ចក្រភព​អង់​គ្លេស​នឹង​ផ្តល់​ការ​គាំទ្រ​ផ្នែក​យោធា ‘ដើម្បី​ការ​​ពារ​​ខ្លួន’ ដល់​ប្រទេស​អារ៉ា​ប៊ី​សាអូឌីត

លោក អាល់ឌី ប៊ើនហាំ (Andy Burnham) នាយក​​រដ្ឋ​មន្ត្រី​​អ​ង់​គ្លេស ​បាន​លើក​ឡើង​ថា ចក្រ​ភព​អង់​គ្លេស​នឹង​ផ្តល់​ការ​គាំទ្រ “លើ​ការ​ចាក់​ប្រេង​តាម​អាកាស​ដើម្បី​ការ​ពារ​ខ្លួន” ដល់​ប្រទេស​អារ៉ាប៊ី​សាអូឌីត ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​ពី​ក្រុម​ហ៊ូធី (Houthi) គាំទ្រ​ដោយ​​អ៊ីរ៉​ង់​នៅ​ប្រទេស​យេម៉ែន។

សកម្ម​ភាព​នេះ​អាច​នឹង​ចាប់​ផ្តើម​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ដោយ​ប្រើ​ប្រាស់​យន្ត​ហោះ វ៉ូយ៉ា​ហ្ស៊ឺ (Voyager) មួយ​គ្រឿង ផ្អែក​នៅ អ៊ែរ.អា.អេហ្វ. អាខ្រូទីរី (RAF Akrotiri) ក្នុង​ប្រទេស​ស៊ីប្រុស (Cyprus)។

នាយករដ្ឋមន្ត្រី ​បានថ្លែងថា ការណ៍​នេះធ្វើឡើង​តាម​សំណើរបស់​អារ៉ាប៊ី​សាអូឌីត ដោយ​មាន​ការ​យល់​ព្រម​តាម​ការ​ណែនាំ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ វែស ស្ទ្រីទីង (Wes Streeting) និង​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស អ៊ែត មីលីបាន (Ed Miliband)។ មន្ត្រី​រដ្ឋាភិបាល​ បញ្ជាក់​ថា ការ​ផ្តល់​ជូន​នេះ “មាន​កំណត់​ពេល” ដោយ​ដំបូង​ឡើយ​អាច​មាន​រយៈ​ពេល “ប៉ុន្មាន​សប្តាហ៍”។

ក្រុមហ៊ូធី​ កំពុង​ជាប់​ដៃ​ក្នុង​សង្គ្រាម​ស៊ីវិល​ជាមួយ​រដ្ឋាភិបាល​យេម៉ែន ហើយថ្មីៗនេះបានវាយប្រហារដោយដ្រូន និងមីស៊ីលបាលីស្ទិកលើរាជធានីរីយ៉ាដ និងទីតាំងថាមពលនៅឆ្នេរសមុទ្រក្រហម។ ការគាំទ្រនេះរួមមានការជួយយន្តហោះចម្បាំងដល់​អារ៉ាប៊ីសាអូឌីតក្នុងការបាញ់ទម្លាក់មីស៊ីល និងដ្រូនរបស់ក្រុមហ៊ូធី។

ធ្វើដំណើរទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិនៅញូវយ៉ក លោក ប៊ើនហាំ បានភ្ជាប់ការសម្រេចចិត្តនេះ​​ទៅនឹងសំពាធលើតម្លៃជីវភាពដោយថ្លែងថា៖ «យើងចាំបាច់ត្រូវតែរក្សាផ្លូវដឹកជញ្ជូនទាំងនោះឱ្យនៅចំហ ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​របស់​ចក្រ​ភព​អង់គ្លេស និងតំបន់ទាំងមូល»។

ផ្លូវនាវាចរណ៍ឆ្លងកាត់សមុទ្រក្រហម គឺជាសរសៃឈាមដ៏សំខាន់នៃសេដ្ឋកិច្ចពិភពលោក។ កាលពីពេលថ្មីៗនេះ ក្រុម​ហ៊ូធី​បាន​កាន់កាប់ទីក្រុងកំពង់ផែយុទ្ធសាស្ត្រ ម៉ូខា (Mokha) និងកោះ ភើរីម (Perim) ដែល​​ជាច្រកចូលសមុទ្រក្រហម។

ការផ្តល់ជូនយន្តហោះចាក់ប្រេងមួយគ្រឿងនេះ ត្រូវគេមើលឃើញថាក្នុងកម្រិតស្រាលនៅឡើយ ឬជាកាយវិការសម្តែង​ចេញចំពោះសម្ព័ន្ធមិត្ត ខណៈអារ៉ាប៊ីសាអូឌីតកំពុងតស៊ូទប់ទល់នឹងការវាយប្រហារពីក្រុមហ៊ូធី។

ទោះ​​បីជាការជួយនេះ​មានកំណត់ពេល ប៉ុន្តែជម្លោះនៅយេម៉ែនដែលមានតាំងពីឆ្នាំ ២០១៤ មក កាន់តែស្មុគ​ស្មាញដោយ​សារ​ក្រុម​ហ៊ូធី​ទទួលបានការគាំទ្រពីអ៊ី​រ៉ង់។

កាលពីសប្តាហ៍មុន អគ្គលេខាធិការ ណាតូ (NATO) លោក ម៉ាក រុតតេ (Mark Rutte) បានបង្ហើបថា ការ​គាំទ្រ​ពី​អឺរ៉ុប​​សម្រាប់អារ៉ាប៊ីសាអូឌីតក៏អាចកើតមានផងដែរ។ ចំណែក​រដ្ឋមន្ត្រីថាមពល លោក ម៉ារទីន ម៉ាក់ខ្លូស្គី (Martin McCluskey) បានប្រាប់សមាជិក​សភា​ថា ចក្រភព​អង់​គ្លេស​​​កំពុង​ផ្តល់ការគាំទ្រផ្នែកការពារអាកាសដល់អារ៉ាប៊ី​សាអូឌីត។

កាលពីខែមករា ឆ្នាំ​២០២៤ ចក្រភពអង់គ្លេសបានចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការវាយប្រហារតាមអាកាស​ប្រឆាំងគោលដៅក្រុមហ៊ូធីនៅយេម៉ែន។ នាយករដ្ឋមន្ត្រី រីស៊ី ស៊ូណាក់ (Rishi Sunak) នាពេលនោះ បានបញ្ជាក់ថា អង់​គ្លេស “ធ្វើសកម្មភាពដើម្បីការពារខ្លួន” ដើម្បីការពារជីវិតមនុស្ស និងនាវាពាណិជ្ជកម្ម៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ