ម្ចាស់ក្រុមហ៊ុនសាប៊ូស្ពៃដ៏ល្បីមួយរូបនៅក្នុងស្រុក បន្តស្រែកដង្ហោយរកយុត្តិធម៌ ខណៈម៉ាកសញ្ញាផលិតផលរបស់ខ្លួនត្រូវបានឈ្មួញ និងជនជាតិចិនក្លែងបន្លំលក់ពេញទីផ្សារ។ អាជីវកររូបនេះ សម្ដែងក្ដីបារម្ភយ៉ាងខ្លាំង ដោយសារក្រុមហ៊ុនបាត់បង់ទំនុកចិត្តពីអ្នកប្រើប្រាស់ ព្រោះខ្លាចរអាផលិតផលក្លែងក្លាយ។
ម្ចាស់ក្រុមហ៊ុនសាប៊ូស្ពៃ (Empress) អ្នកស្រី នុត សម្ភស្ស ប្រាប់វីអូឌីទាំងអួលដើមកថា ក្នុងនាមអ្នកស្រីជាជនរងគ្រោះពិតជាទន្ទឹងរង់ចាំយុត្តិធម៌ខ្លាំងណាស់។ អ្នកស្រីហាក់មិនសប្បាយចិត្តឡើយ ព្រោះការក្លែងបន្លំម៉ាកសញ្ញាផលិតផលដែលលោកស្រីខំប្រឹងប្រែងជាច្រើនឆ្នាំ។ កត្តានេះបានបង្កផលប៉ះពាល់ខ្លាំងដល់ក្រុមហ៊ុន ដែលបាត់បង់ទំនុកចិត្តពីអ្នកគាំទ្រនៅក្នុងទីផ្សារ និងធ្វើឱ្យអ្នកប្រើខ្លាចរអាផលិតផលក្លែងក្លាយ។ អ្នកស្រីអះអាងថា បច្ចុប្បន្នករណីឈ្មួញក្លែងបន្លំកំពុងបន្តនីតិវិធីនៅតុលាការ ប៉ុន្តែលោកស្រីមិនទាន់បានដំណឹងពិស្តារ និងបានយុត្តិធម៌នៅពេលណាទេ។
ម្ចាស់អាជីវកម្មរូបនេះ បន្តដោយបង្ហាញការលំបាក ព្រោះការចែកចាយកន្លងមករបស់ក្រុមហ៊ុនដោយរលូន ប៉ុន្តែក្រោយរឿងនេះកើតឡើង វាធ្វើឱ្យគ្រប់យ៉ាងប្រែក្រឡាស់ ក្នុងនោះក្រុមហ៊ុនមិនអាចផលិតបានដូចមុន ដោយសាររាល់ដងក្រុមហ៊ុនផលិតហើយ ក៏បញ្ចេញលក់ភ្លាម។ ចំណែកការទិញស្ពៃពីកសិករនៅបន្តតាមផែនការដែលបានចុះកុងត្រាជាមួយនឹងក្រុមហ៊ុន ដូច្នេះលោកស្រីត្រូវយកស្ពៃទៅចែកជូនអ្នកទទួលទាន នៅតាមមជ្ឈមណ្ឌលដែលខ្វះខាតជំនួសវិញ។
អ្នកស្រីថា៖ «ក្នុងនាមជាជនរងគ្រោះហ្នឹង បងពិតជាទន្ទឹមរង់ចាំនូវយុត្តិធម៌សម្រាប់យើងខ្លាំងណាស់ ដោយសារតែករណីមួយនេះគឺប៉ះពាល់ខ្លាំងមែនទែន ទីមួយគឺបាត់បង់ទំនុកចិត្តពីបងប្អូនអ្នកគាំទ្រនៅក្នុទីផ្សារ ដែលបងប្អូនទីមួយបងប្អូននៅតែខ្លាចរអាផលិតផលក្លែងក្លាយហ្នឹង ដែលមិនដឹងថា តើគួរទិញតាមវិធីណា អញ្ចឹងធ្វើឱ្យបង ខាងបងបង្ខំចិត្តត្រូវរៀបចំក្រុមចុះចាត់ចាយទៅតាមតំបន់ ប៉ុន្តែការដែលយើងរៀបចំភ្លាមៗយើងអត់អាចចុះចាត់ចែងតាមតំបន់ឱ្យបានគ្រប់ទីកន្លែងទេ»។
កាលពីខែកក្កដា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានបង្ក្រាប និងរឹបអូសសាប៊ូស្ពៃ ម៉ាក «EMPRESS» ក្លែងក្លាយ ជិត ៧ តោន នៅឃ្លាំងមួយកន្លែងនៅរាជធានីភ្នំពេញ និងឃាត់បានសាប៊ូក្លែងក្លាយកំពុងដាក់លក់នៅក្នុងផ្សារអូរឫស្សីមួយចំនួនផង។
តាមការបញ្ជាក់របស់សមត្ថកិច្ច បង្ហាញថា ផលិតផលសាប៊ូ និងសំបកវេចខ្ចប់ក្លែងក្លាយទាំងនេះ នាំចូលមកពីប្រទេសចិន ហើយកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិន ២ នាក់ ពាក់ព័ន្ធករណីនេះ និងកសាងសំណុំរឿងទៅតុលាការ។
វីអូឌី មិនអាចសុំការបំភ្លឺករណីនេះ ពីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ និងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេ គិតត្រឹមម៉ោងផ្សាយនេះ។
សាប៊ូស្ពៃ ជាផលិតផលក្នុងស្រុកដែលពលរដ្ឋគាំទ្រជាច្រើន។ ម្ចាស់ក្រុមហ៊ុននេះ តែងចុះធ្វើកម្មវិធីមនុស្សធម៌ និងត្រូវបានផ្សព្វផ្សាយយ៉ាងច្រើន។ បើតាមក្រុមហ៊ុនអះអាង សាប៊ូនេះ ផលិតពីវត្ថុធាតុដើមស្ពៃក្រញាញ់រាប់សិបតោន ក្នុង ១ ខែៗ ដែលកសិករដាំដុះនៅក្នុងរោងសំណាញ់ ដែលគាំទ្រដោយដៃគូអភិវឌ្ឍន៍ ដើម្បីលើកស្ទួយជីវភាពពលរដ្ឋនៅខេត្តកំពត និងតាកែវ។
ក្រុមហ៊ុនក៏មានផលិតផលលាងដុសមុខ លាងចាន កក់អប់សក់ គ្រឿងសម្អាង និងថ្នាំដុសធ្មេញផងដែរ ក្នុងនោះវត្ថុធាតុដើមក្រុមហ៊ុនប្រើរុក្ខជាតិ និងបន្លែផ្លែឈើក្នុងស្រុកដើម្បីផលិត។ បេសកកម្មក្រុមហ៊ុននេះអះអាងពីការរក្សាភាពស្មោះត្រង់ គុណភាព ដើម្បីរក្សាទីផ្សារ និងលើកស្ទួយសេដ្ឋកិច្ចកសិករ។ លើសពីនេះ លោកស្រី នុត សម្ភស្ស តែងអះអាងថា នឹងមិនលក់ម៉ាកសញ្ញាដល់ក្រុមហ៊ុនបរទេស ដែលចង់ទិញសិទ្ធិ និងបង្កើនការផលិតដែលនាំចូលវត្ថុធាតុដើមពីក្រៅប្រទេសឡើយ។
អាជីវករលក់ដូរមួយរូបនៅរាជធានីភ្នំពេញ អ្នកស្រី ចាន់ ស៊ីថុន ប្រាប់វីអូឌីថា បើនិយាយពីផលិតផលសាប៊ូមានច្រើនម៉ាកណាស់ ហើយភាគច្រើននាំចូលពីបរទេស ពិសេសវៀតណាម និងចិន។ ក្នុងនាមអ្នកលក់ លោកស្រីពិតជាគាំទ្រផលិតផលដែលធ្វើឡើងដោយកូនខ្មែរ ដើម្បីពលរដ្ឋមានការងារធ្វើក្នុងស្រុក ជាជាងនាំចូលពីក្រៅប្រទេស។ ចំពោះក្រុមហ៊ុនសាប៊ូស្ពៃ លោកស្រីទទួលស្គាល់ថា ជាក្រុមហ៊ុនតូច ការចែកចាយពិបាកទិញមកលក់ ប៉ុន្តែលោកស្រីបានព្យាយាមទិញពីក្រុមហ៊ុនផ្ទាល់ ដើម្បីធានាគុណភាព ចៀសវាងប៉ះរបស់ក្លែងក្លាយ។
នៅតាមផ្សារមានម៉ាកសាប៊ូជាច្រើនត្រូវដាក់បង្ហាញ និងលក់ដូរ។ កន្លងទៅ ពលរដ្ឋខ្មែរនិយមគាំទ្រផលិតផលថៃ តែក្រោយការឈ្លានពានយ៉ាងកម្រោលពីប្រទេសនេះ ពលរដ្ឋខ្មែរមួយចំនួនងាកទៅគាំទ្រផលិតផលពីប្រទេសផ្សេងវិញ ក្នុងនោះមួយចំនួនបានគាំទ្រផលិតផលសាប៊ូស្ពៃនេះ។
អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំង ជំរុញឱ្យក្រសួងពាណិជ្ជកម្មចាត់ការឱ្យមានប្រសិទ្ធភាព ដើម្បីការពារអាជីវករដែលខំរកស៊ី និងបង្កើតអ្វីថ្មីដែលស្មោះត្រង់។ ពួកគេទទូចដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវលុបបំបាត់អំពើពុករលួយ ដែលជាមូលហេតុចម្បងនៃបញ្ហានេះ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ថា ការការពារស្លាកសញ្ញា គឺជារឿងចាំបាច់ដែលក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ ត្រូវតែធានាបាននូវយុត្តិធម៌ តម្លាភាព សម្រាប់គ្រប់ក្រុមហ៊ុនតូចធំ ដែលបានចុះបញ្ជីទទួលស្គាល់ដោយរដ្ឋ។ ក្នុងនោះលោកថា អំពើពុករលួយ ជារឿងមួយត្រូវពិចារណាលុបបំបាត់ឱ្យខាងតែបាន។
លោកបន្តថា ដោយសារតែអំពើពុករលួយធ្វើឱ្យម្ចាស់អាជីវកម្មរងគ្រោះ ហើយវានឹងធ្វើឱ្យបាត់បង់ទំនុកចិត្តពីភាគីដែលពាក់ព័ន្ធដែលកំពុងរកស៊ីនៅកម្ពុជា។ លោកជំរុញឱ្យកម្ចាត់អំពើពុករលួយ និងស្វែងរកយុត្តិធម៌ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ ដើម្បីការពារមុខមាត់កិត្តិយស វិស័យអាជីវកម្មនៅកម្ពុជា កុំឱ្យកាន់តែធ្លាក់ដុនដាប។
លោក សេក សុជាតិ ថ្លែងថា៖ «ការដែលយើងមិនព្រមដោះស្រាយបញ្ហាទាំងអស់នេះ វានឹងបំផ្លាញនូវឫសគល់នៃយុត្តិធម៌របស់សង្គម ចំពោះវិស័យពាណិជ្ជកម្ម និងអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ហើយអ្វីៗខ្ញុំគិតថាគួរទៅដល់ពេលហើយ គួរតែក៏បើកផ្លូវឱ្យបានទូលំទូលាយ ហើយនឹងច្បាស់លាស់ជាងនេះ បើកាលណានៅតែបន្តរក្សានូវវប្បធម៌រងគ្រោះទុកគ្មានដំណោះស្រាយ វានឹងកាន់តែបំផ្លាញវិស័យពាណិជ្ជកម្ម និងអាជីវកម្មនៅក្នុងប្រទេសកម្ពុជា រឹតតែធ្ងន់ធ្ងរជាថ្មីទៀត»។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា យល់ថា បញ្ហាក្លែងបន្លំនេះកំពុងប៉ះពាល់ដល់សន្តិសុខ និងកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ លោកថា បញ្ហានេះអាចដោយសារភាពចន្លោះប្រហោងនៅក្នុងការត្រួតពិនិត្យតាមព្រំដែន និងបញ្ហាអំពើពុករលួយដែលធ្វើឱ្យការអនុវត្តច្បាប់មិនមានប្រសិទ្ធភាព។ លោកបន្តថា ភាពអយុត្តិធម៌សម្រាប់អាជីវករ និងអ្នកផលិតក្នុងស្រុក បានបង្កផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ពលរដ្ឋ និងកេរ្តិ៍ឈ្មោះប្រទេសទាំងមូល។
លោក ប៉ោ មករា ថ្លែងថា៖ «ខ្ញុំនៅតែមើលឃើញថា វាជាបញ្ហាដែលបណ្ដាលមកពីបញ្ហាអំពើពុករលួយ។ មន្ត្រីមួយចំនួនដែលជាអ្នកអនុវត្តច្បាប់បំពេញកាតព្វកិច្ចទទួលខុសត្រូវរបស់ខ្លួនឯងហ្នឹង វាហាក់ដូចជាអត់បានតម្កល់ផលប្រយោជន៍ជាតិជាធំ បេះដូងស្រឡាញ់ជាតិហ្នឹងនៅមានកម្រិត អញ្ចឹងធ្វើអីៗឱ្យតែបានផលប្រយោជន៍របស់ខ្លួនឯង ឬក៏បក្សពួកខ្លួនឯងហ្នឹងគឺអត់ខ្វល់។ ខ្ញុំគិតថា ជាបញ្ហាអយុត្តិធម៌មិនមែនសម្រាប់តែ អាជីវករខ្នាតតូច ឬក៏អ្នករកស៊ីកម្រិតមធ្យមទេ អញ្ចឹងវាប៉ះពាល់ទៅដល់ប្រជាពលរដ្ឋ អយុត្តិធម៌ទៅដល់ប្រទេសជាតិទាំងមូលបាទ»។
ក្រៅពីអ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំង ពលរដ្ឋប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនក៏សម្ដែងការខឹងសម្បារចំពោះឧក្រិដ្ឋជនចិនដែលក្លែងបន្លំម៉ាកសាប៊ូក្នុងស្រុកមួយនេះ។ ពួកគេសរសេររៀបរាប់រៀងៗខ្លួន ដោយបង្ហាញក្ដីអាណិតដល់អាជីវករខ្មែរដ៏ស្លូតត្រង់ និងជាអ្នកជំនួយទិញពីកសិករដាំស្ពៃដោយផ្ទាល់ ក្នុងតម្លៃលើស ១,០០០ រៀល ក្នុង ១ គីឡូក្រាម ឱ្យមានទីផ្សារសមរម្យ ដែលខុសពីទីផ្សារកន្លងទៅ គឺត្រូវចាក់ចោល ឬលក់ខាតជាដើម។ ពួកគេបន្តដោយស្នើយ៉ាងទទូចដល់អាជ្ញាធរពាក់ព័ន្ធចាត់ការរឿងនេះឱ្យបានលឿន ព្រមទាំងចុះប្រមូលផលិតផលក្លែងក្លាយទាំងអស់លើទីផ្សារ ដើម្បីការពារប្រយោជន៍អាជីវករក្នុងស្រុក។
ច្បាប់ស្តីពីម៉ាកពាណិជ្ជកម្ម និងការប្រកួតប្រជែងនៃក្រសួងពាណិជ្ជកម្ម តម្រូវឱ្យអ្នកក្លែងបន្លំប្រឈមមុខនឹងទណ្ឌកម្មជាប់ពន្ធនាគារពី ១ ឆ្នាំ ដល់ ៥ ឆ្នាំ ពិន័យប្រាក់ពី ៥ លាន ដល់ ២០ លានរៀល ព្រមទាំងត្រូវរឹបអូស និងបំផ្លាញចោលទំនិញក្លែងក្លាយ ឧបករណ៍ និងម៉ាស៊ីនសម្រាប់ផលិតទាំងអស់ ហើយជនល្មើសត្រូវបង់ប្រាក់ថ្លៃផ្សាយសាលក្រមបរិហារកេរ្តិ៍ខ្លួនឯងនៅលើសារព័ត៌មានទៀតផង៕









