កម្ពុជា​​កើត​មាន​​វិបត្តិ​ចាក់​​ស្រេះ​ដោយ​​សារ​​រដ្ឋាភិ​បាល​​មិន​​គោរព​​រដ្ឋ​ធម្ម​នុញ្ញ​ឱ្យ​​បាន​​ពេញ​លេញ

នៅ​ក្នុង​​ទិវា​រដ្ឋ​ធម្ម​នុញ្ញ​​ខួប​​លើក​ទី​៣៣ នៅ​ថ្ងៃ​ទី​​២៤ខែ​កញ្ញា​នេះ លោក​ហ៊ុន សែន ​ប្រធាន​​ព្រឹទ្ធ​​សភា​​ ​បាន​​ចេញ​​សារ​​អប​អរ​សាទរ​​ទិវា​នេះ​ ខណៈ​​បក្ស​​ប្រឆាំង​ ​និង​អ្ន​ក​​​ឃ្លាំ​មើល​​មួយ​ចំនួន ​លើក​​ឡើង​​​ថា ការ​ដែល​​យួន​​ សៀម​​អាច​រំលោភ​​​​ឈ្លាន​​ពាន​យក​​ទឹក​ដី​ខ្មែរ​បាន​ ក្រុម​​ឧក្រិដ្ឋ​​ជន​​អន្តរ​​ជាតិ​​អាច​​យក​​ក​ម្ពុជា​​ធ្វើ​​​ជា​ទី​តាំង​​ឧក្រិដ្ឋ​កម្ម​​ឆបោក​​តាម​​ប្រព័ន្ធ​​បច្ចេក​វិទ្យា​​បាន និង​​កម្ពុជា​​កើត​​មា​ន​​​វិបត្តិ​​ចាក់​​ស្រេះ​​ដូច​​បច្ចុប្បន្ន​ គឺ​ដោយ​​សារ​​តែ​រដ្ឋាភិ​បាល​​នៃ​បក្ស​​ប្រជា​ជន​​ មិន​​អនុ​វត្ត​​តាម​ឱ្យ​​បាន​​ពេញ​​លេញ​​នូវ​​​រដ្ឋ​ធម្ម​នុញ្ញ​​ដែល​​ជា​​ច្បាប់​​កំពូល​​របស់​​ជាតិ​​​នេះ​។

សូម​​បញ្ជាក់​​ថា រដ្ឋធម្មនុញ្ញកម្ពុជា ត្រូវ​បាន​អតីត​ព្រះមហាវីរៈ​ក្សត្រ​ព្រះបាទ នរោត្តម សីហនុ ឡាយ​ព្រះ​ហស្ត​​លេខា​ប្រកាស​ឱ្យ​​ប្រើ​ នៅ​​ថ្ងៃ​ទី​​២៤ ខែ​កញ្ញា ​​​ឆ្នាំ​១៩៩៣ ដោយ​​បា​ន​​កែ​ប្រែ​របប​​នយោ​​បាយ​ប្រទេស​កម្ពុជា ​​ពី​រដ្ឋ​​កុម្មុយ​និស្ត​ មក​​ជា​រដ្ឋ​រាជា​ធិប​តេយ្យ​​អាស្រ័យ​​ធម្ម​នុញ្ញ​។

ដំបូង​​​ឡើយ ​រដ្ឋ​ធម្មនុញ្ញ​ដែល​ជាច្បាប់​កំពូល​​របស់​ជាតិ​នេះ មាន​តែ​១៤ ជំពូក និង​១៣៩ មាត្រា​​ប៉ុណ្ណោះ​ ប៉ុន្តែ​​បន្ទាប់​ពីការធ្វើវិសោធនកម្ម​ជា​ច្រើនលើក​​ មក​ដល់​ពេល​នេះ ​​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​​មាន​ ១៧ ជំពូក និង១៦០​ មាត្រា​​។ វិសោធនកម្មចុង​ក្រោយ​បំផុត ត្រូវបានធ្វើឡើងនៅខែកក្កដា ឆ្នាំ២០២៥ ដោយ​​ធ្វើ​​វិសោធន​កម្ម​​មាត្រា​៣៣ កែប្រែ​ឱ្យ​មាន​​ការ​​ដក​​សញ្ជាតិ​​ខ្មែរ​ ​​ពី​ពល​រដ្ឋ​​ខ្មែរ​​​ដែល​​ត្រូវ​​កំណត់​​ក្នុង​​ច្បាប់​។​ នេះ​​​បើ​​យោង​​តាម​​មជ្ឈ​មណ្ឌល​​សិទ្ធិ​មនុស្ស​កម្ពុជា​។

លោក​ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជាប្រធានកណបក្ស​ប្រជាជនកម្ពុជា ​បាន​ចេញ​សារ​អបរ​ទិវា​រដ្ឋ​ធម្ម​នុញ្ញ​​ខួប​លើក​ទី​​៣៣​​នេះ​ និង​​​ថ្លែង​ថា រដ្ឋ​ធម្ម​នុញ្ញ គឺ​ជាច្បា​ប់​កំពូល​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។ ច្បាប់ និង​សេចក្តី​សម្រេច​ទាំង​ឡាយ​នៃ​​ស្ថាប័ន​នានា​របស់​រដ្ឋ ត្រូវ​ស្រប​ទៅនឹ​ង​រដ្ឋ​ធម្ម​នុញ្ញ​ជា​ដាច់​ខាត។

បើ​តាម​ប្រធាន​ព្រឹទ្ធសភា​ រដ្ឋធម្មនុញ្ញកម្ពុជា បានចែងអំពីគោលការណ៍ នៃការ​បែង​ចែក​អំណាច​ដាច់​ដោយ​ឡែក​ពី​គ្នា គឺ​​​អំណាច​​នីតិ​បញ្ញត្តិ នីតិ​ប្រតិ​បត្តិ និង​​តុលា​ការ ហើយ​ក៏​បាន​អនុ​ម័ត​នូវ​សិទ្ធិ​ជាមូល​ដ្ឋាន​របស់​ប្រជា​ពលរដ្ឋ និង​គោល​ការណ៍​នីតិ​រដ្ឋ​ជាដើម។​ នេះ​​បើ​​​យោង​​តាម​​សំណេរ​​​នៅ​​លើ​​​ហ្វេស​ប៊ុក​​របស់​​លោក​ ហ៊ុន សែន ​នៅ​​​ថ្ងៃ​ទី​​២៤ខែ​​កញ្ញា​នេះ។

គណបក្ស​កម្លាំងជាតិ ​ជាគណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​គេមើល​ថា កំពុង​​តែ​ទទួល​​រ​ង​​គ្រោះ​ដោយ​សារ​ការ​ធ្វើ​​ទុក្ខ​​បុក​ម្នេញ ​​​ពី​ប្រព័ន្ធ​​តុលាការ​​​​ដែល​​ស្ថិត​​នៅ​ក្រោម​​បក្ស​កាន់​​អំណាច ​​នៅ​​​ថ្ងៃ​​ទី​​២៤ខែ​កញ្ញា​នេះ ​បាន​​ចេញ​​សេចក្តី​ថ្លែង​ការណ៍​មួយ​ អបអរ​​ទិវា​រដ្ឋ​ធម្មនុញ្ញ និង​​បាន​​ធ្វើ​ការ​​​ក​ត់​​សម្គាល់​​​ថា​ ដំណើរ​​ការ​អនុវត្ត​​រដ្ឋ​ធម្ម​នុញ្ញ​​កន្លង​មក ​នៅ​​​មិន​​ទាន់​​បាន​ពេញ​​លេញ ​និង​មិន​ស្រប​តាម​​ស្មារតី​ដើមនៅ​ឡើយទេ។​ ជាក់​ស្តែង​ការធ្វើ​វិសោធន​កម្ម​ជាបន្ត​បន្ទាប់ ​ការកែប្រែ​រដ្ឋធម្មនុញ្ញ​ជាច្រើន​លើ​ក ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​នឹង​ស្ថាន​ការណ៍​​នយោ​បាយ​​ចំពោះ​​មុខ​​​ ជាជាង​ផល​ប្រយោជន៍​​ជាតិ​ពិតប្រាកដ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តុល្យ​ភាព​អំណាច​ និង​​ស្មារតី​ដើម​នៃ​រដ្ឋធម្មនុញ្ញ។

គណបក្ស​កម្លាំងជាតិ ​បន្តថា ជាងនេះទៅ​ទៀត​ការអនុវត្ត​ជាក់​ស្តែង គោល​ការ​ណ៍មួយ​ចំនួន​ ត្រូវ​បាន​រំលោភ​​​បំពាន ដូច​ជា ​បញ្ហា​​សិទ្ធិ​មនុស្ស ​សេរីភាព​​ជាមូលដ្ឋាន សេរីភាព​នយោបាយ ​ឯករាជ្យភាព​នៃ​តុលាការ​ និង​គោលការណ៍​​បែង​ចែក​​អំណាច​ ​រវាង​នីតិបញ្ញត្តិ នីតិ​ប្រតិបត្តិ​ និង​តុលាការ នៅ​តែជួប​ប្រឈម​នឹង​ការ​កម្រិត ​និងការរំលោភបំពាន​ ដោយ​​មិន​អាច​អនុវត្ត​បាន​ពេញ​លេញ ​តាម​ស្មារតី​នៃរដ្ឋ​ធមនុញ្ញ​នៅ​ឡើយ​។

វីអូឌី ​មិន​អាច​ទាក់​ទង​លោក ​ប៉ែន បូណា ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ ដើម្បី​ស្នើ​សុំ​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បាន​​ទេ​។​

នៅ​ក្នុង​កម្មវិធី​ផ្សាយ​បន្តផ្ទាល់​នៅថ្ងៃទី​២៤ខែ​កញ្ញានេះ លោក ​ប៉ែន បូណា ​ក៏​មិន​បាន​និយាយ​អ្វី​​ទាក់​ទង​នឹង​​ខួប​រដ្ឋធម្ម​នុញ្ញ​​លើក​ទី​៣៣​នេះ​ដែរ​​។

ប៉ុន្តែ​ទាក់​ទង​នឹង​ឧក្រិដ្ឋកម្ម​អន​​ឡាញ​ លោក​បាន​លើក​យក​សម្តី​របស់​​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត​ ដែល​បាន​ថ្លែង​ក្នុង​ពិធី​បើក​​សន្និសីទ​អន្តរជាតិ​ ស្តីពី ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​​តាម​​ប្រព័ន្ធ​បច្ចេកវិទ្យា​ កាល​ពីថ្ងៃ​ទី​២៣ខែ​កញ្ញា មក​និយាយ​ថា៖ «កម្ពុជា​នឹង​មិន​ក្លាយ​ជា​ជម្រក​​សុវត្ថិភាព​​ សម្រាប់​ការ​ឆបោក​​តាម​​ប្រព័ន្ធ​បច្ចេកវិទ្យា​ឡើយ ​កម្ពុជា​ក៏នឹង​មិន​អនុញ្ញាត​ឱ្យ​​បណ្តាញ​​ឧក្រិដ្ឋ​ជន​បំផ្លាញវឌ្ឍនភាព​របស់​ប្រទេស ​និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​​ជាង​ ១៧លាន​នាក់​នោះដែរ​។ ឧស្សាហកម្ម​​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ មិន​បាន​ចាប់​ផ្តើម​នៅ​កម្ពុជា​​ទេ​ ហើយក៏មិន​មែនកើតឡើង​តែនៅក្នុង​ប្រទេសកម្ពុជា​នោះដែរ»។

ទាក់​ទង​នឹងរដ្ឋធម្មនុញ្ញ ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ​ បាន​ទាញ​ការចាប់​អារម្មរណ៍​ថា អ្នក​នយោ​បាយ​​ក្តី មន្ត្រី​រាជ​ការ​ក្តី ដែល​ជាភ្នា​ក់​ងារ​របស់​រដ្ឋ និងជាអ្នកបម្រើប្រជាពលរដ្ឋ និង​ដែល​បំពេញករណីយ​កិច្ច​ពាក់​ព័ន្ធ​ប្រជា​ពលរដ្ឋ ត្រូវ​ចង​ចាំ និង​អនុ​វត្ត​ជានិច្ច​នូវ​មាត្រា​៥២ នៃ​រដ្ឋ​ធម្ម​នុញ្ញ ដែល​ចែង​ថា “រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ជាអា​ទិភាព ចំពោះ​ជីវ​ភាព​រស់​នៅ និ​ង​សុខ​មាល​ភាព​របស់​ប្រជា​ពលរដ្ឋ”។

លោក​ ម៉ែន ណាត​ ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើលកម្ពុជា​ បាន​ថ្លែងថា ពាក្យ​​​រដ្ឋធម្មនុញ្ញនេះ ​គួរ​ត្រូវ​បាន​​ប្រើ​ឱ្យ​បាន​ទូលំ​ទូលាយ ​និង​ត្រូវ​ពន្យល់​ដល់​ពល​រដ្ឋ​ឱ្យ​បាន​យល់​​ពីខ្លឹម​សារ​ច្បាស់លាស់ ពី​ព្រោះ​​រដ្ឋធម្មនុញ្ញ​​គឺ​ជាច្បាប់​គោល​ ជាច្បាប់​មេ​របស់​ប្រទេស​​ ​ដែល​ទាំងព្រះមហាក្សត្រ​​ ​ទាំ​ង​​​មន្ត្រី​​ ទាំង​​ពល​រដ្ឋ ​គឺ​ត្រូវ​តែគោរព​ច្បាប់​នេះ​ជាធំ។ លើសពីនេះ ​ទាំង​រដ្ឋ​សភា​ ព្រឹទ្ធសភា ​និង​រដ្ឋាភិ​បាល ​មិន​​ត្រូវ​​ធ្វើ​​ច្បាប់​​ណា​ផ្សេង ដែល​មាន​ខ្លឹម​សារ​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ​នោះ​ទេ។

មួយទៀត​ ពាក្យ​រដ្ឋធម្មនុញ្ញនេះ ​លោកថា មាន​ន័យ​ទូលំទូលាយ​ណាស់ ​និយាយពីការការពារ​បូរណ​ភាព​​ទឹក​ដី​ អធិប​តេយ្យ​​ភាព​​​ជាតិ ការ​ពារ​ផល​ប្រយោជ​ន៍​របស់ជាតិ ​​ផល​ប្រយោជ​ន៍​របស់​ពល​រដ្ឋ​ ​និង​សិទ្ធិ​សេរីភាព​ជាមូល​ដ្ឋាន​​របស់​ប្រជា​ពល​រដ្ឋ​ជាដើម។ល។ ​ក្រៅពីនេះ ​រដ្ឋាភិបាល​មាន​​កាតព្វកិច្ច​ជាច្រើន​​ទៀត ​ដែល​ត្រូវ​ធ្វើ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋគ្រប់រូប​​​រស់នៅ​បាន​សុខសាន្ត​ រដ្ឋ​មានការ​រីក​ចម្រើន​ខ្ពង់​ខ្ពស់​ មាន​​កេរ្តិ៍ល្អលើ​ឆាកអន្តរជាតិ​ជាដើម​។

លោកថា៖ «​តែវាជារឿងមួយ​ខុសស្រឡះ​នូវការរំពឹង​ទុក្ខ​របស់​ប្រជាពលរដ្ឋ​។ មាន​រដ្ឋ​ធម្ម​នុញ្ញ​ល្អ ​ប៉ុន្តែ​​រដ្ឋាភិ​បាល​​កម្ពុជា​​​បែរ​ជាយ​ក​​រដ្ឋ​ធម្ម​នុញ្ញ​​ធ្វើ​​​ជា​បាយ​ឡុក​​បាយ​ឡ​ មិន​​គោរព​​រដ្ឋ​ធម្ម​នុញ្ញ​​ទេ គឺ​​​ប្រើ​​អំណាច​​អាជ្ញា​សឹក​ ​ក្រុម​​គ្រួសារ​​បក្ខ​ពួក​​ជាន់​​ឈ្លី​​រដ្ឋ​ធម្ម​នុញ្ញ​ ធ្វើ​ទុក្ខបុកម្នេញ​ពល​រដ្ឋ​ចាប់​​ពល​រដ្ឋ​ដាក់​គុក​ ​ចាប់​អ្នក​នយោបាយ​ដាក់​គុក​​តាម​ទំនើងចិត្ត​ សិទ្ធិ​​សេរីភាព​​ក្នុង​ការ​ចូល​រួម​ធ្វើ​​បក្ស​នយោ​បាយ ​ចូល​រួម​នយោបាយ​ហ្នឹង ​​ក៏​រដ្ឋាភិបាល​មិន​ឱ្យ​គេ​​ធ្វើបាន​​ពេញ​លេញ​​ដែរ​ គាប​​សង្កត់គេ បង្កើត​ច្បាប់​ផ្តេសផ្តាស​គាប​សង្កត់គេ»។

ចំណែក​ លោក សេង វណ្ណលី ​អ្នក​តាម​ដាន​ភូមិសាស្ត្រនយោបាយ បាន​លើកឡើង​ថា បញ្ហា​ធំរបស់​​កម្ពុជា គឺ​​អ្នក​កាន់​អំណាច​និយាយ​​ថា គោរព​រដ្ឋ​ធម្ម​នុញ្ញ ប៉ុន្តែ​ការ​អនុវ​ត្ត​ជាក់​ស្ដែង​នៅ​មាន​គម្លាត​​ធំ។ រដ្ឋ​ធម្ម​នុញ្ញ​ ​ធានា​សិទ្ធិ​ពលរដ្ឋ និង​​ប្រជា​ធិប​តេយ្យ​សេរី​ពហុ​បក្ស។ បើ​ពលរដ្ឋ​ប្រើ​សិទ្ធិ​​​រិះ​​គន់​ដោយ​សន្តិ​វិធី បែរ​ជារ​ង​ការ​គំរាម​កំហែង ឬ​ជាប់​ពន្ធនា​គារ នោះ​​ការ​ប្រារព្ធ​ទិវា​រដ្ឋ​ធម្ម​នុញ្ញ​ ក៏​មាន​តែ​សម្បក​ក្រៅ។ ការ​គោរព​រដ្ឋ​ធម្ម​នុញ្ញ ត្រូវ​បង្ហាញ​តាម​របៀប​ដែល​រដ្ឋ​ប្រព្រឹត្ត​​ចំពោះ​ពលរដ្ឋ ជាពិសេស​អ្នក​ដែល​មិន​គាំទ្រ​​រដ្ឋាភិ​បាល​។

បើ​តាម​​អ្នក​ជំនាញ​ភូមិសាស្រ្ត​នយោបាយ​​រូបនេះ ចំណុច​ដែល​គួរ​ឱ្យ​កត់​សម្គាល់ គឺ​ការ​ប្រើ​ច្បាប់​ដើម្បី​ដាក់​សម្ពាធ​លើអ្ន​ក​នយោ​បាយ​ប្រឆាំង សកម្ម​ជន​សិទ្ធិ​មនុស្ស និង​អ្នក​ការ​ពារ​បរិស្ថាន។ ករណី​សកម្ម​ជន​មាតា​ធម្ម​ជាតិ​ដែល​ជាប់​ពន្ធនាគារ ហើយ​អង្គ​ការ​សិទ្ធិ​មនុស្ស​បាន​ទាម​ទារ​ឱ្យ​ដោះ​លែង គឺ​ជា​ឧទាហរ​ណ៍​​​ដ៏គួ​រ​ឱ្យ​បារម្ភ។ រដ្ឋាភិ​បាល​គួរ​ឆ្លើយ​នឹង​បញ្ហា​ដែល​សកម្ម​ជន​លើក​ឡើង និង​បង្ហាញ​ភស្តុ​តាង​​ចំ​ពោះ​បទ​ចោទ។ ការ​រិះ​គន់​រដ្ឋាភិ​បាល​មិន​ស្មើនឹ​ង​ការ​ប្រឆាំង​ជាតិ​ ហើយ​ការ​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ​ ក៏​មិន​មែន​ជា​បទ​ល្មើស​ដែរ។

សម្រាប់​លោកម៉ែន ណាត ​បន្ថែម​ពីនេះ ​រដ្ឋាភិបាល​ដែល​​បាន​បង្កើត​ឡើង​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា ​ក្នុង​រយៈ​ពេល ​៣៣​ឆ្នាំ​មក​នេះ ​មិន​​បាន​ការ​ពារ​បូរណភាព​​ទឹក​ដីកម្ពុជា​ឱ្យ​បាន​គង់​​វង្ស​​ ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​នោះ​ទេ គឺ​បាន​បណ្តែត​បណ្តោយ​ឱ្យ​ប្រទេស​ជិតខាង​ជាពិសេស​​ប្រទេស​​ថៃ​ និង​វៀតណាម ​ឈ្លានពាន​យក​ទឹកដី​ខ្មែរ​តាម​អំពើ​ចិត្ត។ លើស​ពី​នេះ ក្រៅ​ពីការ​ដឹក​នាំ​ប្រទេស​ធ្វើ​ឱ្យកើតមាន​វិបត្តិចាក់ស្រេះ ​បំផ្លិចបំផ្លាញធនធាន​ធម្ម​ជាតិ​ គ្រឿង​ញៀន​​កើត​មាន​​នៅ​ពាស​ពេញ​ផ្ទៃប្រទេស​ អំពើ​អយុត្តិធម៌​​សង្គម​កាន់​តែរីក​រាល​ដាល​ រដ្ឋាភិ​បាល​​លោក​​ហ៊ុន​ ម៉ាណែត ​នៃបក្ស​ប្រជាជន ​ក៏​បាន​គប់គិត​​បង្កើត​ឱ្យ​មាន​ឧក្រិដ្ឋកម្ម​អនឡាញ​ធ្វើ​​ឱ្យ​កម្ពុជា​មាន​កេរ្តិ៍​ស្អុយ​​អាសោច​ នៅពេញ​ពិភពលោក​ផងដែរ។

លោកថា៖ «ស្រុក​ទេស​ដែល​កើតវឹកវរដែលមាន​វិបត្តិចាក់ស្រេះ ​ដែល​ជួប​រឿង​គួរ​ឱ្យ​អណោច​អធម​សព្វ​​ថ្ងៃ​​នេះ គឺ​បណ្តាល​​មក​ពី​រដ្ឋាភិបាល​ហ្នឹង​ រដ្ឋាភិបាល​ហ្នឹង​​អសមត្ថ​ភាព​​ក្នុង​ការ​​ដឹក​នាំ​ប្រទេស​​ រដ្ឋា​ភិ​បាល​​ហ្នឹង​​ពុក​​រលួយ ​រដ្ឋាភិ​បាល​​ហ្នឹង​​បក្ខ​ពួក​និយម​ រដ្ឋាភិ​បាល​​ហ្នឹង​​មិន​​យក​​ច្បាប់​​នីតិ​រដ្ឋ​​ហ្នឹង​​​ឱ្យ​​រឹង​មាំ​ទេ​ រដ្ឋាភិបាល​​ហ្នឹង​​ពោរ​ពេញ​​ទៅ​​ដោយ​​មនុស្ស​​ទុច្ចរិត​​មួយ​​ចំនួន​ ​ហើយ​មនុសុ្ស​ទុច្ចរិត​អស់​ហ្នឹង​​បង្កើត​ភាព​វឹកវរដល់​សង្គម​យ៉ាងសង្វេគ​។ រឿង​​ល្បែង​អន​ឡាញ​​ដែល​​កំពុង​ធ្វើ​​ឱ្យ​អសោច​​កេរ្តិ៍​ ធ្វើ​ឱ្យ​ខាត​បង់​សេដ្ឋកិច្ច​ ទេសចរណ៍​ ធ្វើ​​ឱ្យ​​បាត់​​បង់​​ការ​ជឿ​​ទុក​ចិត្ត​ពី​អន្តរ​ជាតិ»។

លោក សេង វណ្ណលី​​ បន្ថែម​ថា រឿងមួយទៀត គឺការកែច្បាប់ដើម្បីបង្កើនអំណាចរបស់​ខ្លួន និង​បង្រួម​សិទ្ធិ​អ្នក​ដទៃ។ លោក​​ថា មាន​សំឡេង​ភាគ​ច្រើន​ក្នុង​សភា មិន​មែន​មាន​ន័យ​ថា អាច​កែ​ច្បាប់​តាម​អំពើ​ចិត្ត​បាន​ទេ។ ការ​កែ​ច្បាប់​ដែល​​បើក​ផ្លូវ​ឱ្យ​ដក​សញ្ជាតិ​ខ្មែរ បាន​ធ្វើ​ឱ្យ​អង្គ​ការ​សិទ្ធិ​មនុស្ស​ព្រួយ​បារម្ភ​ថា វា​អាច​ក្លាយ​ជា​ឧបករណ៍​បំភ័យ​អ្នក​រិះ​គន់។ សញ្ជាតិ​ខ្មែរ​មិន​គួរ​ក្លាយ​ជា​រង្វាន់​សម្រាប់​អ្នក​គាំទ្រ​រដ្ឋាភិ​បាល ឬ​ជា​អាវុធ​ដាក់​ទោស​អ្នក​មាន​មតិ​ផ្ទុយ​ឡើយ។

លោកបន្តថា បើ​រដ្ឋាភិ​បាល​លោក ហ៊ុន ម៉ាណែត ចង់​បង្ហាញ​ថា គោរព​​រដ្ឋ​​​ធម្ម​​នុញ្ញ​​ពិត ត្រូវ​ធានា​ឱ្យអ្ន​ក​ជាប់​ឃុំដោ​យ​​សារ​ការ​បញ្ចេញ​មតិ​ ដោយ​សន្តិ​វិធី​ ទទួល​បាន​សេរី​ភាព បញ្ឈប់​ការ​គំរាម​អ្នក​រិះ​គន់ និង​បើក​ឱ្យ​បក្សប្រ​ឆាំង អ្នក​​សារ​ព័ត៌​មាន និង​សង្គម​ស៊ីវិល​ធ្វើកា​រ​ដោយ​សេរី។ បន្ថែមពីនេះ លោកថា ​ត្រូវទុកឱ្យតុលាការ​សម្រេចក្ដីដោយឯករាជ្យ ហើយ​​ស៊ើប​អង្កេត​អ្នក​ប្រព្រឹត្ត​ខុស​ដោយ​មិន​រើស​មុខ ​ទោះ​ជា​មន្ត្រី​ធំ អ្នក​មាន​អំណាច ឬ​អ្នក​ជិត​ស្និទ្ធ​របស់​ខ្លួន​ក៏​ដោយ​។ រដ្ឋាភិបាល​មិន​អាច​ទាម​ទារ​ឱ្យ​ពលរដ្ឋ​គោរព​ច្បាប់ ខណៈ​អ្នក​កាន់​អំណាច​គេច​ពី​ការ​ទទួល​ខុស​ត្រូវ​បាន​ទេ។

លោក វណ្ណលី បន្ថែមថា ​រដ្ឋធម្មនុញ្ញមានតម្លៃពិត នៅពេលវាអាចការពារ​ពលរដ្ឋ​ពី​ការ​រំលោភ​អំណាច និង​ដាក់​អ្នក​កាន់​អំណាច​ឱ្យ​នៅ​ក្រោម​ច្បាប់។ បើ​អ្នក​រិះ​គន់​នៅ​តែ​ភ័យ​ខ្លាច ហើយ​អ្នក​មាន​អំណាច​នៅ​តែ​អាច​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត នោះ​ពាក្យ​ថា ការ​​គោរព​រដ្ឋ​ធម្ម​នុញ្ញ គ្រាន់​តែ​ជា​ពាក្យ​សម្រាប់​និយាយ​ក្នុង​ពិធី​ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ