កូរ៉េ​ខាង​ជើង​​កំពុង​​បញ្ជូន​​កង​ទ័ព ១​ម៉ឺន​​នាក់​​ទៀត​ទៅ​កាន់​​​រុស្ស៊ី ដើម្បី​​ធ្វើ​​​សង្គ្រាម​​ឈ្លាន​ពាន​​អ៊ុយ​ក្រែន

ប្រធានាធិបតី​​អ៊ុយ​ក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskiy) បាន​និយាយ​​កាល​ពី​​​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ថា មាន​​កង​ទ័ព​​កូរ៉េ​ខា​​ងជើ​ង​​ជាង ៨,០០០ នាក់ ​​នៅ​​លើ​​ទឹក​ដី​​រុស្ស៊ី ហើយ​​ការ​រៀប​ចំ​​កំពុង​​ត្រូវ​​បាន​​ធ្វើ​ឡើង ដើម្បី​​បញ្ជូន​​​កង​ទ័ព​​ចំនួន ១០,០០០ នាក់​​បន្ថែម​​ទៀត។

ដោយ​​ដកស្រង់ “ទិន្នន័យ​ថ្មី” ស្តីពី​ការ​បញ្ជូន​កងទ័ព​កូរ៉េខាងជើង​ទៅកាន់​ប្រទេស​រុស្ស៊ី លោក ហ្សេឡេនស្គី បាន​និយាយ​​នៅ​ក្នុង​អត្ថបទ​មួយ​លើ​បណ្តាញ​សង្គម X ថា ពួកគេ​កំពុង “ត្រូវ​បាន​ជ្រើស​រើស​សម្រាប់​ការ​ហ្វឹកហ្វឺន និង​ការ​បញ្ជូន​បន្តបន្ទាប់​ទៅកាន់​ប្រទេស​រុស្ស៊ី”។

ប្រធានាធិបតី​អ៊ុយក្រែន​រូប​នេះ បាន​និយាយ​កាលពី​ខែ​សីហា ថា ទាហាន​កូរ៉េខាងជើង​រហូត​ដល់ ៥០,០០០ នាក់ អាច​​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រយុទ្ធ​ឱ្យ​ប្រទេស​រុស្ស៊ី ហើយ​បាន​អំពាវនាវ​ឱ្យ​កូរ៉េខាងត្បូង​ផ្តល់​ការ​គាំទ្រ​ដល់​ប្រព័ន្ធ​ការពារ​អាកាស​របស់​អ៊ុយក្រែន។

កូរ៉េខាងត្បូង​ បាន​ប្រកាស​កាលពី​ខែ​កក្កដា នូវ​កញ្ចប់​ជំនួយ​ចំនួន ១០០ លាន​ដុល្លារ ​សម្រាប់​អ៊ុយ​​ក្រែន ទោះបីជា​វារាប់​មិន​បញ្ចូល​អាវុធ​ប្រល័យ​ជីវិត​ក៏ដោយ។

ការ​អត្ថាធិប្បាយ​របស់​លោក ហ្សេឡេនស្គី កាលពី​ថ្ងៃទី​២៨ ខែ​កញ្ញា បាន​ធ្វើឡើង​បន្ទាប់ពី​ទីក្រុង​​សេអ៊ូល និង​ទីក្រុង​គៀវ មាន​ការ​ខ្វែងគំនិត​គ្នា​ជុំវិញ​ការ​ប្រកាស​របស់​លោក ​​កាលពី​សប្តាហ៍​មុន​​ថា អ៊ុយក្រែន​បាន​បញ្ជូន​ទាហាន​កូរ៉េខាងជើង ២ នាក់​ ដែល​ចាប់ខ្លួន​បាន​ទៅឱ្យ​កូរ៉េខាងត្បូង។

ទីក្រុង​សេអ៊ូល ​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​ប្រកាស​របស់​លោក ដោយ​ដកស្រង់​កិច្ចព្រម​ព្រៀង​រក្សា​ការ​បញ្ជូន​​នេះ​ជា​ការ​សម្ងាត់។ កូរ៉េខាងត្បូង ​ក៏​បាន​តវ៉ា​ប្រឆាំង​នឹង​អ្វី​ដែល​ខ្លួន​ហៅ​ថា ជា​សេចក្តី​ថ្លែងការណ៍​មិន​ពិត​ចេញ​ពី​ការិយាល័យ​ប្រធានាធិបតី​អ៊ុយក្រែន ដែល​បាន​បដិសេធ​​​ថា គ្មាន​កិច្ចព្រមព្រៀង​រក្សា​ការ​សម្ងាត់​បែប​នេះ​ឡើយ។

យោង​តាម​ការ​ប៉ាន់ប្រមាណ​របស់​អ៊ុយក្រែន និង​កូរ៉េខាងត្បូង កូរ៉េខាងជើង​បាន​បញ្ជូន​កងទ័ព​ប្រហែល ១៤,០០០ នាក់ ទៅ ១៥,០០០ នាក់ ដើម្បី​គាំទ្រ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​ចាប់តាំងពី​ឆ្នាំ​២០២៤ ដោយ​ភាគច្រើន​ត្រូវ​បាន​ពង្រាយ​នៅ​ក្នុង​តំបន់ Kursk ដើម្បី​ជួយ​រុញច្រាន​ការ​វាយលុក​របស់​អ៊ុយក្រែន។

យោង​តាម​ការ​វាយតម្លៃ​របស់​អ៊ុយក្រែន និង​អង្គការ​ឯករាជ្យ ទីក្រុង​ព្យុងយ៉ាង ក៏​បាន​ផ្គត់ផ្គង់​ដល់​ប្រទេស​រុស្ស៊ី​នូវ​គ្រាប់​​កាំភ្លើង​ធំ និង​គ្រាប់​កាំភ្លើងត្បាល់​រាប់​លាន​គ្រាប់ ព្រមទាំង​មីស៊ីល​បាលីស្ទិក ប្រព័ន្ធ​កាំភ្លើងធំ​ចម្ងាយ​ឆ្ងាយ និង​​ប្រព័ន្ធ​រ៉ុក្កែត​បាញ់​ច្រើន​ដើម​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ