ការផ្ញើសារជាថ្មីទៀតរបស់ លោក ហ៊ុន សែន ក្នុងការតាមកម្ចាត់ក្រុមប្រឆាំងឱ្យអស់ពីផែនដី បាននាំឱ្យមានការរិះគន់យ៉ាងខ្លាំងថា ប្រធានគណបក្សប្រជាជនកម្ពុជាខ្លាំងបានតែជាមួយខ្មែរគ្នាឯង ប៉ុន្តែខ្លាចមិនហ៊ានជាមួយសៀម ខណៈសៀមនៅតែបន្តរុលចូលឈ្លានពានដីខ្មែរកាន់តែជ្រៅ កើនឡើងរហូតដល់ជាង ៨០ ទីតាំង ចាប់តាំងពីក្រោយបទឈប់បាញ់កាលពីឆ្នាំ២០២៥មក។
ប្រតិកម្មទាំងនេះ បានកើតឡើងបន្ទាប់ពីលោក ហ៊ុន សែន បានចេញសារមួយក្នុងទិវារដ្ឋធម្មនុញ្ញ ខួបលើកទី៣៣ កាលពីថ្ងៃទី២៤ ខែកញ្ញា ថា បើទោះបីជារហូតមកដល់ពេលនេះ លោកមានវ័យ ៧១ ឆ្នាំ ហើយឈប់ធ្វើជានាយករដ្ឋមន្ត្រីយ៉ាងណាក្តី «ក៏អំណាចរបស់លោកមិនទាន់ចប់ទេ ទាំងជាប្រធានបក្សកាន់អំណាច និងទាំងជាប្រធានព្រឹទ្ធសភា។ លោកនឹងបន្តកំដរលេងជាមួយពួក (កម្ចាត់ត្រកូលហ៊ុន) រហូតពួកនេះអស់ពីផែនដី»។
ប៉ុន្តែយ៉ាងណាក្តី លោក គឹម សុខ អ្នកនាំពាក្យក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានលើកឡើងថា ក្រុមប្រឆាំងមិនដែលចង់កម្ចាត់ត្រកូលហ៊ុន ក្នុងន័យចង់សម្លាប់ត្រកូលហ៊ុន ដូចការនិយាយរបស់លោក ហ៊ុន សែន នោះទេ។ អ្វីដែលក្រុមអ្នកនយោបាយប្រឆាំងធ្វើ គឺចង់ផ្លាស់ប្តូរអំណាចគ្រប់គ្រងជាតិ តាមបែបផ្តាច់ការគ្រួសារនិយមរបស់ត្រកូលហ៊ុន។
លោកថា៖ «ប៉ុន្តែឱ្យយើងកម្ចាត់ត្រកូលហ៊ុន យើងមានកម្ចាត់ត្រកូលហ៊ុនឯណា! ដូច្នេះមានរឿងអីត្រូវឈប់ រឿងផ្លាស់ប្តូរអំណាចគ្រប់គ្រងជាតិ? ឆ្លើយឱ្យច្បាប់កន្លែងនឹងជូនបងប្អូនប្រជាពលរដ្ឋ។ ហើយចំណុចមួយទៀត អ្នកដែលត្រូវអត់ធ្មត់ជាងគេ អ្នកដែលត្រូវផ្តល់ការអនុគ្រោះជាងគេ គឺមេដឹកនាំជាតិហ្នឹងឯង ជាប្រមុខរដ្ឋ ជាពិសេសនាយករដ្ឋមន្ត្រីដែលជាមេស្ថាប័នប្រតិបត្តិ ពីព្រោះអី? ពីព្រោះរឿងដែលមេដឹកនាំជាតិខ្លាចបំផុត គឺការបែកបាក់ជាតិ កាលណាបែកបាក់ជាតិប្រទេសជាតិខ្សោយ ហើយបរទេសដែលមិនធ្លាប់មើលងាយក៏មើលងាយដែរ»។
អ្នកនយោបាយរូបនេះ បានជំរុញឱ្យលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ត្រូវពិនិត្យមើលខ្លួនឯងឱ្យបានច្បាស់ ថាតើខ្លួនឯងបច្ចុប្បន្នជាមេដឹកនាំត្រកូលហ៊ុន ឬជាមេដឹកនាំជាតិ? ពីព្រោះបើជាមេដឹកនាំជាតិ គេមិននិយាយអំពីអំណួតនៃការរក្សាអំណាចខ្លួនឯង ឬការផ្ទេរអំណាចតពូជដល់កូនដល់ចៅខ្លួនឯងនោះទេ។
លោកថា៖ «កាលណាជាមេដឹកនាំជាតិ គេនិយាយពីការប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួន នូវស្មារតីរដ្ឋធម្មនុញ្ញមិនមែនកែរដ្ឋធម្មនុញ្ញតាមចិត្ត ដើម្បីរក្សាអំណាចទេ! កាលណាគេនិយាយពីអ្នកដឹកនាំជាតិ គេនិយាយអំពីស្មារតីរដ្ឋធម្មនុញ្ញ ដើម្បីផ្សះផ្សាបង្រួបបង្រួមជាតិ និងអនុគ្រោះ ហើយកាលណាគេនិយាយពីការដឹកនាំជាតិ គេនិយាយអំពីការផ្សះផ្សាជាតិ គេខ្លាចណាស់ជាតិបែកបាក់ដែលនាំឱ្យជាតិខ្សោយ»។
បើតាមលោក គឹម សុខ ដើម្បីអាចអនុវត្តបាននូវការផ្សះផ្សាជាតិ កម្ពុជាមានផ្លូវរួចទៅហើយ គឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយត្រូវធ្វើឱ្យមានការដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យ ពីព្រោះគោលការណ៍ប្រជាធិបតេយ្យ គឺជាគោលការណ៍ផ្សះផ្សាដ៏មានប្រសិទ្ធភាពបំផុត។ គោលការណ៍ប្រជាធិបតេយ្យ កាលណាគេយល់ខុសគ្នា គេតវ៉ាគ្នា គេជជែកគ្នា ផ្សះផ្សាគ្នា មិនមែនត្រូវទៅចាប់អ្នកដែលមានមតិផ្ទុយដាក់គុកតាមអំពើចិត្ត ដូចដែលលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បាននិងកំពុងតែធ្វើ ងើបមួយវាយមួយដូចសព្វថ្ងៃនេះនោះទេ។
វីអូឌី មិនអាចទាក់ទងលោក ជា ធីរិទ្ធ អ្នកនាំពាក្យរបស់លោក ហ៊ុន សែន ដើម្បីស្នើសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះបានទេ នៅថ្ងៃទី២៨ ខែកញ្ញា នេះ។
យ៉ាងណាក្តី លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងកាលពីពេលថ្មីៗនេះ ដោយបង្ហាញជំហរចង់ឱ្យមានការរួបរួមគ្នាជាមួយក្រុមប្រឆាំងផងដែរ។
លោកថា៖ «ការឯកភាពជាតិនៅក្នុងដំណាក់កាលដែលមានការឈ្លានពានហ្ហែ! ដល់ពេលយើងបើកច្រកទទួល ទៅជារឿងអីផ្សេង! ខ្ញុំថាបើសិនជាមានឆន្ទៈពិតប្រាកដនិយមម័យឱ្យទូលំទូលាយគោរពគ្នាទៅវិញទៅមក កុំមកជេរខ្ញុំថាអត់បើកច្រក តែអ្នកឯងជេរខ្ញុំរាល់ថ្ងៃ ហើយថាមិនព្រមទទួល! ទទួលស្អីបើគ្រាន់តែលូកដៃទៅទះកំផ្លៀងឯងរហូត អត់ស្តាប់។ ម្ង៉ៃៗឮតែមេដឹកនាំចោលម្សៀតលាលែងទៅ! អើហើយអ៊ីចឹងខ្លួនឯងបិទច្រកមិនធ្វើការជាមួយគេ!»។
ជ្រុងមួយនៃបញ្ហានេះ លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយ ថ្លែងថា៖ «សាររបស់លោក ហ៊ុន សែន ដែលបានលើកឡើងពីការរក្សាអំណាច និងការបន្តកម្ទេចក្រុមប្រឆាំងត្រកូលហ៊ុន គឺជាការស្តែងចេញយ៉ាងច្បាស់នូវការយកស្ថាប័នរដ្ឋ និងអំណាចរដ្ឋមកប្រើប្រាស់ ដើម្បីការពារផលប្រយោជន៍ និងអត្ថិភាពនៃគ្រួសារខ្លួនជាធំ។ ការប្រើប្រាស់ភាសាក្រេវក្រោធ និងការគំរាមកំហែងសម្លាប់ពូជសត្រូវនយោបាយឱ្យអស់ពីផែនដី ក្នុងនាមជាប្រមុខស្ថាប័នកំពូលនៃជាតិ មិនត្រឹមតែរំលេចឱ្យឃើញពីការខ្វះភាពសមរម្យ និងគតិបណ្ឌិតរបស់ថ្នាក់ដឹកនាំចាស់ទុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវវប្បធម៌សងសឹក និងភាពរញ៉េរញ៉ៃ ដែលបំផ្លាញស្មារតីបង្រួបបង្រួមជាតិយ៉ាងធ្ងន់ធ្ងរ»។
អ្នកជំនាញភូមិសាស្ត្រនយោបាយរូបនេះ លើកឡើងថា អ្វីដែលស្តែងចេញពីភាពទន់ខ្សោយ និងជាចំណុចគួរឱ្យកត់សម្គាល់ខ្លាំងបំផុតនោះ គឺភាពផ្ទុយគ្នាយ៉ាងច្បាស់រវាងការប្រើប្រាស់អំណាចចំពោះពលរដ្ឋក្នុងស្រុក និងក្រៅប្រទេស។ ខណៈពេលដែលថ្នាក់ដឹកនាំប្រើប្រាស់កណ្តាប់ដៃដែក ប្រព័ន្ធតុលាការ និងកម្លាំងប្រដាប់អាវុធយ៉ាងដាច់ខាត ដើម្បីបង្ក្រាប និងគំរាមកំហែងពលរដ្ឋ ឬអ្នករិះគន់ក្នុងស្រុកដោយគ្មានការប្រណី ពួកគេបែរជាបង្ហាញអាកប្បកិរិយាញញើត និងទន់ជ្រាយយ៉ាងខ្លាំង នៅពេលប្រឈមមុខជាមួយប្រទេសជិតខាង ដូចជាថៃ។
លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានថ្លែងថា សាររបស់លោក ហ៊ុន សែន មិនមែនជាសាររបស់មេដឹកនាំប្រទេសដែលគួរឱ្យគោរពនោះទេ។ ប៉ុន្តែ វាជាសារចងអាឃាតខ្មែរគ្នាឯង ជាសារបំបែកបំបាក់ជាតិខ្មែរ ដែលផ្ទុយទាំងស្រុងពីខ្លឹមសារនៃរដ្ឋធម្មនុញ្ញ។ សារនេះ បានបង្ហាញនូវអត្តចរិតកោងកាច កំហឹងឆេវឆាវ តាមបង្ក្រាបអ្នកប្រជាធិបតេយ្យទាំងអស់ ដូចដែលលោកធ្លាប់ធ្វើកាលពីចុងឆ្នាំ២០១៧ ដោយបំផ្លិចបំផ្លាញរំលាយគណបក្សសង្គ្រោះជាតិ ប្លន់យកអាសនៈតំណាងរាស្ត្រ និងក្រុមប្រឹក្សាឃុំ-សង្កាត់ជាង ៥ ពាន់ ដោយគ្មានត្រាប្រណី។
លោកថា៖ «សាររបស់លោកហ៊ុន សែន បញ្ជាក់ថា មិនមែនជាគំរូរបស់មេដឹកនាំប្រទេសដែលគួរឱ្យគោរព នោះទេ ប៉ុន្តែជាសារតំណាងឱ្យមេដឹកនាំចិត្តអាក្រក់ ដែលឃោឃៅ ដែលកោងកាច ដែលបំបែកបំបាក់ជាតិ ដែលជាគ្រោះថ្នាក់ដល់ជាតិ។ គ្រោះថ្នាក់នេះជាក់ស្តែងច្បាស់ណាស់ឃើញសៀមឈ្លានពានក៏ពាក់ព័ន្ធនឹងលោកហ៊ុន សែន រឿងលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្សត្រូវបានបំផ្លិចបំផ្លាញរហូតមកដល់ពេលនេះងើបមិនចង់រួចក៏ដោយសារលោកហ៊ុន សែន ដែរ។ បញ្ហាឧក្រិដ្ឋកម្មឆបោកអនឡាញយ៉ាងអាសោចកេរ្តិ៍លើឆាកអន្តរជាតិក៏ពាក់ព័ន្ធលោកហ៊ុន សែន ដែរ»។
អ្នកឃ្លាំមើលរូបនេះ បញ្ជាក់ថា រឿងដែលបង្កឡើងដោយលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាដាំក្បាលចុះយ៉ាងធ្ងន់ធ្ងរមកដល់បច្ចុប្បន្ន ធ្វើឱ្យសង្គមវឹកវរ និងជះឥទ្ធិពលអាក្រក់ដល់ពលរដ្ឋខ្មែររាប់លាននាក់។
ចំណែកលោក មួង ណារ៉េត អតីតអ្នកបកប្រែផ្នែកច្បាប់នៅសាលាក្តីខ្មែរក្រហម និងជាអតីតអ្នកសារព័ត៌មាន ថ្លែងថា ការប្តេជ្ញារបស់លោក ហ៊ុន សែន ក្នុងការតាមកម្ចាត់ក្រុមអ្នកប្រឆាំងឱ្យអស់ពីផែនដី មិនមែនជារឿងថ្មីនោះទេ ពីព្រោះលោក ហ៊ុន សែន តែងតែធ្វើបែបនេះដើម្បីពង្រឹងអំណាចតពូជ។ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ខ្លាំងបានតែជាមួយខ្មែរគ្នាឯង ប៉ុន្តែខ្លាចសៀម ដោយទុកឱ្យសៀមរំលោភឈ្លានពានទឹកដីខ្មែរតាមអំពើចិត្ត រហូតដល់ជាង ៨០ ទីតាំង ចាប់តាំងពីក្រោយបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក។
លោកថា៖ «លោកហ៊ុន សែន វ័យ៧០ជាងហើយ គួរតែទៅសុំសីល ចំណាយពេលវេលាឱ្យច្រើនជាមួយនិងកូនចៅ ហើយផ្តល់សេចក្តីសុខភាពកក់ក្តៅ ធម៌អហិង្សា ផ្សះផ្សាជាតិ ដើម្បីធ្វើឱ្យជាតិនេះជានាគ្នាពីព្រោះ៣០ឆ្នាំជាងហើយ ក្រោមការដឹកនាំរបស់ហ៊ុន សែន គឺកម្ពុជាសីលធម៌ធ្លាក់ដល់កម្រិតសូន្យ ភាពហិង្សា អាមឹងកាប់ចាក់សាហាវឃោឃៅស៊ីសាច់ហុតឈាមគ្នាហ្នឹង គឺសម្តែងចេញពីសកម្មជនរបស់គណបក្សប្រជាជនកម្ពុជារបស់លោកដឹកនាំ គឺថាធ្វើតាមលោក»។
បើតាមលោក មួង ណារ៉េត បើសិនជាចាំឱ្យក្រុមប្រឆាំងស្លាប់អស់ពីផែនដី ទាល់តែលោក ហ៊ុន សែន មានអាយុដល់ ១ ពាន់ឆ្នាំ ពីព្រោះក្រុមប្រឆាំងនឹងបន្តមានវត្តមានរហូតដល់លានឆ្នាំទៀត ប្រសិនបើគ្រួសារហ៊ុន នៅតែបន្តដឹកនាំប្រទេស ប្រព្រឹត្តអំពើពុករលួយ គ្រួសារនិយម បក្សពួកនិយម បំផ្លាញជាតិ ដើម្បីតែធ្វើមានធ្វើបានសម្រាប់តែក្រុមគ្រួសារ និងបក្ខពួកខ្លួន ធ្វើឱ្យជាតិចុះខ្សោយ បរទេសចូលឈ្លានពានទឹកដីតាមអំពើចិត្ត ដូចបច្ចុប្បន្ននេះ។
បន្ថែមពីនេះ លោក សេង វណ្ណលី ថ្លែងទៀតថា ការប្រុងប្រយ័ត្នហួសហេតុ ឬការមិនហ៊ានដោះស្រាយបញ្ហាដែនដី និងអធិបតេយ្យភាពជាតិឱ្យបានរឹងមាំ ហើយបែរជាប្រើពាក្យខ្លាំងៗ និងអំណាចតឹងរ៉ឹងលើខ្មែរគ្នាឯង ធ្វើឱ្យមនុស្សជាច្រើនគិតថា អ្នកកាន់អំណាចហាក់យកចិត្តទុកដាក់តែទៅលើ «ការការពារអំណាច និងត្រកូល» ជាង «ការការពារជាតិ»។
បើខ្លាំងបានតែជាមួយប្រជាពលរដ្ឋ អ្នករិះគន់ និងអ្នកប្រឆាំងក្នុងស្រុក ប៉ុន្តែពេលប្រទេសជិតខាងឈ្លានពាន បែរជាទន់ខ្សោយ ឬស្ទាក់ស្ទើរ នោះវាធ្វើឱ្យមានការសង្ស័យលើសមត្ថភាពដឹកនាំ និងការការពារផលប្រយោជន៍ជាតិ។ មេដឹកនាំដែលខ្លាំងតែជាមួយរាស្ត្រខ្លួនឯង ប៉ុន្តែខ្សោយនៅពេលត្រូវការការពារជាតិ គឺពិបាកឱ្យប្រជាពលរដ្ឋជឿថា អំណាចដែលខ្លួនកាន់កាប់ គឺប្រើប្រាស់សម្រាប់ជាតិជាធំណាស់៕









