ជនរងគ្រោះ​ពី​ការ​ចាប់​ឃុំខ្លួន​ច្រឡំ​ជិត ១ឆ្នាំ ប្តឹង​​ប្រធាន​​មន្ទីរ​​បរិស្ថាន​​ខេត្ត​​ស្ទឹង​ត្រែង​​ទៅ​​សាលា​ឧទ្ធរណ៍

ជន​រង​គ្រោះ​​ដែល​​ជាប់​​ពន្ធនា​គារ​​ជិត ១ឆ្នាំ យ៉ាង​​អយុត្តិ​ធម៌ ដោយ​សារ​​ការ​​ចាប់​​ខុស​​មនុស្ស បាន​​ប្តឹង​​ប្រធាន​​មន្ទីរ​​បរិស្ថាន​​​ខេត្ត​​ស្ទឹង​ត្រែង លោក ស្រេង ជាហេង និង​​នាយក​​ដែន​​នៃ​​មន្ទីរ​​បរិស្ថាន​​ខេត្ត​​នេះ លោក ទូច វិចិត្រ ទៅ​កាន់​​សាលា​ឧទ្ធរណ៍​​ត្បូង​ឃ្មុំ ដើម្បី​​ឱ្យ​​​អគ្គ​ព្រះ​រាជ​អាជ្ញា​​​ធ្វើ​​អធិការ​កិច្ច​​ពី​​ភាព​​មិន​​ប្រក្រតី នៃ​​ការ​​ស៊ើប​អង្កេត​​ធូរ​រលុង​​របស់​​មន្ត្រី​​ទាំង​នេះ។

លោក ណុះ សូឡេះ ត្រូវ​ជា​ប្អូនថ្លៃ​ជនរងគ្រោះ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២៩ ខែកញ្ញា ថា ពាក្យបណ្តឹង​របស់​លោក មាន​​បំណង​ឱ្យ​អគ្គព្រះរាជអាជ្ញា​ត្បូងឃ្មុំ ពិនិត្យ​ពី​ភាព​មិន​ប្រក្រតី​នៃ​សំណុំរឿង​នេះ ដែល​មន្ត្រី​នគរបាល​យុត្តិ​ធម៌ ស៊ើបអង្កេត​មិន​ច្បាស់លាស់ ដោយ​បាន​ចាប់​មនុស្ស​ដាក់​គុក​ទាំង​គ្មាន​កំហុស។ លោក​ថា ពាក្យបណ្តឹង​របស់​លោក ទាមទារ​ឱ្យ​លោក ស្រេង ជាហេង ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង និង​មន្ត្រី​បរិស្ថាន លោក ទូច វិចិត្រ ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់ និង​វិន័យ​រដ្ឋបាល។

លោកថា៖ «ចាប់​មនុស្ស​នេះ គឺ​ចាប់​មនុស្ស​ម្នាក់​ទៀត​ទេ! ចុះ​ហេតុអ្វី​ម​ក​ចាប់​បង​ខ្ញុំ? ឱ្យ​គាត់​មាន​ដំណោះ​ស្រាយ ឱ្យ​គាត់​ត្រូវ​ធ្វើ​អ្វី ឱ្យ​គាត់​មានកា​រ​ទទួល​ខុស​ត្រូវ កុំ​ឱ្យ​គាត់​ធ្វើ​អ្វី​លេះ​រខេះ ដូច​ល្បែង​ក្មេង​លេង ដូច​អត់​មាន​ការ​ទទួល​ខុស​ត្រូវ​សោះ។ មន្ត្រី​របស់​គាត់​មក​បំភ្លឺ​ថា ឮ​គេ​ថា នៅ​តុលាការ។ ខ្ញុំ​ចង់​ឈឺ​ឈាម​ណាស់​បង! ​ខ្ញុំ​ចង់​ប្រាប់​អញ្ចេះ»។

ខ្លឹមសារ​ពាក្យបណ្តឹង​ចុះ​ថ្ងៃ​ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ សរសេរ​ថា កាលពី​ថ្ងៃ​ទី០៦ ខែតុលា ឆ្នាំ២០២៥ ខ្ញុំបាទ ស្លេះ ហ្វឺត ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ស្ទឹងត្រែង​មក​ចាប់ខ្លួន​ដល់​ផ្ទះ​នៅ​ក្រុង​ស្ទឹងត្រែង។ ពេលនោះ​មាន​នគរបាល​ចំនួន ៦នាក់ បាន​អាន​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន ដែល​ចេញ​ដោយ​លោក ហូយ សេរីវឌ្ឍនពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​​ខេត្ត​​ស្ទឹងត្រែង។

នៅ​គ្រានោះ ខ្ញុំបាទ និង​ក្រុម​គ្រួសារ បាន​ប្រាប់​មន្ត្រី​នគរបាល​ទាំងនោះ​ថា ចាប់​មនុស្ស​ច្រឡំ​ហើយ ហើយ​អត្ត​សញ្ញាណ​​ខាងលើ​មិនមែន​ជា​រូបខ្ញុំ​ទេ ព្រោះ​ឈ្មោះ ស្លេះ ហ្វឺត មិនមែន​ឈ្មោះ ស្លេះ វ៉ើត ទេ ប៉ុន្តែ​ពួកគេ​មិន​ស្តាប់​ការ​បកស្រាយ​នេះ​ឡើយ។ ក្រោយមក ក្រុម​សមត្ថកិច្ច​ទាំងនោះ​បាន​នាំខ្លួន​ខ្ញុំ​បញ្ជូន​ទៅ​តុលាការ និង​​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង។

វីអូឌី ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​រឿងនេះ ពី​អ្នកនាំពាក្យ​អគ្គព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​​ត្បូងឃ្មុំ លោក ទុំ សោភ័ណ្ឌ បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

លោក ស្លេះ ហ្វឺត ជនជាតិ​ខ្មែរ-ឥស្លាម អាយុ ៥៦ ឆ្នាំ រស់នៅ​ខេត្ត​ស្ទឹងត្រែង។ លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន និង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ជិត ១ ឆ្នាំ ចាប់តាំងពី​ខែតុលា ឆ្នាំ២០២៥ ដោយសារ​តែ​ការ​ភាន់ច្រឡំ​អត្តសញ្ញាណ ជាមួយ​បុគ្គល​​ម្នាក់ទៀត​ឈ្មោះ ស្លេះ វ៉ើត។

បុរស​រូបនេះ ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​នៅ​ថ្ងៃ​ទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រោយពី​មាន​ការ​តវ៉ា និង​មាន​កិច្ចអន្តរាគមន៍​ពី​ប្រធាន​គណបក្ស​ដើម្បី​កម្ពុជា លោក ឯម សុខសុវណ្ណ ដែល​បាន​បញ្ជូន​មេធាវី​ការពារ​ក្តី​ឱ្យ​ជនរងគ្រោះ ដើម្បី​ស្វែងរក​យុត្តិធម៌។

ប្រធាន​គណបក្ស​ដើម្បី​កម្ពុជា លោក ឯម សុខសុវណ្ណ ដែល​តាមដាន​រឿងនេះ បាន​ស្នើ​ឱ្យ​អគ្គព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ ពន្លឿន​ការ​ដោះស្រាយ​សំណុំរឿង​នេះ​ដោយ​យុត្តិធម៌ មិន​ត្រូវ​អូសបន្លាយ​ពេល​នោះ​ទេ។ លោក​ថា មន្ត្រី​នគរបាល​យុត្តិធម៌ មាន​តួនាទី​កសាង​សំណុំរឿង​ដោយ​តម្លាភាព និង​វិជ្ជាជីវៈ ក៏ប៉ុន្តែ​​​បើ​មន្ត្រី​​ប្រព្រឹត្ត​កំហុស ក៏​ត្រូវតែ​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់ និង​វិន័យ​រដ្ឋបាល។

លោក ឯម សុខសុវណ្ណ ថ្លែងថា៖ «សូម​ឱ្យ​អគ្គ​ព្រះរាជអាជ្ញា​ហ្នឹង​ធ្វើ​ឱ្យ​លឿន​មែន​ទែន ហើយ​ធ្វើ​ឱ្យ​លឿន​ ធ្វើ​ឱ្យ​លះ មិន​មែន​ពលរដ្ឋ​ប្តឹង​ទៅ​កន្លែង​មាន​អំណាច​ហើយ ស្រាប់​តែ​មក​ដល់​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​យូរៗ​ទៅ​ ធ្វើ​ឱ្យ​រឿង​ហ្នឹង​ភ្លេច​ណា កាល​ណា​ធ្វើ​ឱ្យ​ភ្លេច​ទៅ ដំណើរ​ការ​ធ្វើ​ឱ្យ​ភ្លេច​ទៅ អត់​ខ្វល់ អាហ្នឹង​មាន​ន័យ​ថា​ ធានា​ស្អី​គេ? ធានា​សុខ​សុវត្ថិ​ភាព ធានា​​ដល់​សណ្ដាប់​ធ្នាប់​សង្គម​ឬ​ក៏​ម៉េច? ដូច្នេះ​កាល​ណាគេ​ប្តឹង​ទៅ ខ្លួន​ឯង​មាន​អំណាច​តើ ធ្វើ​ឱ្យ​លឿន​មក ធ្វើ​ឱ្យ​លះ កុំ​ធ្វើ​លបៗ​ចឹង អាហ្នឹង​វា​ខ្មាស់​គេ»។

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស និង​ដីធ្លី នៃ​សមាគម​អាដហុក លោក យិន ម៉េងលី សង្កេតឃើញ​ថា សំណុំរឿង​នេះ​គ្មាន​ភស្តុតាង​ដាក់បន្ទុក​ដល់​ជនរងគ្រោះ​នោះ​ទេ ហេតុអ្វី​ចៅក្រម​ស៊ើបសួរ​មិន​ដោះលែង​ជនរងគ្រោះ ក្នុង​ដំណាក់កាល​ស៊ើប​សួរ?។ លោក​យល់​ថា ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​មាន​វិធានការ​រដ្ឋបាល​ដល់​មន្ត្រី​នគរបាល​យុត្តិធម៌​ទាំងឡាយណា​ដែល​ប្រព្រឹត្ត​​កំហុស រួមទាំង​អ្នក​ពាក់ព័ន្ធ ឱ្យ​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់ ដើម្បី​ព្រមាន​ដល់​មន្ត្រី​ផ្សេងទៀត។

លោកថា៖ «ខ្សែ​សង្វាក់​គ្នា​បាន​ច្រើ​ន​ណាស់ គ្រប់​ដំណាក់​កាល​ទាំង​អស់ យើង​ជំរុញ​ឱ្យ​មាន​ការ គណៈ​កម្ម​ការ​មួយ​ចេញ​​​ពី​ក្រសួង​យុត្តិ​ធម៌ ពិនិត្យ​មើល​បែប​បទ​នីតិ​វិធី។ តើ​កំហុស​ហ្នឹង​នៅ​ទាក់​ទិន​ត្រង់​ណា? ខាង​ណា​ផ្តើម​មក​ខុស? ដើម្បី​​ដោះ​ស្រាយ​បញ្ហា​នេះ ត្រូវ​មាន​សំណង​ដល់​ជន​រង​គ្រោះ ហើយ​បើ​អ្នក​ពាក់​ព័ន្ធ​ បើ​មិន​មាន​វិធាន​ការ​ផ្លូវ​ច្បាប់​ទេ ក៏​ត្រូវ​តែ​មាន​វិធាន​ការ​រដ្ឋបាល​ដែរ ដក​បញ្ឈរ​ជើង ដក​អីចឹង ដើម្បី​ជា​ការ​ព្រមាន​ដល់​មន្ត្រី​ផ្សេងៗ​ទៀត»។

ក្រោយពី​តុលាការ​ខេត្ត​ស្ទឹងត្រែង​ដោះលែង លោក ស្លេះ ហ្វឺត កាលពី​ចុង​ខែសីហា ឆ្នាំ២០២៦ ជនរងគ្រោះ​រូបនេះ បាន​ប្តឹង​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ស្ទឹងត្រែង លោក ហួយ សេរីវឌ្ឍនពិសិដ្ឋ និង​ប្តឹង​លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​រង​ខេត្ត​ស្ទឹងត្រែង ទៅកាន់​ក្រសួងយុត្តិធម៌ និង​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ដើម្បី​សុំ​ឱ្យ​ពិនិត្យ​ភាព​មិន​ប្រក្រតី​​លើ​ចំណាត់ការ​របស់​មន្ត្រី​តុលាការ​ទាំងនេះ​មក​លើ​រូបលោក យ៉ាង​​អយុត្តិធម៌។ មកទល់​ម៉ោង​នេះ សំណុំរឿង​នេះ មិន​​ទាន់​មាន​ចំណាត់ការ​បែបណា​ពី​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​នៅ​ឡើយ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ