អាជ្ញាធរប្រទេសថៃ បានសម្រេចដោះលែងអ្នកនេសាទខ្មែរចុងក្រោយម្នាក់ ដែលទាហានជើងទឹកចូលមកចាប់លើដែនសមុទ្រកម្ពុជាដោយខុសច្បាប់ និងយកទៅដាក់ពន្ធនាគារនៅស្រុកថៃ។ ទោះបីអ្នកនេសាទទាំងអស់មានសេរីភាពវិញ តែសង្គមស៊ីវិល ចង់ឃើញរដ្ឋាភិបាលទាមទារយុត្តិធម៌ពីភាគីថៃជូនអ្នកទាំងបី។
ក្រោយបាត់បង់សេរីភាពអស់រយៈពេលជាង ៨ ខែ ទីបំផុតអ្នកនេសាទខ្មែរម្នាក់ ត្រូវបានអាជ្ញាធរប្រទេសថៃ ដោះលែង និងត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នេះ។
បើតាមការបញ្ជាក់របស់លោក ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា អ្នកនេសាទខ្មែររូបនេះ ត្រូវបានបញ្ជូនមកកម្ពុជាវិញ នៅតាមច្រកទ្វារចាំយាម ខេត្តកោះកុង។
តាមរយៈរូបភាពចែកចាយជាបន្តបន្ទាប់ អ្នកនេសាទរូបនេះ បានឆ្លងដែនចូលមកទឹកដីកម្ពុជាវិញជាមួយនឹងពលរដ្ឋខ្មែរដទៃទៀត ជាមួយដៃកាន់ស្បោងផ្លាស្ទិកតូចមួយ ដោយមិនមានកាតាប ឬសម្ភារៈអ្វីធំដុំឡើយ។
នេះគឺជាអ្នកនេសាទចុងក្រោយ ដែលត្រូវបានអាជ្ញាធរថៃដោះលែងឱ្យមានសេរីភាព ក្នុងចំណោមអ្នកនេសាទខ្មែរ ៣ នាក់ ដែលកងទ័ពជើងទឹកថៃ ចូលមកចាប់ដោយខុសច្បាប់លើដែនសមុទ្រកម្ពុជាត្រង់ចំណុចកោះយ៉ ស្រុកមណ្ឌលសីមា ក្នុងទឹកដីកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ។
វីអូឌី មិនអាចស្វែងរកការអត្ថាធិប្បាយបន្ថែម ពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ចាន់ រតនា ទាក់ទិននឹងនីតិវិធីនៃការដោះលែង និងបញ្ជូនពលរដ្ឋរូបនេះទៅស្រុកកំណើតវិញបានទេ នៅថ្ងៃទី២ ខែតុលា នេះ។
តុលាការខេត្តត្រាត បានចោទប្រកាន់ពួកគេ ពីបទ ចូលនេសាទក្នុងដែនសមុទ្រថៃ និងបានកាត់ទោសឱ្យជាប់ពន្ធនាគារ។ ក្នុងនោះអ្នកនេសាទ ២ នាក់ ត្រូវជាប់ពន្ធនាគារ ៤ ខែ និងពិន័យប្រាក់ ៩ ម៉ឺនបាត ឬជាង ២ ៦០០ ដុល្លារអាមេរិក និងម្នាក់ទៀតដែលជាអ្នកបញ្ជាទូក ឱ្យជាប់ពន្ធនាគារ ១ ឆ្នាំ ៤ ខែ និងពិន័យជាប្រាក់ ១២ ម៉ឺនបាត ឬជាង ៣ ៥០០ដុល្លារអាមេរិក។ ប៉ុន្តែជាក់ស្ដែង កម្មករ ២ នាក់ បានជាប់ពន្ធនាគារដល់ជាង ៧ ខែ ដោយដោះលែងកាលពីចុងខែសីហាកន្លងទៅ និងបានធ្វើដំណើរទៅដល់ស្រុកកំណើតនៅថ្ងៃទី៧ ខែកញ្ញា។
ចំណែកអ្នកនេសាទខ្មែរចុងក្រោយរូបនេះ ត្រូវបានថៃបញ្ជូនមកប្រទេសកំណើតវិញមុនកាលកំណត់ ១ ខែ ខណៈថៃគ្រោងឃុំឃាំងរូបលោក រហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
ទាក់ទិនរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សោកស្ដាយចំពោះការបាត់បង់សេរីភាពរបស់ពលរដ្ឋខ្មែរទាំង ៣ រូប ជាងកន្លះឆ្នាំមកនេះ ដោយលោកហៅទង្វើរបស់កងទ័ពជើងទឹកថៃថាជាការបំពាន និងយាយីមកលើពលរដ្ឋកម្ពុជា ក្រោយមានជម្លោះព្រំដែន និងបញ្ហាដែនសមុទ្រត្រួតស៊ីគ្នា។ ទន្ទឹមនឹងការប្រឹងប្រែងរកសេរីភាពឱ្យពលរដ្ឋទាំង ៣ រូប លោកចង់ឃើញរដ្ឋាភិបាលកម្ពុជាស្វែងរកយុត្តិធម៌ឱ្យពួកគេផងដែរ។
លោក អំ សំអាត ថ្លែងថា៖ «ដូច្នេះកម្ពុជាត្រូវតែស្វែងរកយុត្តិធម៌ដែលអាចធ្វើទៅបានសម្រាប់ការឃុំខ្លួនអ្នកនេសាទខ្មែរដោយខុសច្បាប់ពីសំណាក់ភាគីថៃ ព្រោះករណីនេះវាអយុត្តិធម៌សម្រាប់អ្នកនេសាទខ្មែរដែលភាគីថៃចាប់យកទៅឃុំ»៕









