អ្នកបើក​បរ​ម៉ូតូកង់បីតវ៉ា​ទាមទារ​ឱ្យ​ក្រុមហ៊ុន​PassApp​លុប​​ចោល​កម្មវិធី​ប្រូម៉ូសិន​​​និង​បញ្ចុះ​​កម្រៃ​​ជើងសារ

អ្នកបើកបរម៉ូតូកង់បីដែល​ដាក់ប្រព័ន្ធអេប​(App)ជាច្រើននាក់​ បាននាំគ្នាតវ៉ា​នៅមុខ​ក្រុមហ៊ុន PassApp នា​​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២៦​ ​ទាម​​​ទារ​​ឱ្យក្រុ​ម​​ហ៊ុន​​លុប​ចោល​កម្មវិធី​ប្រូម៉ូសិន​​​ តុកតុក​ សេវលុយ (TukTuk Save Luy) និងបញ្ចុះកម្រៃ​ជើង​សារ ព្រមទាំង​គោរពកិច្ច​ព្រម​ព្រៀង​ដែលធ្លាប់ធ្វើកន្លងមក ខណៈ​​ពួកគេថាការ​បន្តរំលោភ​កិច្ច​ព្រមព្រាង​របស់​ក្រុមហ៊ុន បាន​ប៉ះពាល់​ដល់​ការ​រកចំណូល​របស់​ពួកគាត់ ជាពិសេសអំឡុង​ពេល​ប្រេងឥន្ធនៈឡើង​ថ្លៃនេះ។

លោក រស់ សំអឿន អ្នកបើក​បរ​ម៉ូតូកង់បី បាន​ថ្លែងប្រាប់អ្នក​សារព័ត៌មាន​នៅកន្លែងតវ៉ាមុខ​ក្រុម​ហ៊ុន PassApp ក្នុង​​សង្កាត់​បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ​ថា បើទោះបីជា​មានកិច្ច​ព្រមព្រាងរវាង​បណ្តា​​ក្រុមហ៊ុន​ប្រើប្រាស់​ប្រព័ន្ធអេប(App) ជាមួយ​នឹង​តំណាង​អ្នក​បើក​បរ​ ក្រោម​ការ​សម្របសម្រួល​របស់​ក្រសួង​ពាណិជ្ជ​កម្ម កាលពីថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២៦ ដែល​តម្រូវ​ឱ្យក្រុមហ៊ុន​ប្រើប្រាស់ប្រព័ន្ធ​អេបទាំង​អស់​ លុប​ចោល​កម្មវិធីប្រូមូសិន​ក៏​ដោយ ប៉ុន្តែ​ខាងក្រុម​ហ៊ុន PassApp នៅមិនទាន់លុប​ចោល​នៅឡើយ ខណៈក្រុមហ៊ុន​ផ្សេងទៀត បាន​លុប​អស់ហើយ។

ការណ៍នេះ លោកថា នាំឱ្យ​អ្នកបើក​បរ​មិនសុខ​ចិត្ត និងបានប្រមូល​ផ្តុំតវ៉ា ទាមទារឱ្យ​ក្រុមហ៊ុនលុប​កម្មវិធី​ប្រូម៉ូសិន​នេះ​​ចោល និង​ទាមទារ​លក្ខខណ្ឌ​មួយចំនួន​ទៀត។​

លោកថា៖ «កម្មវិធី​ធម្មតាហ្នឹង គឺវា​អត់ស្មើគ្នា​ទេ ឧទាហរណ៍​ថា ឥឡូវ​​កម្មវិធីតុក​តុក​​សេវលុយហ្នឹង​​នៅ​មាន ភ្ញៀវ​គេ​ធ្លាប់​ប្រើ​តែអាហ្នឹង​វា​ធូរ​ថ្លៃ គេ​ចុច​តែ​អាហ្នឹង​ទេ ហើយអា​​ពួកកម្មវិធីធម្ម​តា​ដែលធ្លាប់​ប្រើ​តម្លៃ​ដែល​បាន​​​​​តម្លៃសមរម្យ​ហ្នឹង គឺ​អត់បាន​ចូល​​ទេ​ អត់បានទម្លាក់ភ្ញៀវឱ្យ​ទេ។ ឯកភាពអស់​ហើយ នៅសល់តែ PassApp ហ្នឹង​​មួយ​ទេ ហើយ​ PasApp ហ្នឹងក៏គាត់​​បាន​ស៊ីញ៉េ​នៅក្នុងកិច្ច​ព្រមព្រៀង​របស់​​ក្រសួង​ពាណិជ្ជ​កម្មដែរ គឺថ្ងៃទី​១៨​ហ្នឹង​ត្រូវ​តែ​លុប តែ​មក​ដល់ថ្ងៃនេះ​ហើយ គាត់អត់ទាន់លុប​ទេ»។

អ្នកបើក​បរ​ម៉ូតូកង់បីម្នាក់ទៀត លោក ហួន កុសល បាន​លើកឡើងអំឡុងពេលតវ៉ាដែរថា ការ​បន្ត​ទុក​កម្ម​វិធី​ប្រូម៉ូសិន តុកតុក​សេវលុយ និង​ការ​ដំឡើង​កម្រៃ​ជើង​សារពី ១៥ភាគរយ ទៅ​១៨ភាគរយ​នេះ បាន​ប៉ះពាល់ដល់​ការ​រក​ចំណូល​ និងជីវភាព​​​របស់​ពួកគាត់​ជា​ខ្លាំង ​ជាពិសេស​អំឡុង​ពេលហ្គាស​ឡើង​ថ្លៃនេះ។ ​

លោក​ថា៖ «ស្របពេលដែលសេដ្ឋកិច្ច​របស់​យើង​ដែល​កំពុងតែ​ជួប​បញ្ហា​កន្លងមក រហូត​មកដល់ឥឡូវក៏​យើងនៅជួប​វិបត្តិ​ប្រេង​ឧស្ម័ន​ហ្គាស​ហ្នឹង​ទៀត​ ចឹង​សម្រាប់​បងប្អូនអ្នកដែល​រត់​កង់បីយើង​នេះ ក្នុង​មួយ​ថ្ងៃ សឹង​តែ​រក​ ៥ម៉ឺន​[រៀល]​​លែង​ចង់​ឃើញ​ហើយ[…] នៅពេល​ដែល​ហ្គាស​កំពុង​តែ​ឡើង​ថ្លៃ​ហើយ បែរទៅជា​ក្រុម​​ហ៊ុន​ហ្នឹង​ដំឡើង​ភាគ​រយ​[កម្រៃ​ជើង​​សារពី១៥ទៅ១៨ភាគរយ​]​ទៀត»។

ការណ៍នេះ អ្នកបើក​ម៉ូតូកង់បីរូបនេះ បង្ហាញកា​រឈឺចាប់​ដែលក្រុមហ៊ុនរំលោភកិច្ចព្រមព្រាង​របស់ខ្លួន​ជាមួយ​​អ្នកបើកបរ ហើយ​ឆ្លៀត​​ឱកាសបង្កើត​នូវកម្មវិធី​ថ្មី ដែលប៉ះពាល់ដល់​ការ​រកចំណូល​របស់​ពួកគាត់​ថែមទៀត។

លោក​បន្តថា៖ «សេវាកម្មថ្មីហ្នឹង មិនមែន​កើត​ឡើង​តាំង​ពី​យូរ​ហើយ​ទេ កើត​ឡើង​ខណៈ​ពេល​ដែល​យើង​កំពុង​តែ​តវ៉ា កំពុងតែ​សុំ​ឱ្យ​ក្រុមហ៊ុន​ហ្នឹង​ដំឡើង​តម្លៃឱ្យ​វា​ស្របទៅ​​នឹង​តម្លៃ​ចាស់​យើង​ពីមុន ប៉ុន្តែ​ក្រុម​ហ៊ុន​បែរ​ទៅជា​ឆ្លៀត​ឱកាសបង្កើ​តនូវកម្មវិធីថ្មី​ហ្នឹងឡើង​ តុកតុកសេវលុយ[…] សួរថាវា​សមទេៗ វា​អត់សម​ទេ ចឹង​​បានពួកយើង​ឈឺ​ចាប់​ណាស់ ឈឺចាប់ក្នុងកា​រនិយាយ​តែ​ម្តង ចឹង​បានយើង​មក​នេះ គឺដើម្បីឱ្យ​ក្រុមហ៊ុន​លុប​កម្មវិធី​ហ្នឹង​ចោល​តែម្តង»។ 

អ្នកបើកបរម៉ូតូកង់បីម្នាក់ទៀត លោក ហេង ហុង បានចាត់ទុក​​ទង្វើ​របស់​ក្រុមហ៊ុន PassApp ដែលបង្កើតកម្មវិធីប្រូម៉ូសិនថ្មីៗ និង​កំណត់​តម្លៃ​សេវា​ស្តង់ដារពីរ ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នកបើក​បរ ដែល​កំពុង​តែ​រក​ប្រាក់ចំណូល​មិន​បាន ក្នុង​អំឡុងសេដ្ឋកិច្ច​ជួប​វិបត្តិ។

លោកថា៖ «ពីមុនមក​អាចថា ​ត្រឹម​ ១០ម៉ោងអីចឹង​​ អាច​ចូល​ផ្ទះបានចឹង​ណា ឥឡូវ​នេះ​បងប្អូនសឹងថា ១៥ម៉ោង ខ្លះ​ទៅ​១៦ម៉ោង​ ខ្លះពេលខ្លះ នឹក​ឃើញថា​អញ្ចេក នឹកឃើញថារក​លុយ​អត់បាន​ ដេក​លើ​កង់​បី​តែម្តងទៅ ចឹង​ខាង​បងប្អូន​អ្នកសារព័ត៌មាន​ក៏ធ្លាប់​បានចុះដែរ​​ អ្នក​ខ្លះសម្រាន្ត​លើ​​កង់បី​ទៅ​ក៏ខ្យល់គ​ស្លាប់នៅលើ​កង់បី អាហ្នឹង​ជាកត្តា​មួយ​ដែល​ប្រយោល ដែល​ក្រុមហ៊ុន​ធ្វើបាប​ដោយ​ប្រយោល»។​

វីអូឌី មិនអាចសុំការ​អត្ថាធិប្បាយជុំវិញករណីនេះ ពីតំណាង​ក្រុមហ៊ុន​Pass App និង​អ្នកនាំពាក្យ​ក្រសួង​​​ប្រៃស​ណីយ៍បាន​ទេ នៅរសៀល​ថ្ងៃពុធនេះ។

គួរ​រម្លឹកថា កន្លងមក អ្នក​បើក​បរ​រថយន្ត​តាក់ស៊ី និង​កង់បី ដែលដាក់ប្រព័ន្ធអេប (App) បាន​នាំគ្នា​​តវ៉ា​ជា​ច្រើន​លើក​​ច្រើន​សារ​មក​ហើយ ​តាំង​ពី​នៅមុខ​រដ្ឋបាល​រាជធានីភ្នំពេញ និង​ដល់​អន្តរ​ក្រសួង ដោយ​​សុំឱ្យ​ក្រុម​ហ៊ុនប្រព័ន្ធ​អេប​ចំនួន ៧ ​បញ្ចុះតម្លៃ​កម្រៃ​​​ជើង​សារ​​​ដែល​ធ្លាប់​កាត់​​ពី​ ​អ្នក​បើក​​បរ​ ​ចន្លោះ​ពី​​ជាង ១៧ភាគរយ​ ទៅ ៣០ភាគរយ នោះ​​ឱ្យមក​នៅត្រឹម ​១៥ភាគរយ ឬ​​ក្រោម​​​នេះ​ ដើម្បី​​ជួយ​សម្រួល​ដល់ជីវភាពរស់​នៅរបស់​ពួក​គាត់​​ ដែល​កំពុង​ខ្វះ​ខាត​។

ការតវ៉ា​នេះ បានឈាន​ទៅដល់កា​រចរចា​រកដំណោះស្រាយ​ ក្រោមការ​សម្របសម្រួល​របស់អន្តរ​ក្រសួង ដោយ​ខាង​ក្រុមហ៊ុនឯកភាព​លុប​ចោល​កម្មវិធី​ប្រូម៉ូសិន និង​រក្សាកម្រៃ​ជើង​សារ​ត្រឹម ១៥ភាគរយសិន រង​ចាំ​ការ​វាយ​តម្លៃរបស់អន្តរ​ក្រសួង ថាតើ​ត្រូ​វកំណត់​កម្រៃ​ជើងសារ​ថ្មីប៉ុន្មានភាគរយ?។

សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA លោក វន់ ពៅ សង្កេត​ឃើញថា ក្រុមហ៊ុន​ PassApp ជាក្រុមហ៊ុន​ដែលមិនមានក្រម​សីលធម៌ និ​ងមិន​គិត​ពីតម្រូវ​កា​ររបស់​អ្នកបើក​បរ ដោយ​កាត់កម្រៃជើង​សារ​តាមអំពើ​ចិត្ត ​ដាក់​ប្រូម៉ូសិន​ផ្សេងៗដែល​ធ្វើឱ្យខាតប្រាក់ចំណូល​របស់​អ្នកបើកបរ និង​​បាន​ប្លុក​អ្នកបើក​បរ​ដោយគ្មាន​ហេតុ​ផលជា​ដើម ​​​ក្នុង​​បរិបទ​​ដែល​សេដ្ឋកិច្ច​កំពុង​ធ្លាក់​ចុះ​ដុនដាបខ្លាំង ទំនិញ​​ឡើ​ងថ្លៃ កា​ររក​ប្រាក់ចំណូល​​មិនមានតុល្យភាព​នឹងការ​​ចំណាយ។

មួយ​វិញទៀត លោកថា ការ​ចរចា​រកដំណោះស្រាយ​រវាង​តំណាង​ក្រុមហ៊ុនប្រព័ន្ធអេប និង​អ្នកបើកបរ​ ក្រោម​ការ​ដឹកនាំ​ដោយ​អន្តរក្រសួង ក៏ហាក់មិនសូវ​មានមូលដ្ឋានគ្រឹះណា​មួយ​ក្នុងកា​រចាប់​បង្ខំឱ្យ​ក្រុមហ៊ុន​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​នោះទេ ដូច្នេះ​ហើយ​បានជា​ក្រុមហ៊ុន​មួយចំនួន​ ហ៊ាន​បំពាន​បែបនេះ។

លោកថា៖ «ខ្ញុំឃើញសមត្ថភាព​របស់ក្រសួង​​នៅ​ស្រុក​យើង វាហាក់ដូច​មានទំនោរ​ច្រើនជាមួយ​ថៅ​កែ​ជាមួយ​ក្រុម​ហ៊ុន​អេប ប៉ុន្តែទំនោរ​ការ​ពារ​ទៅលើ​អ្នកបើក​បរ ទៅលើកម្មករ ​វា​ហាក់ដូច​មានកម្រិត​តិច​តួច មិនមាន​ទំនោរ​ចាប់បង្ខំឱ្យ​​ថៅកែហ្នឹង​ ឆ្លើយ​តបនឹង​តម្រូវ​ការ​របស់កម្មករ ឬតម្រូវ​ការ​របស់​អ្នកបើក​បរ​តាមប្រព័ន្ធអេប​នេះឯង»។

​ជាមួយគ្នានេះ លោក​ជំរុញឱ្យ​​អ្នកបើក​បរ​កង់​បី និង​រថយន្ត​តាក់ស៊ី​​​ដែលប្រើប្រាស់​ប្រព័ន្ធ​អេប​​ទាំង​អស់ គួរ​​សហការ​គ្នា​​ត្រូវ​រកសំឡេង​រួមតែ​​​មួយ ដើម្បីទៅចរចា​ជាមួយ​ខាង​ក្រុមហ៊ុន ជៀស​វាង​ការ​បែង​​ចែក​គ្នា​ជា​ក្រុមតូច​ៗ ហើយ​តវ៉ា ដែលធ្វើ​ឱ្យ​ក្រុមហ៊ុន​មិន​ខ្លាច​រអា​នឹង​ការតវ៉ា​របស់ក្រុមតូចៗទាំងនោះទេ។

កន្លងមក ​សមាគម IDEA អ្នកបើកបរ​តាក់ស៊ី និង​កង់​បី ក៏ធ្លាប់​បានដាក់ញត្តិ​ដោយមានភ្ជាប់ស្នាម​មេដៃ​របស់សមាជិក​ប្រមាណជិត ១០០០នាក់ ក្នុង​ចំណោម​សមា​ជិក ២ម៉ឺន​​​៥ពាន់​​​នាក់ ដែល​សមាគម​គ្រោង​ប្រមូល ទៅកាន់​ក្រុមហ៊ុន Grap ក្រសួង​ប្រៃសណីយ៍ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន សុំឱ្យមានអន្តរាគមន៍​ដោះ​ស្រាយ​បញ្ហា​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ