អ្នកឃ្លាំមើល លើកឡើងថា បញ្ហារីករាលនៃបទឧក្រិដ្ឋឆបោកតាមអនឡាញនៅកម្ពុជាជាច្រើនឆ្នាំមកនេះ ដោយសារតែភាពព្រងើយកន្តើយ និងកម្សោយនៃការដឹកនាំរបស់រដ្ឋាភិបាលបក្សកាន់អំណាចទាំងអាណត្តិមុន និងអាណត្តិនេះ រួមទាំងបញ្ហាអំពើពុករលួយ បក្ខពួកនិយម និងនីតិរដ្ឋទន់ខ្សោយ ដែលធ្វើឱ្យបរទេសអាចយកទឹកដីកម្ពុជា ដើម្បីប្រព្រឹត្តបទល្មើសឆ្លងដែនបែបនេះ។
ការលើកឡើងរបស់អ្នកឃ្លាំមើលស្របពេលដែលកម្ពុជា បានរៀបចំសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលប្រព្រឹត្តទៅនាថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ។
ក្នុងសន្និសីទនោះ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) លោក ឆាយ ស៊ីណារិទ្ធ បានលើកឡើងថា កម្ពុជាមិនមែនជាប្រភពដើមនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ ប៉ុន្តែជាប្រទេសមួយក្នុងចំណោមប្រទេសផ្សេងទៀត ដែលត្រូវបានបណ្តាញឧក្រិដ្ឋជនជាជនបរទេសជ្រើសរើសជាគោលដៅ ក្នុងការប្រព្រឹត្តអំពើឆបោកនេះ ដែលធ្វើឱ្យ កម្ពុជារងផលប៉ះពាល់លើគ្រប់វិស័យ និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិផងដែរ។
លោកថា៖ «បណ្តាញឧក្រិដ្ឋកម្មឆ្លងដែនដែលជាជនបរទេស បានប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីធ្វើជាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅលើជនរងគ្រោះនៅក្រៅប្រទេស រួមទាំងប្រជាជនកម្ពុជាផងដែរ។ ផលប៉ះពាល់អវិជ្ជមានបានកើតឡើងលើគ្រប់វិស័យ ទាំងលើផ្នែកសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ វិស័យទេសចរណ៍ ការវិនិយោគ និងសេដ្ឋកិច្ចទាំងមូល ព្រមទាំងកេរ្តិ៍ឈ្មោះមុខមាត់និងសេចក្តីថ្លៃថ្នូររបស់កម្ពុជាលើឆាកអន្តរជាតិ។ ជនដែលប្រព្រឹត្ត ប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាំងនេះ មកពីទីកន្លែងផ្សេងៗគ្នា ផលប៉ះពាល់ទាំងអស់នេះ ត្រូវបានធ្លាក់មកលើប្រទេសកម្ពុជា ដែលជាប្រទេសរងគ្រោះ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានលើកឡើងក្នុងសន្និសីទនោះដែរថា ឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬស្គេមអនឡាញ មិនបានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជាទេ។ លោកថា កម្ពុជាពាក់ព័ន្ធដំបូងជាមួយបញ្ហានេះ ដោយសារកំណើនល្បែងតាមប្រព័ន្ធបច្ចេកវិទ្យា(ល្បែងអនឡាញ) និងធុរកិច្ចនានាពាក់ព័ន្ធនឹងកាស៊ីណូ ភាពចន្លោះប្រហោងនៃបទបញ្ញតិ្ត និងបណ្តាញទូរគមនាគមន៍ឆ្លងដែនដ៏ស្មុគស្មាញ បង្កើតជាប្រព័ន្ធអេកូឡូស៊ីនៃការឆបោកឆ្លងដែន។ យ៉ាងណា លោកថា កម្ពុជាមានការទទួលខុសត្រូវខ្ពស់ និងបានដាក់ចេញនូវវិធានការផ្ទៃក្នុងដោយគ្មានការយោគយល់ឡើយ ក្នុងការបង្ក្រាប និងទប់ស្កាត់ឧក្រិដ្ឋឆបោកតាមអនឡាញនេះ។
តែសម្រាប់ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ចាត់ទុកការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នេះជាសម្តីដែលគ្មានការទទួលខុសត្រូវទាល់តែសោះ ព្រោះជាធម្មតា ការដឹកនាំរដ្ឋមួយ វាត្រូវមានរចនាសម្ព័ន្ធ ប្រព័ន្ធច្បាប់ និងប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ ដែលមិនអាចឱ្យជនបរទេសណាមួយមកប្រព្រឹត្តបទល្មើសក្នុងប្រទេសខ្លួនបានទេ។
លោកបន្តថា កន្លងមក សហគមន៍អន្តរជាតិ ក៏ដូចជាសារព័ត៌មានឯករាជ្យផ្សេងៗ បានចង្អុរបង្ហាញផងដែរពីមេឧក្រិដ្ឋឆបោកអនឡាញ ដែលជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល អ្នកជំនួញ និងឧកញ៉ាគ្រាក់ៗ ដើម្បីឱ្យរដ្ឋាភិបាលកម្ពុជាមានវិធានការស្រាវជ្រាវ និងចាប់ខ្លួនជនប្រព្រឹត្ត កុំឱ្យប្រទេសកម្ពុជារងគ្រោះ និងខូចឈ្មោះ តែផ្ទុយទៅវិញ បែរជារដ្ឋាភិបាល ការពារអ្នកអស់នោះទៅវិញ។
លោក ករុណា ថា ដោយសារការដឹកនាំប្រទេសមានពាក់ព័ន្ធនឹងអំពើពុករលួយ បក្ខពួកនិយម ការពារខ្សែស្រឡាយសាច់ញាតិ និងការអនុវត្តច្បាប់ធូររលុង ហើយមន្ត្រីមួយចំនួនទៅគប់គិតជាមួយឧក្រិដ្ឋជននេះហើយ បានជាបណ្តាញជនបរទេសមករកស៊ីខុសច្បាប់លើទឹកដីកម្ពុជា និងបោកប្រាស់ប្រជាពលរដ្ឋនៅលើពិភពលោក។
លោកថា៖ «ចឹងយើងឃើញថា ការលើកឡើងនេះ មិនឆ្លុះបញ្ចាំងអំពីការពិតទេ គឺដោយសារតែភាពព្រងើយកន្តើយ ភាពកម្សោយនៃការអនុវត្តច្បាប់ ភាពកម្សោយនៃការទទួលខុសត្រូវទៅលើការដឹកនាំ លើវាសនារបស់ប្រជាពលរដ្ឋ លើវាសនារបស់ប្រទេសជាតិហ្នឹងហើយ ដែលបណ្តែតបណ្តោយឱ្យក្រុមឧក្រិដ្ឋជនទាំងអស់នោះ មករកស៊ីនៅក្នុងប្រទេសកម្ពុជា ហើយមិនត្រឹមតែក្រុមឧក្រិដ្ឋជនពីក្រៅមកទេ គឺឧក្រិដ្ឋជនខាងក្នុងហ្នឹង ដែលជាប់ពាក់ព័ន្ធខ្សែស្រឡាយជាមួយនឹងគណបក្សកាន់អំណាចហ្នឹង ក៏មិនត្រូវបានចាត់វិធានការដែរ នេះហើយទើបបញ្ហារបស់ប្រទេសកម្ពុជា រឿងស្គេមអនឡាញហ្នឹងមិនអាចកម្ចាត់ទៅបានរហូតមកដល់បច្ចុប្បន្នបាទ»។
កាលពីថ្ងៃទី១៥ ខែកញ្ញា ប្រធានគណៈកម្មាធិការពីររបស់សភាតំណាងរាស្ត្រអាមេរិក បានស្នើឱ្យក្រសួងការបរទេស និងក្រសួងហិរញ្ញវត្ថុអាមេរិក ស៊ើបអង្កេតមន្ត្រីជាន់ខ្ពស់ អ្នកជំនួញ និងបុគ្គលមានឥទ្ធិពលមួយចំនួននៅកម្ពុជា ដែលអាចមានទំនាក់ទំនងនឹងឧស្សាហកម្មឆបោក ដើម្បីស៊ើបអង្កេត និងសម្រេចក្នុងរយៈពេល ១៨០ថ្ងៃ មុននឹងដាក់ទណ្ឌកម្មលើពួកគេ។ បុគ្គលទាំងនោះ រួមមាន លោក ស សុខា លោក នេត សាវឿន លោកស្រី ជូ ប៊ុនអេង លោក ឌី វិជ្ជា លោក ហ៊ុន តូ លោក គួច ចំរើន លោក ឡុង ឌីម៉ង់ និងលោក យឹម លក្ខណ៍ជាដើម។ ការស្នើអន្តរាគមន៍នេះ ស្របពេលនឹងការចេញផ្សាយរបាយការណ៍របស់វិទ្យាស្ថានប្រជាធិបតេយ្យអាមេរិក NDI ដោយហៅប្រតិបត្តិការឆបោកនេះថា ជាស្ថាបត្យកម្មឆបោកគាំទ្រដោយរដ្ឋអំណាច។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា បានលើកឡើងនៅថ្ងៃទី២៤ ខែកញ្ញានេះដែរថា ការលើកឡើងរបស់រដ្ឋាភិបាលកម្ពុជា គ្រាន់តែជារូបភាពបង្ហាញថាកម្ពុជារងគ្រោះ ហើយបាននិងកំពុងមានវិធានការទប់ស្កាត់ ប៉ុន្តែវាមិនអាចកសាងទំនុកចិត្តឱ្យអន្តរជាតិជឿជាក់បាននៅឡើយ បើមេខ្លោងនៃអំពើឆបោក ដែលអន្តរជាតិបានចង្អុលបង្ហាញនៅក្រៅសំណាញ់ច្បាប់នោះ។
លោកថា៖ «ព្រោះអ្វីដែលជាការកសាងនូវទំនុកចិត្តឡើងវិញ គឺយើងត្រូវការការកាត់ផ្តាច់រវាងអ្នកដែលនៅពីក្រោយខ្នងពាក់ព័ន្ធនឹងស្គេមហ្នឹង ហើយការកាត់ផ្តាច់ហ្នឹង យើងមើលឃើញថា វាមានការពាក់ព័ន្ធជាបណ្តាញធំ ជាពិសេសគឺបណ្តាញដែលចេញពីអន្តរជាតិ ឬក៏តំបន់មួយចំនួន ដែលនៅក្រៅប្រទេសកម្ពុជាផ្ទាល់ ចឹងបើកម្ពុជាអត់ទាន់បានបង្ហាញអំពីលទ្ធផលនៃការកាត់ផ្តាច់មេខ្លោងធំៗហ្នឹងទេ ខ្ញុំគិតថា ការកសាងនូវទំនុកចិត្តពីបណ្តាប្រទេសដែលពាក់ព័ន្ធនឹងបញ្ហាហ្នឹង វានៅតែជាបញ្ហាសម្រាប់កម្ពុជា ចឹងទាមទារឱ្យមានឆន្ទៈនយោបាយខ្ពស់ ទាមទារឱ្យមានការស្រុះស្រួលគ្នា ក្នុងការកម្ចាត់បញ្ហាស្គេមនៅកម្ពុជាឱ្យកាន់តែស៊ីជម្រៅ»។
បើតាម លោក ប៉ោ មករា ប្រសិនបើបញ្ហានេះ មិនត្រូវបានដោះស្រាយឱ្យមានប្រសិទ្ធភាពទេ នោះប្រទេសជាតិនៅតែមានកេរ្តិ៍ឈ្មោះមិនល្អលើឆាកអន្តរជាតិ ប៉ះពាល់ដល់សេដ្ឋកិច្ច និងវិស័យផ្សេងៗ ហើយប្រជាពលរដ្ឋនឹងបន្តរងគ្រោះ ដោយសារតែអំពើឧក្រិដ្ឋកម្មដែលជាសេដ្ឋកិច្ចដ៏ខ្មៅកង្វក់នេះ។
យ៉ាងណា បើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៤ខែកញ្ញានេះ បានស្រង់សម្តីរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ថា កម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការតាមចាប់ខ្លួនជនល្មើស ការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការបង្កកទ្រព្យសម្បត្តិជាផលនៃបទល្មើស ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការចែករំលែកព័ត៌មាន ការស៊ើបអង្កេតផ្នែកហិរញ្ញវត្ថុ ការជួយគ្នាទៅវិញទៅមកលើផ្នែកច្បាប់ ការកសាងសមត្ថភាព ភាពជាដៃគូរវាងរដ្ឋនិងឯកជនការពារជនរងក្រោះ និងការលើកកម្ពស់ការយល់ដឹងជាសាធារណៈឱ្យកាន់តែទូលំទូលាយ។
ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា សន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានបិទបញ្ចប់ដោយជោគជ័យនៅថ្ងៃនេះ និងបានអនុម័ត «សេចក្តីប្រកាសទីក្រុងភ្នំពេញ» ដោយបង្កើតឱ្យមានការប្តេជ្ញាចិត្តចំនួន ១១ចំណុច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធ។
ការប្តេជ្ញាចិត្តទាំង១១ចំណុចនោះ រួមមាន ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ កាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្ម រារាំងនិងប្រមូលត្រឡប់មកវិញនូវផលនៃបទល្មើស ទាញយកផលប្រយោជន៍ពីនវានុវត្តន៍បច្ចេកវិទ្យា ពង្រឹងក្របខ័ណ្ឌគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ កសាងសមត្ថភាពនិងភាពធន់ ពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន គាំទ្រការការពារជនរងគ្រោះដោយការជួញដូរមនុស្ស និងជនងាយរងគ្រោះ អនុវត្តគោលការណ៍មិនផ្តន្ទាទោសចំពោះជនរងគ្រោះ ទប់ស្កាត់ការឆបោកនិងការជួញដូរមនុស្ស និងលុបបំបាត់ទីតាំងឆបោកធំៗនិងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។
ប្រភពដដែលបានគូសបញ្ជាក់ថា៖ «កម្ពុជាបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើការជាមួយដៃគូអន្តរជាតិ ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តទាំងនេះ ឱ្យទៅជាសកម្មភាពប្រកបដោយចីរភាព និងវិធានការដែលមានប្រសិទ្ធភាព សម្រាប់ការពារជនរងគ្រោះ ព្រមទាំងទប់ស្កាត់បណ្តាញឆបោកមិនឱ្យកើតមានឡើងវិញ»។
តែយ៉ាងណា សម្រាប់អ្នកឃ្លាំមើល យល់ថា បើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ពិតជាមានឆន្ទៈក្នុងការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនេះមែន គួរតែចាប់ផ្តើមស៊ើបអង្កេតពីក្រុមឧកញ៉ាគ្រាក់ៗ និងមន្ត្រីជាន់ខ្ពស់របស់ខ្លួន ដែលសហគមន៍អន្តរជាតិ ក្នុងនោះមានទាំងប្រទេសមហាអំណាចសហរដ្ឋអាមេរិកផងដែរ បានដៅចំៗឈ្មោះ និងបានដាក់ក្នុងបញ្ជីទណ្ឌកម្ម៕









