តុលាការផ្តន្ទាទោស​​កញ្ញា ហ៊ីម មុំ ដាក់ពន្ធនាគារ​២ឆ្នាំ ពី​បទ​ញុះ​ញង់

សាលាដំបូងរាជធានីភ្នំពេញ បាន​សម្រេចផ្តន្ទាទោសសកម្មជន​សង្គម កញ្ញា ហ៊ីម មុំ​ ហៅ ខែម ស្រីមុំ ដាក់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀល ក្រោមបទចោទ «ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវ​រ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម» និង​​បទ «ប្រមាថ»ជុំវិញភាពសកម្ម ចូលរួមជំរុញតម្លាភាពសង្គម និងចែករំលែករឿងថៃឈ្លានពានកម្ពុជា។

កញ្ញា ហ៊ីម មុំ ត្រូវ​​បាន​សមត្ថ​កិច្ច​ឆ្មក់​ចូល​ចាប់​ខ្លួន កាល​ពី​យប់​ថ្ងៃទី​១៥ ខែ​ឧសភា​ ឆ្នាំ​២០២៦ នៅ​​​​បន្ទប់​​ជួល​​​មួយ​​កន្លែង ក្នុង​​រាជធានី​ភ្នំពេញ បន្ទាប់​ពី​សកម្មជន​រូប​នេះ ​​ចែក​រំលែក​បញ្ហា​សង្គម​លើ​​​ហ្វេស​ប៊ុក ដូច​​ជា ព័ត៌​​​មាន​​អន្តរ​​ជាតិ បញ្ហា​​អយុត្តិ​ធម៌​​សង្គម ករណី​​ចាប់​ខ្លួន​សកម្ម​ជន​ចលនា​​មាតា​ធម្មជាតិ សកម្ម​ភាព​ចូល​រួម​កិច្ច​ការ​​សង្គម​ និង​​ព័ត៌មាន​​​ពាក់​ព័ន្ធ​នឹង​​ការ​ឈ្លាន​ពាន​របស់​ថៃ មក​លើ​​បូរណភាព​ទឹក​ដី​កម្ពុជា​ជា​ដើម។

មន្ត្រីគោលនយោបាយ និង​តស៊ូមតិនៃ​អង្គការ​ភាពជាដៃគូដើម្បី​បរិស្ថាន និង​ការ​អភិវឌ្ឍ កញ្ញា ហេង គឹមសួ​ ដែលបានស្តាប់កា​រប្រកាសសាលក្រម​របស់​តុលាការ នៅរសៀល​ថ្ងៃទី៣០ ខែ​កញ្ញា បានឱ្យដឹងថា តុលាការ​​បាន​សម្រេច​ផ្តន្ទា​​ទោស​ កញ្ញា ហ៊ីម មុំ ឱ្យ​ជាប់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀល ដោយ​លើកហេតុ​ផល​ថា អ្វីដែលសកម្ម​ជន​រូបនេះ​បាន​បង្ហោះ និង​ខំមិន(Comment)នៅលើបណ្តាញ​សង្គម​​បង្កភាពវឹកវរធ្ងន់ធ្ងរ​ដល់សង្គម។

យ៉ាងណា​ កញ្ញា គឹមសួ យល់ថា សាលក្រម​នេះ ជារឿងអយុត្តិធម៌សម្រាប់​កញ្ញា ហ៊ីម មុំ ដែលជា​អ្នកខ្វល់​ខ្វាយ​ពីបញ្ហា​សង្គម ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅកម្ពុជា បែរជាត្រូវ​ជាប់ទោស​ទៅវិញ។

កញ្ញាថា៖ «សម្រាប់ខ្ញុំ នៅតែគិត​ថាវា​ជា​ភាពអយុត្តិ​ធម៌មួយ ពី​ព្រោះថា ការ​ដែលគាត់​ស៊ែ(Share)ហ្នឹង គឺ​ជាការ​បញ្ចេញ​​មតិរបស់​គាត់ក្នុ​ងនាមជា​ពលរដ្ឋ​ ប៉ុន្តែ​ត្រូវបាន​​ជាប់ពន្ធានគារ​ទៅវិញ។ ហើយ​កន្លងមក គាត់​ត្រឹមតែ​ជាកម្មករ​​កម្មការិនីរោង​ចក្រទេ ដែលគាត់​បាន​ត្រឹម​រៀន​ចប់​ត្រឹម​ថ្នាក់ទី​៥ គាត់​មិនមានសិទ្ធិ​អំណាច​ណា​មួយ ដើម្បីទៅគៀង​ប្រមូល​ឱ្យ​មានការ​ញុះញង់ ឬក៏ការប្រមាថអី​ណាមួយ​ទេ ហើយចៅក្រម​បាន​ផ្តន្ទា​ទោស​​គាត់​​​​ពីបទ ញុះញង់ ហើយ​ពី​បទ​​​ប្រមាថ​ទៀត​»។

មន្ត្រីសង្គមស៊ីវិល​រូបនេះ បន្តថា ប្រសិន​បើនៅតែមានការ​ចាប់ខ្លួន និង​ចោទប្រកាន់​ទៅលើពលរដ្ឋ ឬសកម្ម​ជនទៀត​នោះ កម្ពុជា​នឹង​បាត់​បង់ធនធានមនុស្ស និង​អ្នកដែលហ៊ាន​បញ្ចេញមតិ​រិះគន់ដើម្បីស្ថាបនា នៅក្នុង​សង្គម​។ ការណ៍នេះ កញ្ញា គឹមសួ បានអំពាវនាវ​ដល់រដ្ឋាភិបាល បើកលំហសេរីភាពបញ្ចេញមតិឡើង​វិញ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​មានសិទ្ធិ​សេរីភាព​ពេញលេញនៅពេលដែលគាត់​ចង់បង្ហាញនូ​វមតិ​យោបល់របស់​ពួកគាត់ ស្របទៅតាម​រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ​កម្ពុជា។

សកម្មជន​សង្គម លោក ខាន់ ចាន់ថន ដែលបានទៅស្តាប់ការ​ប្រកាសសាលក្រម​ដែរនោះ បានលើកឡើ​ងថា កញ្ញា ហ៊ីម មុំ ជា​ស្ត្រីម្នាក់​ដែលសកម្មក្នុងការ​​​​ងារ​សង្គម ជាពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិដីធ្លី បរិស្ថាន សិទ្ធិ​មនុស្ស និងចង់ឃើញប្រជាពលរដ្ឋ​ខ្មែរ​ និង​ប្រទេស​ជាតិមានសុខសន្តិភាព ដែលការណ៍នេះ តុលាការ​មិន​គួរ​មានការ​ផ្តន្ទាទោស​លើ​កញ្ញា ហ៊ីម មុំ ឡើយ។

លោកថា៖ «តុលាការ​មិនផ្តល់ភាពយុត្តិធម៌សម្រាប់​គាត់​ទេ ព្រោះអ្វីដែលគាត់ធ្វើគឺជាភាព​ស្អាតស្អំ និងត្រឹម​ត្រូវ គឺគាត់ធ្វើទៅតាមសិទ្ធិ​ពលរដ្ឋ​​​​ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ»។

បើតាម​របាយ​ការណ៍​​នៅដើមខែកញ្ញា ឆ្នាំ​២០២៦​ របស់​អង្គ​ការ​​ការ​ពារសិទ្ធិ​មនុស្ស​​លីកាដូ ​គិ​ត​​​​មក​ដល់​បច្ចុប្បន្ន​ មាន​​ពលរដ្ឋ​​​ជា​​​សកម្ម​ជន​​សង្គម សិទ្ធិ​មនុស្ស បរិស្ថាន និង​​នយោ​បាយ​​ចំនួន ១១៧​​នាក់ ត្រូវ​​​បា​ន​​​ចាប់​​​ខ្លួន​​​ឃុំ​ឃាំង និង​ផ្ដន្ទា​​ទោស​ដាក់​ពន្ធនាគារ ដោយសារ​ការ​ប្រើ​សិទ្ធិ​បញ្ចេញ​​មតិ​របស់​ពួកគេ ក្នុង​​​នោះក៏មាន​​​​សកម្មជន​​សង្គម កញ្ញា ហ៊ីម មុំ​ ហៅ​ ខែម ស្រី​មុំ ផងដែរ​។

កាល​ពី​ថ្ងៃទី៣១ ខែ​​កក្កដា ឆ្នាំ​២០២៦នេះ ក្នុ​ងសន្និសីទ​សារព័ត៌មាន​​ក្រោយ​បិទ​បញ្ចប់​បេសក​កម្ម​​ផ្លូវការ​​នៅ​​​កម្ពុជា អ្នក​​រាយ​ការណ៍​​ពិសេស​​អង្គ​ការ​សហ​ប្រជា​ជាតិ​​ទទួល​បន្ទុក​​ស្ថា​ន​ភាព​​សិទ្ធិ​មនុស្ស លោក ថម អេន​ឌ្រូ (Tom Andrews) បាន​​វាយ​តម្លៃ​ថា កម្ពុជា​នៅតែ​​ប្រឈម​​បញ្ហា​សិទ្ធិ​មនុស្ស​​ធ្ងន់ធ្ងរ ស្របពេល​ដែល​​​​មនុស្ស​​ជាង ១០០​នាក់ ​កំពុង​​​​ត្រូវ​បាន​​​ឃុំ​ខ្លួន​ដោយ​​សារ​​តែ​​ការ​អនុវត្ត​​សិទ្ធិ​មូល​ដ្ឋាន ខណៈ​លំហ​​នយោ​បាយ សេរីភាព​​បញ្ចេញ​មតិ​​​កាន់​​តែ​​រួម​តូច។ ត្រង់​ចំណុ​ច​​​នេះ ​លោក​​សង្កត់​​ធ្ងន់​​ថា គ្មាន​នរណា​ម្នាក់​គួរ​ត្រូវ​ជាប់ពន្ធនា​គារ​ ដោយសារ​ការអនុវត្ត​សិទ្ធិ​ជា​មូល​ដ្ឋាន​​​ដោយ​​​សន្តិ​​វិធី​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ