខ​ទេ​ ខ្មែរ​យើង​ខ្ទិច​​ហើយ​ បើ ​ហ៊ុន សែន ​នៅកាន់​អំណាច​ សូម​ឱ្យ​ហ៊ុន សែន ​ចុះ​ចេញ​ទៅ​ ទៅ​​ណា​ទៅ​ៗ​ ប៉ុន្តែដើម្បី​ឱ្យខ្មែរបាន​សុខ​ ទាល់​តែមាន​អ្នក​ដឹក​នាំ​​​ដែលស្នើ​ឱ្យ​អនុវត្ត​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ​ហើយ​ផ្តាច់​ទំនាក់​ទំនង​ជាមួយ​ចោរ ​ដើម្បី​កុំ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​​ជារដ្ឋាភិបាល​ចោរ​ដូច​​សព្វ​ថ្ងៃ»។

វីអូឌី ​មិន​អាច​ទាក់​ទងលោក​ ប៉ែន បូណា ​អ្នក​នាំពាក្យ​រដ្ឋាភិបាល និង​​លោក​ ជា ធីរិទ្ធ ​អ្នក​នាំពាក្យ​លោក​ហ៊ុន សែន ​ដើម្បី​​ស្នើ​សុំ​ធ្វើអត្ថាធិប្បាយ​លើ​បញ្ហានេះ​បាន​ទេ​ នៅថ្ងៃទី​២២ខែ​កញ្ញានេះ។ ប៉ុន្តែ​ទាក់​ទងនឹងកិច្ច​ព្រម​​​ព្រៀង​​សន្តិភាព​​ទីក្រុងប៉ារីស លោក ហ៊ុន សែន បាន​ថ្លែង​កាល​ថ្ងៃទី២៤ ខែ​តុលា ឆ្នាំ​២០២៥ថា កិច្ច​ព្រម​​ព្រៀង​​​ជា​អន្តរជាតិ​នេះ ​បាន​អស់សុពលភាព​​ចាប់​តាំងពីថ្ងៃ​ដែល​កម្ពុជា ​បាន​យក​ខ្លឹមសារ​នៃកិច្ច​ព្រម​ព្រៀង​​នេះ​ សរសេរ​ចូលទៅក្នុង​រដ្ឋធម្ម​នុញ្ញ​​កម្ពុជា។ ហេតុដូច្នេះ​ លោក​ថា រដ្ឋាភិបាល​កម្ពុជា​មិន​​អាច​​ស្នើ​ទៅ​សហប្រធាន​នៃកិច្ចព្រមព្រៀងក្រុង​ប៉ារីស​​នេះ ឱ្យកោះ​ប្រជុំ​​ដើម្បី​ដោះស្រាយ​ការ​ឈ្លានពាន​ទឹកដី​ពី​សំណាក់​ប្រទេសថៃ​បាន​ទេ។

លោកថា៖ ​«ប៉ុន្តែ​អ្នក​ដែលមិន​យល់​ធ្វើជាមិន​យល់ ​ឬក៏ភ្លើ ​ខ្ញុំ​និយា​យ​ឱ្យ​ច្បាស់​ចឹងហ្មងទៅ​! បើសិន​ជាផ្អែក​លើ​កិច្ច​​ព្រម​ព្រៀង​​ក្រុង​ប៉ារីស​បាន ​មិន​ចាំបាច់​ចេញទៅណាឆ្ងាយទេ​ ទៅកិច្ចព្រមព្រៀង​ប៉ារីស​ហ្មង តែនេះ​វា​​ទៅ​ហួស​ពី​កិច្ច​ព្រមព្រៀង​ប៉ារីស​ វាទៅ ICJ ​តុលាការ​យុត្តិធម៌​អន្តរជាតិ ​​គេទៅ​ធំជាងនុងទៀត គេ​ទៅ​ដល់​ក្រុម​​ប្រឹក្សា​​ស​ន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​ គេ​ទៅ​​ដ​ល់​​វេទិកាអន្តរ​ជាតិ​ដទៃទៀត។ ឥឡូវ​យ៉ាងម៉េច​ខ្ញុំ​មិន​យល់​ដែរ ឬក៏គ្រាន់​តែនិយាយ​កិច្ចព្រមព្រៀង​ប៉ារីស ​ដោយ​មិន​ខ្វល់​រដ្ឋធម្មនុញ្ញ?»។

លោក សេង វណ្ណលី អ្នកតាម​ដានភូមិសាស្ត្រនយោបាយ បាន​ថ្លែងថា​ ការអំពាវនាវរបស់​លោក សម រង្ស៊ី ឱ្យ​លោក ហ៊ុន សែន លាលែង​ពី​តំណែង គឺ​ជា​ជំហរ​នយោបាយ​របស់​លោក។ ប៉ុន្តែ​បញ្ហា​ធំ​ដែល​រដ្ឋាភិ​បាល​មិន​អាច​គេច​បាន គឺ​បណ្តាញ​ឆបោក​នៅក​ម្ពុជា​បាន​ក្លាយ​ជា​បញ្ហា​ធ្ងន់​ធ្ងរ ​និ​ង​ប៉ះ​ពាល់​ដល់​កេរ្តិ៍​ឈ្មោះ​ប្រទេស​​ជាតិ​។ បើ​រដ្ឋាភិបាល​ចាប់​តែ​អ្នក​តូចៗ ហើយ​មិន​ហ៊ាន​ស៊ើប​អង្កេត​អ្នក​មាន​អំណាច អ្នក​មាន​លុយ ឬ​អ្នក​ដែល​មាន​ខ្សែ​ធំៗ នោះ​ជំនឿ​ពី​ក្រៅប្រ​ទេស​នឹង​បន្ត​ធ្លាក់​ចុះ។ មនុស្ស​នឹង​សួរ​ថា តើ​ការ​បង្ក្រាប​នេះ​ពិត​ប្រាកដ ឬ​គ្រាន់​តែ​ធ្វើ​ឱ្យមើ​ល​ឃើញ​ថា​កំពុង​ធ្វើ​​​ការ។

លោកថា៖ «ដើម្បីដោះស្រាយបញ្ហានេះ កម្ពុជាត្រូវស៊ើបអង្កេត​ដល់មេខ្លោង ម្ចាស់ទីតាំង អ្នកការពារ និងមន្ត្រី​ណាដែល​​មានភស្តុតាងពាក់ព័ន្ធ ដោយមិនលើកលែងអ្នកណាទាំងអស់។ រដ្ឋាភិបាលក៏គួរបង្ហាញឱ្យសាធារណជនដឹងថា តើ​បាន​បិទទីតាំងប៉ុន្មាន អ្នកណាត្រូវចោទប្រកាន់ ទ្រព្យសម្ប​ត្តិប៉ុន្មានត្រូវរឹបអូស និងជនរងគ្រោះទទួលបានជំនួយ​អ្វីខ្លះ។ បើច្បាប់អនុវត្តតែអ្នកតូច ប៉ុន្តែឈប់នៅមុខអ្នកធំមិន​ហ៊ាន​អនុវត្តចំ​ពោះ​​​អ្នកមាន​អំណាច​ បញ្ហា​ឆបោក​​នឹង​មិន​ចប់​​​ទេ ហើយ​​នឹង​អាច​​រងផលប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​កម្ពុជា​ហើយ​​នឹង​​រង​សម្ពាធ​ពី​​បរទេស​ជា​បន្ត​បន្ទាប់»​។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នកជំនាញ​ច្បាប់​​ បាន​ថ្លែងថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ​មេដឹក​នាំ​និង​មន្ត្រី​រាជការ​​​មិន​​អាច​ធ្វើ​អ្វីៗ​ទៅ​តាម​តែអំពើចិត្ត​បាន​ទេ​ ពីព្រោះ​មេដឹកនាំ​និង​មន្ត្រីរាជការ​មាន​តួនាទី​ត្រូវ​បម្រើ​រាស្ត្រ​ម្ចាស់​ឆ្នោត​។

លោក​បាន​សរសេរ​ក្នុង​សំណេរ​ដើម​​នៅលើ​ហ្វេស​ប៊ុក​របស់​លោក​ថា៖ ​«រាស្ត្រ​ជួលមន្ត្រី​​រាជការ​​​​មក​​​បម្រើ យក​មក​​​ប្រើ​ឲ្យ​ធ្វើការ តែ​បើ​​អ្នក​បម្រើទាំ​ង​នោះ​មិន​ស្អាត​ស្អំ និង​មិន​បម្រើ​ដោយ​ស្មោះ​ត្រង់ នោះ​​មិន​យូរ​ទេ រាស្ត្រ​ដែល​ជា​​ចៅ​ហ្វាយ​នាយ​នឹង​ក្ស័យ​ទុន​មិន​ខាន»។

ទាក់​ទង​នឹងកិច្ច​ព្រមព្រៀង​សន្តិភាពទីក្រុង​ប៉ារីស ​អ្នក​ជំនាញ​ច្បាប់​ចាស់​វស្សា​រូប​នេះ ​​​បាន​បញ្ជាក់​​ថា មិន​អស់​​សុពល​​ភាព​នោះ​ទេ ពីព្រោះ​ពុំមាន​មាត្រា​ណាមួយ​​ចែងកំណត់​ពីសុពល​ភាពនោះឡើយ។ ហេតុ​ដូច្នេះ​ហើយ​​ទើប​លោក​​តែង​​ទទូច​​ជាច្រើន​លើក​ច្រើន​សារ សូម​ឱ្យ​រដ្ឋា​ភិបាល​លោក​ហ៊ុន ម៉ាណែត ស្នើ​ទៅ​​សហ​ប្រធាន​​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​​ប៉ារីស ដែល​មាន​ប្រទេសបារាំង​និង​ឥណ្ឌូនេស៊ី​ កោះ​ប្រជុំ​​។ កម្ពុជាត្រូវប្រើ​យន្តការដោះស្រាយការរំលោភកិច្ចព្រម​ព្រៀង ដើម្បីបង្ខំថៃដែលជាប្រទេសហត្ថលេខីនៃកិច្ច​ព្រមព្រៀង​នេះ​ដែរ ត្រូវ​ដកទ័ពចេញពី​ដែន​ដី​ប្រទេស​​កម្ពុជា។

បើ​តាម​លោក​បណ្ឌិត ឡៅ ម៉ុង​​ហៃ កិច្ចព្រមព្រៀងសន្តិភាពទីក្រុង​ប៉ារីស​​មាន ៣ច្បាប់ ក្នុងនោះ​ ច្បាប់់​ទី១​និង​ទី២ ជា​កិច្ច​ព្រម​ព្រៀង និង​​ច្បាប់​ទី៣​ ជា​សេចក្តី​ថ្លែង​ការណ៍។ កិច្ច​ព្រម​ព្រៀង​នេះ គឺមា​ន​​ការ​​បញ្ជាក់​​អំពី​ការ​ធានា​អន្តរ​ជាតិ។

នៅ​​ត្រង់​​មាត្រា​ទី១៨ នៃកិ​ច្ច​ព្រ​ម​ព្រៀង​​ទី១ ​ចែង​ថា កម្ពុជា​សន្យា​​ថា នឹង​ថែ​រក្សា​ ការ​ពារ ហើយ​ហត្ថលេ​ខី​ឯទៀតៗ​ ក្នុង​​នោះ​ក៏​មាន​​ប្រទេ​ស​ថៃ​ផង​ដែរ សន្យា​ថា​ ទទួល​ស្គាល់និ​ង​គោរព​ចំពោះ​អធិ​ប​តេយ្យ​ភាព ឯករាជ្យ បូរណភាព និង​ភាព​មិន​អាច​រំលោភ​​បាន​នៃ​ដែន​ដី អព្យាក្រឹត​ភាព និង​ឯកភាព​ជាតិ​នៃ​កម្ពុជា ដូ​ចមា​ន​ចែង​ក្នុង​កិច្ច​ព្រម​ព្រៀង​មួយ​ដាច់​ដោយ​ឡែក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ