ប្រជាសហគមន៍ និងអង្គការសង្គមស៊ីវិល ចង់ឃើញស្ថាប័នមានសមត្ថកិច្ច និងតុលាការ យកចិត្តទុកដាក់ស៊ើបអង្កេត និងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងលើជនដៃដល់ ដែលបំផ្លាញព្រៃឈើ ដើម្បីបុព្វហេតុបរិស្ថាន និងសុខុមាលភាពពលរដ្ឋ។
សំណើនេះ ធ្វើឡើងក្រោយពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានចេញដីកាកោះហៅសហគមន៍ជនជាតិដើមភាគតិចកួយ ៣ នាក់ ក្នុងចំណោមជាង ៥០ នាក់ ឱ្យចូលខ្លួនបំភ្លឺ បន្ទាប់ពីពួកគាត់ចុះទប់ស្កាត់បទល្មើសព្រៃឈើ ក្នុងតំបន់ព្រៃជំនឿរបស់សហគមន៍ កាលពីចុងខែសីហា កន្លងទៅ។ នៅគ្រានោះ ពួកគាត់បានឃាត់ចាប់សម្ភារៈកាប់ឈើរបស់ក្រុមជនល្មើស រួចប្រគល់ជូនសមត្ថកិច្ច និងអាជ្ញាធរខេត្តព្រះវិហារ ក៏ប៉ុន្តែមន្ត្រីទាំងនោះបដិសេធមិនទទួលយកវត្ថុតាងរបស់សហគមន៍។
សហគមន៍សង្ស័យថា ដើមបណ្តឹងក្នុងរឿងនេះជាក្រុមជនល្មើសដែលមានខ្សែបក្ខពួក អ្នកមានអំណាចនៅពីក្រោយខ្នង។
នាយកប្រតិបត្តិអង្គការពន្លកខ្មែរ លោក ប៉ឹក សោភ័ណ យល់ថា ទង្វើរបស់អាជ្ញាធរជំនាញខេត្តព្រះវិហារ ដែលបដិសេធមិនទទួលយកភស្តុតាងបទល្មើសព្រៃឈើរបស់សហគមន៍ ជាសារបញ្ជាក់ថា មន្ត្រីទាំងនោះកាងការពារជនល្មើស ឬនៅពីក្រោយខ្នងជនបទល្មើសកាប់ឈើខុសច្បាប់។ លោកថា ទង្វើរបស់អាជ្ញាធរពាក់ព័ន្ធជាការគេចវេះ មិនទទួលខុសត្រូវភារកិច្ចរបស់ខ្លួនក្នុងការការពារសម្បត្តិជាតិ និងអនុវត្តផ្ទុយពីអភិបាលកិច្ចល្អក្នុងសង្គម។
លោក ប៉ឹក សោភ័ណ ថ្លែងថា៖ «គួរតែនាំគ្នាលើកទឹកចិត្ត វាបែរទៅជានាំគ្នាទៅប្ដឹងតំណាងសហគមន៍ គេហៅ ចរិតមួយមិនសមរម្យទាល់តែសោះ។ អាហ្នឹងការចូលរួមអភិបាលកិច្ចទាំងអស់គ្នាណា ជាពិសេសគឺពាក់ព័ន្ធជាមួយនឹងក្រសួងបរិស្ថានតែម្ដង គួរតែលើកទឹកចិត្តដល់ពួកគាត់ ពីព្រោះមួយរយៈពេលចុងក្រោយនេះ ក្រសួងបរិស្ថានក៏មានការលើកទឹកចិត្តច្រើនដែរ ទៅដល់សហគមន៍ដែលចូលរួមថែរក្សា ការពារ ទប់ស្កាត់បទល្មើសព្រៃឈើហ្នឹង»។
កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ជនជាតិដើមភាគតិចកួយភូមិណារ៉ុងជាង ៥០ នាក់ បានឃាត់ចាប់បទល្មើសព្រៃឈើខុសច្បាប់ នៅចំណុចប្រលានតាដេវ ដែលជាតំបន់ព្រៃតំណម និងព្រៃជំនឿរបស់សហគមន៍។ ក្នុងពេលឃាត់ចាប់ សហគមន៍រឹបអូសបានម៉ាស៊ីនត្រង់ស៊ឺន័រ ៣ គ្រឿង និងគោយន្ត ១ គ្រឿង នាំយកទៅរក្សាទុកនៅសាលាឃុំឆែបពីរ ដើម្បីស្នើឱ្យសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ខណៈដែលមន្ត្រីនគរបាលយុត្តិធម៌ និងអាជ្ញាធរឃុំ ស្រុក បានបដិសេធមិនទទួលយកសម្ភារៈបទល្មើសព្រៃឈើរបស់ពួកគាត់។ សហគមន៍ថា ក្រុមជនល្មើសដែលលួចកាប់ឈើខុសច្បាប់ បែរជាកំពុងមានសេរីភាព មិនឃើញមន្ត្រីស៊ើបអង្កេត អនុវត្តច្បាប់។
ជនជាតិដើមភាគតិចកួយម្នាក់ក្នុងចំណោម ៣ នាក់ ដែលជាប់បណ្ដឹងក្នុងរឿងនេះ គឺលោក សោម ណៃ ចាត់ទុកសំណុំរឿងនេះជារឿងអយុត្តិធម៌ និងបំបាក់ទឹកចិត្តជនជាតិដើមភាគតិចកួយ ដែលលះបង់ការពារធនធានធម្មជាតិប្រយោជន៍រួម។ លោកបញ្ជាក់ថា ពួកលោកមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ទេ ផ្ទុយទៅវិញក្រុមអ្នកកាប់ឈើខុសច្បាប់គួរតែជាប់ទោសតាមច្បាប់។
លោក សោម ណៃ និយាយថា៖ «ខ្ញុំយល់ថា វាអយុត្តិធម៌សម្រាប់ពលរដ្ឋ។ ដីធ្លីនោះ គេរៀបគ្នាគេមន្ត្រីភូមិ ឃុំទាំងអស់ គេអត់ឱ្យយើងដឹងឮទាំងអស់ គេយកលក់ឱ្យឧកញ៉ាណា ណាខ្លះទេ ហើយយើងអត់មានសិទ្ធិទៅការពារ ឬទប់ស្កាត់អីទេ។ បើតំបន់ព្រៃសហគមន៍យើង គ្រាន់តែអាស្រ័យផល យើងឱ្យគេ តទៅមុខទៀត ប្រជាពលរដ្ឋមានសង្ឃឹមអី ពីរឿងធនធានធម្មជាតិ ដែលរលាយអស់ហើយ»។
កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ តំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក និល វ៉ាន់ដេត បានចេញដីកាកោះហៅ សហគមន៍ជនជាតិដើមកួយ ៣ នាក់ រស់នៅភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ឱ្យចូលខ្លួនបំភ្លឺនៅរសៀលថ្ងៃទី២៣ ខែកញ្ញា ពីបទ គំរាមកំហែងថានឹងសម្លាប់ និងលួច ស្ថិតនៅចំណុចត្រពាំងអន្សម ភូមិណារ៉ុង កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។ ពាក្យបណ្ដឹងនេះ មិនបានបង្ហាញឈ្មោះដើមបណ្ដឹងនោះទេ ហើយសហគមន៍ ៣ នាក់ បានដាក់ពាក្យស្នើសុំពន្យារពេលចូលបំភ្លឺ ដោយលើកហេតុផលថា មិនទាន់ពឹងពាក់មេធាវី។
វីអូឌី មិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះ ពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក និល វ៉ាន់ដេត បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
ចំណែកមេឃុំឆែបពីរ លោក ជឿន ជិន បដិសេធការលើកឡើងរបស់សហគមន៍ ដោយលោកថា អាជ្ញាធរឃុំបានឯកភាពព្រមទទួលវត្ថុតាងសហគមន៍ ហើយគ្រោងបញ្ជូនទៅមន្ត្រីបរិស្ថានកសាងសំណុំរឿងបន្ត ក៏ប៉ុន្តែសហគមន៍បដិសេធ ដោយលើកហេតុផលថា ពួកគេមិនទុកចិត្តអាជ្ញាធរ រួចក៏យកវត្ថុតាងទាំងនោះ រក្សាទុកដោយខ្លួនឯង។ លោកថា ការប្ដឹងផ្ដល់នេះ អាជ្ញាធរឃុំមិនដឹងថា នរណាជាដើមបណ្ដឹងនោះទេ។
លោក ជឿន ជិន និយាយថា៖ «ដែលគាត់ជាអ្នកអនុវត្តផ្ទាល់របស់ពួកគាត់ ត្រូវយកមកប្រគល់ឱ្យអាជ្ញាធរដើម្បីរក្សាទុកនូវវត្ថុតាង រង់ចាំការដោះស្រាយ គាត់អត់យល់ព្រម អាហ្នឹងមានតែប្រគល់ជូនទៅឱ្យគាត់ រក្សាទុកជូនគាត់ហ្នឹងឯង»។
ជុំវិញរឿងនេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លី នៃសមាគមអាដហុក លោក យិន ម៉េងលី យល់ថា ពលរដ្ឋដែលលះបង់ការពារធនធានធម្មជាតិ បែរជាជាប់បណ្ដឹងនៅតុលាការ នឹងធ្វើឱ្យប៉ះពាល់ទឹកចិត្តពលរដ្ឋស្លូតត្រង់ ដែលក្លាហានការពារព្រៃឈើភោគទ្រព្យជាតិ។ លោកយល់ថា អ្នកពាក់ព័ន្ធនឹងបទល្មើស អាជ្ញាធរជំនាញត្រូវចាត់វិធានការច្បាប់ឈរលើស្មារតីនីតិរដ្ឋ ដើម្បីបុព្វហេតុបរិស្ថាន និងពលរដ្ឋដែលពឹងផ្អែកលើធម្មជាតិ។
លោក យិន ម៉េងលី ថ្លែងថា៖ «ពលរដ្ឋ គាត់លែងចូលរួមហើយ ក្នុងការការពារព្រៃឈើ លែងចូលរួមក្នុងការការពារទ្រព្យសម្បត្តិសាធារណៈហើយ បាទ! ព្រោះពេលដែលចាប់ហើយ មិនដឹងយកទៅប្រគល់ឱ្យអ្នកណា ខ្លួនឯងនឹងមានទោស ទៅតាមបញ្ញត្តិ ទៅតាមអ្វីដែលខ្ញុំបានលើកឡើងនេះ បាទ អញ្ចឹងវាធ្វើឱ្យការចូលរួមនៅក្នុងការការពារហ្នឹង វាលែង… លែងសកម្មហើយពលរដ្ឋ ទីមួយ! ទីពីរ មន្ត្រីនគរបាលយុត្តិធម៌ មើលឡើងវិញអំពីតួនាទីរបស់ខ្លួន»។
មន្ត្រីសិទ្ធិមនុស្សរូបនេះ បន្ថែមថា ពលរដ្ឋមានសិទ្ធិឃាត់ចាប់បទល្មើសព្រៃឈើ ប្រគល់ជូនមន្ត្រីនគរបាលយុត្តិធម៌អនុវត្តនីតិវិធីបន្តទៀត។ រីឯសម្ភារៈរបស់ជនល្មើស មន្ត្រីនគរបាលយុត្តិធម៌ត្រូវសហការទទួលយកពីពលរដ្ឋ ដើម្បីធ្វើរបាយការណ៍បញ្ជូនសំណុំរឿងទៅតុលាការ។ លោកបញ្ជាក់ថា មន្ត្រីនគរបាលយុត្តិធម៌ គួរតែលើកទឹកចិត្តពលរដ្ឋ ដែលចូលរួមការពារធនធានធម្មជាតិ និងសហការទប់ស្កាត់បទល្មើសព្រៃឈើ៕









