អ្នកទោស​មនសិការ ១១១នាក់ បន្ត​ជាប់​​ឃុំ​​ទាំង​​អយុត្តិ​ធម៌ ព្រាត់​ប្រាស​​ពី​​​គ្រួសារ​​ក្នុង​​ពិធី​​កាន់​បិណ្ឌ

លោក ហ៊ុន សែន ចាត់​ទុក​​រដូវ​​កាន់​បិណ្ឌ ជា​​រដូវ​​ជួប​ជុំ​​សាច់​ញាតិ​​បង​ប្អូន​​ធ្វើ​បុណ្យ​​ទាន​​សន្សំ​​កុសល ខណៈ​​អ្នក​ទោស​​មនសិការ ១១១នាក់ កំពុង​​ជា​ប់​​ឃុំ​​ទាំង​​អយុត្តិ​ធម៌ ព្រាត់​ប្រាស​​ក្រុម​​គ្រួសារ និង​​សកម្ម​ជន​​បក្ស​​ប្រឆាំង​​រាប់​រយ​​នាក់​​ផ្សេង​ទៀត បាន​​រត់​ភៀស​ខ្លួន​​ព្រាត់​ប្រាស​​ក្រុម​​គ្រួសារ​​ទៅ​​សុំ​​សិទ្ធិ​​ជ្រក​កោន​​នៅ​​ក្រៅ​​ប្រទេស ដើម្បី​​គេច​​ពី​​ការ​​តាម​​ធ្វើ​ទុក្ខ​បុក​ម្នេញ វាយដំ និង​​ចាប់​​ដាក់​​ពន្ធនា​គារ​​របស់​​សមត្ថ​កិច្ច និង​​តុលាការ​​ដែល​​ស្ថិត​នៅ​​ក្រោម​​កណ្តាប់​ដៃ​ ​លោក ហ៊ុន សែន។

ពួកគេ​ទាំងនោះ ជាប់​ឃុំ​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ញុះញង់ និង​រួម​គំនិត​ក្បត់​ជាដើម ដែល​ជា​បទចោទ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ​ចាត់ទុកថា​ជា​រឿង​នយោបាយ ខណៈ​ការដឹកនាំ​របស់​លោក រង​ការ​ចោទ​ថា ធ្វើ​ឱ្យ​​បាត់​ដី​ទៅ​វៀត​ណាម និង​ថ្មីៗ​នេះ ធ្វើ​ឱ្យ​បាត់បង់​ទឹកដី​ទៅ​ប្រទេស​ថៃ​ជាង ៨០ទីតាំង ក្រោយ​មាន​បទ​ឈប់​​បាញ់ ដោយ​គ្មាន​ការ​រារាំង និង​ធ្វើ​ឱ្យ​កម្ពុជា​ស្អុយឈ្មោះ​លើ​ឆាក​អន្តរជាតិ ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​អន​ឡាញ​​លំដាប់​អន្តរជាតិ​ផង​ដែរ តែ​តុលាការ​មិន​ហ៊ាន​កាត់ទោស។

នៅ​ថ្ងៃ​ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ គឺ​ជា​ថ្ងៃ​កាន់បិណ្ឌ​ទី៣ នៃ​បុណ្យ​កាន់បិណ្ឌ ដែល​ជា​ពិធីបុណ្យ​ប្រពៃណី​ជាតិ​របស់​ខ្មែរ​មាន​​តាំងពី​បុរាណកាល​មក។ នៅ​ក្នុង​ថ្ងៃបុណ្យ​កាន់បិណ្ឌ​ទី៣​នេះ ក៏​ដូចជា​ថ្ងៃបុណ្យ​កាន់បិណ្ឌ​ទី១ និង​ទី២​ដែរ លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​ផ្ញើ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ដោយ​​ចាត់ទុក​ពិធីបុណ្យ​នេះ ថា​ជា​ពេលវេលា​មួយ ដែល​បងប្អូន​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ មាន​ឱកាស​ក្នុង​ការ​ធ្វើបុណ្យ​ទាន សន្សំ​កុសល និង​ជួបជុំ​សាច់ញាតិ​បងប្អូន នៅ​តាម​ទីកន្លែង​ជិត​ឆ្ងាយ ជាពិសេស​តាម​ទីវត្ត​អារាម​នានា។

បន្ថែម​ពី​នេះ លោក ហ៊ុន សែន បាន​ជូនពរ «បងប្អូន​ប្រជាពលរដ្ឋ រីករាយ​ជួបជុំ​គ្រួសារ និង​ទទួលបាន​សុខ​សុវត្ថិ​ភាព ក្នុង​​ការ​ធ្វើដំណើរ​គ្រប់​ទីកន្លែង ក្នុង​ឱកាស​នៃ​ពិធី​កាន់បិណ្ឌ​នេះ»។

ការ​ចេញ​សារ​ជា​បន្តបន្ទាប់​របស់​ លោក ហ៊ុន សែន នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា ស្របពេល​អ្នកទោស​មនសិការ ១១១នាក់ កំពុង​ជាប់​ឃុំ​ទាំង​អយុត្តិធម៌​ក្នុង​ពន្ធនាគារ ព្រាត់ប្រាស​ពី​ក្រុម​គ្រួសារ​របស់​ពួកគេ។

លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ​បាន​ថ្លែងថា លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត បាន​​បង្ហាញ​​ពី​ភាព​សប្បាយ​រីករាយ ក្នុង​ការ​ជួបជុំ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​របស់​គាត់ ​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​​​ទៅ​តាម​​ប្រពៃណី​ជាតិ​នេះ។ ប៉ុន្តែ គាត់​ហាក់​មិន​បាន​អើពើ​ចំពោះ​សកម្មជន​នយោបាយ​ប្រឆាំង និង​សកម្មជន​សង្គម ដែល​កំពុង​ជាប់​ឃុំ​ទាំង​អយុត្តិធម៌​ចំនួន ១១១នាក់ និង​រាប់រយ​នាក់​ផ្សេងទៀត ​កំពុង​រត់ភៀសខ្លួន​ទៅ​ស្វែងរក​សិទ្ធិ​ជ្រក​កោន​​នៅ​​ក្រៅ​​ប្រទេស ព្រាត់ប្រាស​ក្រុម​គ្រួសារ ដោយសារ​តែ​តុលាការ​របស់​គាត់​នោះ​ទេ។

លោកថា៖ «ទន្ទឹម​ពេល​នឹង​យើង​ឃើញ​ថា អ្នក​ទោស​មនសិការ​ ១១១​នាក់​​​ ជាប់​ឃុំ​ទាំង​​អយុត្តិ​ធម៌​ ​ដោយ​​សារ​​តែ​​លោក​​ហ៊ុន សែន ​បញ្ជាឱ្យ​តុលាការ​តេឡេ​របស់​គាត់​​ចាប់​ដាក់​គុក​ ហើយ​និង​ធ្វើ​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង​​ដទៃ​ទៀត​ដែល​រត់​ភៀ​សខ្លួនទៅក្រៅ​ប្រទេស​ ក៏មិន​បាន​ជួ​បជុំ​គ្រួសារ​ដែរ​ ដោយ​សារ​តែ​តុលាការ​តេឡេរបស់​លោក​ហ៊ុន សែន ​ចេញដីកាចាប់​ខ្លួន។ ដូច្នេះក្រោម​កណ្តាប់​ដៃ​លោក​ហ៊ុន សែន ​ដែល​តុលាការ​តេឡេ​របស់គាត់​ធ្វើ​ទុក្ខបុកម្នេញ​ ​និង​​ធ្វើ​ឱ្យអ្នក​ទោស​មនសិការ និងសកម្ម​ជន​​ប្រឆាំង​ហ្នឹង ​ព្រាត់​ប្រាសគ្រួសារ​មិន​​បាន​ទៅ​វត្ត​ទៅ​​វ៉ា​ ខុសពីក្រុមគ្រួសារ​លោក​ហ៊ុន សែន»។

សម្រាប់​លោក អ៊ុំ សំអាន ការ​បន្ត​ធ្វើទុក្ខបុកម្នេញ និង​ចាប់​ឃុំខ្លួន​ទៅលើ​សកម្មជន​នយោបាយ​ប្រឆាំង និង​សកម្ម​ជន​​​សង្គម​​ឥតស្រាកស្រាន្ត​របស់​លោក ហ៊ុន សែន គឺ​ដោយសារ​តែ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ មាន​មហិច្ឆតា​​កាន់​អំណាច​តពូជ បើទោះបីជា​ត្រកូល​ហ៊ុន​របស់​គាត់ អសមត្ថភាព​យ៉ាងខ្លាំង​ក្នុង​ការ​ការពារ​ទឹកដី​ពី​ការ​ឈ្លានពាន​របស់​ប្រទេស​ជិតខាង និង​បាន​ធ្វើ​ឱ្យ​កម្ពុជា​កើតមាន​វិបត្តិ​ចាក់ស្រេះ និង​មាន​កេរ្តិ៍ឈ្មោះ​អសោច ដោយ​សារ​​ឧក្រិដ្ឋ​កម្ម​​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​យ៉ាងណាក៏ដោយ។

លោកថា៖ «ដូច្នេះ​ខ្ញុំ​អំពាវ​នាវ​ទៅ​ដល់​លោក​ហ៊ុន សែន​ លោក​ហ៊ុន​ ម៉ាណែត ​ធ្វើ​ម៉េច​ឱ្យតុលាការ​តេឡេ​របស់​​គាត់​ ​​ដោះ​​លែង​​អ្នក​ទោស​មនសិការទៅ ​ដើម្បី​ឱ្យ​ពួកគាត់​បាន​ទៅ​វត្ត​ទៅវ៉ា​​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌនេះ ​បាន​ជួបជុំ​​គ្រួសារផង ពី​ព្រោះ​​សូម្បី​តែប្រែត​ក៏គេដោះ​លែង​ក្នុង​កំឡុង​ភ្ជុំ​បិណ្ឌដែរ​ ហេតុអ្វី​បាន​មិន​ដោះលែង​អ្នក​ទោស​​​មនសិការ​ ដែល​ពួកគាត់​​មិន​បានប្រព្រឹតអ្វីខុស​សោះ​ ដោយ​សារ​តែតុលាការតេឡេហ្នឹង​​ចាប់​ពួកគាត់​ដាក់​គុក​យ៉ាងអយុត្តិធម៌»។

វីអូឌី ​​មិន​អាច​ទាក់ទង​លោក ជា ធីរិទ្ធ អ្នកនាំពាក្យ​លោក ហ៊ុន សែន ដើម្បី​ស្នើសុំ​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បាន​ទេ​ នៅ​ថ្ងៃ​ទី២៩ ខែកញ្ញា​នេះ។

ប៉ុន្តែ​យ៉ាង​ណាក៏ដោយ លោក ប៉ែន បូណា អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​ ​កាលពី​ថ្ងៃ​ទី​២៨ ខែកញ្ញា ដោយ​លើក​សរសើរ​លោក ហ៊ុន សែន ថា ជា​ស្ថាបនិក​សន្តិភាព​សម្រាប់​ពិភពលោក​​ទាំងមូល។

លោក​គូសបញ្ជាក់​ថា សន្តិភាព​បាន​ក្លាយជា​មូលបទ​នៃ​គ្រប់​វេទិកា​អន្តរជាតិ​ធំៗ ហើយ​សបញ្ជាក់​ពី​សារៈសំខាន់​​ដែល​ពិភពលោក ត្រូវតែ​ផ្តោត​ការ​យកចិត្តទុកដាក់ និង​វិនិយោគ​លើ​សន្តិភាព ខណៈ​បេសកកម្ម​នេះ កម្ពុជា​បាន​ធ្វើ​តាំង​ពី​​ច្រើន​​ទសវត្សរ៍​​មកហើយ និង​បាន​សម្រេច​ជោគជ័យ​ទាំងស្រុង នៅ​ថ្ងៃ​ទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈ​នយោបាយ​ឈ្នះ-ឈ្នះ របស់​លោក ហ៊ុន សែន។

លោកថា៖ «មកដល់ត្រឹមនេះ គេពិតជាអាចនិយាយបានថា សម្តេច​តេជោ ហ៊ុន សែន​ មិន​ត្រឹម​តែ​ជា​ស្ថាបនិក​ និង​​ប្រតិ​បត្តិ​ករ​សន្តិភាព​សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្តេច​គឺ​ជា​ស្ថាប​និក​សន្តិ​ភាព​សម្រាប់​ពិភព​​លោក​ទាំង​មូល ពី​ព្រោះ​អ្វី​ដែល​សម្តេច​បាន​ធ្វើ​ និង​បា​ន​លះ​បង់​ដើម្បី​សន្តិ​ភាព​នៅ​កម្ពុជា​ គឺ​ជា​អ្វី​ដែល​ពិភព​លោក ​កំពុង​ត្រូវ​ការ​បំផុត​នា​ពេល​នេះ»។

ការ​លើកសរសើរ​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​នេះ ខណៈ​ដែល​ការដឹកនាំ​ប្រទេស​តជំនាន់​ពី​ឪពុក​ទៅ​កូន ក្នុង​រយៈពេល​​ជិត ៥០ឆ្នាំ​ របស់​គ្រួសារ​ហ៊ុន​មក​នេះ បាន​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​យ៉ាងច្រើន​សម្បើម​ទៅ​វៀតណាម និង​ទៅ​ថៃ និង​បាន​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​កម្ពុជា កំពុងតែ​ស្អុយអាសោច​លើ​ឆាក​អន្តរជាតិ ដោយសារតែ​មេដឹកនាំ និង​មន្ត្រី រួមទាំង​ឧកញ៉ា​គ្រាក់ៗ បាន​ធ្វើ​ឱ្យ​កម្ពុជា ក្លាយជា​សំបុក​ពួក​ឧក្រិដ្ឋជន​អនឡាញ។

លោក ម៉ែន ណាត ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​ថ្លែងថា អ្នកទោស​មនសិការ​ជាង ១០០នាក់ និង​សកម្មជន​នយោ​បាយ​​ពី​បក្ស​ប្រឆាំង​រាប់រយ​នាក់ គឺ​ជា​ជនរងគ្រោះ​ដោយសារ​ការកាន់អំណាច​ផ្តាច់ការ​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត។

លោកថា៖ «រដូវភ្ជុំ​បិណ្ឌ​ជារដូវ​ដែល​ពល​រដ្ឋ​ខ្មែរ​ជួប​ជុំ​ក្រុមគ្រួសារ​ដើម្បី​ធ្វើ​បុណ្យ​សន្សំ​កុសល​។ ចំណែក​លោក​ហ៊ុន សែន ​ក៏យល់​ឃើញ​ដូច្នេះដែរ ​ប៉ុន្តែ​ជាក់ស្តែងណាស់​លោក​ហ៊ុន សែន ​ខ្លួន​ឯង​ជាអ្នក​ដែល​ធ្វើ​ទុក្ខ​បុកម្នេញ​​ដល់​ពលរដ្ឋ​រងគ្រោះ​​ដល់​អ្នក​ទោសមនសិការ​យ៉ាងអយុត្តិធម៌។ ពួកគាត់​គ្មាន​ឱកាស​បានទៅជួប​ជុំ​ក្រុមគ្រួសារ​សាច់​ញាតិ​បងប្អូនគាត់​​ទេ​»។

អ្នកឃ្លាំមើល​រូបនេះ​ ​បាន​លើកឡើង​ថា សហគមន៍​អន្តរជាតិ ក្នុង​នោះ​មាន​ទាំង​អង្គការសហប្រជាជាតិ អ្នករាយ​ការណ៍​​ពិសេស​អង្គការសហប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក ថម អាន់ឌ្រូ (Tom Andrews) និង​អ្នកការទូត​បណ្តា​ប្រទេស​បស្ចិមលោក រួមទាំង​អង្គការ​សិទ្ធិមនុស្ស​ក្នុងស្រុក និង​ក្រៅ​ស្រុក​ជាច្រើន បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​អ្នកទោស​មនសិការ និង​ស្តារ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ​​ឡើងវិញ ប៉ុន្តែ​ទាំង​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត បែរជា​ហាក់​មិន​អើពើ​ទៅវិញ និង​នៅតែ​បន្ត​ធ្វើ​នយោបាយ​បែប​ប្រជាភិថុតិ។

លោក ម៉ែន ណាត បាន​អំពាវនាវ​សូម​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត យក​ឱកាស​នៃ​ពិធីបុណ្យ​កាន់បិណ្ឌ-ភ្ជុំបិណ្ឌ​នេះ ទូល​សុំ​ទៅ​ព្រះមហាក្សត្រ ធ្វើការ​លើកលែងទោស​អ្នកទោស​មនសិការ និង​អ្នកទោស​ដែល​ជាប់​ឃុំ​ទាំង​អយុត្តិធម៌​ដទៃ​ទៀត ដើម្បី​ឱ្យ​ពួកគេ​បាន​ទៅ​ជួបជុំ​ក្រុម​គ្រួសារ និង​ក៏​ដើម្បី​រួមចំណែក​កាត់បន្ថយ​ការ​ចង្អៀតណែន​ក្នុង​ពន្ធនាគារ​​ផង​ដែរ។

លោកថា៖ «​ទម្លាក់​ចោល​នូវ​ទោស​ទណ្ឌទៅដល់​អ្នក​ជាប់​ឃុំ​មនសិការ ​ដល់​អ្នក​ជាប់​ពិរុទ្ធ​មួយចំនួន ​​ដែល​គិត​ថា​ជា​ទោស​​រងគ្រោះ​​ដោយ​អយុត្តិធម៌ អាចលើកលែង​ទម្លាក់​ចោល​បាន​ប្រើឱកាស​ហ្នឹង​ទៅ​ អាហ្នឹង​បាន​ជា​ការសន្សំកុសល​ពិត​ប្រាកដ ហើយ​បើ​និយាយ​តែមាត់​ដូចលោក​ហ៊ុន សែន ​អ៊ីចឹង ​​ចំណែក​ឯអ្នក​ទោសមនសិការ​ដែល​ជាប់​ឃុំ​ទាំងអយុត្តិ​ធម៌​ នៅ​តែទទួល​រងគ្រោះ​។ ​អ៊ីចឹង​អ្វី​ដែល​លោ​ក​ហ៊ុន សែន​ និយាយ​វាមិន​​បាន​ការអីទេ ​​វាមិន​មែនជាការ​ធ្វើ​បុណ្យ​សន្សំកុស​ល​​ដូច​គាត់​និយាយទេ គឺ​ជាការ​ដាក់​បណ្តាសារពីប្រជា​ពល​រដ្ឋ​ទៅកាន់​មេដឹកនាំដែល​និយាយ​ឱ្យ​តែរួច​ពី​មាត់»។

គិត​ត្រឹម​ថ្ងៃ​ទី២៩ ខែកញ្ញា​នេះ អាជ្ញាធរ និង​ស្ថាប័ន​អនុវត្ត​ច្បាប់​មួយ​ចំនួន បាន​បន្ត​ចាប់ ឃាត់ និង​ឃុំខ្លួន អ្នក​នយោ​បាយ​ប្រឆាំង អ្នកការពារ​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី សហជីព អ្នកសារព័ត៌មាន និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​​​មួយ​ចំនួន ដោយ​ចោទប្រកាន់​ពី​បទល្មើស​ព្រហ្មទណ្ឌ​មួយ​ចំនួន ដោយសារតែ​ភាព​សកម្មនិយម ឬ​ការ​បញ្ចេញ​មតិ​​របស់​អ្នក​ទាំងនោះ។ នេះ​បើ​យោង​តាម​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ។

អង្គការ​លីកាដូ រួម​ជាមួយ​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស លោក ថម អាន់ឌ្រូ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​អ្នក​ទាំងនោះ​ជា​បន្ទាន់ និង​លើកលែង​ចោល​បទចោទប្រកាន់​លើ​អ្នក​ទាំងនោះ ក៏​​ដូចជា​អនុញ្ញាត​ឱ្យ​ពួកគេ​បន្ត​ភាព​សកម្មនិយម ដើម្បី​ឱ្យ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង ប៉ុន្តែ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ហាក់​មិន​អើពើ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ