កម្ពុជា​​ប្រាប់​​មហា​សន្និ​បាត ​UN ​​ពី​​ការ​​រង​​គ្រោះ​​ដោយ​​សារ​​ការ​​ឈ្លាន​​ពាន​​របស់​​ថៃ

ការ​​ឈ្លាន​​ពាន​​ទឹក​​ដី ការ​​បំផ្លិច​​បំផ្លាញ​​សម្បត្តិ​​បេតិក​ភណ្ឌ និង​​ទុក្ខ​​លំបាក​​ជន​​ភៀស​​សឹក​​ខ្មែរ​​ជាង ​២​ម៉ឺន​​នាក់​ ដោយ​​សារ​​ការ​​ឈ្លាន​​ពាន​ពី​​​ភាគី​​ថៃ ត្រូវ​​បាន​​កម្ពុជា​​លើក​​ឡើង​​នៅ​​ក្នុង​​មហា​សន្និបាត​​អង្គការ​​សហ​ប្រជា​​ជាតិ​លើក​​ទី​៨១ នា​ទីក្រុង​​ញ៉ូវយ៉ក សហរដ្ឋ​​អាមេរិក។

កម្ពុជា​ទាមទារ​ឱ្យ​ថៃ​គោរព​ឱ្យ​បាន​ពេញ​លេញ​នូវ​កិច្ច​ព្រម​ព្រៀង​នានា​​ដែល​មាន​ស្រាប់ រួម​ទាំង​ច្បាប់​អន្តរជាតិ ដើម្បី​​ស្តារ​ទំនុក​ចិត្ត​រវាង​ប្រទេស​ទាំង​ពីរ​ឡើង​វិញ និង​ដើម្បី​ដោះស្រាយ​ដោយ​សន្តិវិធី។

នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​កម្រាស់​ពីរ​ទំព័រ​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ចុះ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២៦ បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ចូលរួម​របស់​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន នៅ​ក្នុង​កិច្ច​ពិភាក្សា​ទូទៅ​នៃ​មហាសន្និបាត​អង្គការ​សហ​ប្រជា​ជាតិ​លើក​ទី​៨១ នៅ​ទីក្រុង​ញ៉ូវយ៉ក សហរដ្ឋ​អាមេរិក។

បើ​តាម​សេចក្តី​ប្រកាស​នោះ លោក ប្រាក់ សុខុន បាន​អំពាវនាវ​ទៅ​ភាគី​ថៃ អនុវត្ត​ឱ្យ​បាន​ពេញ​លេញ​នូវ​កិច្ច​ព្រម​ព្រៀង​​ទ្វេ​ភាគី​ដែល​មាន​ស្រាប់ រួម​មាន «សេចក្តី​ប្រកាស​រួម​ទីក្រុង​កូឡាឡាំពួរ កិច្ច​ព្រម​ព្រៀង​កុងសង់ស៊ីស​ហ៊ូសៀន (Fuxian Consensus) និង​សេចក្តី​ថ្លែងការណ៍​រួម ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ ព្រម​ទាំង​ការ​បន្ត​សកម្មភាព​ខណ្ឌសីមា និង​វាស់វែង​ព្រំដែន​នៃ​គណៈកម្មការ​ព្រំដែន​រួម (JBC) ជា​ប្រញាប់»។

លើស​ពី​នេះ កម្ពុជា​ក៏​បាន​គូស​បញ្ជាក់​ពី​ការ​ខូចខាត​បេតិកភណ្ឌ​វប្បធម៌ ការ​បារម្ភ​ចំពោះ​ការ​គំរាម​កំហែង​ដែល​បង្ក​ដោយ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ និង​ស្ថានភាព​មនុស្សធម៌​របស់​ប្រជាពលរដ្ឋ​ស៊ីវិល​ខ្មែរ​ជាង ២០.០០០ នាក់ ដែល​ត្រូវ​បាន​ភៀស​សឹក និង​មិន​ទាន់​អាច​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​វិញ​បាន។

ចំពោះ​ការ​ទាមទារ​ដែន​សមុទ្រ កម្ពុជា​បញ្ជាក់​ជា​ថ្មី​ពី​គំនិត​ផ្តួច​ផ្តើម​របស់​កម្ពុជា​ក្នុង​ដំណើរ​ការ​នីតិវិធី​ផ្សះផ្សា​ដោយ​បង្ខំ ក្រោម​អនុសញ្ញា​អង្គការ​សហ​ប្រជា​ជាតិ​ស្តី​ពី​នីតិ​សមុទ្រ (UNCLOS) បន្ទាប់​ពី​ភាគី​ថៃ​បាន​លុប​អនុស្សរណៈ​​នៃ​ការ​យោគ​យល់​គ្នា ឆ្នាំ​២០០១ ដោយ​ឯកតោភាគី ដើម្បី​ការពារ​សិទ្ធិ​ដែន​សមុទ្រ​អធិប​តេយ្យ​​របស់​​កម្ពុជា ស្រប​​តាម​​ច្បាប់​​អន្តរ​​ជាតិ។

បើ​តាម​អ្នក​ឃ្លាំ​មើល​ដែល​មិន​ចំណុះ​ឱ្យ​រដ្ឋាភិបាល ​ធ្លាប់​លើក​ឡើង​ថា ក្រោយ​មាន​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់ ភាគី​ថៃ​​មិន​​បាន​​គោរព​​ទេ ហើយ​បន្ត​រុល​ចូល​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា​ជា​បន្តបន្ទាប់ រយៈពេល​ជាង​១​ឆ្នាំ​មក​នេះ រហូត​គ្រប់គ្រង​​ទឹក​ដី​ខ្មែរ​នៅ​តាម​បណ្តោយ​ព្រំដែន​ដល់​ទៅ​ជាង​៨០​ទីតាំង ខណៈ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​ប្រើ​សិទ្ធិ​ការ​ពារ​​ខ្លួន​នៅ​លើ​ដី​ជាក់ស្តែង ដែល​ធ្វើ​ឱ្យ​ថៃ​បន្ត​ធ្វើ​របង​ព្រំដែន​លើ​ដី​ខ្មែរ​ដោយ​ឯកតោភាគី។

ពួកគេ​បារម្ភ​ថា ដី​ខ្មែរ​នឹង​បាត់បង់​បន្ថែម​ទៀត បើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​ព្រម​រុញ​សំណុំ​រឿង​ព្រំដែន​នេះ​​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) និង​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ឱ្យ​បាន​ទាន់​ពេល​ទេ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ