កងឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ អំពាវ​នាវ​​ដល់​​ម្ចាស់​ឆ្នោត​​អាមេ​រិក បោះ​ឆ្នោត​​ទម្លាក់​​ក្រុម​​លោក ត្រាំ ចេញ​ពី​​​សភា

កងឆ្មាំ​​បដិវត្តន៍​​ឥស្លាម​​របស់​​អ៊ីរ៉ង់ បាន​​អំពាវ​នាវ​​ដល់​​ម្ចាស់​ឆ្នោត​​អាមេ​រិក ឱ្យ​​បោះ​ឆ្នោត​​ទម្លាក់​​ក្រុម​​លោក ដូណាល់ ត្រាំ ចេញ​ពី​​សភា និង​​បដិសេធ​ការ​គាំទ្រ​​របស់​​សហរដ្ឋ​អាមេរិក​​ចំពោះ​​អ៊ីស្រាអែល ខណៈ​​កង​ទ័ព​​អាមេរិក​ដក​ថយ​​ចេញ​ពី​​មូល​ដ្ឋាន​​ក្នុង​​ប្រទេស​​អ៊ីរ៉ាក់ កាល​ពី​​​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ដែល​​ជា​​ការ​ចាក​ចេញ​​មួយ​​ត្រូវ​បាន​​អបអរ​សាទរ​​ដោយ​​ក្រុង​​តេអេរ៉ង់។

ទន្ទឹមនឹងនេះ ប្រទេស​កាតារ​កំពុង​បន្ត​ការទូត​សម្របសម្រួល ដើម្បី​បញ្ចប់​សង្គ្រាម​រយៈពេល ៧ខែ រវាង​អ៊ីរ៉ង់ និង​អាមេរិក ខណៈ​​លោក ត្រាំ ព្យាករណ៍​ជាថ្មី​ថា​អ៊ីរ៉ង់​នឹង​ចុះចាញ់​យ៉ាង​ឆាប់រហ័ស។

លិខិត ២៦ទំព័រ​​របស់​កងឆ្មាំ​បដិវត្តន៍ បាន​អំពាវនាវ​ឱ្យ​ប្រជាជន​អាមេរិក​ទម្លាក់​មេដឹកនាំ​បច្ចុប្បន្ន និង​បដិសេធ​ការគាំទ្រ​របស់​អាមេរិក​ចំពោះ​អ៊ីស្រាអែល ក៏ដូចជា​ការជ្រៀតជ្រែក​យោធា​នៅ​បរទេស។ សារ​នេះ​ចង្អុលបង្ហាញ​ពី​បញ្ហា​ដែល​អ្នកវិភាគ​និយាយ​ថា កំពុង​ប្រឆាំង​នឹង​លោក ត្រាំ និង​​គណបក្ស​សាធារណរដ្ឋ នៅ​មុន​ការបោះឆ្នោត​សភា​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា។

លិខិត​នោះ​លើកឡើង​ថា «ចូរ​ទម្លាក់​អ្នកនយោបាយ​ដ៏​អាក្រក់ បោកប្រាស់ និង​ហិង្សា ដែលជា​អ្នក​ទទួលខុសត្រូវ​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​របស់​អាមេរិក​ចេញពី​អំណាច»។

លោក ត្រាំ បាន​ឃោសនា​នៅ​ឆ្នាំ២០២៤ ដោយ​​សន្យា​ជៀសវាង​សង្គ្រាម និង​កាត់បន្ថយ​អតិផរណា ប៉ុន្តែ​សង្គ្រាម​ជាមួយ​​អ៊ីរ៉ង់​បាន​ធ្វើឱ្យ​តម្លៃ​ប្រេងឥន្ធនៈ​ពិភពលោក​កើនឡើង។

ការស្ទង់មតិ​របស់ Reuters បង្ហាញថា មានតែ ១៧% ប៉ុណ្ណោះ​ដែល​​អនុម័ត​លើ​ការដោះស្រាយ​របស់​លោក ត្រាំ ចំពោះ​ការចំណាយ​លើ​​ការរស់នៅ ហើយ ៣៤% អនុម័ត​លើ​ការវាយប្រហារ​លើ​អ៊ីរ៉ង់។ លោក ត្រាំ បាន​អនុញ្ញាត​ឱ្យ​មាន​ការដកទ័ព​ចុងក្រោយ​ចេញពី​អ៊ីរ៉ាក់ ដែល​ត្រូវបាន​​ព្រមព្រៀង​គ្នា​នៅ​ឆ្នាំ២០២៤ ដោយ​អតីត​ប្រធានាធិបតី ចូ បៃដិន។ ការដកទ័ព​នេះ​កើតឡើង ២៣ឆ្នាំ បន្ទាប់ពី​អាមេរិក​បាន​ផ្តួលរំលំ​​លោក សាដាំ ហ៊ូសេន។

សង្គ្រាម​​នេះ​បាន​ទាញ​សម្ព័ន្ធមិត្ត​អ៊ីរ៉ង់​នៅ​យេម៉ែន លីបង់ និង​អ៊ីរ៉ាក់ ឱ្យ​ចូលរួម ហើយ​អ៊ីរ៉ង់​ចាត់ទុក​ការដកទ័ព​របស់​អាមេរិក​ថា​ជា​ជ័យជម្នះ​សម្រាប់ «អ័ក្ស​នៃ​ការពុះពារ» របស់​ខ្លួន។ អាមេរិក និង​អ៊ីរ៉ង់ មិនទាន់​រកឃើញ​ផ្លូវចេញ​ពី​សង្គ្រាម​នៅឡើយ​ទេ ហើយ​ការចរចា​នៅ​អង្គការសហប្រជាជាតិ​មិនទាន់​ទទួលបាន​កិច្ចព្រមព្រៀង​ដើម្បី​បើក​ច្រកសមុទ្រ ហ័រមូស ឡើងវិញ​នោះទេ ដែល​ជា​ច្រក​ដឹកជញ្ជូន​ថាមពល ២០% នៃ​ពិភពលោក។

កាតារ​កំពុង​បន្ត​ដើរតួ​ជា​អ្នកសម្របសម្រួល។ អ្នកនាំពាក្យ​ក្រសួងការបរទេស​កាតារ លោក Majed al-Ansari បាន​​ថ្លែងថា «យើង​កំពុង​ធ្វើការ​ដើម្បី​បង្កើត​គោលជំហរ​រួមមួយ ដើម្បី​ឈាន​ទៅ​ដល់​កិច្ចព្រមព្រៀង​ជួយសង្គ្រោះ​យើង​​ទាំង​អស់គ្នា​ពី​ជម្លោះ​នេះ»។

លោក ត្រាំ ប្រកាស​ជំហរ​ថា អ៊ីរ៉ង់​មិនត្រូវ​ទទួលបាន​អាវុធ​នុយក្លេអ៊ែរ​ឡើយ ហើយ​សង្គ្រាម​នឹង​បញ្ចប់​ឆាប់ៗ ដោយ​លោក​បញ្ជាក់​ថា «ពួកគេ​នឹង​បោះបង់»។

នៅ​អង្គការសហប្រជាជាតិ អ៊ីរ៉ង់​បាន​លើកឡើង​នូវ​សំណើ​សន្តិភាព​ដើម្បី​បើក​ច្រកសមុទ្រ និង​ផ្អាក​ការប្រយុទ្ធ ប៉ុន្តែ​លោក ត្រាំ បាន​បដិសេធ។ លោក ត្រាំ លើកឡើង​ថា ការធ្វើឱ្យ​សមត្ថភាព​​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ចុះខ្សោយ ជា​គោល​ដៅ​​សង្គ្រាម​មួយ​​របស់​លោក។ ចំណែក​អ៊ីរ៉ង់​ដែល​​មិនមាន​​អាវុធ​នុយក្លេអ៊ែរ បាន​បដិសេធ​ថា​ខ្លួន​​មិនបាន​ស្វែងរក​អាវុធ​​ទាំងនោះ​ទេ ហើយ​បញ្ជាក់​​ថា​​ខ្លួន​មាន​​សិទ្ធិ​អភិវឌ្ឍ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​សម្រាប់​គោលបំណង​សន្តិវិធី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ