ពលរដ្ឋ ៤៩ គ្រួសារ រស់នៅឃុំត្រពាំងឃ្លាំង ស្រុកទឹកឈូ ខេត្តកំពត បានឡើងមកភ្នំពេញជាថ្មីទៀត ដើម្បីជំរុញឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពន្លឿនការចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់ ដើម្បីការពារដីទំហំជាង ១៥០ ហិកតា ដែលកំពុងប្រឈមនឹងការដកហូតពីសំណាក់ក្រុមឈ្មួញ ដែលអះអាងថាបានទិញដីទាំងនោះបន្តពីឧកញ៉ា ប៉ែន នួន។
បើតាមពលរដ្ឋ ការឡើងមកតវ៉ានៅក្រសួងរៀបចំដែនដីជាថ្មីនៅថ្ងៃចន្ទនេះ គឺដើម្បីការពារដីទំហំ ១៥៧ ហិកតា បន្ទាប់ពីរយៈពេលជាង ៥ ខែកន្លងមក ពួកគាត់បានដាក់សំណើដូចគ្នានេះទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ឱ្យជួយទប់ស្កាត់ផងដែរ ប៉ុន្តែគ្មានការឆ្លើយតបជាវិជ្ជមានឡើយ។
តំណាងពលរដ្ឋ អ្នកស្រី សោម ទូច បានឱ្យដឹងនៅថ្ងៃទី២៨ ខែកញ្ញា ថា បំណងរបស់អ្នកស្រី គឺចង់ឱ្យក្រសួងរៀបចំដែនដី ផ្តល់ប័ណ្ណកម្មសិទ្ធិ និងកំណត់តំបន់ដែលអ្នកភូមិរស់នៅឱ្យបានច្បាស់លាស់ ដើម្បីឱ្យពលរដ្ឋទាំង ៤៩ គ្រួសារ អាចបង្កបង្កើនផលដោយកក់ក្តៅ និងលែងភ័យខ្លាចការគំរាមបណ្តេញចេញ ឬដុតបំផ្លាញផ្ទះសម្បែងពីក្រុមឈ្មួញ។ អ្នកស្រីថា កន្លងទៅ ផ្ទះសម្បែង និងផលដំណាំរបស់អ្នកភូមិ រងការបំផ្លិចបំផ្លាញពីសំណាក់ឧកញ៉ា ប៉ែន នួន។
អ្នកស្រី សោម ទូច និយាយថា៖ «ខ្ញុំព្រួយបារម្ភ ទៅមុខ ខ្លាចអាជ្ញាធរធ្វើសកម្មភាពអី លើពួកខ្ញុំដែលរស់នៅជាក់ស្ដែងអីចឹង គ្មានបានសុខទេ គ្រាន់តែឡើងមកក្រសួងបីបួនប្រាំដងហើយអត់ដឹងអីលេចកើត។ តែខ្ញុំអត់ អត់គិតទេ ទើបគិតថ្មីៗថា ពីរដង ប៉ុន្តែអាមុននោះលើកមុនមកបួនដងទៅកន្លែងតាខ្មៅផង ផ្ទះសម្តេចផង»។
ស្ត្រីដដែលបន្ថែមថា គ្រួសារអ្នកស្រីមានដី ៣.៥ ហិកតា គ្រប់គ្រងតាំងពីឆ្នាំ២០១៤ ដោយមានដំណាំដូងជាង ៣០០ ដើម កំពុងប្រមូលផល។ អ្នកស្រីថា គ្រួសារអ្នកស្រីមានដីបន្តិចបន្តួចចិញ្ចឹមជីវិតនេះ គឺជាដង្ហើមសេដ្ឋកិច្ច ប្រសិនបើបាត់បង់ នឹងជួបការលំបាក គ្មានកន្លែងដាំដុះ។
កាលពីខែឧសភា ឆ្នាំ២០២៦ ពលរដ្ឋជិត ៥០ នាក់ បានឡើងមកដាក់ញត្តិនៅភ្នំពេញ ដើម្បីស្នើសុំឱ្យ លោក ហ៊ុន ម៉ាណែត និងក្រសួងពាក់ព័ន្ធ ពន្លឿនការចុះវាស់វែងដីធ្លី និងចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ដល់ពួកគាត់។ ពលរដ្ឋបារម្ភខ្លាចក្រុមឈ្មួញមានអំណាច រំលោភយកដីធ្លីទាំងអស់នោះ និងគំរាមកំហែង ធ្វើទុក្ខបុកម្នេញពួកគាត់ ដែលកំពុងអាស្រ័យផលលើដីរបស់ខ្លួនជាង ១០ ឆ្នាំមកហើយ។
ក្នុងពេលពលរដ្ឋឡើងមកតាមដានញត្តិរបស់ពួកគេ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ តំណាងក្រសួងរៀបចំដែនដី បានប្រាប់ក្រុមពលរដ្ឋថា សំណើរបស់ពលរដ្ឋ ក្រសួងបានស្នើឱ្យអាជ្ញាធរខេត្តកំពត ពិនិត្យ និងដាក់សំណើសុំកិច្ចអន្តរាគមន៍បន្តទៀតទៅនាយករដ្ឋមន្ត្រី ដើម្បីឱ្យប្រមុខដឹកនាំសម្រេចចុងក្រោយ។
វីអូឌី មិនទាន់អាចទាក់ទងសុំការបំភ្លឺបន្ថែមជុំវិញរឿងនេះ ពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
ទោះជាយ៉ាងណា អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមអាដហុក លោក យិន ម៉េងលី យល់ឃើញថា ការមិនឆ្លើយតបរបស់ក្រសួងពាក់ព័ន្ធ នឹងធ្វើឱ្យពលរដ្ឋមានកង្វល់ផ្លូវចិត្ត ទើបពួកគាត់បង្ខំចិត្តធ្វើដំណើរមកភ្នំពេញជាថ្មីទៀត។ លោកថា ក្រសួងពាក់ព័ន្ធ គួរចុះពិនិត្យដល់ទីតាំងដីមានជម្លោះជាក់ស្តែង ដើម្បីឆ្លើយតបប្រាប់ពលរដ្ឋវិញ ស្របតាមរដ្ឋធម្មនុញ្ញ។
លោក យិន ម៉េងលី ថ្លែងថា៖ «ក្រសួងពាក់ព័ន្ធ ដែលជាសេនាធិការ អសកម្មអស់ហើយ ឬក៏យ៉ាងម៉េចបាទ? អញ្ចឹងខ្ញុំស្នើសុំឲ្យពិនិត្យមើល ធ្វើការឆ្លើយតបទៅពលរដ្ឋវិញ ដើម្បីកុំឲ្យពលរដ្ឋគាត់ខកចិត្តពីបញ្ហាសំណើរបស់គាត់ទាំងឡាយ ដែលគាត់ធ្វើការស្នើសុំនេះ គឺវាស្របទៅនឹងរដ្ឋធម្មនុញ្ញដែលគាត់សុំឲ្យធ្វើការដោះស្រាយរាល់បញ្ហាស្ដីពីសំណើរបស់ពួកគាត់»។
ពលរដ្ឋបន្ថែមថា ក្រោយពីពួកគាត់មកតាមដានញត្តិនៅក្រសួងរៀបចំដែនដីរួចរាល់ ពួកគាត់នឹងបន្តធ្វើដំណើរទៅកាន់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃដដែលនេះ ដើម្បីឱ្យប្រមុខដឹកនាំ ពន្លឿនការផ្តល់ដំណោះស្រាយ។
ពួកគាត់បន្ថែមថា កន្លងទៅ អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានសន្យាដោះស្រាយ និងចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅតំបន់នោះ ប៉ុន្តែមកទល់ពេលនេះ បែរជាស្ងាត់សូន្យ៕









