អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក ថម អេនឌ្រូ (Tom Andrews) បន្តលើកឡើងពីក្តីបារម្ភជុំវិញការរឹតត្បិតសេរីភាពបញ្ចេញមតិ លំហពលរដ្ឋ និងសិទ្ធិនយោបាយ ព្រមទាំងការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស សកម្មជន និងអ្នកនយោបាយជាដើម។
ការលើកឡើងនេះ ធ្វើឡើងខណៈការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតជាតិកំពុងខិតជិតមកដល់ ដោយលោកអំពាវនាវឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ធានាលក្ខខណ្ឌដែលអនុញ្ញាតឱ្យពលរដ្ឋជ្រើសរើសអនាគតរបស់ខ្លួនដោយសេរី។
របាយការណ៍ ១៧ ទំព័រ ដំបូងនៃអាណត្តិរបស់លោក អេនឌ្រូ ដែលបានដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៣០ ខែកញ្ញា សង្កត់ធ្ងន់ថា កម្ពុជាកំពុងស្ថិតនៅលើផ្លូវបំបែកសំខាន់ ដែលទាមទារឱ្យរដ្ឋាភិបាលប្តេជ្ញាចិត្តគោរព ការពារ និងបំពេញសិទ្ធិមនុស្ស ជាជាងបន្តរំលោភបំពានសិទ្ធិពលរដ្ឋ។ លោកបន្តចោទជាសំណួរថា តើការរឹតត្បិតសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ និងការបង្ក្រាបកម្ទេចគូប្រជែងនយោបាយ ព្រមទាំងការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស សកម្មជននយោបាយ និងអ្នកកាសែតជាច្រើននាក់ ព្រមទាំងការដកហូតសិទ្ធិមនុស្ស និងសិទ្ធិនយោបាយរបស់អ្នកដទៃ ឆ្លុះបញ្ចាំងយ៉ាងម៉េចវិញ?។
អ្នករាយការណ៍ពិសេសរូបនេះ បន្តទទូចស្នើដល់មន្ត្រីរដ្ឋាភិបាលកម្ពុជា ឱ្យកំណត់ទិសដៅដើម្បីជំរុញកិច្ចការសិទ្ធិមនុស្ស និងយុត្តិធម៌សម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប និងធានាថា ពួកគេអាចជ្រើសរើសអនាគតរបស់ខ្លួន តាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
ទាក់ទងនឹងករណីនេះ នាយកចាត់ការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត បានប្រាប់វីអូឌីនៅថ្ងៃទី២ ខែតុលា ដោយគាំទ្រការលើកឡើងរបស់លោក ថម អេនឌ្រូ ថាត្រូវនឹងបរិបទកម្ពុជា ដែលកំពុងមានបញ្ហាចម្រូងចម្រាស និងរងការរិះគន់ ជុំវិញការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្ស ដូចជា ការរឹតត្បិតសេរីភាពបញ្ចេញមតិ លំហសេរីភាពនយោបាយ សេរីភាពសារព័ត៌មាន និងសង្គមស៊ីវិលជាដើម។
លោកថា នេះមិនមែនជាលើកទីមួយទេ ដែលមន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកឡើង ហើយលោកចង់ឃើញគ្រប់គណបក្សនយោបាយ អាចចូលរួមការបោះឆ្នោតដោយគ្មានការរឹតត្បិត ប្រកបដោយតម្លាភាព និងយុត្តិធម៌ ដែលគាំពារដោយរដ្ឋធម្មនុញ្ញកម្ពុជា និងបទដ្ឋានអន្តរជាតិស្តីពីសិទ្ធិមនុស្សជាដើម។
លោក អំ សំអាត ថ្លែងថា៖ «មិនមែនតែពេលនេះទេ គឺតាំងពីលោកបានមកបំពេញទស្សនកិច្ច ឬក៏បំពេញបេសកកម្មដំបូងនៅកម្ពុជា លោកក៏បានសម្ដែងការព្រួយបារម្ភ ហើយនិងលើកឡើងថា ដើម្បីឱ្យបរិយាកាសបោះឆ្នោតឃុំ-សង្កាត់ នៅឆ្នាំ២០២៧ និងការបោះឆ្នោតជាតិឆ្នាំ២០២៨ ខាងមុខនេះ មានបរិយាកាសល្អប្រសើរ កម្ពុជាត្រូវតែបើកលំហសេរីភាពសង្គមស៊ីវិល លើកកម្ពស់ទៅលើសិទ្ធិមនុស្ស បើកលំហទៅលើសេរីភាព ឬក៏លំហនយោបាយ និងការបើកលំហទៅលើសេរីភាពសារព័ត៌មាន ដើម្បីធ្វើម៉េចឱ្យបរិយាកាសនៃការបោះឆ្នោតហ្នឹងប្រព្រឹត្តិទៅដោយត្រឹមត្រូវ សេរី និងយុត្តិធម៌»។
ឆ្លើយតបនឹងករណីនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ ថ្លែងថា លោកស្វាគមន៍ចំពោះការលើកឡើងរបស់លោក អេនឌ្រូ ក្នុងន័យស្ថាបនា ប៉ុន្តែលោកទទួលស្គាល់ថា គ្មានប្រទេសណាមួយអនុវត្តសិទ្ធិមនុស្សបានល្អឥតខ្ចោះនោះទេ។
លោក ជា ធីរិទ្ធ ថ្លែងថា៖«យើងស្វាគមន៍ចំពោះការលើកឡើងរបស់ លោក អេនឌ្រូ អ្នករាយការណ៍ពិសេស អសប ក្នុងន័យស្ថាបនា ហើយវាជារឿងធម្មតាទេ ដែលនៅលើសាកលលោកនេះ គ្មានប្រទេសណាមួយអនុវត្តសិទ្ធិមនុស្សហ្នឹងឥតខ្ចោះ ១០០% វាអត់មានទេ។ វាតែងមានចន្លោះ ដូច្នេះបានយើងខិតខំប្រឹងប្រែងដើម្បីបំពេញចន្លោះ។ យ៉ាងណាមិញ ការអនុវត្តរបស់យើង គឺមិនត្រូវអនុវត្តប្រាសចាកគោលការណ៍គ្រឹះ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាតែប៉ុណ្ណោះបាទ»។
ផ្ទុយពីការលើកឡើងរបស់អ្នកនាំពាក្យរូបនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក មែន ណាត មើលឃើញថា រដ្ឋាភិបាលតាំងពីជំនាន់លោកហ៊ុន សែន ដល់លោកហ៊ុន ម៉ាណែត ហាក់មិនបានឆ្លើយតបនឹងកង្វល់របស់សហគមន៍អន្តរជាតិឡើយ ហើយលោកគាំទ្ររបាយការណ៍របស់លោក អេនឌ្រូ ទាំងស្រុង។ លោកថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពុំមានការវិវត្តរីកចម្រើនទៅមុខនោះឡើយ និងបន្តស្ថិតក្នុងភាពធ្ងន់ធ្ងរដដែល។
លោក ម៉ែន ណាត ថ្លែងថា៖ «នៅពេលដែលអង្គការសហប្រជាជាតិលើកបញ្ហានេះទៅជជែក វាជាភាពអាម៉ាស់មួយរបស់រដ្ឋាភិបាលកម្ពុជាដែរ ដែលរដ្ឋាភិបាលកម្ពុជាគួរណាស់តែប្រញាប់កែសម្រួលស្ថានភាពសិទ្ធិមនុស្ស។ ឯអ្វីដែលកម្ពុជាកំពុងប្រឈមមានរឿងច្រើន រឿងសៀមឈ្លានពាន រឿងវិបត្តិចាក់ស្រេះក្នុងសង្គម ព្រមទាំងវិបត្តិសិទ្ធិមនុស្សផង។ ក្នុងហ្នឹង បញ្ហាសិទ្ធិមនុស្សវាសំខាន់ សំខាន់គឺនៅត្រង់ថា រដ្ឋាភិបាលកម្ពុជាត្រូវតែបើកលំហសេរីភាពបញ្ចេញមតិ អាហ្នឹងក៏ជាផ្នែកមួយសិទ្ធិមនុស្សដែរ ហើយឱ្យប្រជាពលរដ្ឋហ្នឹងលោកអាចសម្ដែងមតិដោយសេរី ម្ល៉ោះហើយរដ្ឋាភិបាលកម្ពុជាមិនត្រូវប្រើកណ្តាប់ដៃដែកបង្ក្រាបទៅលើអ្នកបញ្ចេញមតិទេ»។
ចំណែកសមាជិកព្រឹទ្ធសភាពីគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា យល់ឃើញថា ការលើកឡើងរបស់លោក ថម អេនឌ្រូ គឺជាការរំលឹកមួយដ៏ចាំបាច់សម្រាប់ការបោះឆ្នោតមួយដែលសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅកម្ពុជា។ លោកថា ការបោះឆ្នោតមួយដែលគ្មានការភ័យខ្លាច ទើបធ្វើឱ្យពលរដ្ឋ និងអ្នកប្រកួតប្រជែងអស់ចិត្ត។
លោក គង់ មុនីកា ថ្លែងថា៖ «ដូច្នេះហើយសម្រាប់កម្ពុជា ការបើកលំហប្រជាធិបតេយ្យ ការអនុញ្ញាតឱ្យគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋអាចចូលរួមក្នុងដំណើរការបោះឆ្នោត និងការកសាងបរិយាកាសបោះឆ្នោតមួយដែលគ្មានការភ័យខ្លាច នឹងជួយកសាងនូវទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះការបោះឆ្នោត ហើយក៏នឹងជួយឱ្យអ្នកនយោបាយ គណបក្សនយោបាយ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ទទួលយកបាននូវលទ្ធផលក្នុងការបោះឆ្នោតនីមួយៗហ្នឹងបាទ»។
គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៦ របាយការណ៍អង្គការលីកាដូ បង្ហាញថា អ្នកទោសមនសិការជាង ១០០ នាក់ កំពុងរងការជាប់ឃុំដោយសារការប្រើប្រាស់សិទ្ធិរបស់ខ្លួន ក្នុងនោះមានអ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស បរិស្ថាន និងសង្គមជាដើម។
ចំណែករបាយការណ៍របស់លោក អេនឌ្រូ ក៏បានលើកចំឈ្មោះឥស្សរជននយោបាយ ដូចជាលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ និងលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ដែលត្រូវបានរឹតត្បិតធ្វើនយោបាយជាដើម។
ក្រៅពីក្តីកង្វល់ជុំវិញបញ្ហាសិទ្ធិមនុស្ស លោក អេនឌ្រូ ក៏អំពាវនាវឱ្យភាគីកម្ពុជា និងថៃ អនុវត្តការសន្យាដែលបានព្រមព្រៀងគ្នាក្នុងបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីឱ្យពលរដ្ឋខ្មែរដែលបានបាត់បង់លំនៅឋានក្រោយថៃឈ្លានពាន អាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយសុវត្ថិភាព៕









