ខណៈដែលការដឹកនាំប្រទេសតជំនាន់ពីឪពុកទៅកូន ធ្វើឱ្យជាតិស្អុយឈ្មោះលើឆាកអន្តរជាតិ ពីការធ្វើឱ្យកម្ពុជាក្លាយជាសំបុកពួកឧក្រិដ្ឋជន និងបាត់បង់ទឹកដីទៅប្រទេសជិតខាងជាបន្តបន្ទាប់នោះ មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលបានអះអាងថា លោក ហ៊ុន សែន ជាស្ថាបនិកសន្តិភាពពិភពលោក។
សារនេះ ជំរុញឱ្យមានការរិះគន់យ៉ាងខ្លាំងពីអ្នកឃ្លាំមើល ដោយពួកគេនិយាយថា ជាសារប្រជាភិថុតិហួសហេតុ មិនឆ្លុះបញ្ចាំងពីការពិត ខណៈកម្ពុជាកំពុងជួបវិបត្តិចាក់ស្រេះ ដែលពួកគេចោទសួរថា បញ្ហាឧក្រិដ្ឋកម្មឆបោកអនឡាញ ការរឹតត្បិតលើអ្នកប្រជាធិបតេយ្យ និងភាពតានតឹងជាមួយថៃ មកចោទសួរថា តើ «សន្តិភាព» ដែលត្រូវបានអះអាង ស្របនឹងស្ថានភាពជាក់ស្តែងដែរឬទេ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់វីអូឌីនៅថ្ងៃទី២៨ ខែកញ្ញា ដោយលើកឡើងថា ការនិយាយរបស់លោក ប៉ែន បូណា ក្នុងតួនាទីជាអ្នកនាំពាក្យរដ្ឋាភិបាល ត្រូវបានមើលឃើញថា ផ្តោតលើការការពារ និងលើកសរសើររដ្ឋាភិបាល និងមេដឹកនាំគ្រួសារលោក ហ៊ុន សែន ជាជាងការបង្ហាញទស្សនៈរិះគន់ដោយឯករាជ្យ។
លោកចាត់ទុកការហៅលោក ហ៊ុន សែន ថា «ស្ថាបនិកនៃសន្តិភាព» មិនស្របនឹងបញ្ហាដែលកម្ពុជាកំពុងប្រឈមទេ ដូចជា បញ្ហាឧក្រិដ្ឋកម្មឆបោកអនឡាញ ការចោទប្រកាន់ពាក់ព័ន្ធបណ្តាញឧក្រិដ្ឋកម្ម ការបង្ក្រាបអ្នកប្រជាធិបតេយ្យ និងភាពតានតឹងជាមួយថៃឡើយ។
យ៉ាងណា លោកអំពាវនាវឱ្យប្រជាពលរដ្ឋកុំវាយតម្លៃ «សន្តិភាព» តាមពាក្យសរសើរ ឬការអះអាងរបស់អ្នកនយោបាយតែប៉ុណ្ណោះ ប៉ុន្តែគួរពិនិត្យមើលស្ថានភាពជាក់ស្តែង ដូចជា សន្តិសុខ សេរីភាពនយោបាយ ឧក្រិដ្ឋកម្មឆបោកអនឡាញ និងទំនាក់ទំនងជាមួយប្រទេសជិតខាង ហើយវាយតម្លៃដោយផ្អែកលើព័ត៌មាន និងភស្តុតាងជាក់ស្តែង។
លោក ម៉ែន ណាត ថ្លែងថា៖ «សំខាន់ យើងផ្ញើសារទៅកាន់ប្រជាពលរដ្ឋឱ្យលោកថ្លឹងថ្លែង ពិនិត្យមើលស្ថានភាពជាក់ស្តែងនៅកម្ពុជា តើមានរឿងអីខ្លះកើតឡើង? រឿងសៀមឈ្លានពាន តើវាពាក់ព័ន្ធនឹងស្អី? គឺពាក់ព័ន្ធនឹងសាររបស់លោក ហ៊ុន សែន។ រឿងឧក្រិដ្ឋកម្មឆបោកអនឡាញ ដែលល្បីល្បាញអាសោចកេរ្តិ៍ ក៏ពាក់ព័ន្ធនឹងលោក ហ៊ុន សែន នៅពីក្រោយខ្នង។ រឿងឧកញ៉ា គប់គិត បោកប្រាស់ប្រជាពលរដ្ឋ ក៏វាពាក់ព័ន្ធនឹងលោក ហ៊ុន សែន ក្នុងនាមគាត់ជានាយករដ្ឋមន្ត្រីកន្លងទៅដែរ។ ឃើញទេ? ហើយរឿងទាំងអស់នេះ វាមានធ្វើឱ្យមនុស្សស្ងប់ចិត្តឯណា? ធ្វើឱ្យមានធ្វើឱ្យមានសន្តិភាពឯណា? រឿងបង្ក្រាបអ្នកប្រជាធិបតេយ្យ ចាប់មនុស្សដាក់គុក សូម្បីតែរិះគន់រឿងសៀមឈ្លានពានក៏ចាប់ដាក់គុកដែរ អញ្ចឹង! តើវាមានសន្តិភាពអី»។
ការលើកឡើងនេះ បន្ទាប់ពីប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៨ ខែកញ្ញា ដោយលើកសរសើរពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ថា ជាស្ថាបនិកសន្តិភាពសម្រាប់ពិភពលោកទាំងមូល។ លោកគូសបញ្ជាក់ថា សន្តិភាពបានក្លាយជាមូលបទនៃគ្រប់វេទិកាអន្តរជាតិធំៗ ហើយសបញ្ជាក់ពីសារៈសំខាន់ដែលពិភពលោកត្រូវតែផ្តោតការយកចិត្តទុកដាក់ និងវិនិយោគលើសន្តិភាព។ លោកថា បេសកកម្មនេះ កម្ពុជាបានធ្វើតាំងពីច្រើនទសវត្សរ៍មកហើយ និងបានសម្រេចជោគជ័យទាំងស្រុង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់លោក ហ៊ុន សែន។
លោក ប៉ែន បូណា ថ្លែងថា៖ «មកដល់ត្រឹមនេះ គេពិតជាអាចនិយាយបានថា សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែជាស្ថាបនិក និងប្រតិបត្តិករសន្តិភាពសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្តេចគឺជាស្ថាបនិកសន្តិភាពសម្រាប់ពិភពលោកទាំងមូល ពីព្រោះអ្វីដែលសម្តេចបានធ្វើ និងបានលះបង់ដើម្បីសន្តិភាពនៅកម្ពុជា គឺជាអ្វីដែលពិភពលោកកំពុងត្រូវការបំផុតនាពេលនេះ»។
ទន្ទឹមនឹងការលើកឡើងពីពាក្យសន្តិភាពនេះ គណបក្សកាន់អំណាច បានប្រើគ្រប់មធ្យោបាយផ្សព្វផ្សាយ ទាំងលើប្រព័ន្ធផ្សព្វផ្សាយ និងបោះពុម្ពធ្វើបដាបិទតាំងគ្រប់ទីតាំងទាំងស្ថាប័នរដ្ឋ និងឯកជនពាសពេញផ្ទៃប្រទេស ដែលជាការចំណាយយ៉ាងច្រើន។
ចំណែក អនុប្រធានគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង យល់ឃើញថា «សន្តិភាព» មិនមែនសំដៅទៅលើការអត់មានការផ្ទុះអាវុធនោះទេ។ ប៉ុន្តែ គួរសំដៅទៅលើការរស់នៅដោយសេចក្តីសុខរបស់ប្រជាពលរដ្ឋ ក្នុងនោះមានអាហារគ្រប់គ្រាន់ សុខភាព ការអប់រំ និងសេវាសង្គម គឺជាចំណុចសំខាន់នៃការរស់នៅប្រកបដោយសុខសាន្ត ទើបរាប់ថាមានសន្តិភាព។ លោកសង្កត់ធ្ងន់ថា អ្នកដឹកនាំអាចអះអាងពីសមិទ្ធផលរបស់ខ្លួនបាន ប៉ុន្តែអ្នកវាយតម្លៃពិតប្រាកដ គឺប្រជាពលរដ្ឋឯណោះទេ។
លោក សុខ គឹមសេង ថ្លែងថា៖ «ហើយដើម្បីឱ្យប្រជាពលរដ្ឋអាចវាយតម្លៃបានច្បាស់លាស់ អំពីសមិទ្ធផលនៃការដឹកនាំរបស់គណបក្សនីមួយៗហ្នឹង ទាល់តែរដ្ឋាភិបាលអនុវត្តឱ្យបានស៊ីជម្រៅ គឺការអនុវត្តគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ឱ្យប្រជាពលរដ្ឋចូលរួមនៅក្នុងការបញ្ចេញមតិដោយសេរី និងយុត្តិធម៌តាមរយៈការបោះឆ្នោត។ អាហ្នឹងបានយើងអាចវាយតម្លៃបានថា តើការអះអាងរបស់គណបក្សនីមួយៗទៅលើការដឹកនាំរបស់ខ្លួន មានគុណភាពប៉ុណ្ណា»។
សន្ទស្សន៍សន្តិភាពពិភពលោក (GPI) មិនវាស់សន្តិភាពត្រឹមការគ្មានសង្គ្រាមទេ ប៉ុន្តែវាស់តាមជម្លោះ និងសុវត្ថិភាពសង្គមជាដើម។ នៅឆ្នាំ២០២៦ ប្រទេសដែលមានកម្រិតសន្តិភាពខ្ពស់បំផុតរួមមាន អ៊ីស្លង់ នូវែលសេឡង់ ស្វ៊ីស ស្លូវេនី អៀរឡង់ អូទ្រីស ព័រទុយហ្គាល់ សិង្ហបុរី ហ្វាំងឡង់ និងជប៉ុន ជាដើម។ យោងលើការអះអាងនេះ សន្តិភាពពិតប្រាកដត្រូវវាស់តាមស្ថានភាពជាក់ស្តែងរបស់សង្គម មិនមែនតាមពាក្យអះអាងរបស់អ្នកដឹកនាំទេ។
សម្រាប់អ្នកឃ្លាំមើល នៅតែជំរុញឱ្យពលរដ្ឋត្រូវចូលរួមតាមដាន និងវាយតម្លៃចំណុចទាំងនេះដោយខ្លួនឯង ជាជាងស្តាប់ការបំផ្លើសរបស់បុគ្គល។ លោកលើកឧទាហរណ៍ករណី អ្នកទោសនយោបាយជាង ១០០ នាក់ បន្តជាប់ឃុំទាំងអយុត្តិធម៌ ទោះមន្ត្រីផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ អំពាវនាវឱ្យដោះលែង។ ឯបញ្ហាព្រំដែនបន្តតានតឹងដោយការឈ្លានពានរបស់ថៃ និងគ្រប់គ្រងដោយខុសច្បាប់ជាង ៨០ ទីតាំង រួមនឹងបញ្ហាឆបោកតាមអនឡាញបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជាជាដើម៕









