ក្រុមកូដករក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ដែលភាគច្រើនជាស្ត្រី នៅថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២៦នេះ បានបន្តប្រមូលផ្តុំតវ៉ាដោយសន្តិវិធីនៅមុខក្រុមហ៊ុន ជាប់របងរដ្ឋសភា ដើម្បីផ្ញើសាររំលឹកជាថ្មីទៅកាន់រាជរដ្ឋាភិបាល និងក្រសួងការងារ ឱ្យចាត់វិធានការការពារសហជីពឯករាជ្យរបស់ពួកគេ នៅក្នុងកន្លែងការងារ ទោះបីវិវាទការងារនេះ បានអូសបន្លាយជិត ៥ឆ្នាំមកហើយក្តី។
វិវាទនេះ បានចាប់ផ្តើមតាំងពីខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីក្រុមហ៊ុនបានបញ្ឈប់បុគ្គលិកជាង១៣០០នាក់ ដែលក្នុងនោះមានថ្នាក់ដឹកនាំ និងសមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ហៅកាត់ LRSU ដែលបានបង្កើតតាំងពីឆ្នាំ២០០៩។
តំណាងកូដករ ធ្លាប់អះអាងថា ថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវតែគោរពច្បាប់ការងារកម្ពុជា និងអនុសញ្ញាស្នូលរបស់អង្គការពលកម្មអន្តរជាតិ ILO ដែលរដ្ឋាភិបាលកម្ពុជាបានផ្តល់សច្ចាប័ន។
យ៉ាងណា មន្ត្រីក្រសួងការងារ ធ្លាប់អះអាងថា ខ្លួនធ្លាប់សម្របសម្រួលរឿងនេះច្រើនដង តែនៅតែមិនអាចរកច្រកចេញរួច ដោយសារតែភាគីទាំងសងខាងមិនចុះសម្រុងគ្នា។
ជាការកត់សម្គាល់ វិវាទនៅក្រុមហ៊ុននេះ តំណាងសហជីពច្រើនរូបត្រូវជាប់បណ្តឹង និងខ្លះជាប់ពន្ធនាគាររហូតពីរដង ដូចជាប្រធានសហជីពក្រុមហ៊ុននេះ គឺកញ្ញា ឈឹម ស៊ីថរ ជាដើម។
ប៉ុន្តែភាគីក្រុមហ៊ុន ដែលរងការចោទថា បានព្យាយាមកម្ចាត់សហជីពឯករាជ្យចេញពីកន្លែងការងារបំពានលើច្បាប់ នៅមិនទាន់ត្រូវបានចាត់វិធានការច្បាប់ទេ រហូតមកដល់ពេលនេះ ដែលធ្វើឱ្យរលកតវ៉ានៅតែបន្តទាមទារយុត្តិធម៌ឥតឈប់ជិត៥ឆ្នាំមកនេះ។
អ្នកសង្កេតការណ៍សិទ្ធិការងារ លើកឡើងថា វិវាទការងារដ៏រ៉ាំរ៉ៃនេះ បង្ហាញពីវិបត្តិនីតិរដ្ឋធ្ងន់ធ្ងរ នៅពេលដែលប្រព័ន្ធច្បាប់មិនទាន់អាចបង្ខំថៅកែជាជនបរទេសឱ្យគោរពច្បាប់កម្ពុជាបាន ហើយការប្រើវិធានការរដ្ឋបាល និងព្រហ្មទណ្ឌជំនួសការសម្របសម្រួលតាមយន្តការការងារ កំពុងធ្វើឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលទាំងក្នុងប្រទេស និងឆាកអន្តរជាតិ៕









