បណ្តាញឧក្រិដ្ឋកម្មឆបោកវិវត្តពីមជ្ឈមណ្ឌលទ្រង់ទ្រាយធំ​មក​ជា«ឧក្រិដ្ឋកម្មស្រមោល»តាមលំនៅឋាន

ខណៈ​​ដែល​រដ្ឋាភិបាល​​លោក​ ហ៊ុន ម៉ាណែត​ បន្ត​​បង្ហាញ​​ជំហរ​​យ៉ាង​​រឹង​មាំ​​នៅ​​លើ​​ឆាក​​អន្តរ​ជាតិ​ អំពី​​ជោគ​ជ័យ​​ក្នុង​​ការ​​បោស​សម្អាត​​បទ​ល្មើស​​ឆបោក​​តាម​​បច្ចេក​វិទ្យា​ បណ្តាញ​​ឧក្រិដ្ឋ​កម្ម​​នេះ​ ត្រូវ​​បាន​​គេ​​រាយ​ការណ៍​​ថា​ បាន​​បង្កើត​​ប្រព័ន្ធ​​ថ្មី​ ដោយ​​បំប្លែង​​ខ្លួន​​​ជា​​ក្រុម​​តូចៗ​ ដើម្បី​​បន្ត​​ធ្វើ​​សកម្ម​ភាព​​​នៅ​​តា​ម​​ផ្ទះ​​ក្នុង​​ដែន​ដី​​​កម្ពុជា​។​

ផ្អែក​លើ​របាយការណ៍​ផ្លូវការ​ពី​ក្រសួង​មហាផ្ទៃ​ ក្នុង​រយៈពេល​ ១០​ ថ្ងៃ​ចុងក្រោយ​នៃ​ខែកញ្ញា​ ឆ្នាំ​២០២៦​ អាជ្ញាធរ​​បាន​​ឃាត់​ខ្លួន​ និង​បណ្តេញ​ជនបរទេស​ជិត​ ៧០០​ នាក់​ (៦៨១​ នាក់​) ព្រមទាំង​បាន​បញ្ជូន​សំណុំ​​រឿង​​ទៅ​តុលាការ​ចំនួន​ ៤៤៦​ ករណី​ ដែល​មាន​ជនត្រូវចោទ​សរុប​ជិត​ ៤​ ពាន់​នាក់​ (៣,៩២៧​ នាក់​) មក​ពី​ ២៩​ សញ្ជាតិ​។​

ទោះជាយ៉ាងណា​ សេចក្តី​រាយការណ៍​ពី​តំបន់​ប្រតិបត្តិការ​ផ្ទាល់​ (ដូចជា​ ខេត្ត​ព្រះសីហនុ​ និង​ក្រុង​ប៉ោយប៉ែត​) បាន​បង្ហាញ​​ពី​គំរូ​ថ្មី​នៃ​ការ​ធ្វើ​សកម្មភាព​នេះ​។​

ប្រភព​រស់នៅ​ខេត្ត​ព្រះសីហនុ​ ប្រាប់​វីអូឌី​ក្នុង​លក្ខខណ្ឌ​លាក់​អត្តសញ្ញាណ​បង្ហើប​ថា​ ទោះ​សកម្មភាព​ឆបោក​ក្នុង​ទ្រង់​ទ្រាយ​​ធំ​ ​ដូចជា​ តំបន់​អគារ​ឆាយណាថោន​ ត្រូវ​បាន​បិទ​ ប៉ុន្តែ​ប្រភព​នេះ​សង្កេតឃើញ​ថា​ មាន​ជនជាតិ​ចិន​ប្រមាណ​ ៥​ ភាគរយ​ បន្ត​រស់នៅ​តាម​បន្ទប់ជួល​ ជាមួយ​នឹង​ពលរដ្ឋ​ខ្មែរ​ ក្នុង​បំណង​ធ្វើ​សកម្មភាព​នេះ​។​ ប្រភព​បន្ត​ថា​ ទិដ្ឋភាព​ហាក់​ស្ងាត់​មែន​ ប៉ុន្តែ​សកម្មភាព​របស់​ជនបរទេស​ដែល​ធ្លាប់​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​អនឡាញ​ នៅ​បន្ត​លាក់លៀម​ធ្វើ​​សកម្ម​ភាព​​ដដែល​ ដោយ​​ក្នុង​លក្ខណៈ​តូចតាច​។​

ពលរដ្ឋ​រូបនោះ និយាយថា៖​ «បើ​ចិននៅលួចលាក់ឃើញថា ប្រហែល៥ភាគរយ គ្រាន់ថា វានៅតូចៗ។ អញ្ចឹងគេ (អាជ្ញាធរ) អត់សូរចាប់អារម្មណ៍ចាស!»។​

ចំណែក​ប្រភព​មួយទៀត​រស់នៅ​ក្រុង​ប៉ោយប៉ែត ​ថ្លែង​លាក់​អត្តសញ្ញាណ​អះអាង​ថា​ បច្ចុប្បន្ន​សកម្មភាព​ឆបោក​​តាម​អនឡាញ​ទ្រង់ទ្រាយ​ធំ​ពិតជា​ត្រូវ​បាន​បង្ក្រាប​មែន​។​ ប៉ុន្តែ​ បែរជា​សកម្មភាព​តូចតាច​លេចចេញ​ជា​រូបរាង​ច្រើន​ទៅ​វិញ​។​ ប្រភព​​លើក​ហេតុផល​ថា​ ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ដែល​ធ្លាប់​ធ្វើការ​ជាមួយ​មេ​ឧក្រិដ្ឋជន​ចិន​ និង​ឥណ្ឌូនេស៊ី​ បាន​ជួប​បញ្ហា​ជីវភាព​ខ្វះ​លុយ​បង់​ធនាគារ​ ព្រោះ​រកស៊ី​លែង​បាន​ ដោយសារ​ខ្សត់​មនុស្ស​។​ ដូច្នេះ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​ទីនេះ ​ចាប់ផ្តើម​ប្រថុយ​រកស៊ី​ឆបោក​អនឡាញ​ឱ្យ​មេ​ឧក្រិដ្ឋជន​ដោយ​លួចលាក់​ នៅ​តាម​ផ្ទះ​ និង​បន្ទប់ជួល​។​

​ពលរដ្ឋរូបនោះ និយាយថា៖​ «បើបើកអនឡាញតាមផ្ទះតិចតួចមាន។ មុខរបរដែលធ្លាប់រកណា ហើយ បរទេស​១-២​នាក់ ​​​​ជា​មេៗទេ។ សំខាន់ខ្មែរយើងដែលគ្នាដាច់បាយ ដល់អញ្ចឹងមេៗវាអាណិត​ បើកអានេះបើកអានោះ ឱ្យលួចធ្វើនៅ​តាម​ផ្ទះតាមអីអញ្ចឹងណា»។​

ការ​បង្ក្រាប​ និង​ការ​បិទ​ទីតាំង​ធំៗ​ ដូចជា​ អគារ​ឆាយណាថោន​ (China Town) មិនបាន​ធ្វើ​ឱ្យ​បទល្មើស​នេះ​​រលាយ​បាត់​ទាំងស្រុង​ឡើយ​។​ មេខ្យល់​បរទេស​ ជាពិសេស​ជនជាតិ​ចិន​ និង​ឥណ្ឌូនេស៊ី​ បាន​កាត់បន្ថយ​​ទ្រង់​ទ្រាយ​ ដោយ​លួចលាក់​ធ្វើ​សកម្មភាព​ តាម​បន្ទប់ជួល​ ផ្ទះល្វែង​ ឬ​ហាង​កាហ្វេ​ជាដើម​។​

ដោយសារ​វិបត្តិ​ជីវភាព​ និង​បំណុល​ធនាគារ​​ក្រោយ​ការ​ស្ងប់ស្ងាត់​នៃ​អាជីវកម្ម​អនឡាញ​ធំៗ​ ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​​ដែល​​ធ្លាប់​​ជា​​បុគ្គលិក​ បាន​ប្រថុយ​បង្កើត​បណ្តាញ​តូចៗ​ ឬ​ទទួល​ធ្វើ​សកម្មភាព​បន្ត​ឱ្យ​មេខ្យល់​បរទេស​។​

កាលពី​ថ្ងៃទី​៨​ ខែកញ្ញា​ ឆ្នាំ​២០២៦​ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួង​មហាផ្ទៃ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​​ស្រ្តី​ខ្មែរ​ម្នាក់​ ដោយ​ចោទប្រកាន់​ថា​ ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ​ក្នុង​គម្រោង​រូបភាព​ស្នេហា​ក្លែង​ក្លាយ​ និង​ទទួលបាន​ប្រាក់​កម្រៃ​ពី​ក្រុម​ឧក្រិដ្ឋជន​ពាក់ព័ន្ធ​នឹង​ការ​លក់​លេខ​ទូរស័ព្ទ​ និង​គណនី​ធនាគារ​ឱ្យ​ក្រុម​ឆបោក​។​

ចំណែក​កាលពី​ថ្ងៃទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០២៦​ តុលាការ​ភ្នំពេញ ​បាន​ចោទប្រកាន់​មេឃុំ​ព្រែកខ្សាច់​ ខេត្ត​កោះ​កុង​ លោក រៀម រុំ​ ពី​បទ​ស៊ីសំណូក​ សមគំនិត​ក្នុង​ការ​រៀបចំ​ ឬ​ដឹកនាំ​មជ្ឈមណ្ឌល​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ និង​បទ​សម្អាត​ប្រាក់​ ជាមួយ​បក្ខពួក​ ២​ នាក់​ ឈ្មោះ ជា វាសនា​ និង​ឈ្មោះ ជា សុទ្ធ​។​ ក្នុង​នោះ​មាន​ជនជាតិ​ចិន​ឈ្មោះ ចាង ចៀនឈាំង (Zhang Jian Qiang) និង​បក្ខពួក​ក៏​រង​ការ​ចោទប្រកាន់​ដូចគ្នា​ ប៉ុន្តែ​ពួកគេ​បាន​គេចខ្លួន​។​

ក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (ICCOS) នា​ថ្ងៃទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០២៦​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត​ បាន​គូសបញ្ជាក់​ថា​ ឧក្រិដ្ឋកម្ម​អនឡាញ​មិនមែន​ជា​វប្បធម៌​ ឬ​ប្រភព​ដើម​ចេញពី​កម្ពុជា​នោះ​ទេ​ ប៉ុន្តែ​វា​ជា​បទល្មើស​ឆ្លងដែន​ដែល​កើតមានឡើង​ក្រោយ​វិបត្តិ​កូវីដ-១៩​ ដោយសារ​ក្រុម​ឧក្រិដ្ឋជន​ឆ្លៀតឱកាស​ទាញយក​ផលប្រយោជន៍​ពី​ចន្លោះប្រហោង​នៃ​បទបញ្ញត្តិ​ និង​អចលនទ្រព្យ​។​

លោក ហ៊ុន ម៉ាណែត​ ឱ្យដឹង​តាមរយៈ​អ្នកបកប្រែ​ថា៖​ «ឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនបាន​ចាប់​ផ្តើម​​នៅក្នុងប្រទេសកម្ពុជានោះទេ ហើយក៏មិនបានកើតឡើងតែនៅក្នុងប្រទេសកម្ពុជានោះដែរ។ ការពាក់ព័ន្ធដំបូង​របស់ប្រទេសកម្ពុជា ជាមួយបញ្ហានេះ ត្រូវបានផ្សាភ្ជាប់ទៅនឹងកំណើននៃល្បែងតាមប្រព័ន្ធបច្ចេកវិទ្យា និង​​ធុរកិច្ចនានា ពាក់ព័ន្ធនឹងកាស៊ីណូ។ លើសពីនេះ បណ្តាញឧក្រិដ្ឋកម្មបានបន្តវិវឌ្ឍ និងសម្របខ្លួនឆ្លងកាត់រយៈព្រំដែន​យ៉ាងឆាប់រហ័ស។ បណ្តាញឧក្រិដ្ឋកម្មឆ្លងដែនទាំងនេះ បានឆ្លៀតឱកាសពីអចលនទ្រព្យ ពាណិជ្ជកម្ម ចន្លោះ​ប្រហោងនៃបទបញ្ញត្តិ និងបណ្តាញទូរគមនាគមន៍ដ៏ស្មុគស្មាញ ដើម្បីបង្កើតជាប្រព័ន្ធអេកូឡូស៊ី នៃការឆបោក​ឆ្លងដែន»។​

ទោះជាយ៉ាងណាក៏ដោយ​ អ្នកឃ្លាំមើល​សង្គម​ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ ដូចជា​ លោក ម៉ែន ណាត​ និង​លោក ប៉ោ មករា​ បាន​លើកឡើង​ផ្ទុយ​ពី​នេះ​។​

ផ្ទុយ​នៅ​ត្រង់​ថា​ ក្រុម​អ្នក​តាមដាន​ បាន​ចង្អុលបង្ហាញ​ថា​ បញ្ហា​អំពើពុករលួយ​ និង​វប្បធម៌​ទណ្ឌភាព​ទៅវិញ​ទេ​ ដែល​ជា​ឫសគល់​ ដែល​ធ្វើ​ឱ្យ​ការ​បង្ក្រាប​នឹង​មិន​អាច​មាន​ប្រសិទ្ធភាព​ ១០០%​ ឡើយ​។​ ហើយ​ថា​ ដរាបណា​អាជ្ញាធរ​មិន​ទាន់​បាន​បោសសម្អាត​មន្ត្រី​ជាន់ខ្ពស់​ ឬ​ឧកញ៉ា​មាន​ឥទ្ធិពល​ដែល​រង​ការ​ចោទប្រកាន់​ថា​ជា​អ្នក​ការពារ​ និង​នៅ​ពីក្រោយ​បណ្តាញ​ឧក្រិដ្ឋកម្ម​ទាំងនេះ​។​

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ លោក ម៉ែន ណាត​ បាន​គូសបញ្ជាក់​ថា​ បទល្មើស​ឆបោក​អនឡាញ​នៅ​កម្ពុជា​នឹង​មិន​ត្រូវ​បាន​កម្ចាត់​ឱ្យ​អស់​ទេ​ ដោយសារ​មន្ត្រី​និង​ឈ្មួញ​គ្រាក់ៗ​ នៅ​ពីក្រោយ​ឧក្រិដ្ឋកម្ម​នេះ​ មិន​ត្រូវ​បាន​ដាក់ទោស​តាម​​ច្បាប់​ឡើយ​។​ ដូច្នេះ​បញ្ហា​នឹង​នៅតែ​បន្ត​មាន​ ដែល​ពួកគេ​បំបែកខ្លួន​ពី​អគារ​ធំៗ​ និង​កាស៊ីណូ​ ទៅជា​ក្រុម​តូចៗ​តាម​​​ផ្ទះ​ជួល​ ហាង​​កាហ្វេ​ ឬ​ក្នុង​រថយន្ត​ ដោយ​ប្រើ​ត្រឹម​ទូរស័ព្ទដៃ​ ឬ​កុំព្យូទ័រ​យួរដៃ​។​

លោក​លើក​ឧទាហរណ៍​ថា​ ករណី​មួយ​ចំនួន​ មាន​ពាក់ព័ន្ធ​នឹង​មន្ត្រី​មូលដ្ឋាន​ និង​មន្ត្រី​តុលាការ​ថែមទៀត​ ដោយ​សារ​តែ​​ការ​អនុវត្ត​​ច្បាប់​​របស់​កម្ពុជា​នៅ​ធូររលុង​។​

សម្រាប់​លោក ម៉ែន ណាត​ រដ្ឋាភិបាល​ត្រូវ​បន្ត​ស៊ើបអង្កេត​យ៉ាង​តឹងរ៉ឹង​ ដោយ​សហការ​ជាមួយ​ម្ចាស់​ផ្ទះជួល​ និង​អាជីវករ​ ហើយ​ធានា​ថា​ ប៉ូលិស​អនុវត្ត​ច្បាប់​ដោយ​ស្មោះត្រង់​ និង​គ្មាន​អំពើពុករលួយ​ ហើយ​ត្រូវ​ស៊ើបអង្កេត​ដោយ​តម្លាភាព​ចំពោះ​មន្ត្រី​ អ្នកមាន​អំណាច​ និង​អ្នកជំនួញ​ដែល​ត្រូវ​បាន​អាជ្ញាធរ​បរទេស​ដាក់​ទណ្ឌកម្ម​ ឬ​ចោទប្រកាន់​ថា​ពាក់ព័ន្ធ​នឹង​បណ្តាញ​ឆបោក​។​

លោក​សង្កត់ធ្ងន់​ថា​ បើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត​ មិន​ដោះស្រាយ​ឱ្យ​បាន​ច្បាស់លាស់​ជាមួយ​អ្នកមាន​​អំណាច​ និង​បណ្តាញ​ពាក់ព័ន្ធ​ទេ​ នោះ​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​កម្ពុជា​ សន្តិសុខ​ ទេសចរណ៍​ និង​ទំនុកចិត្ត​របស់​អ្នក​វិនិយោគ​អន្តរជាតិ​។​

លោក ម៉ែន ណាត ថ្លែង​ថា៖​ «ក្នុងហ្នឹងមានលោក ស សុខា លោក នេត សាវឿន លោក ហ៊ុន តូ លោក ឌី វិជ្ជា អ្នកស្រី ជូ ប៊ុនអេង ជាដើម អ្នកទាំងអស់ហ្នឹងសុទ្ធតែមាននៅក្នុងបញ្ជីខ្មៅ ដែលរដ្ឋសភាអាមេរិកទើបបញ្ចេញពីថ្ងៃមុននេះទៀត។ ហើយក្រៅពីហ្នឹងក៏មាន អ្នកដែលជាប់ទណ្ឌកម្មរួចហើយ ដូចមាន ឧកញ៉ា ទ្រី ភាព មាន ឧកញ៉ា កុក អាន មាន ឧកញ៉ា លី យ៉ុងផាត់ ជាដើម។ អញ្ចឹងវាទាល់តែរដ្ឋាភិបាលបោសសម្អាត​​អ្នកទាំងអស់គ្នាហ្នឹង បើមិន​បោស​សម្អាត​​មេ​ខ្លោង​ទាំង​ហ្នឹង​ទេ គឺ​ពិបាកនៅក្នុងការលាងសម្អាត​កេរ្តិ៍ឈ្មោះ​កម្ពុជា​​នៅលើឆាកអន្តរជាតិ ជុំវិញរឿងអាស្រូវ​បទឆបោកអនឡាញ»។​

យ៉ាងណា​ លោក ហ៊ុន ម៉ាណែត​ មិន​ទទួលស្គាល់​ថា​ ការ​មិន​អើពើ​កម្ចាត់​ ឬ​ការ​​គប់គិត​​ជាមួយ​​មេ​ឧក្រិដ្ឋជន​ដូច​ជា​ លោក ចេន ហ្ស៊ី​ ជាដើម​ ជា​មូលហេតុ​នៃ​បញ្ហា​ឡើយ​ ដោយ​លោក​ថា​ អំពើ​ឆបោក​នេះ​មិនបាន​ចាប់ផ្តើម​​នៅ​កម្ពុជា​នោះ​​ទេ​ ហើយ​ក៏​មិនមែន​មាន​តែកម្ពុជា​នោះ​ដែរ​។​

ទាក់ទង​ករណី​នេះ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន​ លោក ប៉ោ មករា​ យល់ថា​ វិធានការ​បង្ក្រាប​បណ្តាញ​ឧក្រិដ្ឋកម្ម​អនឡាញ​នេះ​ នឹង​មិន​ទទួលបាន​ជោគជ័យ​ ១០០​ ភាគរយ​ទេ​ ដរាបណា​វិធានការ​បង្ក្រាប​ មិន​ទៅ​ដល់​​សំបុក​​មេខ្លោង​ ដែល​កំពុង​បំប្លែង​ខ្លួន​ ពី​មជ្ឈមណ្ឌល​ទ្រង់ទ្រាយ​ធំ​ មក​ជា​ឧក្រិដ្ឋកម្ម​ស្រមោល​តាម​លំនៅឋាន​ទេ​នោះ​។​

លោក​ថា៖​ «ដូច្នេះ រដ្ឋាភិបាលកម្ពុជា គួរតែបន្តស្វែងរកមេខ្លោងធំៗ ដែលពាក់ព័ន្ធទាំងបណ្តាញនៅក្នុងកម្ពុជាផ្ទាល់ ក៏ដូចជាបណ្តាញអន្តរជាតិមួយចំនួន ដែលបោះដៃឱ្យគ្នាទៅវិញទៅមកក្នុងការ បន្តចិញ្ចឹមក្រុមតូចៗ ឬក៏ឱ្យថា មាន​លទ្ធភាពក្នុងការធ្វើឱ្យក្រុមតូចៗនៅកម្ពុជាហ្នឹង បន្តរស់រានក្នុងការប្រតិបត្តិការ នៃស្គេមអនឡាញ​ហ្នឹងតទៅ​ទៀត​ទៅ​ណា»។​

ទន្ទឹម​នឹង​ការ​ស្នើ​នេះ​ បញ្ហា​ឆបោក​អនឡាញ​នៅ​កម្ពុជា​បាន​ឈាន​ដល់​កម្រិត​កំពូល​នៃ​នយោបាយ​ការបរទេស​។​ ប្រធាន​​គណៈកម្មាធិការ​ពីរ​នៃ​សភា​តំណាងរាស្ត្រ​អាមេរិក​ កាលពី​ថ្ងៃទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០២៦​ ក៏​ជំរុញ​ឱ្យ​ក្រសួង​ការបរទេស​ និង​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ ស៊ើបអង្កេត​មន្ត្រី​ជាន់ខ្ពស់​ អ្នកជំនួញ​ និង​បុគ្គល​មាន​ឥទ្ធិពល​មួយ​ចំនួន​នៅ​កម្ពុជា​ ដែល​អាច​មាន​ទំនាក់ទំនង​នឹង​ឧស្សាហកម្ម​ឆបោក​អនឡាញ​ ដើម្បី​ដាក់​ទណ្ឌកម្ម​ពួកគេ​ក្នុង​រយៈពេល​ ១៨០​ ថ្ងៃ​។​ បុគ្គល​ទាំងនោះ​រួមមាន​ លោក ស សុខា​ លោក នេត សាវឿន​អ្នក​ស្រី ជូ ប៊ុនអេង​ លោក ឌី វិជ្ជា​ លោក គួច ចំរើន​ លោក ឡុង ឌីម៉ង់​ លោក ហ៊ុន តូ​ និង​លោក យឹម លក្ខណ៍​ ជាដើម​។​

ការ​ស្នើ​អន្តរាគមន៍​នេះ​ ស្រប​ពេល​នឹង​ការ​ចេញផ្សាយ​របាយការណ៍​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​អាមេរិក​ (NDI) ដោយ​​ហៅ​ប្រតិបត្តិការ​ឆបោក​នេះ​ថា​ ជា​ «ស្ថាបត្យកម្ម​ឆបោក​គាំទ្រ​ដោយ​រដ្ឋអំណាច»។​ ហើយ​កាលពី​ថ្ងៃទី​២១​ ខែកញ្ញា​ ឆ្នាំ​២០២៦​ អាមេរិក​ប្រកាស​វិធានការ​ក្តៅ​ដោយ​ដកហូត​ទិដ្ឋាការ​ និង​ហាម​បុគ្គល​ ៣២​ នាក់​ ដែល​ពាក់ព័ន្ធ​ការ​​ឆបោក​អនឡាញ​ ជាមួយ​អតីត​ទីប្រឹក្សា​លោក ហ៊ុន សែន​ គឺ​លោក ចេន ហ្ស៊ី​ ចូល​ទឹកដី​អាមេរិក​។​

ភាព​ស៊ីសង្វាក់​គ្នា​នៃ​សម្ពាធ​អន្តរជាតិ​ពី​ប្លុក​លោកសេរី​នេះ​ ហាក់​ឆ្លើយតប​ទៅនឹង​ការ​ប្តេជ្ញា​របស់​រដ្ឋបាល​លោក​ប្រធានា​ធិបតី​ ត្រាំ​។​ រដ្ឋបាលលោក​​​ ត្រាំ​ ថ្មីៗ​នេះ​ បាន​អះអាង​ថា​ ខ្លួន​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ ដើម្បី​បង្ក្រាប​​បណ្តាញ​ឆបោក​ និង​ដាក់​ទណ្ឌកម្ម​លើ​អ្នក​ពាក់ព័ន្ធ​ ដែល​បាន​បោកប្រាស់​ពលរដ្ឋ​អាមេរិក​យ៉ាងហោចណាស់​ជិត​ ២០​ ពាន់​លាន​ (១៨.២) ដុល្លារ​ នៅ​ឆ្នាំ​២០២៥​។​

បើ​តាម​អ្នកឃ្លាំមើល​ ដើម្បី​ស្តារ​កេរ្តិ៍ឈ្មោះ​នៅ​លើ​ឆាក​អន្តរជាតិ​ ទាក់ទាញ​វិនិយោគិន​ស្អាតស្អំ​ និង​ការពារ​សន្តិសុខ​សង្គម​ រដ្ឋាភិបាល​កម្ពុជា​គួរតែ​ពិចារណា​បង្កើត​បណ្តាញ​ស៊ើបការណ៍​សម្ងាត់​នៅ​តាម​សហគមន៍​ ដោយ​សហការ​ជិតស្និទ្ធ​​ជាមួយ​​ម្ចាស់​ផ្ទះជួល​ និង​អាជីវករ​ ដើម្បី​ស្វែងរក​ទីតាំង​លាក់ខ្លួន​តូចៗ​តាម​ខ្នងផ្ទះ​។ ​បង្ហាញ​ភាព​ស្មោះត្រង់​ក្នុង​ការ​​ស៊ើបអង្កេត​ និង​ដាក់ទោស​ទណ្ឌ​លើ​មន្ត្រី​ អ្នកមាន​អំណាច​ ឬ​ពាណិជ្ជករ​ទាំង​ឡាយ​ណា​​ដែល​​ពាក់​ព័ន្ធ​ ដោយ​មិន​មើល​​លើ​និន្នាការ​នយោបាយ​ ឬ​បុព្វសិទ្ធិ​បុគ្គល​។​

បន្ថែម​ពី​នេះ​ រដ្ឋ​ត្រូវ​បង្កើត​កម្មវិធី​ជំនួយ​ហិរញ្ញវត្ថុ​ ឬ​បណ្តុះបណ្តាល​មុខរបរ​ជំនួស​ដល់​ពលរដ្ឋ​ក្នុង​តំបន់​ដែល​រង​ផល​ប៉ះ​ពាល់​ ដើម្បី​កាត់ផ្តាច់​ប្រភព​កម្លាំង​ពលកម្ម​ដែល​ក្រុម​ឧក្រិដ្ឋជន​កំពុង​ទាញយក​ផលប្រយោជន៍​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ