រដ្ឋាភិបាល​ចាប់ផ្ដើម​​អនុវត្ត​​វិធា​ន​​គ្មាន​​រង្វាន់​​ក្នុង​​ក្រវិល​​កំប៉ុង​​ស្រា នៅ​​ដើម​​ខែ​​តុលា​​នេះ

រាជរដ្ឋាភិបាល​​កម្ពុជា ​បាន​​ដាក់​ចេញ​​នូវ​​វិធាន​ការ​​តឹង​រ៉ឹង​​ជា​​លើក​​ដំបូង ដោយ​​បញ្ឈប់​​រាល់​​សកម្ម​ភាព​​ផ្ដល់​​រង្វាន់​​តាម​រយៈ​​ក្រវិល​​កំប៉ុង គម្រប​​​ដប ឬ​​សំបក​​វេច​ខ្ចប់​​លើ​​ផលិត​ផល​​គ្រឿង​​ស្រវឹង និង​​ភេសជ្ជៈ​​មាន​​ជាតិ​​ស្ករ​​គ្រប់​​ប្រភេទ​​ទាំង​ស្រុង ចាប់​ពី​​​ថ្ងៃ​​​ទី​១ ខែ​​តុលា ឆ្នាំ​​២០២៦ នេះ​តទៅ។

ចំណាត់ការ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ការពារ​សុខភាព​សាធារណៈ កាត់បន្ថយ​គ្រោះថ្នាក់​សង្គម និង​កែប្រែ​​ទម្លាប់​​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​ផ្អែម​នៅក្នុង​ប្រទេស ដែល​បាន​ស្តែង​ចេញ​ជា​បញ្ហា​ប្រឈម​​ធ្ងន់ធ្ងរ​នា​ពេល​កន្លងមក។

មុន​ឈាន​ដល់​ការ​ដាក់ចេញ​វិធានការ​នេះ កន្លងមក ​ការ​ផ្សព្វផ្សាយ​រង្វាន់​ធំៗ ដូចជា​ប្រាក់​សុទ្ធ រថយន្ត ឬ​មាស បា​ន​​​ក្លាយ​ជា​ឧបករណ៍​អូសទាញ​ប្រជាពលរដ្ឋ ជាពិសេស​ក្រុម​យុវជន និង​អ្នកមាន​ប្រាក់ចំណូល​ទាប ឱ្យ​បន្ត​ទិញ និង​ទទួល​ទាន​ហួស​កម្រិត​ដើម្បី​តែ​ផ្សងសំណាង។

ទម្លាប់​នៃ​ការ​ទទួលទាន​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​ផ្អែម​ច្រើន​លើសលប់ ដោយសារតែ​ការ​ចង់បាន​រង្វាន់​នេះ បាន​បង្ក​​ជា​​គ្រោះថ្នាក់​ចរាចរណ៍ អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​បទល្មើស​ផ្សេងៗ​នៅក្នុង​សង្គម ព្រមទាំង​ជា​ប្រភព​​ចម្បង​នៃ​ជំងឺ​មិន​​ឆ្លង​កាចសាហាវ​ជាច្រើន​ប្រភេទ ដូចជា ​ទឹកនោមផ្អែម និង​ខ្សោយ​តម្រងនោម​ជាដើម។

វិធានការ​​បញ្ឈប់​ការ​ដាក់​រង្វាន់​ក្នុង​ក្រវិល​កំប៉ុង គម្រប​ដប និង​សំបក​កញ្ចប់​នេះ ត្រូវ​បាន​ប្រកាស​តាំងពី​ខែ​កក្កដា ឆ្នាំ​​២០២៦ មក​​ម៉្លេះ។ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ណែនាំ​ដល់​គ្រប់​សហគ្រាស​ផលិត អ្នក​នាំចូល និង​​អាជីវករ​ចែកចាយ​ទាំងអស់ ឱ្យ​បញ្ឈប់​ទាំងស្រុង​នូវ​ការ​បញ្ជា​​ទិញ នាំចូល ឬ​ផលិត​ថ្មី​នូវ​ក្រវិល​កំប៉ុង និង​គម្រប​ដប​ដែល​មាន​រង្វាន់។ ចំពោះ​រង្វាន់​ចាស់ៗ​ដែល​នៅ​សេសសល់ អាជ្ញាធរ​បាន​កំណត់​ឱសានុវាទ​​ចុងក្រោយ​នៃ​ការ​ផ្ដល់ និង​ប្តូរ​រង្វាន់​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៦។

បន្ថែម​ពី​នេះ រដ្ឋាភិបាល​បាន​កំណត់​ព្រំដែន​ប្រូម៉ូសិន ដោយ​អនុញ្ញាត​ត្រឹមតែ​ការ​លក់​បញ្ចុះតម្លៃ​ពាណិជ្ជកម្ម (Trade Discount) មិន​ឱ្យ​លើស​​ពី ១៥​ភាគរយ ឬ ២៥​ភាគរយ​ សម្រាប់​ទំនិញ​ជិត​ផុត​កំណត់ និង​ការ​ថែម​សម្ភារ​បន្តិចបន្តួច ​ដូចជា កែវ អាវ ឬ​​ឆ័ត្រ ដែល​មាន​តម្លៃ​មិន​លើស​ពី ៥​ភាគរយ នៃ​វិក្កយបត្រ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​វីអូឌី​ថា នេះ​ជា​វិធាន​ការ​មួយ​ល្អ ដោយ​លោក​ចង់​ឃើញ​វា​ដំណើរការ​ទៅ​ដោយ​រលូន និង​គ្មាន​ការ​អន្តរាគមន៍​ណាមួយ បើក​ឱ្យ​​មាន​ការ​ប្តូរ​រង្វាន់​វិញ​ឡើយ។ លោក​គូស​បញ្ជាក់​ថា តាមរយៈ​វិធានការ​នេះ វា​នឹង​ជួយ​កាត់បន្ថយ​ការ​ចំណាយ​​លុយ​លើ​គ្រឿង​ស្រវឹង ជាពិសេស​​បញ្ហា​ដែល​កើតចេញ​ពី​ការ​សេព​គ្រឿង​ស្រវឹង ដែល​បំផ្លាញ​សុខភាព​​ពលរដ្ឋ និង​សន្តិសុខ​សង្គម​នា​ពេល​កន្លង​មក។

លោក សេក សុជាតិ ថ្លែងថា៖ «រឿងរ៉ាវទាំងអស់ហ្នឹងគឺវាចាំបាច់ ហើយ​យើង​ច​ង់​ឃើញ​​ការ​ប្តេជ្ញា​​ចិត្ត​របស់​​រាជ​​រដ្ឋាភិ​បាល របស់​អាជ្ញាធរ ហើយ​និង​ក្រុម​ហ៊ុន ក៏​ដូច​ជា​ពលរដ្ឋ ធ្វើ​ប្រការ​ណា​ក៏​ដោយ ជួយ​គ្នា​តាម​​ការ​​ការ​​ពារ​សុខ​ភាព​ពលរដ្ឋ សុខ​ក្សេម​ក្សាន្ត​សង្គម ដើម្បី​ឱ្យស​ង្គម​យើង​មាន​កម្លាំង​មាំមួន ហើយ​និង​អាច​​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​របស់​ជាតិ​ឱ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ​នៅ​ពេល​ខាង​មុខ»។

យុទ្ធនាការ​ផ្តល់​រង្វាន់​នា​ពេល​កន្លងមក​​របស់​ក្រុម​​អ្នក​ធ្វើ​ទីផ្សារ​ផលិតផល បាន​បង្ក​ការ​រិះគន់​ពី​ពលរដ្ឋ និង​អ្នក​​ឃ្លាំមើល​បញ្ហា​សង្គម ដោយ​យល់ឃើញ​ថា វា​បាន​បង្កើត​និន្នាការ​នៃ​ការ​ញៀន​ទិញ ដែល​បណ្តាល​ឱ្យ​កើតមាន​​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ទាំង​ផ្នែក​សុខភាព និង​​សេដ្ឋកិច្ច​សង្គម ជាពិសេស​ទៅលើ​ផលិតផល​ទាំងពីរ​ប្រភេទ​នេះ។

ការ​ទទួលទាន​គ្រឿង​ស្រវឹង​ហួស​កម្រិត បង្ក​ឱ្យ​មាន​ជំងឺ​ថ្លើម ជំងឺ​បេះដូង និង​សរសៃឈាម សម្ពាធ​ឈាម​ខ្ពស់ ព្រមទាំង​​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​ជាច្រើន​ប្រភេទ។ ចំណែកឯ​ការ​ពិសារ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ និង​ភេសជ្ជៈ​កម្លាំង​ច្រើន​ពេក គឺ​ជា​មូលហេតុ​ចម្បង​នៃ​ការ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី២ ជំងឺ​ធាត់​ជ្រុល ជំងឺ​ពុក​ធ្មេញ និង​បញ្ហា​​ក្រលៀន។ ក្រៅពី​បញ្ហា​សុខភាព បញ្ហា​នេះ​ក៏​បាន​បណ្តាល​ឱ្យ​ខាតបង់​ថវិកា​គ្រួសារ និង​បាត់បង់​​ផលិតភាព​ការងារ ដែល​ជា​ធនធាន​មនុស្ស​យ៉ាង​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេសជាតិ​ផងដែរ។

ក្រោយ​ដាក់ចេញ​វិធានការ​នេះ ប្រជាពលរដ្ឋ អ្នក​តាមដាន​សង្គម និង​អ្នកជំនាញ​ផ្នែក​សុខភាព បាន​បង្ហាញ​ការ​គាំទ្រ ដោយ​រំពឹង​ថា​នឹង​ជួយ​កាត់បន្ថយ​ការ​ពិសារ​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​ផ្អែម​នៅ​កម្ពុជា ឱ្យ​មក​នៅ​ត្រឹម​​​កម្រិត​មួយ​​​ដែល​មាន​សុវត្ថិភាព និង​មាន​ការ​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​សង្គម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ