សហគមន៍​​កោះ​​មា​ស​​យក​​ទិវា​​សិទ្ធិ​​លំនៅ​​ឋាន​​ពិភព​លោក​​ផ្ញើ​​សារ​​ពី​​ក្តី​​បារម្ភ​​ខ្លាច​​អាជ្ញាធរ​​បណ្តេញ​​ចេញ​

ក្នុង​ទិវា​សិទ្ធិ​លំនៅ​ឋាន​ពិភពលោក នា​ថ្ងៃ​អាទិត្យ​នេះ សហគមន៍​​កោះ​​មាស ក្នុង​​ខេត្ត​​កណ្តាល ​បាន​​បន្ត​​ផ្ញើ​​សារ​​ជា​​ថ្មី​​ម្តង​​ទៀត ​ឱ្យ​​រដ្ឋាភិ​បាល​​ផ្តល់​​ប័ណ្ណ​​កម្ម​សិទ្ធិ​​ដី​​ស្រប​​ច្បាប់​​ជូន​​ពួក​គេ ក្រោម​​ហេតុ​ផល​​ថា​​​ ដើម្បី​​បំបាត់​​ភាព​​ភ័យ​ខ្លាច​​ពី​​ការ​​បណ្តេញ​​ចេញ​​ទាំង​​​បង្ខំ​​ពី​​សំណាក់​​អាជ្ញាធរ។

​ក្តី​បារម្ភ​របស់​សហគមន៍​ដែល​ពួកគេ​ចេះ​តែ​បន្ត​​ផ្ញើ​សារ​ទាមទារ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នេះ គឺ​កើត​ឡើង​​បន្ទាប់ពី​រដ្ឋាភិ​បាល​​សម័យ​​លោក ហ៊ុន សែន ធ្វើ​​ជា​​នាយករដ្ឋមន្ត្រី បាន​កាត់​កោះ​នេះ​ឱ្យ​ទៅ​​ក្រុម​ហ៊ុន​​ឧកញ៉ា ឃុន សៀ ដើម្បី​អភិវឌ្ឍន៍​​រយៈពេល​ជាង ៥០ ឆ្នាំ។ ក្រុមហ៊ុន​បាន​ផ្តល់​សំណង​​ឱ្យ​អ្នកភូមិ ១៦៨ គ្រួសារ ដែល​បាន​រស់នៅ និង​អាស្រ័យ​ផល​​លើ​កោះ​នេះ (អ្នក​ខ្លះ​ជិត ៥០ ឆ្នាំ) ត្រឹម ៨ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ខណៈ​ដី​នៅ​ជុំវិញ​កោះ​នេះ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​​អះ​​អាង​ថា មាន​​តម្លៃ​​ចន្លោះ​​ពី ១៥០ ដុល្លារ ទៅ ១៧០ ដុល្លារ​អាមេរិក​​ក្នុង​មួយ​ម៉ែត្រការ៉េ ដែល​ធ្វើ​ឱ្យ​​ពួកគេ​មិន​​​អាច​​​ទទួល​យក​សំណង​ ​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន ឃុន សៀ នេះ​បាន​​ឡើយ។

​នេះ​បើ​តាម​ការ​បញ្ជាក់​ពី លោក គង់ ថាវី អាយុ ៥១ ឆ្នាំ ដែល​​បាន​រស់នៅ​លើ​ដី​កោះ​មាស​​ជិត ៤០ ឆ្នាំ។

​លោក​ថា៖ «ខ្ញុំព្រួយបារម្ភជាងគេហ្នឹង គឺដោយសារមានក្រុមហ៊ុន និង​អាជ្ញាធរ គាត់​ចេញមុ​ខ​ថា​តាម​ពិត​ឱ្យ​ប្រជាជន​​ហ្នឹង ៨ ដុល្លារ។ តែ​ពួក​ខ្ញុំ​មិន​ព្រម​ទេ ព្រោះ ៨ ដុល្លារ​ហ្នឹង វា​អត់​សាក​សម​ចំពោះ​ពួក​ខ្ញុំ​ទេ ព្រោះដី​គេ​ជុំ​វិ​ញ​កោះ​​មាស​​ខ្ញុំ​ហ្នឹង គឺ​មួយ​ការ៉េ​ចាប់​ពី ១៥០ ទៅ ១៧០។ អញ្ចឹង​មក​ឱ្យ​ខ្ញុំ ៨ ដុល្លារ គឺ​ខ្ញុំមិ​ន​អាច​ទទួល​យក​បាន​ទេ បាទ»។

​តម្លៃ​​ខុស​​គ្នា​​ជាង ២០ ដង​នេះ ធ្វើ​ឱ្យ​​ប្រជា​សហគមន៍​លើក​យក​មក​ធ្វើ​ជា​សំអាង​​ថា ពួកគាត់​មិន​ព្រម​​ទទួល​សំណង​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន ឃុន សៀ ជា​ដាច់​ខាត ដើម្បី​ជា​ថ្នូរ​ឱ្យ​ពួកគាត់​យល់​ព្រម​ចាកចេញ​ទៅ​រស់នៅ​ទីតាំង​ថ្មី ដោយ​​លើក​ឡើង​ថា តម្លៃ​នេះ​មិន​អាច​យក​ទៅ​ទិញ​ដី​លំនៅ​​ឋាន និង​ដី​អាស្រ័យផល​នៅ​កន្លែង​ផ្សេង​សម្រាប់​ចិញ្ចឹមជីវិត​បាន​ឡើយ។

​បើ​តាម​អ្នកភូមិ ពួកគាត់​ខ្លះ​​បាន​មក​អាស្រ័យផល និង​រស់នៅ​លើ​ទឹកដី​កោះ​មាស​នេះ ​តាំងពី​ឆ្នាំ ១៩៧៩ ពោល​​គឺ​ជិត ៥០ ឆ្នាំ​មក​ហើយ ដោយ​​មាន​ទាំង​ប័ណ្ណ​សម្គាល់​សិទ្ធិ (ហៅ​ថា​ប័ណ្ណ​ស្លាបមាន់) ក៏ប៉ុន្តែ​ពួកគេ​នៅតែ​ប្រឈម​នឹង​ការ​បណ្តេញ​​ចេញ​​ ខណៈ​អាជ្ញាធរ​​បាន​ចុះ​មក​វាស់វែង​ដី​នៅ​តំបន់​នេះ​អំឡុង​ឆ្នាំ​២០២០ ដោយ​ប្រាប់​ថា ដើម្បី​ធ្វើ​ប្លង់​កម្ម​សិទ្ធិ ឬ​ប្លង់​រឹង​ឱ្យ​ពួកគេ ប៉ុន្តែ​ការ​សន្យា​នោះ​នៅតែ​បន្ត​ជាប់គាំង​រហូត​មក​ដល់​ពេល​នេះ។

​បុរស​វ័យចំណាស់ លោក ជុំ សំអឿន អះអាង​ប្រហាក់ប្រហែល​គ្នា​ដែរ​ថា ក្នុង​ពិធី​ប្រារព្ធ​ទិវា​​សិទ្ធិ​​លំនៅ​​ឋាន​ពិភពលោក​នេះ សហគមន៍​​កោះ​មាស​ ​បាន​នាំគ្នា​ដើរ​ហែក្បួន​ចេញ​ពី​ផ្ទះ​រៀងៗ ខ្លួន ដោយ​​ដៃ​កាន់​​បដា និង​ស្រែក​តាម​ឧបករណ៍​​បំពងសំឡេង សំដៅ​ទៅ​កាន់​ខ្ទម​អ្នកតា ដើម្បី​ធ្វើ​​ពិធី​បន់ស្រន់​ដល់​​វត្ថុស័ក្តិសិទ្ធិ ក្នុង​ន័យ​ផ្ញើ​សារ​ទៅ​កាន់​រដ្ឋាភិបាល​ ​ឱ្យ​ជួយ​ផ្តល់​យុត្តិធម៌​ដល់​អ្នក​ភូមិ​ដែល​​បាន​រស់នៅ​លើ​កោះ​នេះ​​ រាប់​​ទសវត្សរ៍​មក​ហើយ តាមរយៈ​ការ​ពន្លឿន​ផ្តល់​ប្លង់​​កម្មសិទ្ធិ​​ឱ្យ​ពួកគេ ដើម្បី​ទប់ស្កាត់​ការ​បណ្តេញ​​ចេញ​ទាំង​បង្ខំ​ពី​អ្នក​មាន​អំណាច។

​លោក​ថា៖ «យើងគ្រាន់តែមិនទាន់បានប្លង់រឹងទេ ប៉ុន្តែប្លង់​ស្លាបមាន់​យើង​មាន​ហើយ អញ្ចឹង​ហាក់​ដូច​ជា​មាន​ការ​គំរាម​​កំហែង ដោយ​សារ​មួយ​រយៈ​កន្លង​មក ក្រុម​ហ៊ុន ឃុន សៀ បាន​ធ្វើ​ប្លង់​គ្រប​យក​ដី​ពួក​យើង​ខ្ញុំ។ អញ្ចឹង​យើង​ខ្ញុំ​ទាម​ទារ​ថ្ងៃ​នេះ ដើម្បី​ឱ្យ​រាជ​រដ្ឋាភិ​បាល​ពិចារណា​រក​យុត្តិ​ធម៌ ដើម្បី​ឱ្យ​ខ្ញុំ​បាន​ប្លង់​កម្ម​សិទ្ធិ​របស់​ខ្ញុំពេ​ញ​លេញ កុំ​ឱ្យ​ខ្ញុំ​មាន​ការ​ព្រួយ​​បារម្ភ»។

​លើស​ពី​នេះ ស្ត្រី​ចំណាស់​ម្នាក់ទៀត​ដែល​បាន​ចូលរួម​ដើរ​ហែក្បួន​ក្នុង​ទិវា​សិទ្ធិ​លំនៅ​ឋាន​ពិភពលោក​​ នៅ​ថ្ងៃ​អាទិត្យ​​នេះ​ដែរ បាន​​បង្ហាញ​ការ​ភ័យខ្លាច​ពី​​វិធានការ​​បណ្តេញ​ចេញ​ពី​លំនៅ​ឋាន ដោយ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​​ជូន​អ្នកភូមិ​កោះ​មាស​ឱ្យ​បាន​ឆាប់។

​អ្នកស្រី​ថា៖ «ការលើកបដានេះ ដើម្បីចង់ទៅដល់សម្តេច សុំឱ្យលោក​ជួយ​ដោះ​ស្រាយ​ពួក​ខ្ញុំ​នៅ​លើ​ដីកោះហ្នឹង​ណា»។

​វីអូឌី​ មិន​អាច​ស្វែងរក​ការ​ពន្យល់​​ពី​​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​​ទេ​គិ​ត​ត្រឹម​ថ្ងៃ​​អាទិត្យ​នេះ។

ប៉ុន្តែ​បើយោង​តាម​លិខិត​មួយ​ច្បាប់​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី ២៧ ខែ កក្កដា ឆ្នាំ ២០២៣ រដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត ទិញ​ផ្តាច់​ទីតាំង​ដី​កោះ​​​មាស​ទំហំ​ជាង ៣៤០ ហិកតា (៣៤០ ហិកតា ៣៨ អា ០៤ សង់ទីអា) ស្ថិត​នៅ​ភូមិ​ជ្រោយអំពិល១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​នៅ​ភូមិ​កោះប្រាក់ ឃុំ​ភូមិធំ ស្រុក​​កៀនស្វាយ ខេត្ត​កណ្តាល ក្នុង​តម្លៃ​​ជាង ១០ លាន​ដុល្លារ (១០ ២១១ ៤១២ ដុល្លារ) ជា​ថ្នូរ​ក្នុង​​ការ​កសាង​សមិទ្ធផល​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខេត្ត​កណ្តាល។ ហើយ​ក្រុមហ៊ុន​ត្រូវ​ធ្វើការ​ដោះស្រាយ​គោលនយោបាយ ​​ជូន​ប្រជាពលរដ្ឋ​កាន់កាប់​អាស្រ័យផល​នៅ​លើ​ទីតាំង​​ដី​​កោះ​មាស​ក្នុង​តម្លៃ​ចាប់​ពី ៥ ទៅ ៨ ដុល្លារ​​ក្នុង​មួយ​ម៉ែត្រការ៉េ។

​ចាប់ពី​ពេល​​នោះ​មក សហគមន៍​កោះ​មាស ១៦៨ គ្រួសារ តែងតែ​​ចេញ​តវ៉ា​ជា​បន្តបន្ទាប់ ដើម្បី​ស្វែង​រក​កិច្ច​អន្តរា​គមន៍​​ពី​​ថ្នាក់​ដឹក​នាំ និង​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​ជួយ​ទប់ស្កាត់​ការ​បណ្តេញ​ចេញ។

​ពួកគេ​បាន​ចំណាយ​ពេល និង​ថវិកា ដើម្បី​ធ្វើ​ដំណើរ​ឡើង​ទៅ​ដាក់​លិខិត​នៅ​រដ្ឋបាល​ខេត្ត​កណ្តាល រដ្ឋសភា ព្រឹទ្ធសភា ក្រសួង​រៀបចំ​​​ដែនដី ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី រួមទាំង​ដាក់​លិខិត​រក​​អន្តរាគមន៍​ផ្ទាល់​ពី​លោក ហ៊ុន សែន នៅ​ក្រុង​តាខ្មៅ​​យ៉ាងតិច ២ ដង ក្នុង​ឆ្នាំ ២០២៦ នេះ។ ប៉ុន្តែ​​ពួកគេ​ថា មក​ដល់​ពេល​នេះ គ្មាន​ចម្លើយ​ជា​វិជ្ជមាន​ដើម្បី​រំលត់​ការ​​ភ័យ​ខ្លាច​ពី​វិធានការ​បណ្តេញ​​ចេញ​នេះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ