ការប្រកាសប្តេជ្ញាបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញតែម្យ៉ាងរបស់រដ្ឋាភិបាល មិនបានធ្វើឱ្យសាធារណជន រួមទាំងមន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលគាំទ្រទាំងស្រុងឡើយ។ ចំណុចដែលពួកគេចង់ឃើញកាន់តែច្បាស់នោះ តើអ្នកណាជាមេដឹកនាំ និងអ្នកទទួលផលពីបណ្តាញឆបោកទាំងនេះ? ចំណែកប្រាក់ដែលបានមកពីការឆបោកហូរចូលតាមបណ្តាញណា? មានទ្រព្យសម្បត្តិអ្វីខ្លះ? ហើយតើអ្នកណាជាអ្នកកាន់កាប់ ឬទទួលផលចុងក្រោយ?។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់វីអូឌីនៅថ្ងៃទី២៥ ខែកញ្ញា ដោយលោកជំរុញឱ្យអាជ្ញាធរ និងតុលាការ បង្ហាញជាសាធារណៈនូវព័ត៌មានអំពីការបង្ក្រាបបទល្មើស លទ្ធផលស៊ើបអង្កេត និងទ្រព្យសម្បត្តិដែលត្រូវបានបង្កក ឬរឹបអូស ដើម្បីធានាតម្លាភាព និងបង្កើនទំនុកចិត្តពីប្រជាពលរដ្ឋ និងដៃគូអន្តរជាតិ។
លោកជឿជាក់ថា ការបង្ហាញព័ត៌មានឱ្យបានច្បាស់ដែលអាជ្ញាធរបានចាត់ការនៅទីតាំងណា ទទួលបានលទ្ធផលយ៉ាងណា និងរឹបអូសបានទ្រព្យសម្បត្តិអ្វីខ្លះ គឺជាផ្នែកសំខាន់នៃការអនុវត្តនីតិរដ្ឋ។ ផ្ទុយទៅវិញ លោកថា ការលាក់បាំងព័ត៌មានអាចបង្កមន្ទិលសង្ស័យលើភាពស្មោះត្រង់របស់អាជ្ញាធរ និងតុលាការ ហើយអាចប៉ះពាល់ដល់យុត្តិធម៌ ទំនុកចិត្តសាធារណៈ និងនីតិរដ្ឋរបស់ប្រទេស។
លោកថា៖ «សម្រាប់ខ្ញុំ ខ្ញុំចង់ឃើញមានរបាយការណ៍ប្រកាសជាសាធារណៈឱ្យបានពេញលេញអំពីទីកន្លែង ចំនួនទ្រព្យសម្បត្តិចរន្ត សកម្ម ឬក៏អសកម្មផ្សេងៗ ហើយនិងទ្រព្យសម្បត្តិដែលរឹបអូសជាអចលនទ្រព្យ ជាថវិកា ឬក៏ទ្រព្យសម្បត្តិមានតម្លៃផ្សេងៗទៀត ដែលរដ្ឋាភិបាលបានអនុវត្តនៅពេលកន្លងមកហ្នឹង។ យើងចង់ឃើញតែការសម្រេចចិត្តបែបនោះ យើងក៏មិនទាន់ដឹងថារដ្ឋាភិបាលនឹងចេញនៅពេលណាដែរ ហើយយើងក៏សង្ឃឹមថានឹងចេញឆាប់ៗ»។
ការលើកឡើងនេះ បន្ទាប់ពីកម្ពុជាទើបបិទសន្និសីទអន្តរជាតិដែលមានអ្នកចូលរួមជាង ៦០០នាក់ មកពី ២៨ ប្រទេស និងអង្គការអន្តរជាតិធំៗ ដូចជា FBI អាំងទែប៉ូល និងតំណាងអង្គការសហប្រជាជាតិជាដើម។
ចំណែករបាយការណ៍របស់ក្រសួងមហាផ្ទៃ រយៈពេល៤ខែចាប់ពីខែឧសភា ដល់ខែសីហា ឆ្នាំ២០២៦នេះ សមត្ថកិច្ចបង្ក្រាបបានចំនួន ៣៧៤ទីតាំង ក្នុងរាជធានី-ខេត្តចំនួន១៧។ ក្នុងនោះឃាត់ខ្លួនអ្នកពាក់ព័ន្ធបានចំនួន ៩ ៧១២នាក់ មាន ៣០សញ្ជាតិ ព្រមទាំងកសាងសំណុំរឿងទៅតុលាការចំនួន ៩២៤នាក់។
យ៉ាងណា កម្ពុជាមិនទាន់បង្ហាញលទ្ធផលស៊ើបអង្កេត និងទ្រព្យសម្បត្តិដែលត្រូវបានបង្កក ឬរឹបអូសនៅក្នុងសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ កាលពីថ្ងៃទី២៤ ខែកញ្ញា ទេ ក្រៅពីអនុម័តរួមគ្នានូវលក្ខខណ្ឌ១១ចំណុច រួមមាន ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ កាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្ម ស្តារ ឬបង្កកទ្រព្យសម្បត្តិបណ្តាញឧក្រិដ្ឋជន ពង្រឹងច្បាប់ និងក្របខ័ណ្ឌបទប្បញ្ញត្តិ កសាងសមត្ថភាព និងភាពធន់របស់សមត្ថកិច្ច ពង្រឹងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ទប់ស្កាត់អំពើឆបោក និងការជួញដូរ និងលុបបំបាត់ទីតាំងបណ្តាញឆបោកនោះ។
វីអូឌី មិនអាចសុំការបំភ្លឺជុំវិញរបាយការណ៍នេះ ពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានទេនៅថ្ងៃទី២៥ ខែកញ្ញា។
យ៉ាងណា ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឧបនាយករដ្ឋមន្ត្រី លោក នេត សាវឿន បានត្រឹមអះអាងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ដើម្បីបង្ក្រាបក្រុមឆបោកពីកម្ពុជា។ ដោយឡែក អគ្គស្នងការនគរបាលជាតិ លោក ស ថេត បានត្រឹមបង្ហាញតួលេខដែលពលរដ្ឋខ្មែររងការបោកប្រាស់ពីក្រុមឆបោកអស់ប្រមាណ ២៦លានដុល្លារអាមេរិក គិតចាប់ពីឆ្នាំ២០២៥ ដល់ខែកញ្ញា ឆ្នាំ២០២៦។
ជុំវិញករណីនេះ អនុប្រធានគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង ជំរុញឱ្យរដ្ឋាភិបាលពិចារណាបង្ហាញតម្លាភាពពាក់ព័ន្ធនឹងលទ្ធផលបង្ក្រាបការឆបោកតាមអនឡាញ ពិសេសទ្រព្យសម្បត្តិដែលរឹបអូសបាន ថាមានចំនួនប៉ុណ្ណា និងត្រូវគ្រប់គ្រងដោយនរណា។ លោកថែមទាំងស្នើឱ្យរដ្ឋាភិបាលស៊ើបអង្កេតឱ្យបានស៊ីជម្រៅចំពោះជនល្មើសដែលអន្តរជាតិ និងបណ្តាប្រទេសផ្សេងៗចង់ដឹង ដើម្បីបង្ហាញថា តើអ្នកណាទទួលខុសត្រូវធំបំផុតជាដើម។
លោកថា៖ «គេចង់ឱ្យធ្វើអ្វីមួយឱ្យមានតម្លាភាព ថាតើពាក់ព័ន្ធជាមួយនិងលទ្ធផលនៃការសម្អាតស្គេមហ្នឹង វាមានទំហំប៉ុណ្ណា ហើយពាក់ព័ន្ធជាមួយនិងទ្រព្យសម្បត្តិដែលរឹបអូសហ្នឹង មានចំនួនប៉ុណ្ណា ហើយជនរងគ្រោះសរុបប៉ុណ្ណា ជាពិសេសគឺជនល្មើសដែលអន្តរជាតិ និងបណ្តាប្រទេសផ្សេងៗចង់ដឹងហ្នឹង គឺអ្នកដែលទទួលខុសត្រូវធំបំផុតដែលគេចង់ដឹង។ អញ្ចឹងហើយ អ្វីដែលយើងគួរតែបង្ហាញ គឺបង្ហាញអំពីតម្លាភាពដែលយើងបង្ក្រាបបាន ថាធានាថាការបង្ក្រាបរបស់យើងហ្នឹងគឺឱ្យដល់ឬសគល់នៃការចាត់ការសម្រាប់ស្គែមអនឡាញ»។
សម្រាប់អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំង បន្តទទូចដល់រដ្ឋាភិបាលត្រូវហ៊ានបង្ហាញការពិត ជាពិសេសករណីទ្រព្យសម្បត្តិលោក ចេន ហ្ស៊ី ដែលជាទីប្រឹក្សាលោក ហ៊ុន សែន ក្រោយត្រូវបានចាប់បញ្ជូនទៅដាក់ទោសនៅចិន។ អាមេរិក អង់គ្លេស និងសិង្ហបុរី សុទ្ធតែបង្ហាញតួលេខលុយជាក់ស្តែងដែលបង្កកពីក្រុមឆបោកនៃបណ្តាញអន្តរជាតិរបស់លោក ចេន ហ្ស៊ី។ ក្រុមអ្នករិះគន់ថា ការបន្តលាក់បាំងការពិតរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នឹងធ្វើឱ្យកម្ពុជាកាន់តែផុងជ្រៅនឹងឧក្រិដ្ឋកម្មនេះ ហើយកេរ្តិ៍ឈ្មោះកម្ពុជានឹងត្រូវអសោច។ រីឯពលរដ្ឋក្នុងប្រទេស នឹងរងផលប៉ះពាល់កាន់តែខ្លាំង ខណៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចកម្ពុជា មកត្រឹម ៣.៨ភាគរយ នៅឆ្នាំ២០២៦នេះ ដោយសារការធ្លាក់ចុះនៃវិស័យទេសចរណ៍៕









