អង្គការសង្គមស៊ីវិល ស្នើរដ្ឋាភិបាលផ្តល់ឱកាសនិងពេលវេលាគ្រប់គ្រាន់ឱ្យពួកគេ រួមទាំងអ្នកជំនាញ ចូលរួមក្នុងការផ្តល់ធាតុចូលលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងអនុវត្តច្បាប់ឱ្យមានគណនេយ្យភាព និងតម្លាភាព ដើម្បីធានាថាច្បាប់ទាំងនោះការពារសិទ្ធិ ឯកជនភាព និងសេរីភាពនៃការបញ្ចេញមតិស្របតាមស្តង់ដាអន្តរជាតិ ព្រមទាំងជៀសវាងការប្រើប្រាស់បទបញ្ញត្តិផ្លូវច្បាប់ប៉ះពាល់ដល់ការបញ្ចេញមតិ ឬការរាយការណ៍ព័ត៌មានឯករាជ្យ។
ការស្នើនេះ បានធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍រួម ស្តីពី ឌីជីថលូបនីយកម្មដើម្បីការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រោយពីអង្គការសង្គមស៊ីវិល ស្ថាប័នសារព័ត៌មាន អ្នកជំនាញពីអង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន តំណាងជនជាតិដើមភាគតិច បណ្តាញយុវជន និងពលរដ្ឋសកម្មដែលស្រឡាញ់ការគោរពសិទ្ធិមនុស្សសរុបចំនួន ១៩៣អង្គ/នាក់ បានរៀបចំ និងចូលរួមក្នុងវេទិកាអ៊ីនធឺណិតភ្នំពេញលើកទី៤ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ខែកញ្ញា។
សេចក្តីថ្លែងការណ៍រួមបានលើកឡើងថា បណ្តាញសង្គម និងវេទិកាអនឡាញនានា បានផ្តល់ឱកាសទូលំទូលាយដល់យុវជនក្នុងការទទួលបានព័ត៌មាន ការអប់រំ និងការបញ្ចេញទស្សនៈ ប៉ុន្តែពលរដ្ឋប្រឈមបញ្ហាជាច្រើន ជាពិសេសការកើនឡើងព័ត៌មានបំភាន់ និងព័ត៌មានក្លែងបន្លំ ដែលតម្រូវឱ្យពលរដ្ឋមានជំនាញការគិតត្រិះរិះពិចារណា ការវិភាគ និងការផ្ទៀងផ្ទាត់ព័ត៌មានជាចាំបាច់ ដើម្បីជៀសវាងការចាញ់បោកតាមប្រព័ន្ធឌីជីថល។
ក្រៅពីនោះ ការព្រួយបារម្ភអំពីការតាមដាននៅលើអនឡាញ ការរើសអើង និងការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាត បានក្លាយជាឧបសគ្គធ្វើឱ្យយុវជន និងសហគមន៍ស្ទាក់ស្ទើរក្នុងការចូលរួមសកម្មភាពសង្គម និងការពិភាក្សាជាសាធារណៈ។
សេចក្តីថ្លែងការណ៍ គូសបញ្ជាក់ថា៖ «ករណីមួយចំនួន ពលរដ្ឋត្រូវបានជាប់ទោសទណ្ឌដោយសារការបញ្ចេញមតិតាមអនឡាញ ដែលនាំឱ្យកើតមានការត្រួតពិនិត្យ និងការចាប់ពិរុទ្ធខ្លួនឯង»។
ចំណែក បរិយាកាសផ្លូវច្បាប់ និងការចាប់ពិរុទ្ធខ្លួន (Self-Censorship) សង្គមស៊ីវិល ក៏បានលើកឡើងថា បានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកសារព័ត៌មាន នៅតែប្រឈមនឹងហានិភ័យផ្លូវច្បាប់ ដូចជាបទញុះញង់ ឬបរិហាកេរ្តិ៍ ដែលបង្កើតនូវបរិកាសភ័យខ្លាច និងកាត់បន្ថយការចូលរួមផ្តល់ធាតុចូលស្ថាបនាសង្គម។ លើសពីនេះ ក្របខណ្ឌច្បាប់ និងបទបញ្ញត្តិមួយចំនួន រួមទាំងអនុក្រឹត្យស្តីពី ច្រកទ្វារអ៊ីនធើណិត និងសេចក្តីព្រាងច្បាប់ Cyber Crime នៅខ្វះការចូលរួមផ្តល់ធាតុចូលឱ្យបានទូលំទូលាយពីសង្គមស៊ីវិល។
ការណ៍នេះ អង្គការសង្គមស៊ីវិលទាំងនោះ បានស្នើដល់រដ្ឋាភិបាល លើកកម្ពស់ការតាក់តែងច្បាប់ប្រកបដោយបរិយាបន្ន ដោយស្ថាប័ននីតិបប្បញ្ញត្តិ និងក្រសួងជំនាញ គួរផ្តល់ឱកាសទូលំទូលាយ និងពេលវេលាគ្រប់គ្រាន់ដល់អង្គការសង្គមស៊ីវិល ស្ថាប័នសារព័ត៌មាន និងអ្នកជំនាញ ចូលរួមផ្តល់ធាតុចូលលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងបច្ចេកវិទ្យា រួមមានសេចក្តីព្រាងច្បាប់ស្តីពីការការពារទិន្នន័យបុគ្គល ច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ច្បាប់សន្តិសុខសាយប័រ និងច្បាប់និងគោលនយោបាយពាក់ព័ន្ធផ្សេងទៀត ដើម្បីធានាថាច្បាប់ទាំងនោះការពារសិទ្ធិ ឯកជនភាព និងសេរីភាពការបញ្ចេញមតិ ស្របតាមស្តង់ដាអន្តរជាតិ។
ជាមួយគ្នានេះ ពួកគេក៏បានស្នើឱ្យរដ្ឋាភិបាល ធានតុល្យភាពរវាងសន្តិសុខសាយប័រ និងសិទ្ធិមនុស្ស តាមរយៈការអនុវត្តច្បាប់ដោយគណនេយ្យភាព តម្លាភាព និងច្បាស់លាស់ ដើម្បីជៀសវាងការប្រើប្រាស់បទបញ្ញត្តិផ្លូវច្បាប់ប៉ះពាល់ដល់ការបញ្ចេញមតិ ឬការរាយការណ៍ព័ត៌មានឯករាជ្យ។
ពួកគេថា៖ «រាជរដ្ឋាភិបាល គួរបើកចំហឱ្យមានកិច្ចសហការពីប្រជាពលរដ្ឋ យុវជន ជនជាតិដើមភាគតិច វិស័យឯកជន និងអង្គការសង្គមស៊ីវិលជាដើម ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពផ្អែកលើបច្ចេកវិទ្យា»។
នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា លោក ណុប វី មានប្រសាសន៍នៅថ្ងៃទី២៩ ខែកញ្ញានេះថា សិទ្ធិឌីជីថល ក៏ជាផ្នែកមួយនៃសិទ្ធិមនុស្សផងដែរ ដូច្នេះការបើកទូលាយចំពោះលំហនៃការប្រើប្រាស់អ៊ីនធើណិតនេះ និងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់គ្នា ជាពិសេសអ្នកដែលរស់នៅតំបន់ជនបទដាច់ស្រយាល ពីសំណាក់រដ្ឋាភិបាល គឺជារឿងចាំបាច់។
លោកថា៖ «ការបើកទូលាយនៅក្នុងការទទួលបានការប្រើប្រាស់អ៊ីនធើណិត ដើម្បីអនុវត្តសិទ្ធិឌីជីថលឱ្យមានប្រសិទ្ធភាពនោះ គឺរួមទាំងការធានាថា រាល់គោលនយោបាយ ច្បាប់ពាក់ព័ន្ធផ្សេងៗ ដែលរាជរដ្ឋាភិបាលលោកអនុម័ត ឬក៏បង្កើតឡើង គឺថាមិនមានទំនោរ ឬក៏មិនមានចំណុចណាដែលឈានទៅរឹតត្បិតទៅដល់លំហនៃការទទួលបានព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត លំហរនៃការប្រើប្រាស់សេរីភាពបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធើណិត ឬមួយក៏មិនមានចំណុចណាដែលធ្វើឱ្យមានការព្រួយបារម្ភ ចំពោះការរាំងស្ទះនៅក្នុងលំហូនៃការទទួលបានព័ត៌មានតាមប្រព័ន្ធអ៊ីនធើណិតសម្រាប់ប្រជាពលរដ្ឋទូទៅ»។
ចំណែកក្នុងដំណើរការតាក់តែងសេចក្តីព្រាងច្បាប់ និងច្បាប់ពាក់ព័ន្ធនឹងបច្ចេកវិទ្យាមួយចំនួន លោក ណុប វី សង្កេតឃើញថា រាជរដ្ឋាភិបាលហាក់ដូចជាដាក់ឱ្យមានការពិគ្រោះយោបល់ពីសង្គមស៊ីវិល និងអ្នកជំនាញពាក់ព័ន្ធតិចតួច ដែលធ្វើឱ្យសេចក្តីព្រាងច្បាប់ អាចមានបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងសិទ្ធិរបស់ប្រជាពលរដ្ឋទូទៅ នៅពេលដែលអនុម័តឱ្យប្រើប្រាស់។
លោកថា៖ «ប៉ុន្តែចំណុចដែលសំខាន់ គឺយើងទទូចឱ្យមានការប្រឹក្សាយោបល់ឱ្យបានទូលំទូលាយ ដើម្បីធានា ឬក៏កាត់បន្ថយផលប៉ះពាល់ទៅដល់សិទ្ធិរបស់ប្រជាពលរដ្ឋ តាមដែលអាចធ្វើទៅបាន»។
ជាមួយគ្នានេះ លោកក៏បានស្នើដល់រដ្ឋាភិបាល និងក្រុមហ៊ុនឯកជន កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដោយតបណ្តាញអ៊ីនធើណិតទៅដល់តំបន់ជនបទដាច់ស្រយាល និងទម្លាក់តម្លៃសេវាអ៊ីនធឺណិត ដើម្បីឱ្យប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល និងពលរដ្ឋដែលមានជីវភាពខ្សត់ខ្សោយ អាចប្រើប្រាស់អ៊ីនធើណិតបានដូចពលរដ្ឋទីក្រុងឬទីប្រជុំជននានា និងជាការធានាថាពលរដ្ឋគ្រប់រូបអាចទទួលបានព័ត៌មានតាមប្រព័ន្ធអ៊ីនធើណិត។
វីអូឌី មិនអាចសុំការឆ្លើយតបរឿងនេះពីរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បានទេ នៅរសៀលថ្ងៃអង្គារនេះ។
បើតាមសេចក្តីថ្លែងការណ៍រួមរបស់សង្គមស៊ីវិល វេទិកាអ៊ីនធើណិតភ្នំពេញលើកទី៤ បានបញ្ជាក់យ៉ាងច្បាស់ថា បរិវត្តកម្មឌីជីថល គឺជាឱកាសសំខាន់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប៉ុន្តែវាទាមទារឱ្យមានការគោរពសិទ្ធិមនុស្ស សិទ្ធិឯកជនភាព និងសេរីភាពនៃការបញ្ចេញមតិជាមូលដ្ឋានចាំបាច់។ ការកសាងបរិយាកាសឌីជីថលដែលមានសុវត្ថិភាព បរិយាបន្ន និងគួរឱ្យទុកចិត្តត្រូវផ្តើមចេញពីរដ្ឋាភិបាល ដោយចាំបាច់ត្រូវបើកចំហរ យោគយល់ និងការប្តេជ្ញាខ្ពស់ ដើម្បីធ្វើទំនើបកម្មធនធានឌីជីថល ក្នុងប្រទេសឱ្យតាមទាន់ការរីកចម្រើននៃបច្ចេកវិទ្យាលើពិភពលោក៕









