សង្គមស៊ី​វិលគាំ​ទ្រសា​រ​​នាយក​រដ្ឋ​មន្ត្រី​ដែល​​បញ្ជា​ឱ្យ​ដោះ​ស្រាយ​​រឿង​​​​ដីធ្លី​នៅ​តំបន់​​​អន្ទង់​​អាំង​​ដោយ​សន្តិ​វិធី

សង្គម​ស៊ីវិល គាំទ្រចំ​ពោះជំ​ហរ​​របស់​រដ្ឋាភិ​បាល ក្នុ​​ងការ​​រក​ដំណោះ​ស្រាយ​​ដោយ​​សន្តិ​វិធី​ ជូន​អ្នក​ស្រី សែម សុខគា និង​​​ពលរដ្ឋ​​ដែល​​​នៅ​សេស​សល់​ ក្នុង​​រឿង​​បញ្ហា​​ដីធ្លី​​នៅ​តំបន់​អន្ទង់​អាំង ឬ​ភ្នំ​១​៥០០ ក្នុ​ង​​ខេត្ត​​ពោធិ៍​​សាត់​ ដោយ​​ថា ការ​​យក​​ប្រព័ន្ធ​​​តុលាការ​មក​ដាក់ស​ម្ពាធ​ពលរដ្ឋ​ និង​​ការ​​បណ្តេញ​​ពលរដ្ឋ​​ចេញ​ពី​​​ដី​លំនៅឋាន​​ទាំង​បង្ខំ ដោយ​​​មិន​​ផ្តល់​​គោល​ន​យោ​បា​យ ឬ​​​សំណង​​ជា​មុន មិន​មែន​នីតិ​វិធី​​​​​​​​ល្អ​​ក្នុង​ការ​​​​ដោះ​​ស្រាយ​​​បញ្ហា​​ជម្លោះដី​ធ្លី​នោះទេ។

កាលពីអំឡុង​ពាក់កណ្តាល​មីនា ឆ្នាំ​២០២៥ អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ បានដាក់កម្លាំងចុះ​​​​រុះ​រើ​​ផ្ទះ​ប្រជា​ពលរដ្ឋ​​​​​ជាង ២០គ្រួសារ ឱ្យ​រាបដល់ដី នៅចំណុច​តំបន់​អន្ទង់អាំង ឬភ្នំ១៥០០ ក្នុង​​ឃុំ​អន្លង់រាប ក្នុង​ស្រុកវាល​​វែង ដោយ​​​អាជ្ញាធរ​ចោទថាពលរដ្ឋ​ទាំងនោះ​រស់នៅ​ខុស​ច្បាប់​​​លើ​ដី​តំបន់​ការ​ពារ​បៃតង ខណៈពលរដ្ឋ​មួយចំនួន​រង​ការ​ចោទប្រកាន់ថា ​បានទៅរុករានដីព្រៃ​​តំបន់ការ​ពារ​ដោយ​​ខុស​ច្បាប់​។

បន្ទាប់ពីមានហេតុការណ៍នោះ ប្រជា​ពលរដ្ឋ​ដែលរ​ង​ការ​បណ្តេញ​ចេញ មានអ្នកខ្លះព្រមទទួលយក​គោល​នយោបាយ​ដោះដូរ​ដីរបស់រដ្ឋាភិបាលទៅកាន់​តំបន់ដាច់ស្រយាល និង​អ្នកខ្លះ​បាន​រត់​ភៀស​​​ខ្លួន​ទៅកាន់តំបន់ផ្សេង ខណៈអ្នក​ខ្លះទៀត​កំពុង​ប្រឈមមុខនឹង​ការ​ចោទប្រកាន់​​តាម​​​ប្រព័ន្ធ​តុលាការ។​ ក្រៅពីនោះ គេ​ក៏សង្កេតឃើញស្ត្រីម្នាក់ ឈ្មោះ សែម សុខគា ដែលអះអាងថា​រស់នៅ​តំបន់​នោះ បាន​ឡើង​មក​ដាក់ញត្តិ​សុំ​អន្តរាគមន៍ជា​ច្រើនលើកច្រើនសារ​ ពីក្រសួង​​ស្ថាប័ន​ថ្នាក់​ជាតិ​ នៅរាជធានីភ្នំពេញ​ផងដែរ។

ជុំវិញ​បញ្ហា​ដីធ្លីនៅ​តំបន់អន្ទង់អាំង​នេះ លោក​​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ​ក្នុង​ពិធី​សម្ពោធ​ផ្លូវជាតិ​លេខ​១០ នៅ​​​ខេត្ត​ពោធិ៍សាត់ នា​​​ថ្ងៃ​​ទី​១ ខែ​តុលា ម្សិល​មិញ​ បានអំពាវនាវ​ឱ្យ​អ្នកស្រី សែម សុខគា ចេញមុខ​​មក​រក​ដំណោះ​ស្រាយ​ដោយ​សន្តិ​វិធី​​ជាមួយ​ក្រសួង​ និង​អាជ្ញាធរពាក់ព័ន្ធ ដោយ​លោក​ថា កន្លងមក មន្ត្រី​ក្រសួង​​​​យុត្តិ​ធម៌​​បាន​អញ្ជើញអ្នកស្រីមក​រកដំណោះស្រាយ​ជាច្រើនលើកហើយ តែស្ត្រីរូបនេះមិន​សហការ។

លោក​ក៏បាន​បញ្ជាទៅ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ និង​រដ្ឋមន្ត្រីក្រសួង​រ៉ែ លោក កែវ រតនៈ សហការគ្នាស្វែង​រកដំណោះស្រាយ​​​បញ្ហានេះ ជូនអ្នកស្រី សែម សុខគា ដោយ​មិន​មាន​ការ​ចាប់ខ្លួនឡើយ។​

លោកថា៖ «​ប្អូនស្រី[អ្នកស្រី សែម សុខគា]ដែលបីកូន​ហើយ ទៅថា រដ្ឋបាល​នេះ​អាក្រក់ណាស់ យាប់​ជាង​អាពត​ទៀតស្អី​ទៀត សូម​ចេញមក​! យើងមិនចាប់​ មិនយក​អូស​ដំណើរទេ ដោះស្រាយ​គោល​ការណ៍ឱ្យ​ជូន​​បាន តែ​និយាយ​គ្នា​ឱ្យ​ច្បាស់​តើចង់បានស្អី?[…] ខ្ញុំអំពាវនាវ​ឱ្យ​ប្អូនស្រី​ចេញមក ជួបជាមួយក្រុមការ​ងារ​ទៅ យើង​ដោះស្រាយ វាគ្មាន​រឿង​អីទៅ​ធ្វើបាប​គាត់ទេ បើថា​ឥឡូវ​គាត់​ចង់បាន​ដី ឥឡូវ​ដីគាត់​នៅ​ណាឱ្យពិតប្រាកដ ចង់បានដីយ៉ាងម៉េច ដោះស្រាយ​យ៉ាងម៉េចមក​និយាយគ្នាទៅ»។

ជាមួយគ្នានេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បាន​អំពាវនាវដល់​ប្រជាពលរដ្ឋ​ដែលនៅសេសសល់ មិន​ទាន់ទទួលយកគោលនយោបាយ​របស់រដ្ឋាភិបាល ផ្តល់កា​រយោគយល់ និង​ចូលរួមសហការរកដំណោះស្រាយ​ទាំង​អស់​គ្នា ខណៈលោកអះអាងថា រដ្ឋ​មិន​យកដីរបស់​ប្រជាពលរដ្ឋ​នៅតំបន់​នោះ ទៅឱ្យ​ឯកជន​ធ្វើការ​អភិវឌ្ឍ​នោះទេ ដោយរក្សា​ដី​​​ប្រវែង​ ៤គីឡូម៉ែត្រ​ នៅតំបន់អន្ទង់អាំងនោះ ជា​ដីទេសភាពធម្មជាតិ ជាកន្លែង​​រួម​សម្រាប់​បម្រើ​ផល​ប្រយោជន៍​​សាធារណៈ។

មន្ត្រីអង្កេត​ជាន់ខ្ពស់នៃសមាគម​ការ​ពារ​សិទ្ធិ​មនុស្សអាដហុក លោក យី សុខ​សាន្ត បានលើកឡើង​នៅ​ថ្ងៃទី​០២ ខែតុលាថា នា​ពេល​កន្លងមក ការ​ដោះស្រាយ​​បញ្ហាដីធ្លី​នៅតំបន់អន្ទង់​អាំង ពីសំណាក់​អាជ្ញាធរ​ដ្ឋ ហាក់​​ដូច​ជាដាក់គំនាប ​​មិន​ស្មើភាព និង​​មិន​​យុត្តិធម៌សម្រាប់​ពលរដ្ឋ​នោះទេ ដែលធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យ​ខ្លាច​អាជ្ញាធររដ្ឋ។ ចំណែក​ឯ​ការ​ដោះស្រាយ​នោះទៀតសោត លោកថា អាជ្ញាធរ​មិនបានរៀបចំទីតាំង​ថ្មី ដែល​មានហេដ្ឋរចនាសម្ព័ន្ធគ្រប់គ្រាន់ជាមុនទេ ដោយ​ផ្តល់តែដីគ្មានផ្ទះ ដែលធ្វើឱ្យ​ពលរដ្ឋភាគច្រើន​មិន​អាចទៅរស់នៅ​តំបន់ថ្មីក្នុង​ឃុំ​ប្រមោយ ស្រុកវាលវែងនោះបាន រហូតដល់មានការ​​​តវ៉ា​មក​ដល់​ថ្នាក់ជាតិ។   

យ៉ាងណា លោក​​បង្ហាញ​ការ​សាទរ​ និងគាំទ្រជំហរ​របស់រដ្ឋាភិបាលលោក​ ហ៊ុន ម៉ាណែត​ ដែល​ថានឹងដោះស្រាយ​បញ្ហាដីធ្លី​នៅ​តំបន់អន្ទង់អាំង​នេះ ដោយអហិង្សា និង​សន្តិវិធី ជា​ជាងការ​យកដីកា​របស់តុលាការ​ តាមរក​ពលរដ្ឋ​។

លោកថា៖ «យើង​អត់​ចង់ឃើញទេ រដ្ឋាភិបាល​ដោះស្រាយ​ដោយគេហៅថា ​ប្រើប្រាស់មធ្យោ​បាយ​​មិនល្អ ដែល​ធ្វើ​ឱ្យ​មាន​ការ​​​រំលោភសិទ្ធិមនុស្ស​ទេ យើង​ចង់​ឱ្យ​កម្ពុជា​យើងដោះស្រាយ​តាមផ្លូវ​ច្បាប់។ ហើយ​ច្បាប់យើងល្អណាស់ សម្រាប់ការ​ដោះស្រាយ​ហ្នឹង​ ធានា​ដល់ប្រជា​​ពលរដ្ឋ​ដែលគាត់​រស់​នៅអាស្រ័យ​ផល ពី​ព្រោះ​​​បើ​​​គ្មាន​ប្រជាពលរដ្ឋ វា​អត់មាន​រដ្ឋទេ​​ អីចឹង​ប្រជាពលរដ្ឋ​​គឺពឹង​ពាក់នៅ​​លើរដ្ឋហើយ ហើយ​ដីហ្នឹង​ដីរដ្ឋ អីចឹង​កា​រដែលពួកគាត់រស់​នៅស្រប​ច្បាប់ ឬមិន​ស្រប​ច្បាប់ អាជ្ញាធរ​មានកាតព្វកិច្ច​​ក្នុងកា​ររៀបចំ​ឱ្យពួកគាត់ បើគាត់អត់ដី រកដី បើ​គាត់​មាន​បញ្ហា ​ដោះស្រាយ​ឱ្យគាត់ នេះជា​ហេតុ​ផល​មួយដែល​សមាគម​អាដ​ហុក យើង​ចង់ឃើញ​ការ​ដោះស្រាយ​ដោយ​សន្តិវិធី ដែល​រដ្ឋាភិបាល​ថា​ដោះ​ស្រាយ​​ដោយ​​ឈ្នះៗ​ដូចគ្នា មិនឱ្យ​មានអ្នកណា​មួយ​ចាញ់ទេ»។

វីអូឌី នៅមិនទាន់អាចសុំការអត្ថាធិប្បាយ​ករណីនេះ ពីអ្នកស្រី សែម សុខគា និង​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​នៅតំបន់​​អន្ទង់អាំង​​បាន​នៅឡើយ គិត​ត្រឹមម៉ោង​ផ្សាយ​នេះ។

បើតាម អភិបាល​ខេត្តពោធិ៍សាត់ លោក ខូយ រីដា ឱ្យ​ដឹង​នាពេល​កន្លងមក បញ្ហាដីធ្លី​នៅតំបន់​អន្ទង់​អាំងដែលជាតំបន់ការ​ពារ​បៃតងនេះ មាន​ប្រជាពលរដ្ឋ​ចំនួន ៩៨គ្រួសារ ដែល​អាជ្ញាធរ​តម្រូវ​ឱ្យរុះរើ​ចេញ ក្នុង​នោះមានពលរដ្ឋ​ជាង ៦០គ្រួសារ បាន​ផ្តិតមេដៃ​យល់ព្រមចាកចេញ​ និង​ទៅរស់នៅទីតាំង​ថ្មីដែលរដ្ឋរៀបចំជូន ខណៈពលរដ្ឋ​ ២៤​គ្រួសារ​​​​ទៀត មិនព្រម​ចាក​ចេញ រហូត​ដល់អាជ្ញាធរបាន​ប្រើ​វិធានការ​ក្តៅ រុះរើ​ផ្ទះនិងសំណង់រឹង​ចេញ កាលពីថ្ងៃទី​​១៨ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែ​មីនា ឆ្នាំ២០២៥។

ចំណែក ក្រសួង​យុត្តិធម៌ ធ្លាប់បានចេញសេចក្តីប្រកាសព័ត៌មានមួយ​កាលពីថ្ងៃទី៣០ ខែមីនា ថា ទី​តាំង​​​​ដី​​ដែល អ្នក​​ស្រី សែម សុខគា កំពុងកាន់កាប់ហើយ​​ដែលអះអាងថា មានប្លង់រឹងនោះ គឺជា​រឿងមិនពិត ព្រោះ​ថា​ដីនេះស្ថិតនៅក្នុងតំ​បន់​សហគមន៍​​នៃតំបន់ការ​ពារ​ធម្ម​ជាតិ (តំបន់អន្ទង់​​អាំង) ហើយនៅក្នុងតំបន់នេះ ពុំមាន​ដីណាមួយមានវិញ្ញាបន​បត្រ​​សម្គាល់​​ម្ចាស់អចលនវត្ថុ (ប្លង់រឹង)នោះទេ។

បើទោះជាមានការអះអាងបែបនេះក្តី ប៉ុន្តែ​​​ក្រុម​ប្រជាពលរដ្ឋ​ដែលរង​ការ​បណ្តេញ​ចេញ បាន​អះ​អាង​ថា ដីដែលពួកគាត់​បានរស់នៅជាង១០ឆ្នាំ​មកហើយ​នេះ ពុំ​ស្ថិត​នៅក្នុងតំបន់ការ​ពារ​បៃ​តងនោះទេ គឺ​ពួកគាត់បាន​​ទិ​​ញដីបន្តពី​ក្រុមកងទ័ព​ កាលពីអំឡុង​ឆ្នាំ​២០១០ ដល់ឆ្នាំ២០១៣​ ដើម្បីសាង​សង់ផ្ទះ​​រស់​នៅ និងអ្នកខ្លះបានសាង់សង់ជា​រីស៊ត ហើយ​​កា​រទិញលក់នោះ ក៏​មានឯកសារ​​​ត្រឹម​​ត្រូវ​​​​ដែល​​ទទួលស្គាល់ដោយ​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ តាំងពីក្រោមកា​រ​ដឹកនាំរបស់អភិបាល​ខេត្តចាស់ លោក ម៉ៅ ធនិន។

បើតាម​ការិយាល័យ​ឧត្តមស្នងការ​នៃអង្គការ​សហ​ប្រជាជាតិ សិទ្ធិកាន់កាប់ដីធ្លី និងសិទ្ធិមានលំនៅឋានសមរម្យនៅកម្ពុជា ត្រូវបានគាំទ្រ និងការពារដោយច្បាប់ជាតិ និងស្តង់ដារអន្តរជាតិ ដើម្បីធានាឱ្យពលរដ្ឋមានសុវត្ថិភាព សេច​ក្តី​ថ្លៃ​ថ្នូរ និងជីវភាពរស់នៅប្រកបដោយស្ថិរភាព។

​របាយការណ៍ស្តីពី ស្ថានភាពសិទ្ធិដីធ្លី​ឆ្នាំ​២០២៥ របស់​​​សមាគមអាដហុក ចេញផ្សាយកាល​ពី​ថ្ងៃ​ទី​​០៧ ខែ​ឧសភា ឆ្នាំ​២០២៦ បាន​រកឃើញថា ការរំលោភបំពានដីធ្លីនៅតែបន្តកើនឡើង ហើយកាន់​តែ​ធ្ងន់​ធ្ងរ ប៉ះ​ពាល់​ដល់​ប្រជាពលរដ្ឋជាង ៥ពាន់គ្រួសារ ហើយ​ជាង៦០ភាគរយនៃការរំលោភបំពាន កើត​ចេញពីមន្ត្រីមានអំណាច និងក្រុមហ៊ុនដែលមាន​ឥទ្ធិពល។

បើតាមអាដហុក ករណីវិវាទដីធ្លី​​ថ្មីនៅ​ឆ្នាំ​២០២៥ មាន​ចំនួន៤៥​ករណី បន្ថែម​លើ​ករណី​​ចាស់ៗ​ជា​ច្រើន​​​​​ដែល​មិន​ទាន់​​​មាន​ដំណោះស្រាយ​សមរម្យ ហើយ​​​ប៉ះ​ពាល់​​ដល់​​ប្រជា​ពលរដ្ឋ​​​ចំនួន ៥ ៥២០​គ្រួសារ និង​ផ្ទៃដីជាង ១១ម៉ឺន​ហិកតា (១១៥ ៤១៣ ហិកតា)។ ក្នុងនោះ​ភាគរយខ្ពស់ នៃ​វិវាទ​ពាក់ព័ន្ធ​នឹង​​កា​ររំលោភ​ដីធ្លី​ដោយ​បុគ្គល​មានអំណាច ៤២​ភាគ​រយ និង​​​​អ្នក​មានទ្រព្យ​/ក្រុមហ៊ុន​ ២០ភាគរយ ដែលជា​ការបង្ហាញពី​ឥទ្ធិពល​ខ្លាំង​របស់​ក្រុម​អាជ្ញាធរ​មាន​អំណាច​លើ​ការ​​ប្រើ​​ប្រាស់​​​​​ធនធាន​ដីធ្លី និង​ធន​ធាន​​​ធម្ម​​ជាតិ។​

​អាដហុក បាន​វាយ​តម្លៃ​ថា បញ្ហាវិវាទដីធ្លី​នៅ​កម្ពុជា នៅតែ​បន្ត​មាន​លក្ខណៈ​​ធ្ងន់​ធ្ងរ​ រ៉ាំរៃ និង​ស្មុគស្មាញ ដែល​​ទាម​ទារ​​​​ឱ្យ​​​មាន​ការ​កែលម្អផ្នែក​ច្បាប់ គោរព​សិទ្ធិ​សហគមន៍ ទប់​ស្កាត់អំពើពុករលួយ និងបញ្ឈប់ការ​ប្រើ​​អំណាច​ខុស​ពី​គោល​​បំណង​​នៃ​ច្បាប់ បើពុំនោះទេ វិវាទ​ដីធ្លី​នឹង​បង្ក​ផល​​​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់ស្ថិរភាព​សេដ្ឋកិច្ច សង្គម និងការ​បាត់​បង់​​ទំនុក​​​ចិត្ត​លើ​រដ្ឋាភិ​បាល​និងប្រព័ន្ធ​យុត្តិធម៌ ដែល​អាច​រារាំង​ដល់ការ​អភិវឌ្ឍ​​រយៈ​ពេល​វែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ