បន្ថែម​២​ដុល្លារ​ជា​​ការ​​ដោះ​ស្រាយ​​ជីវភាព​​កម្មករ ឬ​​ដើម្បី​​ផ្សព្វ​ផ្សាយ​​គុណ​​បំណាច់​​​​លោក ហ៊ុន ម៉ាណែត?

ការ​​សម្រេច​ចិត្ត​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ កាត់​ដេរ និង​​ផលិត​​ស្បែក​ជើង សម្រាប់​​ឆ្នាំ​​២០២៧ ក្នុង​​តួលេខ ២១២ ដុល្លារ ដោយ​​បន្ថែម ២ ដុល្លារ ពី​​សំណាក់​​លោក​​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​​​​ចោទ​ជា​​សំណួរ​​ពី​​គម្លាត​​​រវាង​​សិទ្ធិ​​​ទទួល​បាន​​ប្រាក់​​ឈ្នួល​​សមរម្យ និង​​នយោបាយ​​ផ្តល់​​ក្តី​​មេត្តា។

ការ​ប្រកាស​​ថា លោក ហ៊ុន ម៉ាណែត បន្ថែម ២​ដុល្លារ ធ្វើ​ឱ្យ​ប្រាក់​ឈ្នួល​កើន​ឡើង​ដល់ ២១២ ដុល្លារ ត្រូវ​បាន​​សារព័ត៌​មាន​​រដ្ឋ​​​ធ្វើយុទ្ធនាការ​ផ្សព្វផ្សាយ​ថា ជា​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​​ពី​សំណាក់​នាយករដ្ឋមន្ត្រី។ ទោះជាយ៉ាងណា ក្នុង​ន័យ​​សេដ្ឋកិច្ច និង​ច្បាប់ ប្រាក់​ឈ្នួល​គឺ​ជា​តម្លៃ​ពលកម្ម​ដែល​និយោជក​ត្រូវ​បង់ មិនមែន​ជា​អំណោយ​ចេញ​ពី​ហោប៉ៅ​របស់​​អ្នកដឹកនាំ​ឡើយ។

ការ​រក្សា​ប្រាក់​ឈ្នួល​​កម្មករ​នៅ​ត្រឹម ២១០​ដុល្លារ រួច​ឱ្យ​លោក ហ៊ុន ម៉ាណែត បន្ថែម ២​ដុល្លារ គឺ​ជា​លទ្ធផល​ដែល​គួរ​ឱ្យ​រិះគន់។ កម្មករ​ត្រូវការ​ប្រាក់​ឈ្នួល​ដែល​អាច​​ទប់ទល់​នឹង​ថ្លៃ​ម្ហូបអាហារ ផ្ទះជួល ការធ្វើដំណើរ និង​ការ​ចិញ្ចឹម​កូន។ ការ​បន្ថែម​បន្តិចបន្តួច ហើយ​ផ្សព្វផ្សាយ​ថា​ជា​ការ​យក​ចិត្ត​ទុក​ដាក់​ដ៏​ធំធេង​របស់​មេដឹកនាំ មិន​អាច​ជំនួស​ការ​ដោះស្រាយ​​ជីវភាព​បាន​ទេ។ រដ្ឋាភិបាល​ត្រូវ​ឆ្លើយ​ថា តើ​ប្រាក់​ឈ្នួល​ថ្មី​​នេះ​អាច​ជួយ​កម្មករ​ឱ្យ​រស់នៅ​បាន​សមរម្យ​យ៉ាង​ដូចម្តេច?។

នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៦ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បាន​បោះឆ្នោត​គាំទ្រ​តួលេខ ២១០​ដុល្លារ ចំនួន ៤៧​សំឡេង ក្នុង​ចំណោម ៥១​សំឡេង ខណៈ​ភាគី​សហជីព​ស្នើសុំ ២២៥​ដុល្លារ។ បន្ទាប់​មក លោក ហ៊ុន ម៉ាណែត បាន​​បន្ថែម ២​ដុល្លារ ធ្វើ​ឱ្យ​ប្រាក់​ឈ្នួល​ឆ្នាំ​២០២៧ កើន​ឡើង​ត្រឹម ២១២​ដុល្លារ ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២៧។ នេះ​មាន​​ន័យ​​ថា ការ​​ចរចា​ត្រូវ​បាន​បញ្ចប់​ដោយ​រក្សា​ប្រាក់​ឈ្នួល​​ដើម​ដូច​ឆ្នាំ​២០២៦ ហើយ​ការ​បន្ថែម​ត្រឹម ២​ដុល្លារ គ្រាន់​តែ​​ជា​​ក្តី​មេត្តា​របស់​​លោក ហ៊ុន ម៉ាណែត ជាជាង​​លទ្ធផល​នៃ​ការ​ចរចា​ដែល​ឆ្លើយតប​នឹង​តម្រូវការ​ពិតប្រាកដ​របស់​កម្មករ។

ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា ដែល​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃ​​ទី​៦ ខែ​កក្កដា ឆ្នាំ​២០១៨ បាន​កំណត់​​មូលដ្ឋាន​ច្បាស់លាស់។ មាត្រា ៥ តម្រូវ​ឱ្យ​ពិចារណា​លើ​ស្ថានភាព​គ្រួសារ អតិផរណា ថ្លៃ​រស់នៅ ផលិតភាព សមត្ថភាព​ប្រកួតប្រជែង​របស់​ប្រទេស ស្ថានភាព​ទីផ្សារ​ការងារ និង​ប្រាក់​ចំណេញ​តាម​វិស័យ។ ដូច្នេះ ក្រសួង​ការងារ​មិន​អាច​លើក​តែ​ការ​​លំបាក​របស់​រោងចក្រ ហើយ​មើលរំលង​ការ​លំបាក​របស់​កម្មករ​បាន​ឡើយ។ បើ​កម្មករ​ត្រូវ​ខ្ចី​ប្រាក់​ដើម្បី​បំពេញ​ចំណាយ​ចាំបាច់ ក្រសួង​ត្រូវ​យក​បញ្ហា​នេះ​មក​គិតគូរ​ក្នុង​ការ​ចរចា។

មាត្រា ១៧ កំណត់​ឱ្យ​ក្រុមប្រឹក្សា​មាន​សមាជិក​យ៉ាងតិច ៤៨​នាក់ ដោយ​រដ្ឋាភិបាល និយោជក និង​កម្មករ​មាន​តំណាង​​ស្មើៗ​​គ្នា។ មាត្រា ១២ ចែង​ថា បើ​មិន​អាច​ឯកភាព​គ្នា​ពីរ​លើក​ក្នុង​កិច្ចប្រជុំ​ផ្សេងគ្នា​ពីរ​ទេ ត្រូវ​បោះឆ្នោត​សម្ងាត់​​តាម​សំឡេង​ភាគច្រើន​នៅ​កិច្ចប្រជុំ​ទី​ពីរ។ បើ​សំឡេង​ស្មើគ្នា សំឡេង​ប្រធាន​មាន​អាទិភាព។ ប៉ុន្តែ ការ​មាន​តំណាង​​ស្មើគ្នា​នៅលើ​ក្រដាស មិនមែន​មាន​ន័យ​ថា កម្មករ​​មាន​អំណាច​ចរចា​ស្មើគ្នា​នោះ​ទេ។ បើ​​អ្នកតំណាង​កម្មករ​ខ្លាច​​បាត់​បង់​​ការ​ពេញចិត្ត​ពី​រដ្ឋាភិបាល ឬ​និយោជក សំឡេង​របស់​កម្មករ​នឹង​ខ្សោយ។

ចំណុច​ដែល​គួរ​ឱ្យ​កត់សម្គាល់ គឺ​ការ​យក​ប្រាក់​បន្ថែម ២​ដុល្លារ មក​បង្កើត​រូបភាព​ថា មេដឹកនាំ​មាន​ចិត្ត​មេត្តា​​ចំពោះ​​​កម្មករ។ របៀប​ផ្សព្វផ្សាយ​បែបនេះ អាច​ធ្វើ​ឱ្យ​កម្មករ​ត្រូវ​ដឹងគុណ​បុគ្គល ជាជាង​ទាមទារ​ឱ្យ​ស្ថាប័ន​បំពេញ​កាតព្វកិច្ច។ ប្រាក់​ឈ្នួល គឺ​ជា​ប្រាក់​ដែល​និយោជក​ត្រូវ​​បង់​សម្រាប់​កម្លាំង​ពលកម្ម មិនមែន​ជា​អំណោយ​​ពី​ហោប៉ៅ​របស់​លោក ហ៊ុន ម៉ាណែត ឡើយ។ ការ​ដឹកនាំ​ល្អ ត្រូវ​ធ្វើ​ឱ្យ​កម្មករ​រស់នៅ​បាន​ដោយ​ប្រាក់​​ឈ្នួល​របស់​ខ្លួន មិនមែន​រង់ចាំ​ការ​បន្ថែម​បន្តិចបន្តួច​ពី​អ្នក​មាន​អំណាច​រៀងរាល់​ឆ្នាំ​នោះ​ទេ។

តួនាទី​សហជីព ក៏​ត្រូវ​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ផងដែរ។ សេចក្តី​​សង្ខេប​នៃ​ការ​ស្រាវជ្រាវ​ដែល​ទស្សនាវដ្តី Journal of Contemporary Asia បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៥ ខែ​​សីហា ឆ្នាំ​២០២៤ បង្ហាញ​ថា សហជីព​ដែល​ជិតស្និទ្ធ​នឹង​រដ្ឋាភិ​បាល​​បាន​ជួយ​ផ្សព្វផ្សាយ​សារ​​នយោបាយ និង​ជះឥទ្ធិពល​លើ​ការ​កំណត់​ប្រាក់​​ឈ្នួល។ ទោះបីជា​ប្រភព​នេះ មិន​បាន​បញ្ជាក់​ថា ក្រសួង​ជា​អ្នក​បង្កើត ឬ​បង់​ប្រាក់​ឱ្យ​សហជីព​ទាំងនោះ​ក៏ដោយ វា​បាន​បង្ហាញ​ពី​បញ្ហា​ដែល​មិន​អាច​មើលរំលង​បាន។ សហជីព​ដែល​ចេញមុខ​ការពារ​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល ត្រូវ​ពន្យល់​ថា តើ​ខ្លួន​បាន​សួរ​យោបល់​កម្មករ​ដែល​ខ្លួន​តំណាង​ឱ្យ​ហើយ​ឬ​នៅ?។

បើ​ក្រសួង​ការងារ​យក​តែ​សហជីព​ដែល​គាំទ្រ​ខ្លួន​មក​​បង្ហាញ ហើយ​មិន​ឆ្លើយតប​នឹង​សំណើ​របស់​សហជីព​ឯករាជ្យ នោះ​​ការ​ពិគ្រោះ​យោបល់​នឹង​ក្លាយ​ជា​ការ​បង្កើត​រូបភាព​បន្លំ​ភ្នែក​សាធារណជន។ ចំនួន​អ្នក​អបអរសាទរ មិន​អាច​បញ្ជាក់​​ថា កម្មករ​ទាំងអស់​សុទ្ធតែ​ពេញចិត្ត​នោះ​ទេ។ អ្នកតំណាង​ដែល​ស្នើសុំ ២២៥​ដុល្លារ ត្រូវ​ពន្យល់​ថា ហេតុអ្វី​បាន​ជា​​ការ​ចរចា​បែរជា​បញ្ចប់​ត្រឹម ២១០​ដុល្លារ​ទៅវិញ។ ការ​ព្រមាន​ថា​រោងចក្រ​នឹង​បិទទ្វារ ក៏​ត្រូវ​បង្ហាញ​ទិន្នន័យ​ច្បាស់លាស់ មិន​គួរ​និយាយ​ដើម្បី​តែ​បំភ័យ​កម្មករ​ឱ្យ​ឈប់​ទាមទារ​នោះ​ឡើយ។

ការ​ដំឡើង​ដល់ ២២៥​ដុល្លារ គឺ​ជា​ការ​បន្ថែម​ត្រឹម ១៥​ដុល្លារ ប៉ុណ្ណោះ​ពី​ឆ្នាំ​២០២៦។ ចំនួន​នេះ មិន​គួរ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ការ​ទាមទារ​ហួសហេតុ​ឡើយ ដោយ​ត្រូវ​គិតគូរ​ដល់​ថ្លៃ​រស់នៅ​ក្នុង​ឆ្នាំ​២០២៦ និង​ហានិភ័យ​នៃ​ទំនិញ​ឡើង​​ថ្លៃ​បន្ត​ក្នុង​ឆ្នាំ​២០២៧។ លោក ហ៊ុន ម៉ាណែត គួរបង្ហាញ​ឆន្ទៈ​ក្នុង​ការ​កាត់បន្ថយ​អំពើពុករលួយ ការ​ស៊ីសំណូក និង​ការ​ទារ​ប្រាក់​​​ក្រៅផ្លូវការ ដើម្បី​កាត់បន្ថយ​ចំណាយ​របស់​រោងចក្រ និង​បង្កើន​លទ្ធភាព​ក្នុង​ការ​ដំឡើង​ប្រាក់​ឈ្នួល។ រដ្ឋាភិ​បាល​​​របស់​លោក ហ៊ុន ម៉ាណែត ត្រូវ​បង្ហាញ​ថា ខ្លួន​បាន​កាត់បន្ថយ​ចំណាយ​មិន​ចាំបាច់​ទាំងនេះ​បាន​ចំនួន​ប៉ុន្មាន មុន​​នឹង​​ទាមទារ​ឱ្យ​កម្មករ​បន្ត​អត់ធ្មត់។

បើ​សិន​ជា​មាន​ការ​ចំណាយ​ដើម្បី​ទិញ​ការ​គាំទ្រ​ពី​មេ​សហជីព ឱ្យ​ជួយ​ការពារ​ផលប្រយោជន៍​និយោជក លោក ហ៊ុន ម៉ាណែត ត្រូវ​ស៊ើបអង្កេត និង​បញ្ឈប់​ជា​បន្ទាន់។ ប្រាក់​ដែល​សន្សំ​បាន​ពី​ការ​កាត់បន្ថយ​ចំណាយ​​មិន​ចាំបាច់ និង​ផល​ចំណេញ​ពី​ការ​កើន​ឡើង​នៃ​ផលិតភាព​របស់​រោងចក្រ ត្រូវ​យក​មក​ធ្វើ​ជា​មូលដ្ឋាន​​ក្នុង​ការ​ចរចា​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ។ សហជីព​ត្រូវ​ការពារ​កម្មករ​ដែល​បង់​វិភាគទាន​ឱ្យ​ខ្លួន មិនមែន​​យក​​ឈ្មោះ​កម្មករ​ទៅ​បម្រើ​អ្នក​មាន​អំណាច និង​និយោជក ហើយ​រារាំង​ការ​ទាមទារ​របស់​កម្មករ​ខ្លួនឯង​នោះ​ទេ។

សេចក្តី​ថ្លែងការណ៍​រួម​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២៦ ដែល​អង្គការ​សមធម៌​កម្ពុជា​បាន​ផ្សព្វផ្សាយ បាន​គាំទ្រ​សំណើ ២៥០,៦៦​ដុល្លារ និង​ទាមទារ​ឱ្យ​បង្ហាញ​ទិន្នន័យ​​សេដ្ឋកិច្ច​ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​ចរចា។ រដ្ឋាភិបាល​គួរតែ​ឆ្លើយតប​ដោយ​តួលេខ និង​ដំណោះស្រាយ​ជាក់ស្តែង។ កម្មករ​មិន​គួរ​ត្រូវ​ទ្រាំ​រស់នៅ​ជាមួយ​ប្រាក់​ឈ្នួល​ដែល​មិន​គ្រប់​រស់ ដើម្បី​ទូទាត់​ភាព​យឺតយ៉ាវ​នៃ​ការ​កែទម្រង់​របស់​រដ្ឋ និង​អំពើពុករលួយ ហើយ​ថែមទាំង​ត្រូវ​ដឹងគុណ​ចំពោះ​ប្រាក់​បន្ថែម​ត្រឹម ២​​ដុល្លារ ​របស់​លោក ហ៊ុន ម៉ាណែត ទៀត​នោះ​ទេ។

សរុបមក លទ្ធផល​ប្រាក់​ឈ្នួល ២១២​ដុល្លារ សម្រាប់​ឆ្នាំ​២០២៧ មិនមែន​ជា​ជ័យជម្នះ​នៃ​ការ​ចរចា ឬ​ជា​អំណោយ​ដ៏​ធំធេង​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​ឆ្លុះបញ្ចាំង​ពី​ភាព​ខ្សោយ​នៃ​ប្រព័ន្ធ​តំណាង​កម្មករ និង​ការ​រៀបចំ​យន្តការ​នយោបាយ​ជុំវិញ​ប្រាក់​ឈ្នួល។ ដំណោះស្រាយ​ប្រកបដោយ​ចីរភាព ទាមទារ​ឱ្យ​រដ្ឋាភិបាល​ឆ្លើយតប​ដោយ​ទិន្នន័យ​សេដ្ឋកិច្ច​ពិតប្រាកដ កែទម្រង់​ស្ថាប័ន​ដោយ​​លុបបំបាត់​អំពើពុករលួយ និង​បើក​លំហ​សេរីភាព​ឱ្យ​សហជីព​ឯករាជ្យ​បាន​ចូលរួម​ចរចា​ដោយ​ស្មើភាព ដើម្បី​ធានា​ថា កម្មករ​អាច​រស់នៅ​បាន​ដោយ​ថ្លៃថ្នូរ តាមរយៈ​កម្លាំង​ពលកម្ម​របស់​ខ្លួនឯង៕

អត្ថបទដោយ៖ លោក​ សុក្រឹត ពុទ្ធិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ