សហរដ្ឋអាមេរិក មានផែនការបង្កើតមូលដ្ឋានយោធានាសម័យសង្គ្រាមត្រជាក់ឡើងវិញ នៅភាគខាងត្បូងកោះហ្គ្រីនលែន(Greenland) និងបង្កើតមូលដ្ឋានយោធាមួយទៀតនៅឆ្នេរភាគខាងកើត ដែលបច្ចុប្បន្នប្រើប្រាស់ដោយក្រុមល្បាតជិះឆ្កែអូសរទេះរបស់ដាណឺម៉ាក ក្រោមការព្រមព្រៀងដែលត្រូវចុះហត្ថលេខាជាមួយដាណឺម៉ាក និងហ្គ្រីនលែន នៅថ្ងៃអង្គារនេះ។ នេះបើយោងតាមប្រភពជិតស្និទ្ធចំនួនបីរូប។
ទីតាំងទាំងនោះ រួមមាន ណាសាស៊ូអាក់ (Narsarsuaq) ដែលមានប្រជាជនថយចុះមកត្រឹមតែប៉ុន្មានសិបនាក់ ចាប់តាំងពីសហរដ្ឋអាមេរិកបានបិទមូលដ្ឋានយោធា ប៊្លូអ៊ី វ៉េស វ៉ាន់ (Bluie West One) ក្នុងទសវត្សរ៍ឆ្នាំ១៩៥០ និងមេស្ទើស្វីក (Mestersvig) ដែលជាទីតាំងយោធាប្រើប្រាស់ដោយក្រុមល្បាតជិះឆ្កែអូសរទេះ ស៊ីរីអ៊ុស (Sirius Dog Sled Patrol) របស់ដាណឺម៉ាក។
ដាណឺម៉ាក ហ្គ្រីនលែន និងសហរដ្ឋអាមេរិក ត្រូវបានរំពឹងថានឹងចុះហត្ថលេខលើកិច្ចព្រមព្រៀងថ្មីនេះ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក នៅថ្ងៃអង្គារនេះ។
អត្ថបទនៃកិច្ចព្រមព្រៀងនេះ មិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈទេ ហើយប្រភពជិតស្និទ្ធបានថ្លែងថា ព័ត៌មានលម្អិតនឹងមិនទាន់ត្រូវបានសម្រេចជាស្ថាពរឡើយ រហូតទាល់តែមានការចុះហត្ថលេខា។ រដ្ឋាភិបាលដាណឺម៉ាក និងមេដឹកនាំកោះហ្គ្រីនលែន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពីរ៉យទ័រ (Reuters) នោះទេ។
អ្នកនាំពាក្យសេតវិមាន បានបដិសេធធ្វើអត្ថាធិប្បាយលើព័ត៌មានលម្អិត ដោយបានបញ្ជាក់ថា ការចុះហត្ថលេខានេះនឹង “ធានា និងការពារសន្តិសុខរបស់កោះហ្គ្រីនលែន និងសហរដ្ឋអាមេរិក”។
ដាណឺម៉ាកនិយាយថា កិច្ចព្រមព្រៀងនេះ ដាក់សន្តិសុខតំបន់អាក់ទិកឱ្យស្ថិតក្រោមការឃ្លាំមើលរបស់អង្គការ NATO ជាជាងទុកឱ្យសហរដ្ឋអាមេរិក និងដាណឺម៉ាកមើលថែតែម្នាក់ឯង។
កិច្ចព្រមព្រៀងនេះ ធ្វើឡើងបន្ទាប់ពីមានសម្ពាធជាច្រើនខែ ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលចង់ឱ្យអាមេរិកគ្រប់គ្រងកោះហ្គ្រីនលែន ហើយពេលខ្លះបានបដិសេធមិនទាត់ចោលការប្រើប្រាស់កម្លាំងយោធា ឬសេដ្ឋកិច្ច។ ការស្ទង់មតិបង្ហាញថា គំនិតនេះត្រូវបានបដិសេធដោយប្រជាជនរស់នៅលើកោះហ្គ្រីនលែនភាគច្រើនលើសលប់។
ការគំរាមកំហែងរបស់លោក ត្រាំ បានបង្កឱ្យមានវិបត្តិការទូតនៅក្នុងអង្គការ NATO និងបានរុញច្រានដាណឺម៉ាក និងហ្គ្រីនលែន ឱ្យចូលរួមក្នុងការចរចាជាមួយវ៉ាស៊ីនតោន ក្នុងគោលបំណងកាត់បន្ថយសម្ពាធ។
ក្នុងសម័យសង្គ្រាមត្រជាក់ សហរដ្ឋអាមេរិកបានរក្សានូវទីតាំងយោធាចំនួន ១៧ កន្លែង និងបុគ្គលិកជាង ១០ ០០០ នាក់ នៅលើកោះហ្គ្រីនលែន។ បច្ចុប្បន្ន មានតែមូលដ្ឋានអវកាស ភីធូហ្វិក (Pituffik Space Base) ប៉ុណ្ណោះដែលនៅសេសសល់ ដោយមានបុគ្គលិកយោធាអាមេរិកប្រមាណ ១៥០ នាក់៕









