ពលរដ្ឋ​ជិត ៦ម៉ឺន​​​គ្រួសារ និង​ស្រូវ​​ជាង ៧ម៉ឺន​​ហិកតា​​​រង​ផល​​​ប៉ះ​ពាល់​​ដោយ​សារ​​ទឹក​ជំនន់

គិត​​ត្រឹម​​ចុង​​​ខែ​​កញ្ញា ឆ្នាំ​​​២០២៦ នេះ ស្ថាន​ភាព​​គ្រោះ​​ទឹក​ជំនន់ និង​​ជំនន់​​ទឹក​ភ្លៀង​​នៅ​​កម្ពុជា បាន​​បន្ត​​ប៉ះ​ពាល់​​យ៉ាង​​ធ្ងន់​ធ្ងរ​​ដល់​​រាជ​ធានី-ខេត្ត​​ចំនួន ១០ ស្មើ​​នឹង ៥២ ក្រុង-ស្រុក ដោយ​​បាន​​ធ្វើ​​ឱ្យ​​​ប្រជា​ពលរដ្ឋ​​សរុប​ ៥៧,៩៨០ គ្រួសារ រង​​ផល​​​ប៉ះ​ពាល់ (កើន​​ឡើង ១៣,០៩១ គ្រួសារ)។ នេះ​​បើ​​យោង​​តាម​​របាយ​ការណ៍​​បច្ចុប្បន្ន​ភាព​​ចុង​ក្រោយ​​ពី​​គណៈ​កម្មាធិការ​​ជាតិ​​គ្រប់​គ្រង​​គ្រោះ​​មហន្ត​រាយ (គ.ជ.គ.ម.)។

ផ្អែក​តាម​ទិន្នន័យ​ផ្លូវការ​ ​គិត​ចាប់​ពី​ថ្ងៃ​ទី៨ ដល់​ថ្ងៃ​ទី២៨ ខែ​កញ្ញា ឆ្នាំ​២០២៦ ការ​ហក់​​ឡើង​នៃ​ទឹកជំនន់​ភ្លៀង និង​ទឹក​ហូរ​ធ្លាក់​ពី​ប្រទេស​ជិតខាង បាន​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ ៥ម៉ឺន​៧ពាន់​គ្រួសារ (៥៧,៩៨០គ្រួសារ​) ជន់​លិច​ផ្ទះសម្បែង​ជាង ៥ម៉ឺន​ខ្នង (៥១,៨៧៤ ខ្នង) ក្នុង​នោះ​ពលរដ្ឋ​ចំនួន ៤ពាន់៨រយ​គ្រួសារ (៤,៨១៩គ្រួសារ​) ត្រូវ​បាន​​កម្លាំង​សមត្ថកិច្ច និង​​អាជ្ញាធរ​មូលដ្ឋាន​ជម្លៀស​ទៅ​កាន់​​ទីទួល​​សុវត្ថិភាព។ ជាមួយ​គ្នា​នេះ ផ្ទៃដី​ដំណាំ​ស្រូវ​រង​ផល​ប៉ះ​ពាល់​​កើន​ឡើង​ដល់​ជាង ៧ម៉ឺន ២ពាន់​ហិកតា (៧២,៤៤០ហិកតា)។

ក្នុង​ចំណោម​ខេត្ត​ទាំង ១០ ខេត្ត​បាត់ដំបង រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ជំនន់​ឆ្នាំ​២០២៦ នេះ ដោយ​កម្ពស់​ទឹក​ស្ទឹង​​សង្កែ​​​ហក់​ឡើង​រហូត​ដល់ ១៤,១១ ម៉ែត្រ ក្នុង​នោះ​មាន​ពលរដ្ឋ​រងគ្រោះ​ប្រមាណ ៣ម៉ឺន ២ពាន់​គ្រួសារ (៣២,៤៤៧) និង​ខូចខាត​ស្រូវ ៤ម៉ឺន ៧ពាន់​ហិកតា (៤៧,២៥០)។ អាជ្ញាធរ​បាន​បិទ​ចរាចរណ៍​លើ​ស្ពាន និង​ផ្លូវ​មួយ​ចំនួន​ក្នុង​ក្រុង​បាត់ដំបង​ជា​បណ្តោះអាសន្ន។

ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង កញ្ញា សា ឌីណា ប្រាប់​វីអូឌី​ថា ទឹកស្ទឹង​សង្កែ​បាន​ស្រក​ចុះ​បន្តិច​ នៅ​ថ្ងៃ​ទី២៩ ខែ​កញ្ញា នេះ ប៉ុន្តែ​​ផ្នែក​ខ្លះ​នៃ​ស្រុក​ឯកភ្នំ និង​ក្រុង​បាត់ដំបង បន្ត​ជន់​លិច​តាម​តំបន់ ជាពិសេស​ភូមិឋាន​ទំនាប។ កញ្ញា​បន្ត​ថា ទោះបី​ទឹក​ស្រក តែ​ពលរដ្ឋ​បន្ត​ជួប​ប្រទះ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​ធ្វើដំណើរ ដោយ​ស្ថានភាព​ផ្លូវ​រអិល មាន​ភក់​ដោយ​អន្លើ។ កញ្ញា​បញ្ជាក់​បន្ថែម​ថា ជំនន់​ពេល​នេះ​ពិត​ជា​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ជាង​រាល់ដង។

កញ្ញា សា ឌីណា និយាយថា៖ «បើនិយាយពីទឹកឆ្នាំនេះគឺ ខ្លាំងជាងឆ្នាំមុន ហើយច្រើនជាង​ឆ្នាំមុ​ន អាច​ថា​​រៀង​​រាល់​​ឆ្នាំ​ចឹង ខែ​ហ្នឹង​​គឺដ​ល់រ​ដូវ​ទឹក​ឡើង​ហើយ ប៉ុន្តែ​អត់​ដល់​ច្រើន​ដូច​ឆ្នាំ​នេះ​ទេ។ បើ​សិន​ជា​សង្កេត​មើល​ទៅ អាច​ថា​ដោយ​​​សារ​​តែ​ព្យុះ​នៅ​ប្រទេស​ជិត​ខាង​ផង ហើយ​យើង​មាន​ភ្លៀង​ធ្លាក់​ជា​ច្រើន​ថ្ងៃ»។

យោង​តាម​របាយការណ៍​ចុងក្រោយ​ពី​រដ្ឋបាល​ខេត្ត​បាត់ដំបង នៅ​ត្រឹម​ម៉ោង ១រសៀល ថ្ងៃ​ទី២៩ ខែ​កញ្ញា នេះ កម្ពស់​ទឹកស្ទឹង​សង្កែ​ចុះ​មក​នៅ​ត្រឹម ១៣,៥០ ម៉ែត្រ។ ប៉ុន្តែ​នៅ​ក្នុង​ក្រុង ដូចជា ​ផ្សារ​បឹងឈូក និង​ផ្នែក​ខ្លះ​​នៃ​ស្រុក​ឯកភ្នំ នៅ​​បន្ត​ជន់​លិច​នៅ​ឡើយ។

បន្ទាប់​ពី​ខេត្ត​បាត់ដំបង ខេត្ត​ដែល​រងគ្រោះ​បន្ទាប់​ទៀត មាន​ដូចជា​ខេត្ត​សៀមរាប ប៉ះពាល់​ពលរដ្ឋ​ជាង ១ម៉ឺន ២ពាន់​​គ្រួសារ (១២,៣៣៣គ្រួសារ​) និង​ស្រូវ​ជាង ៤ពាន់​ហិកតា (៤,៨៦២ហិកតា), ខេត្ត​បន្ទាយមានជ័យ ប៉ះពាល់​ពលរដ្ឋ​​ជាង ៣ពាន់​គ្រួសារ (៣,២១៤គ្រួសារ​) និង​ស្រូវ​ប្រមាណ ១ម៉ឺន ២ពាន់​ហិកតា ខណៈ​តំបន់​ព្រំដែន ដូចជា​ក្រុង​ប៉ោយប៉ែត ក៏​បាន​រង​ការ​លិចលង់​ដោយសារ​ទឹក​បន្ត​ហូរ​ធ្លាក់​មក​ពី​ប្រទេស​ថៃ​ផង​ដែរ។ ចំណែក​ខេត្ត​រងគ្រោះ​ផ្សេង​ទៀត មាន​ដូចជា កំពង់ធំ, ត្បូងឃ្មុំ, កំពង់ចាម, ក្រចេះ, ពោធិ៍​សាត់, ប៉ៃលិន, ព្រះ​វិហារ និង​​ឧត្តរមានជ័យ។

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក សុទ្ធ គឹមកុលមុនី បាន​គូសបញ្ជាក់​ប្រាប់​​បណ្តាញ​សារព័ត៌មាន​ក្នុង​ស្រុក​ថា ទោះបីជា​ចំនួន​គ្រួសារ​រង​ផល​ប៉ះពាល់​មាន​ការ​កើន​ឡើង​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​​នេះ​ក្តី ប៉ុន្តែ​ស្ថានភាព​ទឹកទន្លេ​មេគង្គ​នៅ​តាម​ស្ថានីយ​សំខាន់ៗ​ភាគច្រើន កំពុង​មាន​​និន្នាការ​ស្រក​ចុះ​ជា​បណ្តើរៗ និង​ស្ថិត​នៅ​ក្រោម​កម្រិត​ប្រុងប្រយ័ត្ន។

ទន្ទឹម​នឹង​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងស្ទឹង និង​តំបន់​ងាយ​រងគ្រោះ បន្ត​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ជំនន់​ទឹកភ្លៀង និង​បាតុភូត​ធម្មជាតិ​ផ្សេងៗ ដែល​អាច​កើតមាន​ឡើង​ជា​បន្ត​ទៀត។

ទាក់ទិន​រឿង​នេះ មន្ត្រី​សម្របសម្រួល​កម្មវិធី​នៃ​អង្គការ​លីកាដូ​ប្រចាំ​ទិស​ពាយ័ព្យ លោក អ៊ិន គង់ជិត កត់សម្គាល់​ថា ក្នុង​ចំណោម​ខេត្ត​នៅ​ជាប់​ព្រំដែន​ទាំងអស់ ខេត្ត​បាត់ដំបង​រងគ្រោះ​ពី​ទឹកជំនន់​ខ្លាំង​ជាងគេ នៅ​ស្រុក​មួយ​ចំនួន ដូច​ជា ​ស្រុក​សំឡូត ស្រុក​រតនមណ្ឌល ស្រុក​សង្កែ ស្រុក​ឯកភ្នំ ស្រុក​បវេល និង​ក្រុង​បាត់ដំបង​ផ្ទាល់។ លោក​បន្ត​ថា ទីតាំង​​ភូមិសាស្ត្រ​ទាំងនេះ​ភាគច្រើន​ជា​វាលទំនាប​ងាយ​ជន់​លិច និង​ដក់ទឹក​យូរ ទោះបី​ទឹកស្ទឹង​ស្រក​ទៅវិញ​ក៏​ដោយ។

ជាមួយ​គ្នា​នេះ លោក​កត់សម្គាល់​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​កំពុង​រង​ការ​ខ្វះខាត​ស្បៀង និង​ជំនួយ​ផ្សេងៗ ព្រោះ​​ទឹក​ហក់​ឡើង​លឿន មិន​អាច​ត្រៀម​ខ្លួន​បាន​ទាន់​ពេល ខណៈ​ដំណាំ​ស្រូវ​ក្នុង​តំបន់​នេះ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ប្រឈម​ការ​​ខាត​បង់​​ក្រោយ​ទឹក​ស្រក។ ករណី​នេះ លោក​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ខេត្ត គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ អាជ្ញាធរ​មូលដ្ឋាន រួមទាំង​ក្រសួង​ពាក់ព័ន្ធ ត្រូវ​បង្កើន​ការ​ជួយ​សង្គ្រោះ ដោយ​​​ធានា​លើ​ការ​ហូបចុក សុវត្ថិ​ភាព និង​ត្រៀម​គ្រាប់ពូជ​ចែក​ជូន​ពលរដ្ឋ​សម្រាប់​បង្កបង្កើនផល​សារជាថ្មី។

លោក អ៊ិន គង់ជិត ថ្លែងថា៖«ត្រូវតែមានការឆ្លើយតបទៅនឹងតម្រូវ​ការ​ជាក់​ស្ដែង ដូច​ជា ការ​ជួយ​សង្គ្រោះ​បន្ទាន់ ដែល​ពួក​គាត់​អំពាវ​នាវ​ហៅ​ឱ្យ​មាន​ការ​ជម្លៀស​ចេញ​អី​ហ្នឹង ទៅ​រក​ទីទួល​សុវត្ថិ​ភាព ត្រូ​វ​តែ​បញ្ជូន​កម្លាំង និង​មធ្យោ​បាយ មាន​ទូក កាណូតអី ទៅ​ដឹក បាទ! ហ្នឹង​ជា​អាទិភាព​ធំ​បំផុត។ ហើយ​ទី​ពីរ យើង​ត្រូវ​ត្រៀម​ស្បៀង​អាហារ​សម្រាប់​​​ឧបត្ថម្ភ​ពួក​គាត់​ហ្នឹង ហើយ​និង​ថ្នាំ​សង្កូវ​មួយ​ចំនួន ហើយ​និង​តង់ សំពត់​អី​ហ្នឹង ដើម្បី​ឱ្យ​ពួក​គាត់​បាន​ស្នាក់​នៅ​​ជា​​បណ្ដោះ​អាសន្ន កន្លែង​ទីទួល​សុវត្ថិ​ភាព​សិន ទម្រាំ​គាត់​បាន​ត្រឡប់​ទៅ​វិញ»។

តាម​ការ​សម្គាល់ ក្នុង​ឆ្នាំ​២០២៦ នេះ មាន​ទឹកជំនន់​កើតឡើង​បន្តបន្ទាប់​គ្នា លើស​ពី ២ដង ក្នុង​រយៈពេល​មិន​​ដល់​កន្លះ​​ឆ្នាំ ខណៈ​ពិភពលោក​កំពុង​ប្រឈមមុខ​នឹង​បាតុភូត​រាំងស្ងួត អែលនីញ៉ូ (El Niño) ដែល​ធ្វើ​ឱ្យ​របាយ​ទឹកភ្លៀង​ប្រែ​ប្រួល​​ខ្លាំង និង​បង្ក​ព្យុះ​ជា​បន្តបន្ទាប់។

នៅ​មុន​បញ្ហា​ទឹកជំនន់ កសិករ​ភាគច្រើន​នៅ​ភាគ​ពាយ័ព្យ​ប្រទេស ដូចជា ​បាត់ដំបង បន្ទាយមានជ័យ បាន​រង​គ្រោះ​​ដោយ​សារ​​បាតុភូត​រាំងស្ងួត​ម្តង​រួច​ទៅ​ហើយ ដែល​ធ្វើ​ឱ្យ​ការ​បង្កបង្កើនផល​ត្រូវ​ខាតបង់​ផ្ទួនៗ​គ្នា ស្រប​​ពេល​ទឹកជំនន់​​លើក​នេះ​​បាន​ពន្លិច​ស្រូវ​ពង្រោះ និង​ខ្លះ​ត្រៀម​ប្រមូលផល។ ប្រជាពលរដ្ឋ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ទម្លាក់​កញ្ចប់​ជំនួយ​​សង្គម ដើម្បី​សង្គ្រោះ​ជីវភាព​ក្នុង​ដំណាក់កាល​លំបាក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ