សំណើរបស់លោក រ៉ុង ឈុន សុំទៅស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្តាល ដើម្បីបានធ្វើពិធីដាក់បិណ្ឌជួបជុំបងប្អូននៅរដូវភ្ជុំបិណ្ឌនេះ ត្រូវបានបដិសេធជាថ្មីទៀត ពីសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារនេះ ក្រោយពីតុលាការកំពូល បានច្រានចោលសំណើនេះដូចគ្នា។
នេះបើតាមការអះអាងរបស់ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ដែលសកម្មជំរុញតម្លាភាពសង្គម និងបញ្ហាព្រំដែន បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ។
លោក រ៉ុង ឈុន បានគូសបញ្ជាក់ថា លោកបានទៅដាក់លិខិត នៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែលោកសោកស្តាយ ដោយថាស្ថាប័ននេះ មិនទទួលលិខិតលោកទេ ដោយសំអាងថា សាលដីកាសំណុំរឿងលោកដែលប្តឹងសារទុក្ខទៅតុលាការកំពូលនោះ បានចូលជាធរមានហើយ ដែលលោកមិនអាចចាកចេញពីរាជធានីភ្នំពេញបានទេ ពោលគឺបិទផ្លូវតវ៉ា។
ក្នុងន័យនេះ លោកពន្យល់ថា សុំការអនុញ្ញាតត្រឹមតែ ២ ឬ ៣ ថ្ងៃ ប៉ុណ្ណោះ ដើម្បីទៅធ្វើបុណ្យតបស្នងគុណដល់អ្នកមានគុណដែលបានចែកឋានទៅ ដោយលោកបានបញ្ជាក់ថា ការដាក់លិខិតសុំច្បាប់នេះ គឺមិនមែនជាការសុំលើកលែងទោស ឬសុំសេរីភាពនោះឡើយ តែជាការសុំចូលរួមក្នុងពិធីបុណ្យប្រពៃណីជាតិ នៅឯស្រុកកំណើតរបស់លោក ក្នុងឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។
លោកបានរិះគន់ថា មន្ត្រីរដ្ឋបាលមិនបានអនុវត្តតាមនីតិវិធីត្រឹមត្រូវនោះទេ ព្រោះតាមធម្មតា មន្ត្រីត្រូវតែវាយត្រាទទួលលិខិតជាមុនសិន រួចទើបធ្វើការសម្រេចចិត្តតាមក្រោយ។
យ៉ាងណា លោកយល់ថា វិធានការលើរូបលោក រួមទាំងវិធានការរំលាយគណបក្សសង្គ្រោះជាតិ ចាប់ពីចុងឆ្នាំ២០១៧មក មិនធ្វើឱ្យកម្ពុជារីកចម្រើនទេ ដែលលោកចង់ឃើញមេដឹកនាំងាកទៅស្តារប្រជាធិបតេយ្យ ដោះលែងអ្នកទោសនយោបាយជាង ១០០ នាក់ ដែលកំពុងជាប់ឃុំ ដើម្បីបុព្វហេតុជាតិ។
លោកថា៖ «លោក រ៉ុង ឈុន អត់បានប្រព្រឹត្តកំហុសទោសដល់ធ្ងន់ធ្ងរអីផង។ យើងឃើញកន្លងមកនេះ លោក ហ៊ុន សែន លើកលែងទោសទៅដល់ឧក្រិដ្ឋជនដែលជួញដូរគ្រឿងញៀនដែលជាជនជាតិបរទេស ហើយលោក ហ៊ុន ម៉ាណែត ស្នើឱ្យលើកលែងទោសទៅដល់ឧក្រិដ្ឋជនប្រព្រឹត្តអំពើពុករលួយបាន។ ហេតុអ្វីបានជាមិនអនុញ្ញាតឱ្យលោក រ៉ុង ឈុន គ្រាន់តែធ្វើដំណើរទៅស្រុកកំណើត? ហើយកន្លងមក លោក ថោង សារ៉ាត់ អីហ្នឹង ឧកញ៉ា ថោង សារ៉ាត់ ហ្នឹង ឃើញទេ? សម្លាប់មនុស្សផង ឃើញទេ? គេលើកលែងទោសបាន ឃើញទេ? ឧកញ៉ា គិត ធាង ពាក់ព័ន្ធនឹងគ្រឿងញៀន ក៏លើកលែងទោសបាន។ ហេតុអ្វីបានជាមិនអនុញ្ញាតឱ្យលោក រ៉ុង ឈុន ទៅលេងស្រុកកំណើតបាន?»។
តុលាការកំពូល បានប្រកាសសាលដីកា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដោយរក្សាការផ្តន្ទាទោសដដែលដូច សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសលោក រ៉ុង ឈុន ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរឿងព្រំដែនកម្ពុជា-វៀតណាម។
សាលដីកាស្ថាពរនោះ បានផ្តន្ទាទោសលោក រ៉ុង ឈុន ដាក់ពន្ធនាគារ ៤ ឆ្នាំ តែព្យួរទោស ៣ ឆ្នាំ មានន័យថា មិនដាក់ក្នុងពន្ធនាគារ តែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ៣ ឆ្នាំ មិនឱ្យធ្វើដំណើរចេញពីរាជធានីភ្នំពេញ និងដកសិទ្ធិធ្វើនយោបាយរយៈពេល ៥ ឆ្នាំ។ ហើយក្រោយមក បានបដិសេធសំណើសារជាថ្មីរបស់លោក រ៉ុង ឈុន សុំទៅធ្វើបុណ្យនៅស្រុកកំណើតក្នុងរដូវភ្ជុំបិណ្ឌនេះដូចគ្នា។
តំណាងរាស្ត្រពីបក្សប្រឆាំង លោក អ៊ុំ សំអាន ហៅការចោទប្រកាន់ និងវិធានការដកសិទ្ធិលោក រ៉ុង ឈុន ថាវាឆ្លុះបញ្ចាំងកាន់តែច្បាស់ថា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត អ្នកដែលបារម្ភរឿងទឹកដី និងជំរុញតម្លាភាពសង្គម ជាមុខសញ្ញាផ្តន្ទាទោស រីឯក្រុមឧក្រិដ្ឋជនគ្រឿងញៀន ពុករលួយ និងអ្នកធ្វើឱ្យបាត់បង់ទឹកដីទៅប្រទេសជិតខាងជាអ្នកស្នេហាជាតិ។
លោកថា៖ «យើងឃើញហើយ តាំងពីការរំលាយសង្គ្រោះជាតិ បាត់សំឡេងប្រឆាំង តើសង្គមកម្ពុជាយើងកើត មានអ្វីនឹងកើតឡើងនៅក្នុងសង្គមកម្ពុជាយើង? ឃើញទេ? ធ្វើឱ្យកម្ពុជាយើងចុះខ្សោយ បរទេសមើលងាយមើលស្រាល។ កាលពីនៅមានសំឡេងប្រឆាំង ពួកដូចប្រទេសសៀមអីហ្នឹង អត់ហ៊ានឈ្លានពានយើងទេ មិនអញ្ចឹង?»។
នាយកគ្រប់គ្រងទូទៅអង្គការលីកាដូ លោក អំ សំអាត បានសម្តែងការសោកស្តាយ ដោយសំអាងថា ប្រជាពលរដ្ឋគ្រប់រូបគួរតែមានសិទ្ធិចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ តាមប្រពៃណីនេះ ដោយហេតុផលថា រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅមិនឆ្ងាយពីគ្នានោះទេ។ ហើយមួយវិញទៀត លោកថា ក្រុមអង្គការសង្គមស៊ីវិល ចង់ឃើញអ្នកនយោបាយចេះជជែកគ្នារកដំណោះស្រាយណាមួយ ដើម្បីប្រយោជន៍ជាតិ។
លោកថា៖ «ហើយកន្លងមក យើងឃើញថាមានមតិជាតិ និងអន្តរជាតិ អង្គការអន្តរជាតិគេលើកឡើងថា ករណីលោក រ៉ុង ឈុន នេះ វាជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់អីជាដើម អ៊ីចឹងយើងជាអង្គការសង្គមស៊ីវិល យើងមិនចង់ឃើញបន្តនៃការរិះគន់អញ្ចឹងទេ យើងចង់ឃើញថា មានការសន្ទនា ឬក៏មានការជជែកគ្នាដើម្បីរកដំណោះស្រាយណាមួយដែលអាចទទួលយកបានទាំងអស់គ្នា រវាងលោក រ៉ុង ឈុន»។
ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា រងការរិះគន់យ៉ាងខ្លាំងពីសំណាក់អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ សហគមន៍អន្តរជាតិ និងប្រជាពលរដ្ឋទូទៅ ដោយសារពួកគេមើលឃើញថា ស្ថាប័នតុលាការស្ថិតនៅក្រោមឥទ្ធិពល និងការត្រួតត្រារបស់អំណាចនីតិប្រតិបត្តិ។
ចៅក្រម និងព្រះរាជអាជ្ញាមួយចំនួន មានចំណងទាក់ទងជិតស្និទ្ធ ឬជាសមាជិកនៃគណបក្សកាន់អំណាច ដែលធ្វើឱ្យប៉ះពាល់ដល់ភាពអព្យាក្រឹតក្នុងការកាត់ក្តី។
តុលាការត្រូវបានចោទប្រកាន់ថា ត្រូវបានប្រើប្រាស់ដើម្បីបង្ក្រាប ឬបំបិទមាត់សកម្មជននយោបាយប្រឆាំង សកម្មជនសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និងអ្នកតស៊ូមតិខាងបរិស្ថាន។
កត្តាទាំងនេះ បានធ្វើឱ្យសាធារណជនទូទៅបាត់បង់ទំនុកចិត្តលើស្ថាប័នតុលាការ ដោយយល់ថាស្ថាប័ននេះ មិនមែនជាទីពឹងសម្រាប់ស្វែងរកយុត្តិធម៌សង្គមពិតប្រាកដនោះទេ។
តួយ៉ាងដូចជា របាយការណ៍ និងសន្ទស្សន៍អន្តរជាតិជាច្រើនបានសិក្សា និងចងក្រងពីបញ្ហាទាំងនេះជាបន្តបន្ទាប់ ដោយផ្អែកលើការស្រាវជ្រាវ និងទិន្នន័យជាក់ស្តែងដូចជាសន្ទស្សន៍នីតិរដ្ឋរបស់គម្រោងយុត្តិធម៌ពិភពលោក (WJP)។
របាយការណ៍ប្រចាំឆ្នាំរបស់ WJP បានរៀបចំចំណាត់ថ្នាក់កម្ពុជាស្ថិតនៅក្នុងក្រុមបាតតារាងជានិច្ចខាងផ្នែក «នីតិរដ្ឋ»។ ក្នុងចំណោម ១៤២ ប្រទេស/ដែនដី កម្ពុជាជាប់ចំណាត់ថ្នាក់ជិតបាតតារាង ក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ សូចនាករដែលកម្ពុជាទទួលបានពិន្ទុទាបបំផុត រួមមាន កង្វះយុត្តិធម៌ព្រហ្មទណ្ឌ និងរដ្ឋប្បវេណី កង្វះការត្រួតពិនិត្យលើអំណាចរដ្ឋាភិបាល និងអំពើពុករលួយ៕









