រដ្ឋមន្ត្រី John Healey បានប្រាប់ BBC ថា ចក្រភពអង់គ្លេសកំពុងចរចាជាមួយអាជ្ញាធរអាមេរិកជុំវិញការផ្អាកការនាំចេញប្រេងម៉ាស៊ូត ដែលអាចកើតមាន ហើយបានចាប់ផ្តើមរៀបចំផែនការទប់ទល់នឹងការហាមឃាត់នេះហើយ។
តម្លៃប្រេងម៉ាស៊ូតនៅចក្រភពអង់គ្លេសបានកើនឡើងដល់កម្រិតខ្ពស់បំផុត កាលពីថ្ងៃទី២៨ ខែកញ្ញា ដោយសារសម្ពាធផ្គត់ផ្គង់ពីជម្លោះរវាងអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ និងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។ តម្លៃប្រេងកំពុងកើនឡើងនៅទូទាំងពិភពលោក ហើយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមហាមឃាត់ការនាំចេញប្រេងម៉ាស៊ូត ដោយថ្លែងថា ៖ «យើងកំពុងគិតគូរអំពីបញ្ហានេះយ៉ាងម៉ត់ចត់បំផុត»។
លោក Healey ដែលទទួលស្គាល់ថា តម្លៃប្រេងម៉ាស៊ូតនៅអង់គ្លេសមានកម្រិត «ធ្ងន់ធ្ធរខ្លាំង» បាននិយាយថា រដ្ឋាភិបាលកំពុងពិភាក្សាជាមួយអាមេរិក ហើយបានបន្ថែមថា ៖ «យើងក៏កំពុងរៀបចំការត្រៀមបម្រុងទុក ហើយយើងមានប្រេងបម្រុងផ្ទាល់ខ្លួននៅក្នុងចក្រភពអង់គ្លេសផងដែរ»។ លោកបានបន្តថា ៖ «យើងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាមេរិក ដើម្បីព្យាយាមរកដំណោះស្រាយតាមផ្លូវការទូត និងបញ្ចប់ការប្រយុទ្ធគ្នាជាមួយអ៊ីរ៉ង់»។
ចក្រភពអង់គ្លេសពឹងផ្អែកលើអាមេរិកប្រមាណមួយភាគបីនៃការនាំចូលប្រេងម៉ាស៊ូតរបស់ខ្លួន ហើយការហាមឃាត់នេះនឹងធ្វើឱ្យតម្លៃរឹតតែហក់ឡើងខ្ពស់។ ប្រភពពីអាមេរិកឱ្យដឹងថា លោក ត្រាំ កំពុងពិចារណាលើការហាមឃាត់នេះ ដើម្បីទម្លាក់តម្លៃសម្រាប់អ្នកប្រើប្រាស់ក្នុងស្រុក មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ។
នៅចក្រភពអង់គ្លេស តម្លៃជាមធ្យមសម្រាប់ប្រេងម៉ាស៊ូត ១ លីត្រ បានកើនឡើងដល់ ១៩៩,៣៣ ប៉ែន កាលពីថ្ងៃទី២៨ ខែកញ្ញា ដោយទម្លាក់កំណត់ត្រាខ្ពស់បំផុត ១៩៩,០៩ ប៉ែន ក្នុងខែមិថុនា ឆ្នាំ២០២២។ តម្លៃប្រេងសាំងក៏បន្តកើនឡើងដល់ ១៧៤,២៣ ប៉ែន ក្នុង ១ លីត្រផងដែរ។ ក្នុងរយៈពេល ៧ ខែចុងក្រោយនេះ សង្គ្រាមអ៊ីរ៉ង់បានរំខានយ៉ាងធ្ងន់ធ្ធរដល់ការផលិត និងការដឹកជញ្ជូនប្រេងឆៅ ដែលបណ្តាលឱ្យតម្លៃប្រេងឥន្ធនៈកើនឡើងយ៉ាងខ្លាំង។ លោក Healey បាននិយាយថា លោកដឹងច្បាស់អំពីសម្ពាធលើតម្លៃជីវភាពទាំងនេះ នៅពេលលោកកំពុងរៀបចំថវិកាជាតិនៅថ្ងៃទី២៨ ខែតុលា។
លោកបានបញ្ជាក់ថា ៖ «ជាមូលដ្ឋាន អ្វីដែលយើងត្រូវការគឺការដោះស្រាយនៅមជ្ឈិមបូព៌ា និងការកាត់បន្ថយសម្ពាធលើថ្លៃចំណាយរបស់អាជីវកម្ម និងគ្រួសារទូទៅនៅតាមស្ថានីយប្រេង»៕









