នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។
សន្និសីទនេះ ធ្វើឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៣ និង២៤ ខែកញ្ញា ដោយមានតំណាងរដ្ឋាភិបាល ស្ថាប័នអនុវត្តច្បាប់ និងអង្គការអន្តរជាតិជាច្រើនចូលរួម។ រដ្ឋាភិបាលចាត់ទុកវេទិកានេះ ជាឱកាសបង្ហាញឆន្ទៈរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកឆ្លងដែន។
ក្នុងពិធីបើក លោក ហ៊ុន ម៉ាណែត បាននិយាយថា កម្ពុជាប្តេជ្ញាមិនឱ្យឧក្រិដ្ឋកម្មឆបោកបំផ្លាញសមិទ្ធផល និងកិត្តិយសរបស់ប្រទេស ហើយរដ្ឋាភិបាលបានបង្កើតគណៈកម្មការចំពោះកិច្ចដើម្បីបង្ក្រាបបញ្ហានេះ។ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែកញ្ញា ក៏បានផ្សាយថា រដ្ឋាភិបាលបានបំបែកទីតាំងឆបោកធំៗជាច្រើន ហើយទទួលស្គាល់ថា នៅសល់ទីតាំងតូចៗ មួយចំនួនដែលត្រូវបន្តបង្ក្រាប។ នេះបង្ហាញថា រដ្ឋាភិបាលមិនបដិសេធថាបញ្ហានៅតែមានទេ។
ប៉ុន្តែសំណួរដែលនៅតែធ្វើឱ្យមជ្ឈដ្ឋានអន្តរជាតិសង្ស័យ គឺការបង្ក្រាបកន្លងមកអាចឈានទៅដល់មេខ្លោងធំៗ បានកម្រិតណា។ ក្រសួងមហាផ្ទៃបានរាយការណ៍នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ថា ក្នុងខែសីហា អាជ្ញាធរបង្ក្រាបទីតាំងឆបោកតូចៗបាន ៨៥កន្លែង និងឃាត់ខ្លួនមនុស្ស ១២៥៥នាក់។ ប៉ុន្តែចំនួនអ្នកត្រូវចាប់ខ្លួនមិនអាចឆ្លើយសំណួរទាំងអស់បានទេ។
មជ្ឈដ្ឋានអន្តរជាតិនៅតែចង់ដឹងថា អ្នកណាជាម្ចាស់ទីតាំង? អ្នកណាផ្តល់លុយ? អ្នកណាទទួលផល? ហើយមានអ្នកមានអំណាចណាខ្លះដែលត្រូវបានស៊ើបអង្កេត?
ចំណុចមួយដែលធ្វើឱ្យសំណួរនេះកាន់តែធ្ងន់ គឺព័ត៌មានរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។ ក្រសួងបានទទួលស្គាល់ថា នគរបាលកម្ពុជា និងការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) បានសហការលើសំណុំរឿងចំនួន ១២ ហើយព័ត៌មានពីភាគីអាមេរិកបានជួយឱ្យកម្ពុជាបង្ក្រាបទីតាំងសង្ស័យឆបោកចំនួន ៥០កន្លែង។ ទីតាំងទាំងនេះ ស្ថិតនៅខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ កណ្ដាល ស្វាយរៀង កំពត ត្បូងឃ្មុំ និងព្រះសីហនុ។
ការសហការជាមួយអាមេរិកមិនមែនជារឿងអាក្រក់ទេ ព្រោះឧក្រិដ្ឋកម្មឆបោកជាបទល្មើសឆ្លងដែន ហើយអាមេរិកអាចមានព័ត៌មានពីជនរងគ្រោះ គណនីធនាគារ រូបិយបណ្ណឌីជីថល ឬលំហូរប្រាក់ដែលចាប់ផ្តើមនៅក្រៅកម្ពុជា។ កម្ពុជានិង FBI ក៏មានកិច្ចព្រមព្រៀងសហការតាំងពីឆ្នាំ ២០១៦ និង២០១៩។ ប៉ុន្តែសំណួរនៅត្រង់ថា ហេតុអ្វីទីតាំងសង្ស័យជាច្រើននៅក្នុងខេត្តជាច្រើននៃប្រទេសកម្ពុជា ត្រូវរង់ចាំព័ត៌មានពីអាមេរិកមុន ទើបមានការបង្ក្រាប?។
រដ្ឋាភិបាលគួរឆ្លើយឱ្យច្បាស់ថា ប្រព័ន្ធត្រួតពិនិត្យពីថ្នាក់ជាតិ ដល់ថ្នាក់ខេត្ត ស្រុក ឃុំ សង្កាត់ និងប៉ុស្តិ៍មូលដ្ឋានដំណើរការយ៉ាងដូចម្តេច។ ប្រសិនបើទីតាំងមួយមានអគារធំ មនុស្សចេញចូលច្រើន កម្មករបរទេស និងសកម្មភាពខុសប្រក្រតីជាបន្តបន្ទាប់ តើហេតុអ្វីអាជ្ញាធរមូលដ្ឋានមិនអាចរកឃើញមុន? ហើយបើអ្នកកាសែត ពលរដ្ឋ ឬអង្គការសង្គមស៊ីវិលផ្តល់ព័ត៌មាន តើអាជ្ញាធរមានប្រព័ន្ធទទួល ពិនិត្យ និងតាមដានព័ត៌មានទាំងនោះយ៉ាងដូចម្តេច? នេះជាបញ្ហាទំនួលខុសត្រូវ មិនមែនគ្រាន់តែជាបញ្ហាខ្វះព័ត៌មានទេ។
លើសពីនេះ របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ ចេញថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានកំណត់ទីតាំងឆបោកចំនួន ៨៦កន្លែង ប៉ុន្តែរកឃើញភស្តុតាងអំពីការបង្ក្រាបរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រឹម ២៤កន្លែង ហើយបានរិះគន់ពីកង្វះតម្លាភាព និងការអនុវត្តច្បាប់របស់អាជ្ញាធរកម្ពុជាដែលអង្គការនេះចាត់ទុកថាមានលក្ខណៈជ្រើសរើស។ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានបន្តអះអាងថា ការបង្ក្រាបរបស់ខ្លួនមានវិសាលភាពធំ និងកំពុងបន្ត។
បណ្តាញសារព័ត៌មាន Reuters ក៏បានរាយការណ៍នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ថា ទោះរដ្ឋាភិបាលអះអាងថាបានលុបបំបាត់ទីតាំងឆបោកធំៗ ក៏ដោយ អ្នកជំនាញមួយចំនួននៅតែសង្ស័យថា បណ្តាញខ្លះអាចផ្លាស់ទៅកន្លែងតូចៗ និងពិបាកសង្កេតជាងមុន។ នេះមានន័យថា ការបិទអគារមួយ ឬចាប់អ្នកប្រតិបត្តិការមួយក្រុម មិនមែនមានន័យថា បណ្តាញត្រូវបានបំផ្លាញដល់ឫសគល់ទេ ប្រសិនបើម្ចាស់បណ្តាញ លំហូរប្រាក់ និងអ្នកផ្តល់ការការពារនៅតែរួចខ្លួន។
ដូច្នេះ សន្និសីទអន្តរជាតិថ្ងៃទី២៣-២៤ ខែកញ្ញា អាចជួយកម្ពុជាផ្លាស់ប្តូរព័ត៌មាន និងពង្រឹងកិច្ចសហការជាមួយបរទេសបាន ប៉ុន្តែការសាកល្បងពិតប្រាកដសម្រាប់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនមែននៅលើទំហំសន្និសីទ ឬចំនួនទីតាំងដែលបានបិទទេ។ ផ្ទុយទៅវិញ វាស្ថិតនៅលើថា តើលោក ហ៊ុន ម៉ាណែត ហ៊ានស៊ើបអង្កេតដល់មេខ្លោង ម្ចាស់អាជីវកម្ម លំហូរហិរញ្ញវត្ថុ និងអ្នកមានអំណាចដែលអាចជួយការពារដែរ ឬទេ។
បើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅតែរង់ចាំព័ត៌មានពីបរទេស ហើយបន្ទាប់មកប្រកាសតែចំនួនទីតាំងដែលបានបង្ក្រាប នោះការសង្ស័យអំពីប្រសិទ្ធភាព និងតម្លាភាពនៃការអនុវត្តច្បាប់នឹងនៅតែមាន។ អ្វីដែលសំខាន់ជាងនេះ កេរ្តិ៍ឈ្មោះប្រទេសជាតិនឹងបន្តរងការខូចខាត ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅតែមិនអាចបង្ហាញសមត្ថភាពក្នុងការបង្ក្រាបមេខ្លោង និងអ្នកមានអំណាចនៅពីក្រោយបណ្តាញឆបោកឱ្យបានជាក់ស្តែង និងមានតម្លាភាព៕
អត្ថបទដោយ៖ លោក សុក្រឹត ពុទ្ធិ









