ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅតាមបណ្តោយលូ ផ្លូវលេខ១០៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ផ្ទុះការតវ៉ានៅមុខសាលាសង្កាត់ នៅព្រឹកថ្ងៃចន្ទនេះ ក្រោយអាជ្ញាធរជូនដំណឹងជាថ្មី ដាក់ឱសានវាទឱ្យពួកគាត់រុះរើផ្ទះសម្បែងដែលធ្លាប់រស់នៅ និងអាស្រ័យជាង ៤០ឆ្នាំមកហើយ ឱ្យបានមុនថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។
អ្នកស្រី ហួរ សៀកលន រស់នៅតាមបណ្តោយលូបឹងត្របែក ផ្លូវលេខ ១០៥ បានឱ្យដឹងពីកន្លែងតវ៉ាមុខសង្កាត់ផ្សារដើមថ្កូវ នៅថ្ងៃទី២៨ ខែកញ្ញាថា កន្លងមក អាជ្ញាធរខណ្ឌចំការមន បានតម្រូវឱ្យប្រជាពលរដ្ឋទទួលសំណងលើដីនៅមាត់ប្រឡាយ ដើម្បីអភិវឌ្ឍន៍ស្តារប្រឡាយ និងផ្តល់ផ្លូវមួយខ្សែ ព្រមទាំងសន្យាកាត់ឆ្វៀលដីលំនៅដ្ឋាន ផ្តល់ប័ណ្ណកម្មសិទ្ធិឱ្យពលរដ្ឋ។ ប៉ុន្តែពេលនេះ បែរជាអាជ្ញាធរជូនដំណឹងឱ្យពលរដ្ឋរុះរើផ្ទះសម្បែងទៅវិញ ដែលការណ៍នេះ អ្នកស្រីថា តើឱ្យពួកគាត់ទៅរស់នៅឯណា ខណៈជីវភាពកំពុងខ្វះខាត។
អ្នកស្រីថា៖ «ឥឡូវនេះអត់ទាន់បានធ្វើអីទាំងអស់ តាមមាត់ប្រឡាយក៏ពួកខ្ញុំមិនទាន់បានទទួលសំណងសព្វគ្រប់ ឥឡូវមកបិទផ្ទះពួកខ្ញុំទៀត សួរខ្ញុំរំពឹងអី តើខ្ញុំរកខុសត្រូវពីអ្នកណា បើថ្នាក់ក្រោមអត់មានអ្នករកខុសរកត្រូវឱ្យខ្ញុំផងហ្នឹង»។
កំពុងឈរកាន់រូបថតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងភរិយា អំឡុងពេលតវ៉ានៅមុខសាលាសង្កាត់ផ្សារដើមថ្កូវ ពលរដ្ឋរស់នៅតំបន់លូបឹងត្របែកម្នាក់ទៀត បាននិយាយថា ពួកគាត់រស់នៅលើដីក្បែរមាត់លូបឹងត្របែកនេះ ជាង ៤០ឆ្នាំមកហើយ ប៉ុន្តែមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិនៅឡើយ ហើយបច្ចុប្បន្ន ត្រូវបានអាជ្ញាធរបង្ខំឱ្យរុះរើផ្ទះសម្បែងទៀត ដូច្នេះតើពួកគាត់រស់នៅរំពឹងអី នៅពេលដែលអាជ្ញាធរមិនផ្តល់ដំណោះស្រាយរឿងដីធ្លីជូនពលរដ្ឋ។
អ្នកស្រីថា៖ «ខ្ញុំទៅដល់ថ្នាក់លើទៀត ខ្ញុំទៅរហូត ខ្ញុំទៅដល់កន្លែងណាដែលគេដោះស្រាយឱ្យខ្ញុំបាន ហេតុអីបាននៅក្នុងប្រទេសខ្ញុំ ហេតុអីអត់មានអ្នកដោះស្រាយឱ្យបាន ខ្ញុំរស់នៅលើទឹកដីខ្លួនឯងសោះ ហេតុអី»។
ការតវ៉ារបស់ប្រជាពលរដ្ឋសហគមន៍បឹងត្របែក នៅភូមិ៤ ផ្លូវ១០៥នេះ កើតឡើងក្រោយពីរដ្ឋបាលខណ្ឌចំការមន កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានជូនដំណឹងដល់ប្រជាពលរដ្ឋនៅសេសសល់ ដែលតាំងលំនៅ និងអាស្រ័យផល លើដីនៃផ្ទៃអាងស្តុកទឹកបឹងត្របែក ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ឱ្យរុះរើផ្ទះចេញពីតំបន់នោះ ចាប់ពីថ្ងៃជូនដំណឹងនេះ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ក្រោមហេតុផលថា ផ្ទះសម្បែងរបស់ពលរដ្ឋទាំងនោះ បានធ្វើឱ្យការងារស្តារអាងស្តុកទឹកបឹងត្របែក មិនអាចដំណើរការបានតាមគម្រោងវិនិយោគដែលបានគ្រោងទុក។
លិខិតដដែល បានឱ្យដឹងដែរថា អាជ្ញាធរបានជូនដំណឹងទៅពលរដ្ឋជាច្រើនលើកច្រើនសារមកហើយ ក្នុងនោះមានប្រជាពលរដ្ឋចំនួន ៣០៩គ្រួសារ បានទទួលយកសំណងផលប៉ះពាល់ និងបានរុះរើសំណង់ និងសម្ភារចេញរួចរាល់ហើយដែរ។ ប៉ុន្តែក៏នៅមានប្រជាពលរដ្ឋចំនួន ២៤គ្រួសារ អ្នកជួលផ្ទះឱ្យគេ និងអ្នកទុកផ្ទះចោលមួយចំនួនទៀត នៅមិនទាន់មកទទួលសំណងនៅឡើយ។
ការណ៍នេះ រដ្ឋបាលខណ្ឌចំការមន បានជូនដំណឹងដល់ពលរដ្ឋដែលនៅសល់ ប្រញាប់ទៅទទួលយកសំណងផលប៉ះពាល់ពីក្រុមការងារអន្តរក្រសួងដែលបានចុះវាស់វែងរួចរាល់នាពេលកន្លងមក និងត្រូវចាប់ផ្តើមរុះរើសំណង់ និងសម្ភារចេញពីផ្ទៃដីបឹងត្របែក បើពុំនោះទេ រដ្ឋបាលខណ្ឌនឹងអនុវត្តវិធានការរដ្ឋបាល នឹងឈានដល់ការអនុវត្តវិធានការច្បាប់។
ចៅសង្កាត់ផ្សារដើមថ្កូវ លោក ហែម សុផាត បានបដិសេធឆ្លើយតបជុំវិញបញ្ហានេះ ដោយគ្រាន់តែប្រាប់យ៉ាងខ្លីថា ដោះស្រាយចប់ហើយ។
លោកថា៖ «ដោះស្រាយចប់ហើយ ខ្ញុំកំពុងបើកឡាន»។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមអាដហុក លោក យិន ម៉េងលី យល់ថា បញ្ហាដីធ្លីនៅសហគមន៍បឹងត្របែកនេះមានភាពស្មុគស្មាញ ដោយសារតែរដ្ឋត្រូវអភិវឌ្ឍន៍ទីក្រុង ការរំដោះទឹកនៅតាមប្រព័ន្ធប្រឡាយសាធារណៈរបស់រដ្ឋ ហើយមួយទៀត គឺបញ្ហាលំនៅឋានដែលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ដែលបញ្ហាទាំងពីរនេះ សុទ្ធតែជាបញ្ហាដែលរដ្ឋត្រូវដោះស្រាយ។
ជុំវិញបញ្ហានេះ លោកចោទជាសំណួរថា នៅពេលដែលមានការអភិវឌ្ឍ តើអាជ្ញាធររដ្ឋមានដំណោះស្រាយយ៉ាងណាសម្រាប់ពួកគាត់ ហើយនៅពេលដែលដាក់ឱសានវាទបណ្តេញចេញបែបនេះ តើពលរដ្ឋទាំងនោះត្រូវទៅរស់នៅទីណា?។
លោកថា៖ «នេះជាបញ្ហាៗ មួយទៀត ឱសានវាទហ្នឹងវាអាចប្រឈមនឹងបញ្ហាផ្សេងៗទៀត រវាងកម្លាំងប៉ះទង្គិចគ្នា ហើយនិងផ្លូវច្បាប់។ រដ្ឋាភិបាលឬក៏អាជ្ញាធររាជធានីភ្នំពេញ គប្បីរកមធ្យោបាយថែមទៀត ក្នុងការចរចាដោះស្រាយជាមួយពួកគាត់ នៅក្នុងតម្លៃណាមួយឱ្យពួកគាត់អាចមានលទ្ធភាពរស់នៅបាន ព្រោះពួកគាត់មិនចង់រស់នៅចឹងទេ តែដោយសារថាតើពេលដែលពួកគាត់នៅដំបូងម៉េចក៏អាជ្ញាធរមិនមានវិធានការ ដល់ឥឡូវនេះគឺបញ្ហាដីធ្លីនេះ មានការលំបាកហើយ»។
យ៉ាងណា មន្ត្រីសិទ្ធិមនុស្សរូបនេះ ជំរុញឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋ បន្តការចរចាររកដំណោះស្រាយ ដោយពលរដ្ឋក៏ត្រូវយោគយល់ដែរ នៅក្នុងការអភិវឌ្ឍនៅរាជធានីភ្នំពេញ ហើយអាជ្ញាធរក៏ត្រូវគិតអំពីស្បៀងអាហារ និងសិទ្ធិមានទីជម្រកសមរម្យរបស់ប្រជាពលរដ្ឋ ដែលអាជ្ញាធរមានកាតព្វកិច្ចជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា គម្រោងស្តារប្រឡាយឡូបឹងត្របែក គឺជាគម្រោងមួយក្នុងផែនការធំ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ និងបង្កើនប្រសិទ្ធភាពប្រព័ន្ធលូទឹកនៅរាជធានីភ្នំពេញ ដែលបានដឹកនាំដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ។ បច្ចុប្បន្ន ប្រឡាយលូបឹងត្របែកមានទទឹងមធ្យម ៦ម៉ែត្រ ដែលអាចបង្ហូរទឹកបាន ១២ម៉ែត្រគូបក្នុងមួយវិនាទី។ រដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា ប្រឡាយលូនេះដែលជាប់នឹងផ្លូវលេខ ១០៥ ចាំបាច់ត្រូវពង្រីកពីទទឹង ៦ម៉ែត្រទៅទទឹង១២ម៉ែត្រ ដើម្បីអាចបង្ហូរទឹកបាន ២៤ម៉ែត្រគូបក្នុងមួយវិនាទី៕









