អ្នកជំនាញឱ្យ​សភា​ពន្យល់​ពលរដ្ឋ​ពី​មូល​ហេតុ​ដែល​កម្ពុជា​ក្លាយ​ជា​សំបុក​ពួក​ឧក្រិដ្ឋ​ជន

អ្នកជំនាញ​ផ្នែក​​ច្បាប់​ អំពាវ​នាវ​​ដល់​​រដ្ឋ​សភា បង្កើត​​គណៈ​កម្មាធិ​ការ​​ចំពោះ​កិច្ច​​ចម្រុះ​​មួយ ដើម្បី​ធ្វើ​ការ​​សិក្សា​​ស៊ើប​​អង្កេត​លម្អិត​​មួយ​ ជុំវិញ​ករណី​ដែល​​ជន​បរទេស​អាច​ចូល​​ម​ក​​​​​​​​​ប្រើ​​ប្រាស់​​ទឹក​ដី​កម្ពុជា​ ដើម្បី​ធ្វើ​សកម្ម​ភាព​ឆបោក​តាម​​​អន​​ឡាញ​​​លំដាប់​ពិភព​លោក​បាន ខណៈ​វិបត្តិ​​ឧក្រិដ្ឋ​​កម្ម​នេះ​បាន​ប៉ះ​ពាល់​​មុខ​មាត់​​ប្រទេស​​ជាតិ និង​​ប្រជា​ពលរដ្ឋ​ខ្មែរ។​

ការ​អំពាវនាវនេះ បានធ្វើឡើងក្រោយពីប្រ​ធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង​នឹងការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) លោក ឆាយ ស៊ីណារិទ្ធ បានលើក​ឡើងក្នុង​សន្និសីទអន្តរជាតិ​ ស្តី​​ពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កាលពីថ្ងៃទី​២៣ខែកញ្ញា​​ថា បើទោះបីជា​កម្ពុជា មិនមែនជា​ប្រភព​​ដើម​​នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ ប៉ុន្តែ​កម្ពុជា​​ជា​ប្រទេស​​មួយ​​ក្នុង​​ចំណោម​​ប្រទេស​​​​ផ្សេង​ទៀត ដែលត្រូវ​បាន​បណ្តាញ​ឧក្រិដ្ឋជន​​ជា​​ជនបរទេស​​​ជ្រើស​​រើស​​ជា​​គោល​ដៅ ក្នុង​កា​រ​ប្រព្រឹត្ត​អំពើ​ឆបោក​នេះ ដែល​ធ្វើ​ឱ្យ​​កម្ពុជា​​រង​ផ​ល​ប៉ះពាល់លើ​គ្រប់វិស័យ និង​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះនៅ​លើ​ឆាក​អន្តរ​ជាតិ​ផង​ដែរ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នកជំនាញ​ច្បាប់​​ បានលើកឡើងក្នុងទំព័រ​ហ្វេសប៊ុក​របស់លោក​នៅថ្ងៃទី​២៤ខែកញ្ញា ដោយ​​បាន​អំពាវនាវដល់​​រដ្ឋសភា បង្កើត​គណ​:កម្មាធិ​ការ​ចំពោះ​កិច្ច​ចម្រុះ​មួយ​ ដើម្បី​ធ្វើកា​រ​សិក្សា​ស៊ើប​​អង្កេត​លំអិត​មួយ​ អំពី​ការ​ប្រើ​ប្រាស់​ទឹក​ដី​ខ្មែរ​ ដើម្បើ​ធ្វើ​សកម្ម​ភាព​ឆបោក​លំដាប់​ពិភព​លោកនេះ។

លោក​បន្តក្នុង​សំណេរដើម​​ថា៖ «តាម​រយ​:ការ​សិក្សា​ស៊ើប​អង្កេត​នេះ យើង​អាច​ដឹង​អំពី​ការ​ខ្វះ​ខាត​ក្នុង​ការ​បង្ការ​ កុំ​ឲ្យកា​រ​រក​ស៊ី​ទុច្ចរិត​បែបៗ​នេះកុំ​ឲ្យ​កើត​មាន​ទៀត នៅ​ក្នុង​នៅក្នុង​ទឹក​ដី​ខ្មែរ​ទៅ​អនាគត ហើយ​នឹង​ចាត់​​វិធាន​ការ​បំពេញ​ការ​ខ្វះ​ខាត​ទាំង​នោះ»។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ប្រាប់វីអូឌី នៅថ្ងៃទី​២៥ ខែកញ្ញានេះថា ការ​ដែល​លោក​អំពាវនាវ​ដល់​​រដ្ឋ​សភា បង្កើត​គណៈកម្មាធិការ​ចំពោះកិច្ចនេះឡើង ដោយ​សារតែរដ្ឋសភាជា​ភ្នែកជា​ច្រមុះ និងជា​តំណាង​​ឱ្យ​ប្រជាពលរដ្ឋ​​ខ្មែរ ហើយ​ក៏ជា​​ស្ថាប័នមួយ​​​ដែលត្រួតពិនិត្យ​មើល​ដំណើរ​ការ​គ្រប់គ្រង​ដឹកនាំរដ្ឋ ឬ​សកម្ម​​​ភាព​​​របស់​​រដ្ឋាភិបាល ​ដូច្នេះ​មិន​ត្រូ​វព្រងើយ​កន្តើយ​ នៅពេល​ដែល​ប្រទេស​ជាតិ​កំពុង​ជួប​វិបត្តិ​​ធ្ងន់​ធ្ងរ ដោយសារ​ការ​រីករាល​ដាល​នៃ​​បទ​ឧក្រិដ្ឋ​​ឆបោក​តាម​អនឡាញ​នេះទេ។

ការណ៍នេះ លោកថា រដ្ឋសភា គួរ​តែ​ធ្វើកា​រសិក្សា​និង​ស៊ើបអង្កេត ថាតើបញ្ហាស្គេម​អនឡាញនេះ វា​កើត​ចេញ​​ដោយ​សារ​ភាពចន្លោះប្រហោងណាមួយ​នៃការ​ដឹកនាំ​រដ្ឋ ឬក៏​មានការ​គប់គិត​គ្នា ឬក៏មាន​អំពើពុករលួយ បាន​ជា​បណ្តាញ​ឧក្រិដ្ឋ​​ជន​​បរទេស​អាច​មក​រកស៊ី​ទុច្ចរិតនៅកម្ពុជា​បាន។​

លោកថា៖ «ដូច្នេះគឺខ្ញុំថា ទី១ គឺត្រូវ​រក​មើល​​ថាតើ​ប្រព័ន្ធ​គ្រប់គ្រ​ង​រដ្ឋ​យើងហ្នឹង វា​មាន​ចន្លោះ​ប្រហោង​អ្វី​ខ្លះ​ បានជា​​របរ​រកស៊ីនេះ ទៅ​ជា​របរ​រកស៊ីធំមួយ ហើយ​ទុច្ច​រិត ហើយតើ​​វា​​ប្រព័ន្ធ​ ឬក៏អសមត្ថភាពរបស់​មន្ត្រី​ ឬអ្នកនយោបាយ​របស់​យើង ដែល​ត្រួត​ត្រា​មិនបាន ឬ​ទប់ស្កាត់​មិនបាន នេះគេ​ត្រូវ​សិក្សា​ស៊ើបអង្កេតមើលឱ្យ​បាន​ច្បាស់​លាស់ រក​កា​រពិត»។

ជុំវិញការ​លើកឡើងរបស់​អ្នកជំនាញ​ផ្នែកច្បាប់​រូបនេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក ម៉ែន ណាត បាន​​បង្ហាញការ​យល់ស្រប ដោយលោកថា គណៈកម្មការ​ចំពោះកិច្ច​ចម្រុះ​នេះ ក៏គួរមានការ​សហការជាមួយ​​អន្តរជាតិ​​ ដូច​ជា​​សហរដ្ឋ​អមេរិក និង​អង់​គ្លេស​ជា​ដើម ដើម្បី​បង្ហាញ​ថា កម្ពុជា​ពិតជា​នៅមានការ​ខ្វះខាត​​មែនក្នុង​ការ​សិក្សា​​ស្រាវ​ជ្រាវ​​បទ​ឧក្រិដ្ឋ​ឆ្លង​ដែននេះនា​ពេល​កន្លងមក ទើបបណ្តាល​ឱ្យ​បណ្តាញឧក្រិដ្ឋជនបរទេស​អាចចូលមកប្រព្រឹត្តបទល្មើស​នៅទឹកដីកម្ពុជាបាន។ 

តែយ៉ាងណា លោក​​ថា៖ «គណៈកម្មាធិការ​ស៊ើបអង្កេត​ហ្នឹង វា​ចេះតែប្រព្រឹត្តទៅបាន​ហើយ ហើយ​រដ្ឋាភិបាល​កម្ពុជាដើម្បីបិទ​បាំងនូវ​អំពើអាក្រក់​​របស់​ពួកមន្ត្រីជាន់ខ្ពស់​មួយចំនួន ដែល​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ឧក្រិដ្ឋ​កម្ម ហើយ​អ្នកទាំង​អស់​ហ្នឹង​មាន​នៅក្នុង​បញ្ជី​ទណ្ឌកម្មរបស់​អាមេរិកដែរ រួមទាំងពួក​ឧកញ៉ាដែល​ពាក់ព័ន្ធ​យ៉ាង​ជ្រៅ​ទៅក្នុងរឿង​ឧក្រិដ្ឋ​កម្ម​ឆបោក​អនឡាញ​ហ្នឹង​ ពួកមន្ត្រីកម្ពុជា​នឹង​រក​វិធីសាស្ត្រ​​ដើម្បី​​បិទបាំងអ្នកអស់​ហ្នឹង​​ទៀត​ មិន​ចង់​​ឱ្យ​អ្នក​អស់​ហ្នឹង​ជាប់​ជំពាក់នៅ​ក្នុង​​​រឿង​ឆបោក​អនឡាញ ចេះតែរក​លេស​នេះ​លេស​នោះ ចឹង​ហើយ​គណៈកម្មាធិកា​រស៊ើបអង្កេត​ចំពោះ​កិច្ច​ហ្នឹង​ គេ​នឹង​ធ្វើការ​កត់សម្គាល់​មន្ត្រីខ្មែរ ជំហាន​ទី​១។ ទី២ គណៈកម្មាធិការ​ហ្នឹង​វា​នឹង​អាចជាប់គាំង នៅពេល​ណា​មួយ​ដែល​ភាគី​អន្តរជាតិ គេ​មិន​យល់ស្រប​ទៅលើ​​​វិធីសាស្ត្រ​ក្នុងការ​ស្រាវជ្រាវ ទៅលើការ​ស៊ើបអង្កេត​របស់ពួកមន្ត្រីរដ្ឋាភិបាលខ្មែរ»។

សម្រាប់លោក ម៉ែន ណាត ដើម្បី​បង្ក្រាប និងទប់ស្កាត់​បញ្ហាបទល្មើស​អនឡាញ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​មានតម្លាភាពក្នុងការ​ស៊ើបអង្កេត ហើយត្រូវ​បង្ហាញ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃ​គូរ​អន្តរជាតិ​ឱ្យ​បាន​ម៉ឹងម៉ាត់ ក្នុងការ​កម្ចាត់​និងបោស​សម្អាត​ពួកឧក្រិដ្ឋ​ជន​ឆបោក​តាមអនឡាញ​នៅ​កម្ពុជា ហើយ​ត្រូវ​ធ្វើ​ឱ្យ​យុត្តិ​ធម៌ ដោយ​ចាប់​ផ្តើមស៊ើប​អង្កេតពីក្រុមមនុស្ស​ដែល​មាន​ឈ្មោះ​ក្នុងបញ្ជីដាក់ទណ្ឌ​កម្ម និងបញ្ជីខ្មៅរបស់​សហរដ្ឋ​​​អាមេរិក ក្នុង​​ទាំង​មន្ត្រី​ជាន់​​ខ្ពស់​​​រដ្ឋាភិ​បាល​កម្ពុជា​​ ទាំង​ក្រុម​ឧកញ៉ា និង​សាច់ញាតិ​របស់​មេដឹកនាំបក្ស​កាន់​អំណាច។

កាលពីថ្ងៃទី១៥ ខែ​​​កញ្ញា ឆ្នាំ២០២៦ ប្រធានគណៈកម្មាធិការពីររបស់សភាតំណាងរាស្ត្រអាមេរិក បានស្នើឱ្យ​ក្រសួងការ​បរទេស និង​ក្រសួងហិរញ្ញវត្ថុអាមេរិក ស៊ើបអង្កេតមន្ត្រីជាន់ខ្ពស់ អ្នកជំនួញ និងបុគ្គលមានឥទ្ធិពលមួយ​ចំនួន​នៅកម្ពុជា ដែលអាចមាន​ទំនាក់ទំនងនឹងឧស្សាហកម្មឆបោក ដើម្បីស៊ើបអង្កេត និងសម្រេច​ក្នុងរយៈពេល ១៨០ថ្ងៃ មុន​​នឹងដាក់​ទណ្ឌកម្ម​លើពួកគេ។ បុគ្គលទាំងនោះ រួមមាន ​លោក ស សុខា ​លោក នេត សាវឿន លោកស្រី ជូ ប៊ុន​អេង លោក ឌី វិជ្ជា លោក ហ៊ុន តូ លោក គួច ចំរើន លោក ឡុង ឌីម៉ង់ ​និងលោក យឹម លក្ខណ៍​ជាដើម។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ លោក ស៊ឹង សែន​ករុណា បានលើកឡើង​ថា ប្រទេស​ដែលមានប្រព័ន្ធ​ប្រជាធិប​តេយ្យ​​ពិតប្រាក​ដ រដ្ឋសភាពិតជាអាចបង្កើត​គណ​:កម្មាធិ​ការ​ចំពោះ​កិច្ច​ចម្រុះ​មួយ ដើម្បី​ស៊ើបអង្កេត​ដោយ​តម្លា​ភាព​លើបញ្ហា​ស្គេម​អនឡាញនេះ​បាន។ ប៉ុន្តែ​សម្រាប់កម្ពុជា លោកពិបាកនឹង​ជឿថា រដ្ឋសភា អាចបង្កើត​គណៈ​កម្មាធិការ​​ចំពោះកិច្ចនេះ ហើយ​កោះហៅ​មន្ត្រីរដ្ឋាភិបាល​ មក​ស្រាយ​បំភ្លឺរឿង​នេះ ដោយសារ​តែសមាជិក​​​រដ្ឋសភា​បច្ចុប្បន្ន គឺភាគច្រើន​លើស​លុប​មក​ពីគណបក្សកាន់អំណាច។

លោកថា៖ «យើងគ្មានជំនឿទេ​ថា​ រដ្ឋសភាហ្នឹង​អាចប្រើ​ប្រាស់​នូវ​សិទ្ធិ​អំណាច​របស់​ខ្លួន អាចអនុវត្ត​​តួនាទី​របស់​ខ្លួន ដើម្បី​ត្រួត​ពិនិត្យ​ទៅលើ​​កា​រប្រតិបត្តិរបស់​រដ្ឋាភិបាល​បច្ចុប្បន្ន​ហ្នឹង[…]​ វា​មិនអាចធ្វើទៅបាន​ទេ បើ​ហ៊ាន​ប្រើ​ប្រាស់​នូវ​សិទ្ធិអំណាចទាំងអស់​ហ្នឹង នឹង​ប្រឈម​ទៅលើ​ការ​គំរាម​កំហែង​ដក​នូវ​តួនាទី ឬក៏ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្សេង​ៗ​ដែល​ប៉ះពាល់​​នឹង​ផល​ប្រយោជន៍ ចឹងពួកគេ​មិនហ៊ានទេ គេ​សុខ​ចិត្ត​សំងំ ចឹងខ្ញុំមិនអាច​យកតួនាទី​សភា​ដូច​សព្វថ្ងៃដែល​គ្មានកា​របោះឆ្នោតចេញពីឆន្ទៈ​ប្រជាពលរដ្ឋ​ពិតប្រាកដ​ មក​អនុវត្ត​នូវ​ ​​​ការ​ពារ​ផល​ប្រយោជន៍ និង​អំណាចរបស់​​ប្រជាពលរដ្ឋ​នា​ពេល​បច្ចុប្បន្ន​​ទេ​ គឺ​មិនអាច​ទៅរួច​ទេ បើសិនជា​គ្មានការ​បោះឆ្នោត​ដោយ​សេរីត្រឹមត្រូវ​ ហើយ​ទទួល​បាននូ​វសមាជិកសភា ឬក៏​​​រដ្ឋសភាដែល​បម្រើ​នូវ​ផល​ប្រយោជន៍ប្រជាពលរដ្ឋ​ពិតប្រាកដ»។

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង​ បានបដិសេធ​ឆ្លើយ​តបចំពោះបញ្ហានេះ ដោយ​លោក​ជំរុញឱ្យ​សួរ​ទៅ​អគ្គលេខាធិការ​រង​រដ្ឋសភា លោក កែវ​ ពិសិដ្ឋ។ យ៉ាងណា វីអូឌី មិនអាចស្វែង​រកការ​ទំនាក់ទំនង​ទៅ​លោក កែវ ពិសិដ្ឋ​ បានទេនៅរសៀល​ថ្ងៃ​សុក្រនេះ។

យ៉ាងណា​ ក្នុងសន្និសីទអន្តរជាតិ ស្តី​ពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ​កម្ពុជា​មានកា​រទទួល​ខុស​ត្រូវ​ខ្ពស់ និងបាន​ដាក់ចេញនូវ​វិធានការ​ផ្ទៃ​ក្នុង​ដោយគ្មានការ​យោគយល់ឡើយ ​​ក្នុ​ង​ការ​បង្ក្រាប​ និង​ទប់ស្កាត់​ឧក្រិដ្ឋ​ឆបោកតាមអនឡាញនេះ ក្នុ​ង​នោះ​​​រដ្ឋាភិបាល​​ក៏​បាន​​​​បង្កើត​គណៈកម្មការ​​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​បច្ចេក​វិទ្យា និងដាក់ឱ្យ​​អនុ​វត្ត​ច្បាប់​ស្តីពី​កា​រ​​ប្រយុទ្ធ​ប្រឆាំង​​នឹង​ការ​​ឆបោក​​តាម​ប្រព័ន្ធ​​បច្ចេក​វិទ្យា ដើម្បី​បិទ​ចន្លោះ​ប្រហោង​​ផ្នែក​​ច្បាប់​ផង​​ដែរ។ លោក​ថា កម្ពុជា នឹង​មិនអនុញ្ញាត​ឱ្យបណ្តាញ​ឧក្រិដ្ឋ​ជន មក​បំផ្លាញ​វឌ្ឍនភាពរបស់​ប្រទេសកម្ពុជា និងជីវភាពរស់នៅរបស់​ប្រជាជន​កម្ពុជាជាង ១៧លាន​នាក់​នោះ​ឡើយ។

បើតាម​សេចក្តីប្រកាសព័ត៌មាន​របស់ទីស្តីកា​រគណៈរដ្ឋមន្ត្រី នៅថ្ងៃទី​២៤ខែកញ្ញាម្សិលមិញ ​ក្នុងរយៈពេល​មួយឆ្នាំ​កន្លង​​មក អាជ្ញាធរ​កម្ពុជា បានចុះធ្វើការ​ស្រាវជ្រាវ​ និងបង្ក្រាប​ទីតាំង​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ចំនួន ៨៣២​ទីតាំង និងបាន​បញ្ជូន​សំណុំរឿង​ចំនួន ៤៤៦ ទៅតុលាការ ដោយមាន​ជនសង្ស័យ​ចំនួន ៣ ៩២៧នាក់ ត្រូវ​បានឃុំខ្លួន និង​​បានបណ្តេញ​ចេញជនបរទេស​សរុបចំនួន ២២ ១៤២នាក់ ដែលមាន ៣៨​សញ្ជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ