កម្ពុជារងការសង្ស័យពីមន្ត្រីសិទ្ធិមនុស្សអន្តរជាតិថា បានលួចផ្តល់តម្រុយសម្ងាត់ដល់អាជ្ញាធរវៀតណាម រហូតឈានទៅដល់ការតាមចាប់ខ្លួនសកម្មជនផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជនជាតិវៀតណាម ២រូប បន្ទាប់ពីពួកគេបានធ្វើដំណើរចូលកម្ពុជា។
ប៉ុន្តែ អាជ្ញាធរវៀតណាមអះអាងថា សកម្មជនទាំង ២រូបនេះ រួមទាំងជនជាតិវៀតណាមម្នាក់ទៀត ត្រូវបានចាប់ខ្លួនដោយសារតែពួកគេបានលួចចូលប្រទេសវៀតណាមដោយខុសច្បាប់ ចេញពីប្រទេសកម្ពុជាប៉ុណ្ណោះ។ ករណីនេះ បានជំរុញឱ្យមានការចោទសួរយ៉ាងក្តៅគគុកពីសំណាក់សហគមន៍អន្តរជាតិ អំពីកិច្ចសហប្រតិបត្តិការឆ្លងដែន និងការគោរពសិទ្ធិមនុស្សនៅក្នុងតំបន់។
នាយកអង្គការអ្នកតស៊ូមតិដើម្បីសិទ្ធិមនុស្ស និងសិទ្ធិការងារអាស៊ី (AHRLA) លោក ហ្វីល រូប៊ឺតសុន (Phil Robertson) ប្រាប់វីអូឌីតាមសារអេឡិចត្រូនិក (Email) នៅថ្ងៃទី២៩ ខែកញ្ញា ថា ការចាប់ខ្លួនសកម្មជនវៀតណាមទាំង ២រូបនេះ នឹងបង្កើនការភ័យខ្លាចក្នុងចំណោមសកម្មជនសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅក្រៅប្រទេស។ ទាក់ទងករណីនេះ លោកបានចោទជាសំណួរថា តើករណីនេះ ត្រូវបានមន្ត្រីរដ្ឋាភិបាលកម្ពុជាណាមួយ ជួយរដ្ឋាភិបាលវៀតណាមក្នុងការតាមរកបុរសទាំងពីររូបនេះនៅក្នុងប្រទេសកម្ពុជា ឬសម្របសម្រួលក្នុងការចាប់ពួកគេដែរឬទេ?។
ជុំវិញការសង្ស័យនេះ លោក ហ្វីល រូប៊ឺតសុន លើកហេតុផលថា មនុស្សគ្រប់គ្នាបានដឹងថា អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីសំខាន់ៗមួយចំនួនទៀត មានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងហាណូយ។ ដូច្នេះ លោកស្នើឱ្យមន្ត្រីកម្ពុជាគួរតែចេញមុខបកស្រាយជាសាធារណៈ អំពីអ្វីដែលបានកើតឡើងចំពោះសកម្មជនទាំងពីររូបនេះ ខណៈពេលពួកគេស្ថិតនៅក្នុងប្រទេសកម្ពុជា។
វីអូឌី មិនអាចសុំការឆ្លើយតបពីមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានទេនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ។
ជុំវិញករណីនេះដែរ លោក ហ្វីល រូប៊ឺតសុន អំពាវនាវដល់រដ្ឋាភិបាលអូស្ត្រាលី និងន័រវែស ទាមទារឱ្យវៀតណាមដោះលែងបុរសទាំងពីររូបនេះជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ឬប្រឈមមុខនឹងវិធានការធ្ងន់ធ្ងរដែលអាចប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី និងពាណិជ្ជកម្មជាមួយប្រទេសទាំងពីរ។
ផ្ទុយនឹងការចោទប្រកាន់នេះ អាជ្ញាធរវៀតណាម តាមរយៈសារព័ត៌មានបៅចើញហ្វើង (Baochinhphu) នៅថ្ងៃទី២៩ ខែកញ្ញា អះអាងថា អាជ្ញាធរក្រសួងសន្តិសុខសាធារណៈវៀតណាម បានចាប់ខ្លួន លោក ងុយយៀន ថាន់ (Nguyen Duc Thuan) លោក ហួ ផាមហៀប (Ho Pham Hiep Huy) និងលោក សឺន ថៃកុង (Thai Cong Truong Son) កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ពីបទចូលប្រទេសវៀតណាមដោយខុសច្បាប់ពីប្រទេសកម្ពុជា តាមច្រកព្រំដែនអន្តរជាតិ ថូម៉ូ (My Quy Tay) ក្នុងខេត្តតាយនិញ និងច្រកសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
អាជ្ញាធរវៀតណាមបានចោទប្រកាន់ថា អ្នកទាំងបីជាសមាជិករបស់អង្គការ វៀតតាន់ (Việt Tân) និងបានចូលវៀតណាមដោយប្រើឯកសារក្លែងក្លាយ ដែលវៀតណាមចោទថា ជាសកម្មភាពភេរវកម្ម និងបំផ្លិចបំផ្លាញ។
កាលពីថ្ងៃទី២៨ ខែកញ្ញា ក្រសួងសន្តិសុខសាធារណៈវៀតណាម បានប្រកាសថា អ្នកទាំងបីត្រូវបានចោទប្រកាន់ជាផ្លូវការ និងបន្តឃុំខ្លួន ខណៈការស៊ើបអង្កេតកំពុងបន្ត។ យ៉ាងណា ការចោទប្រកាន់ទាំងនេះគឺជាការអះអាងរបស់អាជ្ញាធរវៀតណាម និងមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យនៅឡើយទេ។ ប៉ុន្តែ របាយការណ៍ទទួលស្គាល់ថា លោក ងុយយៀន ថាន់ កាន់លិខិតឆ្លងដែនន័រវែស ខណៈលោក ហួ ផាមហៀប កាន់លិខិតឆ្លងដែនអូស្ត្រាលី។
ជុំវិញករណីនេះ មេធាវីផ្នែកសិទ្ធិមនុស្ស លោក សឺន ជុំជួន អះអាងដោយផ្អែកលើទិដ្ឋភាពផ្លូវច្បាប់ថា ប្រសិនបើការឆ្លងដែនរបស់ពួកគេមានការប្រថាប់ត្រាអនុញ្ញាតត្រឹមត្រូវនោះ ការឃាត់ខ្លួនមិនគួរកើតឡើងឡើយ ហើយរដ្ឋាភិបាលសាម៉ី ដូចជា អូស្ត្រាលី និងន័រវែស ចាំបាច់ត្រូវតែចេញមុខអន្តរាគមន៍ជាបន្ទាន់ដើម្បីទាមទារឱ្យមានការដោះលែង។ ផ្ទុយទៅវិញ ប្រសិនបើគ្មានការវាយត្រាត្រឹមត្រូវទេ នោះពួកគេអាចនឹងត្រូវចាត់ទុកថាជា «ជនល្មើសច្បាប់»។ ចំណែកកម្ពុជាគួរប្រតិកម្មបើការចាប់ខ្លួននេះនៅដីខ្មែរ។
លោក សឺន ជុំជួន ថ្លែងថា៖ «ហើយសម្រាប់កម្ពុជា មិនមានកាតព្វកិច្ចទៀតទេ ដោយសារឆ្លងផុតពីកម្ពុជាបាត់ទៅហើយ! តែបើប្រទះឃើញថា ការចាប់ខ្លួននោះនៅក្នុងរង្វង់កម្ពុជា កម្ពុជាគួរតែមានកាតព្វកិច្ចមួយ នៅក្នុងការការពារជនបរទេសណា ដែលបានចូលមកនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែត្រូវបានអាជ្ញាធរ ឬក៏អាជ្ញាធរបរទេសមកចាប់ខ្លួនអីជាដើម ដោយមិនមានការឆ្លងកាត់កិច្ចសហការអីអញ្ចឹង អាហ្នឹងកម្ពុជាគួរតែប្រតិកម្មនឹងរឿងហ្នឹង បាទ ក្នុងករណីហ្នឹងណា»។
ងាកទៅនាយកអង្គការអ្នកតស៊ូមតិដើម្បីសិទ្ធិមនុស្ស និងសិទ្ធិការងារអាស៊ី លោក ហ្វីល រូប៊ឺតសុន ឯណោះវិញ បន្តទទូចដល់ម្ចាស់ប្រទេសសញ្ជាតិរបស់សកម្មជនវៀតណាមទាំងពីររូប ឱ្យបញ្ឈប់ធ្វើអាជីវកម្ម និងទំនាក់ទំនងជាធម្មតាជាមួយរដ្ឋាភិបាលវៀតណាម បើពួកគេទាំងពីររូបនេះ នៅតែត្រូវបានឃុំខ្លួនដោយអយុត្តិធម៌។ ទន្ទឹមនឹងនេះ លោកថា នឹងខិតខំផ្សព្វផ្សាយករណីនេះឱ្យបានទូលំទូលាយតាមដែលអាចធ្វើទៅបាន និងសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលផ្សេងៗទៀត ដើម្បីដាក់សម្ពាធលើសហគមន៍អន្តរជាតិ ឱ្យទាមទារឱ្យមានការដោះលែងបុរសទាំងពីររូបនេះជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។
ករណីអាជ្ញាធរវៀតណាមតាមចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ជាសញ្ញាអាសន្នយ៉ាងធ្ងន់ធ្ងរដែលស្តែងឱ្យឃើញពីការកើនឡើងនៃ «ការជិះជាន់ឆ្លងដែន» នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាក់ស្តែង ករណីអាជ្ញាធរខ្មែរធ្លាប់បង្គាប់ឱ្យចាប់ផ្សឹកព្រះតេជគុណ ទឹម សាខន ក្រោមបទចោទថាធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-វៀតណាម និងបានផ្តន្ទាទោសព្រះអង្គឱ្យជាប់ពន្ធនាគារ ១ ឆ្នាំ ពីបទ «បំផ្លិចបំផ្លាញគោលនយោបាយសាមគ្គីភាព» រវាងប្រទេសទាំងពីរ កាលពីឆ្នាំ២០០៧។ នៅឆ្នាំ២០០៩ ព្រះអង្គបានលួចរត់ភៀសខ្លួនទៅប្រទេសថៃ ហើយទទួលបានឋានៈជាជនភៀសខ្លួនពីអង្គការ UNHCR ដើម្បីទៅរស់នៅសហរដ្ឋអាមេរិក៕









