កងទ័ពអាមេរិក កំពុងបញ្ជូនក្រុមនាវាដឹកយន្តហោះចម្បាំងទីបី ទៅកាន់មជ្ឈិមបូព៌ា ខណៈដែលប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានថា ការវាយប្រហារថ្មីៗប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ អាចនឹងកើតឡើងនាពេលឆាប់ៗខាងមុខនេះ។
ការចាត់បញ្ជូននេះ រួមមានទាំងក្រុមវាយប្រហារលើគោក និងលើទឹកពិសេសផងដែរ ដែលគូសបញ្ជាក់ពីការប្រែប្រួលយ៉ាងឆាប់រហ័សនៃសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ខណៈដែលការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិកជិតមកដល់។ លោក ត្រាំ បានព្រមានថា ការកើនឡើងកម្ដៅសង្គ្រាមក្រោយការបោះឆ្នោត នៅតែជាជម្រើសដែលអាចកើតមាន — ទោះបីជាមានការសន្យាដំបូងថា សង្គ្រាមនឹងអូសបន្លាយត្រឹមតែប៉ុន្មានសប្តាហ៍ក៏ដោយ។
ក្រុមនាវាដែលកំពុងធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ានៅពេលនេះ ដឹកនាំទាហានជើងទឹក និងទាហានជើងទឹកការពារឆ្នេរ (Marines) ជាង ៩,០០០ នាក់។ ក្រុមនេះ រួមមាន ក្រុមនាវាដឹកយន្តហោះចម្បាំង USS Theodore Roosevelt និងក្រុមត្រៀមលក្ខណៈវាយប្រហារលើគោក និងលើទឹក USS Makin Island។
យោងតាមមន្ត្រីអាមេរិកម្នាក់ វត្តមាននាវាទាំងនេះអាចធ្វើឱ្យនាវាដឹកយន្តហោះចម្បាំងចំនួនបី មានវត្តមាននៅក្នុងតំបន់មជ្ឈិមបូព៌ានៅចុងខែតុលា។ វិធានការនេះ នឹងធ្វើឱ្យវត្តមានកងទ័ពជើងទឹកអាមេរិកកើនឡើងដល់ចំនួនខ្ពស់ខុសពីធម្មតាគឺជាង ២០,០០០ នាក់ ព្រមទាំងយន្តហោះរាប់រយគ្រឿងផងដែរ។
បច្ចុប្បន្ន នាវាដឹកយន្តហោះចម្បាំង USS George HW Bush និង USS George Washington កំពុងស្ថិតនៅក្នុងតំបន់នេះស្រាប់។ នាវា Washington អាចនឹងផ្លាស់ទីទៅកាន់សមុទ្រក្បែរប្រទេសជប៉ុន នៅពេលដែលនាវា Theodore Roosevelt មកដល់។
នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Time លោក ត្រាំ បាននិយាយថា វា «អាចទៅរួច» ដែលលោកនឹងបង្កើនការទម្លាក់គ្រាប់បែកនៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិថ្ងៃទី៣ ខែវិច្ឆិកា។ លោកក៏បានឱ្យដឹងដែរថា លោកបានបដិសេធសំណើបទឈប់បាញ់ចុងក្រោយបង្អស់ពីប្រទេសអ៊ីរ៉ង់ រួមទាំងការផ្តល់ជូននៅក្នុងការបើកច្រកសមុទ្រ Hormuz ដោយបញ្ជាក់ថាសំណើទាំងមូល «មិនល្អគ្រប់គ្រាន់ទេ»។
នៅពេលត្រូវបានសួរថា តើសង្គ្រាមនេះនឹងប៉ះពាល់ដល់ឱកាសរបស់គណបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតដែរឬទេ លោក ត្រាំ បានឆ្លើយថា ការទប់ស្កាត់មិនឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ នឹងជួយដល់ការបោះឆ្នោត ព្រោះប្រជាជនទូទាំងពិភពលោកប្រឆាំងនឹងសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕









