អស់រយៈពេលជាង ២០ឆ្នាំមកហើយ ដែលសេចក្តីព្រាងច្បាប់ ស្តីពី «សិទ្ធិទទួលព័ត៌មាន» នៅជាប់គាំងក្នុងកណ្តាប់ដៃរបស់រដ្ឋាភិបាល ទាំងរដ្ឋាភិបាលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និងរដ្ឋាភិបាលបច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត បើទោះបីជាសេចក្តីព្រាងច្បាប់នេះ ត្រូវបានគេមើលឃើញជាទូទៅថា គឺជាសិទ្ធិមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការធានានូវតម្លាភាព គណនេយ្យភាព សុច្ចរិតភាព និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការប្រឆាំងអំពើពុករលួយក៏ដោយ។
សេចក្តីព្រាងច្បាប់ស្តីពីសិទិ្ធទទួលបានព័ត៌មាន ត្រូវបានក្រុមអង្គការសង្គមស៊ីវិល ព្រាងជាលើកដំបូងនៅឆ្នាំ២០០៤ និងត្រូវបានរៀបចំដោយក្រសួងព័ត៌មាននៅឆ្នាំ២០១៥ ដោយមានការពិភាក្សាផ្លាស់ប្តូរយោបល់ជាច្រើនលើកច្រើនសារ។
ការជជែកគ្នារវាងភាគីពាក់ព័ន្ធ នៅតែមិនទាន់អាចធ្វើឱ្យវាក្លាយជាច្បាប់បាន ដោយសារមានចំណុចជាច្រើនដែលត្រូវកែសម្រួល ក្នុងនោះមានការលើកសំណើពីភាគីសង្គមស៊ីវិលឱ្យទម្លាក់ចោលមាត្រា ១៥.៤ ដែលចែងអំពីការលុបចោលអត្ថបទចេញផ្សាយរួច និងការដកចេញចំណុចទី៧ នៃមាត្រា ២០ ដែលចែងអំពីព័ត៌មានសម្ងាត់។
កាលពីឆ្នាំ២០២៣ លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានសន្យាថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន នឹងត្រូវបានអនុម័ត បន្ទាប់ពីបោះឆ្នោតរួច ឬយ៉ាងយូរបំផុតនៅត្រឹមឆ្នាំ២០២៥ ប៉ុន្តែមកទល់ពេលនេះ វានៅតែស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ។ តើកត្តាអ្វីដែលនាំឱ្យសេចក្តីព្រាងច្បាប់នេះ នៅជាប់គាំងជាង ២០ឆ្នាំមកហើយ ខណៈដែលច្បាប់ផ្សេងៗ ដូចជា ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសក្នុងស្ថានភាពអាសន្ន ច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់ស្តីពីការបោះឆ្នោត វិសោធនកម្មរដ្ឋធម្មនុញ្ញ និងចុងក្រោយនេះការធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ជាដើម ត្រូវបានរដ្ឋាភិបាល សភា និងព្រឹទ្ធសភា រៀបចំនិងអនុម័តយ៉ាងឆាប់រហ័ស ដែលមានរយៈពេលមិនដល់ ១ឆ្នាំផង។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា បានលើកឡើងនៅថ្ងៃទី០១ ខែតុលានេះថា ការអនុម័តច្បាប់នៅកម្ពុជា គឺមានពីរទម្រង់ ដោយទម្រង់ទី១ រាល់ច្បាប់ទាំងឡាយណាដែលបម្រើផ្នែកនយោបាយ និងការពារអំណាចរបស់គណបក្សប្រជាជនកម្ពុជា គឺត្រូវបានរដ្ឋសភា ព្រឹទ្ធិសភា អនុម័តលឿនជាទីបំផុត ដោយសឹងតែរដ្ឋាភិបាលចង់បានពេលណា បង្កើតនិងអនុម័តបានពេលនោះ ប៉ុន្តែបើសេចក្តីព្រាងច្បាប់ណាដែលបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ នឹងមិនងាយលេចចេញជារូបរាងនោះទេ តួយ៉ាងដូចសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះ។
លោកបន្តថា គោលដៅនៃការបង្កើត និងអនុវត្តច្បាប់ គឺដើម្បីការពារនូវយុត្តិធម៌ តម្លាភាពសង្គម និងការពារប្រយោជន៍ប្រជាពលរដ្ឋ ប្រយោជន៍ជាតិ ប៉ុន្តែក្រោមការដឹកនាំរបស់បក្សកាន់អំណាច បែរជាប្រើប្រាស់ច្បាប់ជាអាវុធសម្រាប់ការពារជនមានអំណាច និងធ្វើទុក្ខបុកម្នេញទៅសកម្មជននយោបាយ សកម្មជននានា និងប្រជាពលរដ្ឋទន់ខ្សោយទៅវិញ។
លោកថា៖ «កម្ពុជាយើង ទោះបីជាមានប្រព័ន្ធដឹកនាំតាមបែបប្រជាធិបតេយ្យល្អយ៉ាងណាក៏ដោយ បញ្ហាត្រង់ថា មន្ត្រីអនុវត្តច្បាប់ និងអ្នកនយោបាយ ហាក់ដូចជាប្រើប្រាស់ប្រព័ន្ធដឹកនាំហ្នឹងទៅជាការដឹកនាំបង្កនូវភាពអនាធិបតេយ្យ ប្រើប្រាស់ច្បាប់ទៅជាអាវុធសម្រាប់ការពារអំណាច សម្រាប់ធ្វើបាបទៅលើជនស្លូតត្រង់ ទៅលើសកម្មជនសង្គម សកម្មជននយោបាយ ហើយធ្វើឱ្យច្បាប់ហ្នឹងត្រូវបានតម្លៃ ដោយសារតែអ្នកទាំងអស់ហ្នឹង យកច្បាប់ទៅប្រើប្រាស់ខុសគោលដៅ ក្នុងន័យយុត្តិធម៌»។
លោក ករុណា បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន មានសារប្រយោជន៍ណាស់សម្រាប់ប្រជាពលរដ្ឋ អ្នកសារព័ត៌មាន និងស្ថាប័នពាក់ព័ន្ធដែលឯករាជ្យមួយចំនួន ដែលចង់បានព័ត៌មានផ្សេងៗ រួមទាំងគម្រោងនានាដែលរដ្ឋាភិបាលទទួលយកមកអនុវត្ត ថាតើការអនុវត្តរបស់មន្ត្រីរដ្ឋាភិបាលមានតម្លាភាព និងប្រសិទ្ធភាពប៉ុណ្ណា? និងជួយទប់ស្កាត់បញ្ហាពុករលួយជាដើម។ ដូច្នេះលោកយល់ថា លោក ហ៊ុន សែន ក៏ដូចជារដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គួរតែពន្លឿនអនុម័តសេចក្តីព្រាងច្បាប់នេះ ឱ្យបានឆាប់។
សម្រាប់លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ យល់ឃើញថា កត្តាដែលរដ្ឋាភិបាលទុកសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ជាប់គាំងជាង២០ឆ្នាំមកនេះ ដោយសារបារម្ភខ្លាចប្រជាពលរដ្ឋទទួលបានព័ត៌មានពីអំពើពុករលួយ ការគប់គិតគ្នាលក់ធនធានធម្មជាតិឱ្យបរទេស និងការគ្រប់គ្រងរដ្ឋដោយគ្មានតម្លាភាព ក្រោមការដឹកនាំរបស់រដ្ឋាភិបាលមកពីគណបក្សប្រជាជន។
លោកថា៖ «ដូច្នេះគេបិទបាំងព័ត៌មាន មិនឱ្យប្រជាពលរដ្ឋដឹងអំពីតម្លាភាពនៃការដឹកនាំរបស់រដ្ឋាភិបាល ដើម្បីកុំឱ្យប្រជាពលរដ្ឋរិះគន់ទៅលើការដឹកនាំរបស់រដ្ឋាភិបាល ហើយឱ្យមន្ត្រីរបស់គេហ្នឹងអាចពុករលួយបានលុយមក ដើម្បីពង្រឹងអំណាច ដើម្បីឱ្យពួកគេមានបានទៅ គាំទ្រត្រកូលហ៊ុនតទៅទៀត»។
លោក អ៊ុំ សំអាន បន្ថែមថា កាលណាប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន មិនទទួលបានព័ត៌មានពីរដ្ឋ វានាំឱ្យការដឹកនាំប្រទេស មានអំពើពុករលួយ បក្ខពួកនិយម បញ្ហាចាក់ស្រេះក្នុងសង្គម ដូចជា បញ្ហាឆបោកតាមអនឡាញ អំពើពុករលួយក្នុងការទិញបង្គោលភ្លើងនិងដងទង់ជាតិនៅរដ្ឋសភាដែលមន្ត្រីបំបោងតម្លៃដល់រាប់ពាន់រាប់ម៉ឺនដុល្លារក្នុងមួយដើម ការកាប់បំផ្លាញព្រៃឈើ និងលក់ធនធានរ៉ែទៅឱ្យបរទេសរួចយកលុយដាក់ហោប៉ៅរបស់អ្នកមានលុយមានអំណាចជាដើម។
លោកថា៖ «ចឹងប្រជាពលរដ្ឋ កាលណាអត់ទទួលបានព័ត៌មាន អ្នកសារព័ត៌មានអត់បានទទួលព័ត៌មាន ថ្ងៃក្រោយទៅ គេអាចនឹងខឹងសម្បារ គេអាចអត់ទ្រាំមិនបាន គេអាចនឹងបាតុកម្មទម្លាក់ត្រកូលហ៊ុនពីអំណាចក៏ថាបាន អាហ្នឹងកាលណាដឹកនាំកាន់តែអត់មានតម្លាភាព ពុករលួយ ហើយគេអត់ទទួលបានព័ត៌មាន អាហ្នឹងវាអាចជាគ្រោះថ្នាក់ទៅដល់គណបក្សប្រជាជនទៅវិញទេ បើសិននៅតែលាក់លៀម គប់គិតតែគ្នាឯងហ្នឹងណា»។
ក្នុងឱកាសនៃការប្រារព្ធ «ទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលបានព័ត៌មានជាសកល» នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ អង្គការសង្គមស៊ីវិល សមាគម និងសហគមន៍ ជាង១០០ស្ថាប័ន ដាក់លិខិតស្នើទៅរដ្ឋាភិបាល ស្នើសុំឱ្យពន្លឿនការអនុម័តច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ដើម្បីធានានូវតម្លាភាព គណនេយ្យភាព សុចរិតភាព និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍសង្គម ខណៈសេចក្ដីព្រាងច្បាប់នេះ ជាប់គាំងជាង២០ឆ្នាំមកហើយ។
នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) លោក ណុប វី ថ្លែងនៅថ្ងៃទី០១ខែតុលានេះថា បច្ចុប្បន្នសេចក្តីព្រាងច្បាប់នេះ ប្រហែលជាអាចស្ថិតក្នុងដៃក្រសួងព័ត៌មាននៅឡើយទេ ដោយសារក្រសួងនេះជាអ្នកព្រាង និងបញ្ជូនទៅស្ថាប័នពាក់ព័ន្ធ។ ហើយលោកក៏មិនបានដឹងពីមូលហេតុដែលសេចក្តីព្រាងច្បាប់នេះ នៅមិនទាន់អាចបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី និងរដ្ឋសភា ដើម្បីអនុម័តនៅឡើយ។
លោកបន្តថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន មានសារសំខាន់ និងចាំបាច់សម្រាប់សាធារណជន រួមទាំងអ្នកសារព័ត៌មានផងដែរ ដោយហេតុថា នៅពេលដែលច្បាប់នេះអនុម័ត រដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការផ្តល់ព័ត៌មានទៅដល់អ្នកស្នើសុំ ហើយបើសិនជាមិនផ្តល់ព័ត៌មានទេ នៅក្នុងច្បាប់នេះបានកំណត់ពីទោសទណ្ឌ និងការដាក់ពិន័យសម្រាប់អ្នកដែលទទួលបន្ទុកផ្នែកព័ត៌មាន ខណៈដែលច្បាប់នេះ ក៏មានយន្តការច្បាស់លាស់ក្នុងការផ្តល់ព័ត៌មានផងដែរ។
ការណ៍នេះ លោកថា៖ «យើងនៅតែបន្តជំរុញចឹង សុំឱ្យរដ្ឋាភិបាលលោកអាទិភាពសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននេះ ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីឆ្លើយតប ហើយនិងដើម្បីកាត់បន្ថយការផ្សព្វផ្សាយចែករំលែកព័ត៌មានក្លែងក្លាយ ឬក៏ព័ត៌មានមិនពិត ព័ត៌មានបោកបញ្ឆោតភូតភរនៅក្នុងសង្គមរបស់យើងផង ដើម្បីជំរុញឱ្យមានគណនេយ្យភាពសង្គម តម្លាភាពក្នុងសង្គមផង តាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ»។
នាយិកាប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) អ្នកស្រី ឆន សុគន្ធា យល់ឃើញថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននេះ អាចចេញឆាប់ឬអត់ អាស្រ័យលើឆន្ទៈនយោបាយរបស់ថ្នាក់ដឹកនាំគណបក្សកាន់អំណាច ដោយសារច្បាប់មួយចំនួន ដែលរដ្ឋាភិបាលមានតម្រូវការ គឺត្រូវបានអនុម័តយ៉ាងឆាប់រហ័ស ស្ទើរតែមិនមានពេលវេលាប្រឹក្សាយោបល់ និងផ្តល់ធាតុចូលពីសំណាក់អ្នកពាក់ព័ន្ធ ប្រកបដោយតម្លាភាព គណនេយ្យភាពនោះទេ។
អ្នកស្រីថា៖ «ប៉ុន្តែយើងក្រឡេកមើលមកសេចក្តីព្រាងច្បាប់នេះវិញ ចំណាយពេលវេលាយូរ ហើយសួរថាតើរងចាំការសិក្សាអ្វីទៀត មូលហេតុបានជាមិនមានការបកស្រាយឱ្យបានទូលំទូលាយ ថាតើច្បាប់ហ្នឹងពេលណាបានរុញទៅដល់សភាជាតិ ដើម្បីធ្វើការអនុម័ត?»។
ជារួម ទាំងក្រុមអង្គការសង្គមស៊ីវិល និងមន្ត្រីនយោបាយមកពីបក្សប្រឆាំង នៅតែទទូចឱ្យរដ្ឋាភិបាល និងរដ្ឋសភា ពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានដ៏មានសារៈសំខាន់នេះ ឱ្យបានឆាប់ ស្របតាមបទដ្ឋានអន្តរជាតិ នៅឆ្នាំ២០២៦ ឬឆ្នាំ២០២៧ខាងមុខ ដើម្បីជាប្រយោជន៍សាធារណៈ និងផលប្រយោជន៍សង្គមជាតិ៕









