ពាក្យ​«ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់»​រង​​ការ​​រិះ​គន់​​ថា ឪពុក​​​​និង​​​កូន​​ធ្វើ​​ឱ្យ​​បាត់​​ដី​​និង​​បង្ក្រាប​​ខ្មែរ​​ដូច​​គ្នា

អ្នក​​ឃ្លាំ​​មើល​​មួយ​​​ចំនួន ចាត់​​ទុក​​សារ «ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់» របស់​​លោក ហ៊ុន សែន ថា​​​គឺ​​ជា​​ការ​​ពិត ខណៈ​​ទាំង​​លោក ហ៊ុន​ សែន និង​​លោក ហ៊ុន ម៉ាណែត គឺ​​ជា​​មេ​ដឹ​ក​នាំ​​ផ្តាច់​​ការ​​ដូច​​គ្នា ដឹក​នាំ​​ប្រទេស​​ធ្វើ​​ឱ្យ​​បាត់​បង់​​ទឹក​​ដី​​ដូច​​គ្នា និង​​ខ្លាំង​​បាន​​តែ​​ជាមួយ​​ខ្មែរ​​គ្នា​​ឯង​​ដូច​​គ្នា ប៉ុន្តែ​​ខ្លាច​​មិន​​ហ៊ាន​​តតាំង​​ជាមួយ​​វៀតណាម និង​​សៀម ដែល​​រំលោភ​​ឈ្លាន​ពាន​​ទឹក​​ដី​។

ប្រតិកម្ម​ទាំង​នេះ ​កើត​មាន​ឡើង​​ បន្ទាប់​ពី​លោក ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធ​សភា​ កាល​ពី​ថ្ងៃ​ទី​​២៩​ ខែ​​កញ្ញា បាន​បង្ហោះ​​​សារ​​ខ្លី​​​មួយ​​លើ​​ហ្វេស​ប៊ុក ពី​លើ​រូប​ថត​របស់​លោក​និង​រូប​ថត​លោក ហ៊ុន ម៉ាណែត​ ចុះ​ជួយ​​ពលរដ្ឋ​​រងគ្រោះ​ដោយ​ទឹក​​ជំនន់​​​ថា «ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់។ រូបភាព​ឆ្នាំ​២០០០ និង​រូបភាព​ឆ្នាំ​២០២៦ មាន​​អ្វី​ប្លែក​គ្នា»។

លោក ​ប៉ែន បូណា អ្នក​នាំពាក្យ​រដ្ឋាភិបាល បាន​ធ្វើ​អត្ថាធិប្បាយ​​​​បញ្ជាក់​បន្ថែម​ពី​លើ​សារ​របស់​លោក ហ៊ុន សែន​ «ស្លឹក​​ឈើ​​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់» ​នេះ​ថា មេ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ​គឺ​មាន​ប្រពៃណី​ផ្សារភ្ជាប់​ជាមួយ​ប្រជាពលរដ្ឋ​ រួម​សុខ​រួម​ទុក្ខ​ជាមួយ​​ប្រជាពលរដ្ឋ​ បម្រើ​ប្រជាពលរដ្ឋ​ គឺ​ជា​គុណធម៌ ​និង​ជា​អត្តសញ្ញាណ​​របស់​រាជរដ្ឋាភិបាល​​​​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​បន្ត​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ដោយ​ឥត​ប្រែប្រួល​ឡើយ។ លោក​ថា ជាក់​ស្តែង លោក ហ៊ុន សែន បាន​បង្ហោះ​រូបថត​ពីរ​សន្លឹក ក្នុង​នោះ​១​សន្លឹក​ជា​រូប​​របស់​លោក​ ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់ កាល​ពី​ឆ្នាំ​២០០០ ដែល​លោក​​នៅ​ជា​នាយករដ្ឋមន្ត្រី។

លោក​ថា៖ «មួយ​សន្លឹក​ទៀត​ជា​រូប​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន ចុះ​​ជួប​​ប្រជា​ពលរដ្ឋ​​រង​គ្រោះ​​ដោយ​​ទឹក​​ជំនន់​​ក្នុង​​ឆ្នាំ​​២០២៦​​នេះ អម​ដោយ​​ចំណងជើង​ខ្លី ​និង​មាន​អត្ថន័យ​ជ្រាលជ្រៅ​ថា ស្លឹក​ឈើ​ជ្រុះ​​មិន​ឆ្ងាយ​ពី​គល់ ដែល​​​មាន​ន័យ​​ថា ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល​​ចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​បន្ត​​ប្រពៃណី​រួម​​សុខ​ទុក្ខ​ជាមួយ​​ប្រជាពលរដ្ឋ​ជានិច្ច ដោយ​អត់​ប្រែប្រួល មិន​ខុស​ពី​រៀមច្បង​ថ្នាក់​​ដឹកនាំ​របស់​​ខ្លួន​ឡើយ ពោល​គឺ ទីណា​ពលរដ្ឋ​​មាន​​ទុក្ខ មាន​មុខ​សម្តេច​តេជោ​ធិបតី​ និង​មន្ត្រី​​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​​ថ្នាក់ ចាំ​ជួយ​ប្រជាពលរដ្ឋ​​ជានិច្ច»។

ប៉ុន្តែ​យ៉ាងណា​ក្តី ​អ្នក​​ឃ្លាំមើល​មួយ​ចំនួន ​​បាន​បង្ហាញ​ពី​ការ​យល់​ឃើញ​ផ្សេង​ខុស​​ពី​ការ​លើក​ឡើង​របស់​លោក ប៉ែន បូណា ដោយ​ផ្តោត​ទៅ​លើ​ចំណុច​អវិជ្ជមាន​របស់​មេ​ដឹកនាំ​ទាំង​ពីរ​​រូប។

លោក អ៊ុំ សំអាន​ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ បាន​ថ្លែង​ថា អ្វី​ដែល​លោក ហ៊ុន សែន បាន​លើក​ឡើង​ថា «ស្លឹក​ឈើ​ជ្រុះ​​មិន​ឆ្ងាយ​ពី​គល់» ដែល​សំដៅ​លើ​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ​ដូច​ការ​​ដឹកនាំ​របស់​គាត់​​នោះ គឺ​ជា​ការ​ត្រឹមត្រូវ។ ប៉ុន្តែ​លោក​ថា​ ពលរដ្ឋ​ខ្មែរ​មិន​មាន​អ្វី​ត្រូវ​សាទរ​នោះ​ទេ ព្រោះ​ទាំង​លោក ហ៊ុន សែន និង​លោក ហ៊ុន​ ម៉ាណែត សុទ្ធ​តែ​កាន់​អំណាច​ផ្តាច់ការ​ដូច​គ្នា​ ដឹកនាំ​ប្រទេស​​ធ្វើ​ឱ្យ​បាត់បង់​ទឹក​ដី​ដូច​គ្នា បំផ្លិចបំផ្លាញ​ធនធាន​ធម្ម​ជាតិ​​ឱ្យ​វិនាស​អន្តរាយ​ដូច​គ្នា​ បើក​ដៃ​ឱ្យ​អ្នក​មាន​អំណាច​ប្លន់​យក​ដីធ្លី​ផ្ទះសំបែង​របស់​​ប្រជាពលរដ្ឋ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​​រងទុក្ខ​វេទនា​ដូច​គ្នា​ជាដើម​។

លោក​ថា៖ «ក្រោម​ការ​ដឹកនាំ​ឪ​កូន​ហ្នឹង ​គឺ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ ធ្វើ​ឱ្យ​បាត់បង់​ទឹក​ដី​ទាំង​ខាង​លិច​ទាំង​​ខាង​កើត ហើយ​ខ្លាំង​បាន​តែ​ជាមួយ​ខ្មែរ​គ្នា​ឯង កម្ចាត់​​តែ​​ខ្មែរ​គ្នា​ឯង។ ជាមួយ​ខ្មែរ​ងើប​​មួយ​វាយ​មួយ ប៉ុន្តែ​​ជាមួយ​វៀតណាម ជាមួយ​សៀម អត់​ហ៊ាន​ជាមួយ​គេ​ទេ ធ្វើ​ឱ្យ​មាន​ការ​បែកបាក់​ជាតិ មាន​វិបត្តិ​ចាក់​ស្រេះ ធ្វើ​​​ឱ្យ​​មន​​ឧកញ៉ា​​បោក​​ប្រាស់​​ប្រជា​ពលរដ្ឋ​​ច្រើន​​ណាស់ ហើយ​មួយ​ទៀត​យើង​ឃើញ​​ថា ក្រោម​ការ​ដឹក​នាំ​​របស់​​ត្រកូល​​ហ៊ុន​​ហ្នឹង មាន​ឧក្រិដ្ឋ​កម្ម​ឆបោក​តាម​អនឡាញ​ដែល​អាសោច​ពេញ​ពិភពលោក អាហ្នឹង​យើង​​ឃើញ​​ជាក់​ស្តែង»។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ ​លើក​ឡើង​ទៀត​ថា បើ​​ទោះបីជា​លោក ហ៊ុន ម៉ាណែត បាន​ទៅ​រៀន​នៅ​ប្រទេស​សេរី​​យ៉ាង​ណា​​ក្តី​ ក៏ប៉ុន្តែ​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លង​មក​នេះ​​ មិន​ត្រឹម​​តែ​មិន​បាន​ធ្វើ​ឱ្យ​កម្ពុជា​​មាន​ភាព​ល្អ​ប្រសើរ​នោះ​ទេ​ ថែម​ទាំង​ធ្វើ​ឱ្យ​កើត​មាន​វិបត្តិ​ចាក់ស្រេះ​កាន់​​តែ​ធ្ងន់​ធ្ងរ​​ខ្លាំង​​ឡើង​ថែម​ទៀត។ ការ​បន្ត​​តាម​កម្ទេច​តាម​កម្ចាត់​ខ្មែរ​គ្នា​ឯង​ ធ្វើ​ឱ្យ​មាន​ការ​បែកបាក់​ជាតិ​កាន់​​តែ​ខ្លាំង ធ្វើ​ឱ្យ​ខ្មែរ​ចុះ​ខ្សោយ​ ការ​កើត​ឱ្យ​មាន​​អំពើ​ឆបោក​គ្រប់​ទម្រង់​ ដែល​រុញច្រាន​ប្រជាពលរដ្ឋ​កាន់​តែ​ច្រើន​ ឱ្យ​កាន់​​តែ​ធ្លាក់​ខ្លួន​​ក្រីក្រ​​ជំពាក់​បំណុល​គេ​​វ័ណ្ឌក​​កាន់​តែ​ច្រើន​​ ហើយ​ពលរដ្ឋ​​បន្ត​ចេញ​ទៅ​ស៊ីឈ្នួល​គេ​នៅ​ក្រៅ​ប្រទេស​ដើម្បី​ចិញ្ចឹម​ជីវិត​កាន់​តែ​ច្រើន​ជាដើម។

ចំណែក ​លោក ម៉ែន ណាត ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា បាន​ថ្លែង​ថា ពាក្យ «ស្លឹក​​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់» របស់​​លោក ហ៊ុន​ សែន ត្រូវ​បាន​គេ​ផ្តល់​អត្ថន័យ​​បន្ថែម​ថា ឪ​​ដឹកនាំ​ប្រទេស​បាន​ធ្វើ​ឱ្យ​បាត់​ដី​ទៅ​វៀត​​ណាម រីឯ​កូន​ដឹក​នាំ​​ប្រទេស ​គឺ​​ធ្វើ​ឱ្យ​បាត់​ដី​ទៅ​​ថៃ។ សរុប​ទៅ​គឺ​ទាំង​ឪ​ពុក​​ទាំង​​កូន ​គឺ​ដឹកនាំ​ប្រទេស​ធ្វើ​ឱ្យ​បាត់​​បង់​ទឹក​​ដី​​​ទៅ​ប្រទេស​​ជិតខាង​ដូច​គ្នា ដូច្នេះ​​​អ្វី​ដែល​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​លើក​ឡើង​គឺ​​ត្រឹមត្រូវ​។

បន្ថែម​ពី​នេះ​ លោកថា ឪពុក​​ដឹកនាំ​ផ្តាច់ការ កូន​ក៏​រៀន​ដឹកនាំ​តាម​ក្បួន​ផ្តាច់ការ​របស់​ឪពុក​ដែរ ហើយ​ឪពុក​​ដឹក​នាំ​​បែប​​ពុក​រលួយ បក្ខពួក​និយម គ្រួសារ​និយម​ ឯ​កូន​​ធ្វើ​បាន​ល្អ​ជាង​ឪពុក​ដែរ​ គឺ​ថា ពង្រីក​​សមាសភាព​​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ធ្វើ​ឱ្យ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​រដ្ឋាភិបាល​រីក​កាន់​​តែ​ធំ ចាយ​បំផ្លាញ​ថវិកា​​ជាតិ​ដែល​ប្រជាពលរដ្ឋ​បង់​ពន្ធ​កាន់​តែ​ច្រើន​ជាដើម។ ​

លោក​បញ្ជាក់​​ថា អ្វី​ដែល​លោក ហ៊ុន សែន លើក​ឡើង អាច​ជា​បំណង​របស់​គ្រួសារ​ដែល​កូនចៅ​ដើរ​តាម​គន្លង​​របស់​ខ្លួន។ ប៉ុន្តែ​សម្រាប់​ប្រជាជាតិ​ខ្មែរ មិន​ត្រូវការ​​ការ​ដឹកនាំ​ត​ពូជ​ដែល​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​បាត់បង់​ទឹក​ដី​ និង​កើត​មាន​វិបត្តិ​ចាក់ស្រេះ​បែប​នេះ​ទេ។

អ្នក​ឃ្លាំមើល​រូប​នេះ​ បន្ត​​ថា ​​កាល​ពី​ជំនាន់​លោក ហ៊ុន សែន ដឹក​នាំ ​គឺ​បាន​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​​យ៉ាង​​ច្រើន​​​សម្បើម ហើយ​នៅ​ពេល​លោក ហ៊ុន ម៉ាណែត ឡើង​មក​ដឹកនាំ​គឺ​បាន​បន្ត​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​​បន្ត​ទៀត​​តាម​​រយៈ​ពួក​ឧកញ៉ា ​​ពួក​មន្ត្រី​ខិលខូច​គ្រាក់ៗ​​របស់​ខ្លួន​​។

លោក​ថា៖ «លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​​បាន​បង្ក្រាប​ធ្វើ​ទុក្ខបុកម្នេញ​​អ្នក​ប្រជាធិបតេយ្យ ដល់​ពេល​លោក ហ៊ុន ម៉ាណែត ជា​កូន​ឡើង​​មក​ដឹកនាំ​បន្ត ក៏​បន្ត​ដឹកនាំ​ដូច​លោក ហ៊ុន សែន ដែរ។ បង្ក្រាប​​អ្នក​ប្រជាធិប​តេយ្យ ចាប់​មនុស្ស​ដាក់​​គុក​តាម​ទំនើង​ចិត្ត​ដូច​គ្នា អ៊ីចឹង​ហើយ​បញ្ហា​ឧក្រិដ្ឋកម្ម​អនឡាញ​ដែល​ល្បីល្បាញ​​អសោច​លើ​​ឆាក​អន្តរ​ជាតិ​​បច្ចុប្បន្ន​​ក៏​អ៊ីចឹង​ដែរ»។

លោក​​បញ្ជាក់​ថា លោក ហ៊ុន សែន បង្កើត​ឱ្យ​មាន​​ឧក្រិដ្ឋកម្ម​អនឡាញ​ ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​​ទៅ​ជា​ជម្រក​ក្រុម​ឧក្រិដ្ឋ​ជន ដោយ​សារ​មាន​ពួក​មន្ត្រី​ជាន់​ខ្ពស់​​ជំនិត​របស់​គាត់​មួយ​ចំនួន ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នឹង​ឧក្រិដ្ឋកម្ម​នេះ។

លោក​ថា៖ «ដល់​ពេល​លោក ហ៊ុន ម៉ាណែត ឡើង​មក​កាន់​​តំណែង​បន្ត​ពី​ឪពុក ​ក៏​ធ្វើ​បាន​​ដូច​គ្នា ​គឺ​ការពារ​ពួក​​​មនុស្ស​​ដែល​ជំនិត​របស់​លោក ហ៊ុន សែន ទោះបី​មាន​ការ​បង្ក្រាប​ខ្លះ​មែន ក៏​មេខ្លោង​នៃ​បទ​ឧក្រិដ្ឋ​ហ្នឹង​នៅ​តែ​បន្ត​កាង​​ការពារ​ដោយ​លោក ហ៊ុន ម៉ាណែត។ អ៊ីចឹង​គឺ​ថា​រៀន​សូត្រ​ពី​ឪពុក​ហ្នឹង​គឺ​ថា​ល្អ អាហ្នឹង​ហៅ​ថា​ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​ គឺ​ដឹកនាំ​​ប្រទេស​ធ្វើ​ឱ្យ​ធ្លាក់​ខ្លួន​នៅ​ក្នុង​ស្ថានភាព​អាសោច​កេរ្តិ៍ឈ្មោះ ធ្វើ​ឱ្យ​មាន​វិបត្តិ​ចាក់ស្រេះ​ពេញ​សង្គម​ហ្នឹង​វា​អ៊ីចឹង»​។

ទាំង​លោក អ៊ុំ សំអាន​ និង​លោក ម៉ែន ណាត​ រួម​ទាំង​​អ្នក​ឃ្លាំមើល​ផ្សេង​ទៀត ​​​យល់​ស្រប​គ្នា​ថា គ្មាន​សញ្ញា​ណា​មួយ​ដែល​​បង្ហាញ​ថា លោក ហ៊ុន ម៉ាណែត ដឹកនាំ​ប្រទេស​អាច​ធ្វើ​ឱ្យ​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​ជាង​ឪពុក​​របស់​លោក​នោះ​ទេ ព្រោះ​លោក ហ៊ុន ម៉ាណែត បាន​បង្ហាញ​ឱ្យ​ឃើញ​​រួច​ហើយ ​​​ពី​ការ​មិន​​ហ៊ាន​ប្រកួតប្រជែង​​លើ​ទីលាន​ដោយ​តម្លាភាព​និង​​ស្មើភាព​​នោះ​​ទេ​ គឺ​នៅ​តែ​បន្ត​ប្រើ​ដៃ​តុលាការ ​កម្ទេច​​កម្ចាត់​ក្រុម​ប្រឆាំង ​ដើម្បី​​​បាន​កាន់​អំណាច​ត​ពូជ​។ ដូច​កាល​​ពី​លោក ហ៊ុន សែន​​ គឺ​បាន​ត្រួតត្រា​​ គ.ជ.ប. ឱ្យ​រៀបចំ​ការ​បោះឆ្នោត​ក្លែងក្លាយ និង​បាន​ប្រើ​ប្រធាន​តុលាការ​កំពូល លោក ឌិត មន្ទីរ​ ដែល​ជា​សមាជិក​ជាន់​ខ្ពស់​របស់​គណបក្ស​​ប្រជាជន​កម្ពុជា ​ឱ្យ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ទាំង​បំពាន​។

ចំណែក ​សម័យ​លោក ហ៊ុន ម៉ាណែត​​ បច្ចុប្បន្ន​ ក៏​នៅ​តែ​បន្ត​ត្រួតត្រា​​ គ.ជ.ប. ផង​ដែរ និង​នៅ​បន្ត​​ប្រើ​លោក ជាវ​​ កេង​ ប្រធាន​តុលាការ​កំពូល ដែល​ក៏​ជា​សមាជិក​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​​ផង​ដែរ​​នោះ ​ឱ្យ​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​​លើ​ក្រុម​ប្រឆាំង​ដដែល​​ដូច​ជា ដក​សិទ្ធិ​ធ្វើ​នយោបាយ​ពី​លោក កឹម សុខា លោក រ៉ុង​ ឈុន​ និង​អ្នក​នយោ​បាយ​​ប្រឆាំង​ផ្សេង​ទៀត។

សម្រាប់​ក្រុម​អ្នក​ឃ្លាំមើល គ្មាន​សម័យ​ណា ​ឬ​ក៏​មិន​មាន​មេ​ដឹកនាំ​​ប្រទេស​ណាមួយ​ដែល​ចោទប្រកាន់​ប្រជាពលរដ្ឋ​ខ្លួន​ឯង​​ថា ជា​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់ ​​ឬ​ពី​បទ​ញុះញង់​​ក្បត់​ជាតិ​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​បញ្ចេញ​មតិ​ខ្វល់ខ្វាយ​ពី​បញ្ហា​ជាតិ​ បញ្ហា​ទឹក​ដី​ និង​ការ​ការពារ​​ធនធាន​ធម្មជាតិ​ហើយ​ចាប់​ដាក់​គុក ដូច​សម័យកាល​​ដែល​​ដឹកនាំ​ដោយ​លោក ហ៊ុន សែន​ និង​លោក ហ៊ុន ម៉ាណែត នេះ​ឡើយ​ ដែល​នេះ​បង្ហាញ​ច្បាស់​ថា «ស្លឹក​​ឈើ​​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ