សន្និសីទ​​អន្តរ​ជាតិ​​ប្តេជ្ញា​​ចិត្ត​​រួម​ ១១​​ចំណុច ​ដើម្បី​​កាត់​​ផ្តាច់​«ច្រវាក់»​​ឧក្រិដ្ឋ​កម្ម​​ឆបោក​

សន្និសីទ​​អន្តរ​ជាតិ​​ស្តីពី​​ការ​ប្រយុទ្ធ​​ប្រឆាំង​ការ​​ឆបោក​តាម​​ប្រព័ន្ធ​​បច្ចេក​វិទ្យា​​រយៈ​ពេល ​២ ​ថ្ងៃ ​ចាប់​ពី​​ថ្ងៃ​ទី​​២៣-២៤ ​ខែ​កញ្ញា​​នេះ ​បាន​​បញ្ចប់​ទៅ​​ដោយ​​ប្រកាស​​ពី​​ការ​​ប្តេជ្ញា​​ចិត្ត​​រួម​​ចំនួន ​១១ ​ចំណុច ​ក្នុង​​គោល​បំណង​​កាត់​​ផ្តាច់​​ច្រវាក់​​ឧក្រិដ្ឋ​កម្ម​​ឆបោក​​អន​ឡាញ ​និ​ង​​បទ​ល្មើស​​ឆ្លង​ដែន​។​

​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល ​ចំណុច​រួម​ទាំងនោះ​​បាន​ផ្តោត​ទៅលើ​កិច្ចសហ​ប្រតិបត្តិ​ការ ​និង​ការ​អនុវត្ត​ច្បាប់​អន្តរជាតិ​។ ​ការ​កាត់​ផ្តាច់​ហេដ្ឋារចនាសម្ព័ន្ធ ​និង​ហិរញ្ញវត្ថុ​បណ្តាញ​ឧក្រិដ្ឋជន ​តាមរយៈ​ការ​រំលាយ​ទីតាំង​ឆបោក ​កាត់​ផ្តាច់​លំហូរ​លុយ​ខុសច្បាប់ ​តាម​វិធាន​ការ​ស្ទាក់រារាំង ​កាត់​ផ្តាច់​លំហូរ​ហិរញ្ញវត្ថុ ​និង​ប្រមូល​ទ្រព្យសម្បត្តិ​ដែល​បាន​មកពី​ការ​ឆបោក​​ត្រឡប់មកវិញ​។​

​ការ​ការពារ ​និង​សង្គ្រោះ​ជនរងគ្រោះ ​ដោយ​អនុវត្ត​គោលការណ៍​មិន​ដាក់​ទោសទណ្ឌ​លើ​ជនរងគ្រោះ​ដែល​រង​ការ​បង្ខំ​ឱ្យ​ធ្វើការ​នៅក្នុង​ទីតាំង​ឆបោក ​និង​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ជាដើម​។​

​សន្និសីទ​នេះ ​បាន​ប្រមូលផ្តុំ​អ្នកចូលរួម​ជាង ​៦០០ ​នាក់ ​មកពី ​២៨ ​ប្រទេស ​និង​អង្គការ​អន្តរជាតិ​​ធំៗ ​ដូចជា ​INTERPOL ​និង ​UNODC ​ដែល​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​រួមគ្នា​បង្ក្រាប​បទល្មើស​ឌីជីថល ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​ដោយឡែក ​នៅក្នុង​សន្និសីទ​នោះ ​រដ្ឋាភិបាល​កម្ពុជា ​បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ថា ​កម្ពុជា​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​ទីតាំង​មាន​សុវត្ថិភាព​សម្រាប់​ក្រុម​ឧក្រិដ្ឋជន​ឆបោក ​និង​មិន​បណ្តោយ​ឱ្យ​ក្រុម​ទាំងនេះ​បំផ្លាញ​ការ​អភិវឌ្ឍ​ជាតិ ​និង​ជីវភាព​ពលរដ្ឋ​ជាង ​១៧ ​លាន​នាក់​ឡើយ​។​

​ក្រៅពី​នេះ ​រដ្ឋាភិបាល​បាន​ការពារ​ថា ​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​នេះ ​មិនមែន​មាន​ប្រភព​ដើម​ចេញពី​កម្ពុជា​ឡើយ ​ប៉ុន្តែ​វា​ជា​ការ​វិវត្ត​ឆ្លងដែន​ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការ​រីកដុះដាល​នៃ​ល្បែងស៊ីសង​អនឡាញ​ពីមុន​។​

​សរុបមក ​ថ្វីត្បិតតែ​មាន​សម្ពាធ ​និង​ការ​ចោទប្រកាន់​ចំៗ​ពី​សហរដ្ឋអាមេរិក​ទៅលើ​មន្ត្រី ​និង​សែស្រឡាយ​សាច់ញាតិ​គ្រាក់ៗ​ក៏ដោយ ​ក៏​មេដឹកនាំ​កម្ពុជា ​បាន​ប្រើប្រាស់​ទិន្នន័យ​បង្ក្រាប​ជាក់ស្តែង​​មក​បង្ហាញ ​និង​ប្តេជ្ញា​ចិត្ត​បន្ត​កម្ទេច​ក្រុមឧក្រិដ្ឋជន​​អនឡាញ​ទាំងនេះ ​ដើម្បី​ស្តារ​មុខមាត់​ប្រទេស​ឡើងវិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ