ប្រាក់​ឈ្នួល​​​កម្មករ​​ក្នុង​​វិស័យ​​កាត់​ដេរ​​សម្រាប់​​ឆ្នាំ​២០២៧ ឡើង​​បាន ២ដុល្លារ

យន្តការ​​ដំឡើង​​ប្រាក់​​ឈ្នួល​​កម្មករ​​ក្នុង​​វិស័យ​​កាត់​ដេរ សម្រាប់​​ឆ្នាំ​២០២៧ ឡើង​​បាន​​ចំនួន ២ដុល្លារ ដែល​​ជា​​ការ​បន្ថែម​​​​ពី​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បើទោះបីជា​សហជីព​​ឯករាជ្យ បាន​ទាមទារ​ឱ្យ​រដ្ឋ​ដំឡើង ១៥ដុល្លារ​បន្ថែម​​លើ​ប្រាក់​ឈ្នួល​ដែលមាន​ស្រាប់​ឱ្យ​ដល់ ២២៥ដុល្លារ ដើម្បី​​សម្រួល​បន្ទុក​កម្មករ​ក្តី។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​គូសបញ្ជាក់​ថា នៅ​ថ្ងៃទី៣០ ខែកញ្ញា​នេះ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល បាន​បោះឆ្នោត​គាំទ្រ​តួលេខ​ដែល​ស្នើ​ដោយ​ភាគី​រោងចក្រ រក្សា​ចំនួន ២១០ដុល្លារ​ដដែល។

ប៉ុន្តែ​ថា លោក ហ៊ុន ម៉ាណែត បាន​​បន្ថែម​ចំនួន ២ដុល្លារ ធ្វើឱ្យ​ប្រាក់​ឈ្នួល​អប្បបរមា​​របស់​កម្មករ​ក្នុង​វិស័យ​នេះ ឡើង​ដល់ ២១២ដុល្លារ ក្នុង​មួយ​ខែ សម្រាប់​ឆ្នាំ២០២៧។

ជុំវិញ​យន្តការ​នេះ សហជីព​មួយចំនួន ដែល​គេ​ដឹង​ថា ជា​សហជីព​ឯករាជ្យ បាន​ដាក់​តួលេខ​ស្នើ​ឱ្យ​ក្រសួង​ដំឡើង​ប្រាក់​​​ឈ្នួល​​អប្បបរមា​ដល់​កម្មករ ពី ២១០ដុល្លារ ដល់ ២២៥ដុល្លារ ក្រោម​​ហេតុផល​​ថា ដើម្បី​សម្រួល​បន្ទុក​​របស់​កម្មករ ទោះ​​ពួកគេ​សិក្សា​រកឃើញ​ថា ការចំណាយ​​ជាក់ស្តែង ឬ​ចំណាយ​មូលដ្ឋាន​កម្មករ​ម្នាក់ៗ ចំណាយ​អស់​ខ្ទង់​ជាង ៧០០​ដុល្លារ ក្នុង​មួយ​ខែ​ក្តី។

ជា​ការកត់សម្គាល់ មុន​ក្រុមប្រឹក្សា​ជាតិ​​ប្រាក់​ឈ្នួល បើក​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​​ពី​លទ្ធភាព​ដំឡើង​​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ ឆ្នាំ២០២៧ អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​របស់​លោក បង្ហាញ​ថា ប្រាក់​​ឈ្នួល​កម្មករ​កម្ពុជា បច្ចុប្បន្ន ខ្ពស់​ជាង​ប្រាក់​ឈ្នួល​កម្មករ​នៅ​បណ្តា​ប្រទេស​​មួយចំនួន ដូចជា​ប្រទេស​វៀត​ណាម ឡាវ និង​មីយ៉ាន់ម៉ា ជាដើម។

ប៉ុន្តែ អ្នកតាមដាន​អះអាង​ថា ប្រទេស​ដែលមាន​ប្រាក់​ឈ្នួល​ទាប​ជាង​កម្មករ​កម្ពុជា ដែល​មេដឹកនាំ​បាន​លើកឡើង​នោះ មាន​ជីវភាព​រស់នៅ​ប្រសើរ​ជាង​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ដោយ​សំអាង​ថា កម្មករ​នៅ​បណ្តា​ប្រទេស​​ទាំង​នោះ ពួកគេ​បាន​ចំណាយ​តិច​ជាង​កម្មករ​នៅ​កម្ពុជា លើ​តម្លៃ​ទឹក ភ្លើង ផ្ទះជួល និង​តម្លៃ​ទំនិញ​នៅលើ​​ទីផ្សារ​ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ