ការទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាជាបន្តបន្ទាប់ ពីសំណាក់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ពីប្រមាណ ៤,៥% នៅដើមឆ្នាំ មកត្រឹម ៣% នៅត្រីមាសទី៣ ឆ្នាំ២០២៦ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការផ្លាស់ប្តូរទម្រង់នៃហានិភ័យសេដ្ឋកិច្ចកម្ពុជា។
បញ្ហានេះ ទាមទារឱ្យកម្ពុជាចាំបាច់ត្រូវបោសសំអាតឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ពង្រឹងនីតិរដ្ឋ និងអភិបាលកិច្ច ដើម្បីបង្កើតទំនុកចិត្តជាថ្មីលើឆាកអន្តរជាតិ។
ចាប់ពីដើមខែមករា រហូតដល់ខែកញ្ញា ឆ្នាំ២០២៦ ស្ថាប័នអន្តរជាតិធំៗ បានកែសម្រួលការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាចុះជាបន្តបន្ទាប់។ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ធនាគារពិភពលោក (World Bank) បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងស្ថិតនៅប្រមាណ ៤,៣%។
ប៉ុន្តែនៅថ្ងៃទី៩ ខែមិថុនា ធនាគារពិភពលោក បានបន្ថយការព្យាករមកត្រឹម ៣,៩% ដោយសារកម្ពុជាកំពុងប្រឈមបញ្ហាជាច្រើនក្នុងពេលតែមួយ រួមមានតម្លៃប្រេងកើនឡើង ការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ ការថយចុះប្រាក់បញ្ញើពីពលករ និងការវិលត្រឡប់របស់ពលករជិតមួយលាននាក់ពីប្រទេសថៃ។ អតិផរណាក៏បានឡើងដល់ ៥,៨% នៅខែមេសា ដែលធ្វើឱ្យជីវភាពគ្រួសារចំណូលទាបកាន់តែរងសម្ពាធ។
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករកំណើនកម្ពុជាប្រមាណ ៤,៥% ខណៈស្ថាប័នស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ក៏ធ្លាប់មានការព្យាករខ្ពស់ជាងនេះ។ ប៉ុន្តែចូលដល់ពាក់កណ្តាលឆ្នាំ ការរំពឹងទុកបានចាប់ផ្តើមធ្លាក់ចុះ ដោយសារតម្លៃថាមពលខ្ពស់ ភាពមិនប្រាកដប្រជានៃពាណិជ្ជកម្ម ការធ្លាក់ចុះនៃវិស័យទេសចរណ៍ និងភាពទន់ខ្សោយនៃតម្រូវការក្នុងស្រុក។ ទោះបីការនាំចេញ និងការវិនិយោគបរទេសនៅតែជួយទប់សេដ្ឋកិច្ចក៏ដោយ ក៏កំណើនក្នុងស្រុកមិនមានកម្លាំងគ្រប់គ្រាន់ដើម្បីជំនួសសម្ពាធទាំងនេះបានឡើយ។
ចំណុចគួរឱ្យចាប់អារម្មណ៍ជាងគេ បានកើតឡើងនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នៅពេលក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បញ្ចប់បេសកកម្មនៅកម្ពុជា ហើយព្យាករថា កំណើនអាចធ្លាក់មកត្រឹម ៣%។ IMF មិនបានលើកឡើងតែបញ្ហាថាមពល ពាណិជ្ជកម្ម អចលនទ្រព្យ និងទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែបាននិយាយចំៗពីការខូចខាតកេរ្តិ៍ឈ្មោះដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកអនឡាញ ដែលអាចប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច ធ្វើឱ្យទេសចរណ៍ខ្សោយ និងបង្កហានិភ័យដល់ស្ថិរភាពហិរញ្ញវត្ថុ។ នេះមានន័យថា បញ្ហាឆបោកលែងជាបញ្ហាឧក្រិដ្ឋកម្ម ឬរូបភាពប្រទេសតែប៉ុណ្ណោះទៀតហើយ ប៉ុន្តែកំពុងក្លាយជាបញ្ហាសេដ្ឋកិច្ចជាតិផងដែរ។
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ IMF បានបញ្ជាក់ជាថ្មីថា កំណើនកម្ពុជាសម្រាប់ឆ្នាំ២០២៦ ត្រូវបានព្យាករត្រឹម ៣%។ IMF ព្រមានថា សកម្មភាពឆបោកដែលនៅតែបន្ត អាចធ្វើឱ្យការនាំចេញ និងទេសចរណ៍ខ្សោយ រារាំងការវិនិយោគ និងបង្កហានិភ័យដល់ស្ថិរភាពហិរញ្ញវត្ថុ។ IMF ក៏បានជំរុញឱ្យកម្ពុជាស៊ើបអង្កេតឱ្យបានច្បាស់អំពីទំនាក់ទំនងដែលអាចមានរវាងសកម្មភាពឧក្រិដ្ឋកម្ម និងធនាគារ ព្រមទាំងស្វែងយល់ពីរបៀបដែលប្រាក់ចំណូលពីការឆបោក និងការជួញដូរមនុស្សត្រូវបានលាងតាមប្រព័ន្ធហិរញ្ញវត្ថុ និងទ្រព្យសកម្មឌីជីថល។
ការថយចុះនៃការព្យាករកំណើនជាបន្តបន្ទាប់នេះ បង្កើតជាចម្ងល់អំពីប្រសិទ្ធភាពនៃការឆ្លើយតបរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត។
ពិតណាស់ កម្ពុជាមិនអាចគ្រប់គ្រងតម្លៃប្រេង សង្គ្រាម ឬស្ថានភាពពាណិជ្ជកម្មពិភពលោកបានទេ ប៉ុន្តែបញ្ហាអចលនទ្រព្យ បំណុល គុណភាពឥណទាន អភិបាលកិច្ច អំពើពុករលួយ បរិយាកាសអាជីវកម្ម និងជាពិសេសឧក្រិដ្ឋកម្មឆបោក គឺជាបញ្ហាដែលការអនុវត្តច្បាប់ក្នុងស្រុកមានតួនាទីសំខាន់។
នៅពេល IMF ព្រមានថា សកម្មភាពឆបោកអាចប៉ះពាល់ដល់ការវិនិយោគ ទេសចរណ៍ និងស្ថិរភាពហិរញ្ញវត្ថុ នោះការបង្ក្រាបត្រឹមអ្នកប្រតិបត្តិតូចៗ ឬបិទទីតាំងមួយចំនួនគឺមិនគ្រប់គ្រាន់ឡើយ។ ត្រូវស៊ើបអង្កេតលំហូរប្រាក់ អ្នកផ្តល់ទុន អ្នកលាងលុយ ទំនាក់ទំនងជាមួយស្ថាប័នហិរញ្ញវត្ថុ និងអ្នកដែលផ្តល់ការការពារដល់បណ្តាញឧក្រិដ្ឋកម្ម ដោយអនុវត្តច្បាប់ស្មើៗគ្នាចំពោះមនុស្សគ្រប់រូប។
ដូច្នេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គួរផ្លាស់ប្តូរពីការផ្តោតលើការផ្សព្វផ្សាយសមិទ្ធផល ឆ្ពោះទៅការកែទម្រង់ដែលអាចវាស់វែងបាន ពោលគឺ ពង្រឹងនីតិរដ្ឋ និងអភិបាលកិច្ច ស៊ើបអង្កេតបណ្តាញឆបោក និងការលាងលុយឱ្យដល់អ្នកទទួលផលពិតប្រាកដ ពង្រឹងការត្រួតពិនិត្យធនាគារ និងទ្រព្យសកម្មឌីជីថល ដោះស្រាយបំណុលអាក្រក់ និងវិបត្តិអចលនទ្រព្យ ជួយអាជីវកម្មតូច និងមធ្យម បង្កើតការងារសម្រាប់ពលករដែលត្រឡប់មកពីក្រៅប្រទេស និងពង្រីកប្រភពកំណើនឱ្យលើសពីសំណង់ អចលនទ្រព្យ កាត់ដេរ និងទេសចរណ៍។ IMF បានបញ្ជាក់ថា ការពង្រឹងសុចរិតភាពហិរញ្ញវត្ថុ អភិបាលកិច្ច នីតិរដ្ឋ និងការកែទម្រង់រចនាសម្ព័ន្ធ គឺជាកត្តាចាំបាច់សម្រាប់ការស្តារទំនុកចិត្ត និងភាពធន់នៃសេដ្ឋកិច្ច។
ជារួម ការព្យាករកំណើនដែលធ្លាក់ចុះមកដល់ត្រឹម ៣% មិនគួរមើលត្រឹមជាតួលេខសេដ្ឋកិច្ចមួយនោះទេ វាជាសញ្ញាថា កម្ពុជាកំពុងរងសម្ពាធទាំងពីវិបត្តិខាងក្រៅ និងបញ្ហារចនាសម្ព័ន្ធខាងក្នុង។ ក្នុងនោះ បញ្ហាឆបោកអនឡាញបានក្លាយជាកត្តាមួយដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេស ទំនុកចិត្តវិនិយោគិន ទេសចរណ៍ និងប្រព័ន្ធហិរញ្ញវត្ថុ។ ដូច្នេះ ការស្តារកំណើនសេដ្ឋកិច្ច មិនអាចធ្វើបានត្រឹមតែការចាក់ថវិកាជំរុញសេដ្ឋកិច្ចនោះទេ ប៉ុន្តែត្រូវភ្ជាប់ជាមួយនឹងការសម្អាតបញ្ហាឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ការអនុវត្តច្បាប់ដែលមានប្រសិទ្ធភាព និងការកែទម្រង់ជាក់ស្តែងផងដែរ៕
អត្ថបទដោយ៖ លោក សុក្រឹត ពុទ្ធិ









