វិភាគ៖ បើមន្ត្រី​​រដ្ឋ​​បម្រើ​​បក្ស តើ​​ប្រជា​ធិប​តេយ្យ​​នៅ​​សល់​​អ្វី?

បញ្ហា​​សំខាន់​​មិន​មែន​​ថា មន្ត្រី​រាជ​ការ​​អា​ច​​ជា​​សមាជិក​​គណបក្ស​​នយោ​បាយ ឬ​​អត់​​នោះ​​ទេ។ បញ្ហា​​គឺ​តើ​​មន្ត្រី​​ដែល​​ទទួល​​ប្រាក់​ខែ​​ពី​​រដ្ឋ កំពុង​​បម្រើ​​រដ្ឋ ឬ​​កំពុង​​ប្រើ​​តួនាទី​​រដ្ឋ​​ទៅ​​បម្រើ​​គណបក្ស​​កាន់​អំណាច? នៅ​​ពេល​​ព្រំដែន​​រវាង​​រដ្ឋ និង​​​បក្ស កាន់​តែ​​ស្រពិច​​ស្រពិល អព្យា​ក្រឹត​ភាព​​របស់​​រដ្ឋ​បាល​​សាធារណៈ​ ក៏​​កាន់​តែ​​ខ្សោយ​ ហើយ​​គណបក្ស​​កាន់​អំណាច​​​តែង​​ទទួល​បាន​​អត្ថ​ប្រយោជន៍​​ដែល​​គូ​ប្រជែង​​មិន​​មាន។

ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល ដែល​រដ្ឋសភា​អនុម័ត​នៅ​ថ្ងៃទី​២១ ខែ​តុលា ឆ្នាំ​១៩៩៤ ហើយ​​ប្រកាស​ឱ្យ​ប្រើ​នៅ​​ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​១៩៩៤ ចែង​ក្នុង​មាត្រា ៣៧ ថា មន្ត្រីរាជការ​ត្រូវ​រក្សា​អព្យាក្រឹតភាព​​ក្នុង​ការ​បំពេញ​មុខងារ និង​​ហាម​ប្រើ​តួនាទី ឬ​សម្ភារៈ​រដ្ឋ ដើម្បី​ធ្វើការ​ឱ្យ ឬ​ប្រឆាំង​បេក្ខជន ឬ​គណបក្ស​នយោបាយ​ណាមួយ។ ការ​បំពាន​ត្រូវ​ចាត់​ទុកជា​កំហុស​វិជ្ជាជីវៈ។ ន័យ​របស់​ច្បាប់​គឺ​ច្បាស់​ មន្ត្រី​មាន​សិទ្ធិ​នយោបាយ​ជា​បុគ្គល ប៉ុន្តែ​មិន​អាច​យក​អំណាច​រដ្ឋ​​ទៅ​ធ្វើ​ជា​អំណាច​បក្ស​បាន​ទេ។

ច្បាប់​បោះឆ្នោត​ក៏​ហាម​ប្រើ​ថវិកា សម្ភារៈ ឧបករណ៍ និង​យានយន្ត​របស់​រដ្ឋ ដើម្បី​ឃោសនា​ឱ្យ​គណបក្ស ឬ​បេក្ខជន​ណា​មួយ។ នេះ​មាន​ន័យ​ថា ថវិការដ្ឋ អគារ​រដ្ឋ ឡាន​រដ្ឋ ម៉ោង​ធ្វើការ និង​អំណាច​របស់​មន្ត្រី មិនមែន​​ជា​ទ្រព្យសម្បត្តិ​របស់​​គណបក្ស​កាន់អំណាច​ទេ។ វា​ជា​ទ្រព្យ​សាធារណៈ​ដែល​ពលរដ្ឋ​គ្រប់​និន្នាការ​នយោ​​បាយ​ជា​អ្នក​រួមចំណែក។

ប៉ុន្តែ​ការ​ឃ្លាំមើល​ការ​បោះឆ្នោត​បង្ហាញ​ពី​បញ្ហា​ដែល​គួរឱ្យ​ព្រួយបារម្ភ។ ក្នុង​របាយការណ៍​ចុងក្រោយ​ស្តីពី​ការ​​បោះ​ឆ្នោត​​ជាតិ​​ឆ្នាំ​​​២០២៣ អង្គការ COMFREL បាន​កត់ត្រា​យ៉ាងហោចណាស់ ១៥៨ ករណី នៅ ១២ ខេត្ត ដែល​អាជ្ញាធរ​មូល​ដ្ឋាន កងកម្លាំង​ប្រដាប់អាវុធ នគរបាល និង​មេភូមិ ត្រូវ​បាន​រកឃើញ​ថា​ចូលរួម​ជា​សមាជិក​គណៈកម្មការ​ឃោសនា ឬ​ព័ត៌មាន​របស់​គណបក្ស​កាន់អំណាច។ អង្គការ COMFREL ក៏​កត់ត្រា ១៧៥ ករណី នៃ​ការ​ចែក​អំណោយ​ក្នុង​បរិបទ​ស្វែងរក​ការ​គាំទ្រ​នយោបាយ និង ៣ ករណី​ដែល​មាន​ស្លាក ឬ​សម្ភារៈ​គណបក្ស​នៅ​ក្នុង​បរិវេណ​អគារ​រដ្ឋ។

បញ្ហា​នេះ​មិនមែន​ត្រឹមតែ​រឿង​ស្លាក​បក្ស ឬ​មន្ត្រី​ម្នាក់​ទៅ​ចូលរួម​ពិធី​បក្ស​នោះ​ទេ។ វា​ប៉ះពាល់​ដោយផ្ទាល់​ដល់​ភាព​ស្មើគ្នា​នៃ​ការ​ប្រកួតប្រជែង​នយោបាយ។ បក្ស​ប្រឆាំង​ត្រូវ​ប្រើ​ធនធាន​របស់​ខ្លួន ខណៈ​បក្ស​កាន់អំណាច​​អាច​ទទួល​ផល​ពី​បណ្តាញ​មន្ត្រី អាជ្ញាធរ និង​ស្ថាប័ន​ដែល​មាន​ស្រាប់ ប្រសិនបើ​ព្រំដែន​រវាង​តួនាទី​រដ្ឋ និង​តួនាទី​បក្ស មិន​ត្រូវ​បាន​អនុវត្ត​យ៉ាង​តឹងរ៉ឹង។

បណ្តាញ​អាស៊ី​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី (ANFREL) ក្នុង​របាយការណ៍​មុន​ការ​បោះឆ្នោត ចេញ​ថ្ងៃទី​៥ ខែ​កក្កដា ឆ្នាំ​​២០២៣ ក៏​បាន​រាយការណ៍​ពី​ការ​ចោទប្រកាន់​របស់​អ្នក​ផ្តល់​ព័ត៌មាន​ជាច្រើន​អំពី​ការ​ប្រើ​ធនធាន​រដ្ឋ​ដើម្បី​ផ្តល់​អត្ថ​ប្រយោជន៍​​ដល់ CPP និង​បាន​ព្រមាន​ថា ការ​ប្រើ​ធនធាន​សាធារណៈ​សម្រាប់​ផលប្រយោជន៍​បក្ស ធ្វើឱ្យ​ការ​ប្រកួត​ប្រជែង​​មិន​ស្មើគ្នា។

បញ្ហា​ដែល​កាន់តែ​ច្បាស់​គឺ ការ​អនុវត្ត​មាត្រា ៣៧ មិន​គួរ​មាន​ស្តង់ដារ​ពីរ​ឡើយ។ នៅ​ឆ្នាំ​២០២៣ មន្ត្រីរាជការ ២ រូប ​​ដែល​​មាន​តួនាទី​ក្នុង​គណបក្ស​ភ្លើងទៀន ត្រូវ​បាន​លុបឈ្មោះ​ចេញ​ពី​ក្របខណ្ឌ ដោយ​ឯកសារ​ផ្លូវការ​យោង​ទៅ​មាត្រា ៣៧។ ករណី​នេះ​​បង្កើត​ជា​សំណួរ​អំពី​ភាព​មិន​ស្មើគ្នា​នៃ​ការ​អនុវត្ត​ច្បាប់ ព្រោះ​អ្នក​ឃ្លាំមើល​បោះឆ្នោត​នៅ​ឆ្នាំ​ដដែល​ក៏​បាន​​រាយការណ៍​ពី​មន្ត្រី និង​អាជ្ញាធរ​ជាច្រើន​ដែល​ចូលរួម​ក្នុង​រចនាសម្ព័ន្ធ​​ឃោសនា​របស់​គណបក្ស​កាន់អំណាច។ ច្បាប់​​ដែល​​តឹង​ចំពោះ​មន្ត្រី​ដែល​នៅ​ជាមួយ​បក្ស​មួយ ប៉ុន្តែ​ធូរ​ចំពោះ​មន្ត្រី​ដែល​នៅ​ជាមួយ​បក្ស​មួយទៀត នឹង​បាត់​បង់​​អត្ថន័យ​​នៃ​អព្យាក្រឹតភាព។

ផលប៉ះពាល់​ធ្ងន់បំផុត គឺ​ទៅ​លើ​រចនាសម្ព័ន្ធ​រដ្ឋ។ នៅ​ពេល​ការ​ឡើង​តំណែង ការ​រក្សា​តំណែង ឬ​ឱកាស​ក្នុង​​រដ្ឋបាល ត្រូវ​​បាន​ពលរដ្ឋ​មើល​ឃើញ​ថា​ពាក់ព័ន្ធ​នឹង​ភាព​ស្មោះត្រង់​ចំពោះ​បក្ស នោះ​មន្ត្រី​នឹង​បម្រើ​អ្នក​មាន​អំណាច ជាជាង​បម្រើ​​ច្បាប់ និង​ពលរដ្ឋ។ វិជ្ជាជីវៈ​មន្ត្រី​ស៊ីវិល​នឹង​ខ្សោយ ខណៈ​បណ្តាញ​នយោបាយ​នឹង​កាន់តែ​រឹងមាំ​ឡើង។

បើ​ការ​លាយ​បញ្ចូល​បក្ស​និង​រដ្ឋ ការ​ប្រើ​ធនធាន​សាធារណៈ និង​ការ​អនុវត្ត​ច្បាប់​មិន​ស្មើគ្នា​នៅតែ​បន្ត នោះ​ការ​បោះ​ឆ្នោត​​ឆ្នាំ​​២០២៧ និងឆ្នាំ​២០២៨ នឹង​ប្រឈម​បញ្ហា​ធ្ងន់ធ្ធរ​លើ​ភាព​សេរី យុត្តិធម៌ និង​ស្មើភាព​នៃ​ការ​​ប្រកួតប្រជែង។ ការ​​បោះ​ឆ្នោត​​អាច​​នៅតែ​ប្រព្រឹត្ត​ទៅ ប៉ុន្តែ​ទីលាន​ប្រកួត​នយោបាយ​នឹង​មិន​ស្មើគ្នា។

បើ​បក្ស​និង​រដ្ឋ កាន់តែ​រលាយ​ចូល​គ្នា ការ​បោះឆ្នោត​នៅតែ​អាច​មាន ប៉ុន្តែ​ប្រជាធិបតេយ្យ​នឹង​កាន់តែ​ខ្សោយ ហើយ​​ស្ថាប័ន​​រដ្ឋ​កាន់តែ​ពឹងផ្អែក​លើ​គណបក្ស​កាន់អំណាច។ ប្រសិនបើ​និន្នាការ​នេះ​បន្ត​យូរ រដ្ឋ​ឯកបក្ស​ក៏​មិន​​ចាំបាច់​មាន​​​​សរ​សេរ​​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ទេ ប៉ុន្តែ​អាច​កើត​មាន​ជាក់ស្តែង តាមរយៈ​ការ​លាយ​បញ្ចូល​បក្ស​ជាមួយ​​រដ្ឋ និង​ការ​គ្រប់​គ្រង​​ស្ថាប័ន​​ដោយ​​គណបក្ស​​កាន់​អំណាច៕

អត្ថបទដោយ៖ លោក​ សុក្រឹត ពុទ្ធិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ