ថៃ​បន្ត​ពង្រឹង​ការ​កាន់​កាប់​ទឹក​ដី​ខ្មែរ​នៅ​ភ្នំ​បេង ស្រុក​អន្លង់​​វែង ខេត្ត​ឧត្តរ​មាន​ជ័យ

កង​កម្លាំង​ប្រដាប់​អាវុធ​ថៃ អម​ដោយ​ព្រះស​ង្ឃ បាន​ដំឡើង​រូប​ចម្លា​ក់​ព្រះ​ពុទ្ធ​មួយ​អង្គ ក្នុង​ភូមិ​សាស្ត្រ​ភ្នំ​បេង​ ស្រុក​អន្លង់​​វែង ខេត្ត​ឧត្តរ​មាន​ជ័យ ជា​ករណី​ថ្មី​មួយ​ទៀត ដែល​ថៃ​បន្ត​ប្រើ​ប្រាស់​សំណង់ និង​និមិត្ត​រូប​សាសនា ដើម្បី​ពង្រឹង​ការ​កាន់​កាប់​ទឹក​ដី​កម្ពុជា​ដោយ​ខុស​ច្បាប់។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី​២១​ខែ​កញ្ញា​នេះ ដែល​រដ្ឋាភិ​បាល​លោក ហ៊ុន ម៉ាណែត បាន​គូស​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ការ​តវ៉ា​ជា​ផ្លូវ​ការ​យ៉ាង​ខ្លាំង​បន្ថែម​ទៀត​ចំពោះ​ការ​បន្ត​រំលោភ​បំពាន​ជា​បន្ត​បន្ទាប់​របស់​ថៃ មក​លើ​អធិប​តេយ្យ និង​​បូរណ​ភាព​ទឹក​ដី​របស់​កម្ពុជា តាម​បណ្តោយ​ព្រំដែន។

បើតាមក្រសួង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់​ពី​បាន​ធ្វើ​សកម្ម​ភាព​ឈូស​ឆាយ​ដី កង​កម្លាំង​ប្រដាប់​អាវុធ​ថៃ អម​ដោយ​ព្រះស​ង្ឃ​ថៃ បាន​ដំឡើង​រូប​ចម្លាក់​ព្រះ​ពុទ្ធ​មួយ​អង្គ ក្នុង​ភូមិ​សាស្ត្រ​ភ្នំ​បេង ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ២ និង​លេខ៣។

សម្រាប់​​កម្ពុជា នេះគឺជាករណីមួយទៀតនៃការដែលប្រទេសថៃបន្តប្រើប្រាស់​សំណង់ និង​និមិត្ត​រូប​សាសនា​ ដើម្បី​ពង្រឹង​ការ​កាន់​កាប់​ទឹក​ដី​កម្ពុជា​ដោយ​ខុស​ច្បាប់ បំពាន​យ៉ាង​ច្បាស់​លើ​អធិ​ប​តេយ្យ និង​បូរណ​ភាព​ទឹក​ដី​របស់​កម្ពុជា។ ហើយ​ថា កម្ពុជា​មិន​ទទួល​ស្គាល់​ជា​ដាច់​ខាត​នូវ​ខ្សែ​បន្ទាត់​ព្រំដែន ឬ​ការ​ទាម​ទារ​ទឹក​ដី​ជាឯកតោ​ភាគី​ដោយ​​ប្រទេស​ថៃ​នោះ​ឡើយ។

ការណ៍នេះ កម្ពុជាទាមទារឱ្យប្រទេសថៃ បញ្ឈប់​ជា​បន្ទាន់ ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង ព្រម​ទាំង​រក្សា​សន្តិភាព និង​ភាព​ជា​អ្នក​ជិត​ខាង​ល្អ រវាង​ប្រទេស​ទាំង​ពីរ។

ការតវ៉ាប្រឆាំងទៅនឹងការឈ្លានពានរបស់ថៃ ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នេះ មិន​មែន​ជា​លើក​ទី​១​ទេ ក្រោយ​ពី​ថៃ​បើក​ការ​ឈ្លាន​ពាន​កម្ពុជា រយៈពេល​​ជា​ង​​១ឆ្នាំ​មក​នេះ។

ប៉ុន្តែភាគី​ថៃ នៅតែបន្តរុលចូល កសាង​សំណង់​រឹង ធ្វើ​របង​ព្រំដែន និ​ងដំ​ឡើង​រូប​ចម្លាក់​ផ្សេងៗ លើ​ទឹក​ដី​ខ្មែរ​ជា​បន្ត​​បន្ទាប់ ក្រោយ​កម្ពុជា​បោះប​ង់​សិទ្ធិ​ការ​ពារ​ខ្លួន​លើ​ដី​ជាក់​ស្តែង ក្រោយ​មាន​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​លើក​ទី២ ចុះ​​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥​មក។

បើតាមបក្សប្រឆាំង មកដល់ពេលនេះ ថៃបានពង្រីកការឈ្លានពានកម្ពុជា នៅខេត្តជាប់​ព្រំ​ដែន កើន​ឡើង​ដល់​ជាង​៨០​ទីតាំង ដែល​ពួក​គេ​ថា នេះ​ជា​ហានិភ័យ​បូរណ​ភាព​ទឹក​ដី ក្រោម​ការ​ដឹក​នាំ​របស់​គ្រួសារ​លោក​ ហ៊ុន សែន ដែល​​គិត​​តែ​ពី​កម្ចាត់​ខ្មែរ ដើម្បី​ពង្រឹង​អំណាច​តពូជ តែ​មិន​ពង្រឹង​​វិស័យ​ការ​ពារ​ជាតិ ដើម្បី​ការ​ពារ​ទឹក​ដី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ