សមាគម​បន្ត​​ជំរុ​ញ​ឱ្យរដ្ឋ​ដំឡើង​ប្រាក់​ខែ​​គ្រូ​បង្រៀន​​ឱ្យ​​​ស្មើ​​​១ភាគ៤​នៃ​ប្រាក់​​ខែ​​តំណាង​​រាស្ត្រ​​​៥ពាន់​ដុល្លារ

អំឡុង​ពេល​ប្រារព្ធ​ទិវា​​គ្រូ​ប​ង្រៀន​​ពិភព​លោក​ នៅ​ថ្ងៃ​ចន្ទ​នេះ សមាគម​​​គ្រូប​ង្រៀន​កម្ពុជា​​ឯករាជ្យ បាន​បន្ត​​ជំរុញ​ដល់​​រដ្ឋាភិ​​បាល​​ទប់​ស្កាត់​អំពើ​ពុក​រលួយ និង​​ទាម​ទារ​​ដំឡើង​​ប្រាក់​ខែ​គោល​​​​គ្រូ​បង្រៀន​ឱ្យ​បាន​​ស្មើ​ ១ភាគ​​៤ នៃ​​ប្រាក់​​​​​ខែ​​​តំណាង​​រាស្ត្រ​ដែលមា​ន​ប្រមាណ ៥ពាន់​ដុល្លារ​ ដើម្បី​ដោះ​ស្រាយ​​បន្ទុក​គ្រួសារ ខណៈ​​ទំនិញ​​​នៅ​លើ​ទីផ្សារ​​ហក់​ឡើង​​ថ្លៃ។

ការ​ជំរុញនេះ បានធ្វើឡើងតាម​រយៈ​ការ​ដាក់​ញត្តិ​ទៅកា​ន់​រដ្ឋាភិ​បាល រដ្ឋ​សភា និង​ក្រសួង​​អប់រំ យុវជន និងកីឡា ​ស្រប​ពេលដែល​គ្រូ​បង្រៀន អតីត​​​គ្រូ​បង្រៀន និង​សមាគម​គ្រូបង្រៀន​​​កម្ពុជា​ឯករាជ្យ បានជួបជុំគ្នា​ប្រារព្ធទិវា​គ្រូ​បង្រៀន​​ពិភព​លោក នៅទីស្នាក់កា​រសមាគម នា​ព្រឹក​ថ្ងៃទី​០៥ ខែ​តុលា​នេះ ក្រោយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ មិនអនុ​ញ្ញាត​ឱ្យ​​ធ្វើនៅទីលាន​ប្រជាធិបតេយ្យ។

លោកស្រី រស់ ទិត្យម៉ាល័យ អតីតអ្នកគ្រូបង្រៀន​​ និង​ជាគណៈកម្មាធិការ​នាយក​នៃ​សមាគមគ្រូ​បង្រៀន​កម្ពុជា​​​ឯករាជ្យ ​បាន​លើក​ឡើង​ពីខ្លឹមសារនៃញតិ្តដែលបាន​និយា​យពីបញ្ហា​ប្រឈម​ក្នុង​វិស័យ​អប់រំ​មួយ​ចំនួន នាពេល​បច្ចុប្បន្ន​​នេះ ក្នុងនោះ មានដូចជា គុណភាពនៃការ​អប់រំ​មិនទាន់ល្អប្រសើរ ដោយ​​សិស្សមួយចំនួន​​​នៅខ្សោយអំណាន​​និងការ​សរសេរតាមអាន បញ្ហា​សិស្ស​បោះបង់ការ​សិក្សា​ និង​អំពើពុករលួយ​ក្នុង​ប្រព័ន្ធ​​​អប់រំ។

ចំណែក​​ឯបញ្ហាប្រឈម​របស់គ្រូបង្រៀន​វិញ អ្នកស្រី ម៉ាល័យ​ ឱ្យដឹងថា គ្រូ​បង្រៀន​មួយចំនួន​​នៅតាមមិនទាន់បច្ចេក​វិទ្យា​ឌីជីថល ចំនួន​សិស្ស​ច្រើនក្នុង​ថ្នាក់ដែលពិបាក​ក្នុងកា​របង្រៀន ខណៈសាលា​រៀន​មួយចំនួន បាន​ហាម​ឃាត់គ្រូ​បង្រៀន​មិនឱ្យ​ចែករំលែក​ព័ត៌មាន​និង​រឹតត្បិតសិទ្ធិសេរីភាព​បញ្ចេញមតិ និងជួបជុំជាមួយ​សមាគម ហើយ​ជីវភាពគ្រូ​បង្រៀន​ក៏មិន​មិនទាន់មានភាពល្អប្រសើរ ស្រប​ពេលប្រាក់ខែ​គ្រូ​នៅមានកម្រិត​ទាប ហើយ​​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ឡើង​ថ្លៃជាដើម។

អ្នកស្រីបន្ថែមថា៖ «ដើម្បីជីវភាពរស់​នៅសម​រម្យ​ប្រចាំថៃ រាជរដ្ឋាភិបាល​កម្ពុជា ​ត្រូវ​តែ​ដំឡើង​ប្រាក់​បៀ​វត្ស​មូលដ្ឋានអប្បរមាដល់គ្រូ​បង្រៀន​ក្នុង​មួយ​ខែៗ​​ ឱ្យស្មើនឹង​១ភាគ​៤នៃ​ប្រាក់ខែ​តំណាង​រាស្ត្រ និ​ងបញ្ឈប់​ការ​រើស​អើងនិង​អង្គ​ការ​​វិជ្ជា​ជីវៈ​​គ្រូ​​​បង្រៀន និង​សមាគម​គ្រូបង្រៀន ក្នុងកា​រលើកកម្ពស់​គុណភាព​​​អប់រំ»។

ជាមួយគ្នានេះ សមាគមគ្រូ​បង្រៀនកម្ពុជា​ឯករាជ្យ ក៏បានស្នើរដល់​រដ្ឋសភា រាជរដ្ឋាភិបាល និង​ក្រសួង​អប់រំ ផ្តល់​ប្រាក់​សោធននិវត្តន៍ដល់គ្រូបង្រៀនចូលនិវត្ត ដោយគិត​តាម​ប្រាក់ខែគោល ​បូកប្រាក់បំណាច់មុខ​ងារ​រួចទាំងប្រាក់បន្ទាប់បន្សំ​, ​បញ្ចុះតម្លៃប្រេង​ឥន្ធនៈមក​ត្រឹម ៤ពាន់រៀល​ក្នុង​មួយ​លីត្រ,​ បញ្ចុះតម្លៃទំនិញលើទីផ្សារ,​ លុប​បំបាត់អំពើ​ពុក​រលួយ​ក្នុង​​វិស័យ​អប់រំ, ពន្យា​ពេល​ឱ្យ​​ពលរដ្ឋ​សង​ប្រាក់ធនាគារ​រយៈពេល​២ឆ្នាំ, ផ្តល់​សិទ្ធិ​សេរីភាពដល់ លោក​រ៉ុង ឈុន ទីប្រឹក្សាគណបក្ស​​កម្លាំងជាតិ និង​ជាអតីត​ប្រធានសមគម​គ្រូ​បង្រៀន​កម្ពុជាឯករាជ្យ, ​ដោះលែង​អ្នកជាប់ឃុំមនសិការ​ និង​លើក​យក​បញ្ហា​សៀម​ឈ្លានពាន​ ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ជាដើម។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជាឯក​រាជ្រ អ្នកស្រី អ៊ុក ឆាយ៉ាវី បានលើកឡើងថា ប្រាក់បៀវត្ស​​​របស់គ្រូ​បង្រៀន នា​ពេល​បច្ចុប្បន្ននេះ នៅមិនទាន់​អាច​ដោះស្រាយជីវភាព​បាននៅឡើយទេ ដែលធ្វើឱ្យ​គ្រូ​បង្រៀន​មួយចំនួន ត្រូវ​ប្រកប​​មុខរបរ​ក្រៅបន្ថែម​ដើម្បីបំពេញ​ឆ្នាំង​បាយ​របស់ពួកគាត់។

អ្នកស្រីថា៖ «បញ្ហា​គ្រូ​បង្រៀន យើង​ឃើញ​ហើយ​ថា​ជីវភាព​របស់គ្រូ​បង្រៀន​រាល់ថ្ងៃហ្នឹង ​គឺ​ហាក់បីដូចជា​​អត់​​​​​ទាន់​សាក​​សម​​នឹង​​ការ​​​រស់​នៅ​មានសេចក្តីថ្លៃថ្នូរទេ ធ្វើឱ្យ​ពួកគាត់​លក់នំលក់អីចឹង​ទៅ ឬក៏រត់​ម៉ូតូ​ឌុប រត់​កង់​បីអីៗ ចិញ្ចឹម​សត្វ​អីចឹង​ ដើម្បីចិញ្ចឹមជីវិត​​ ជាពិសេស​គាត់​អត់មានពេលវេលា​​​គ្រប់គ្រាន់ក្នុង​ការ​​បង្រៀនផ្ទេរ​ចំណេះ​ដឹង​ឱ្យ​​សិស្ស​នៅ​សាលា​រដ្ឋ គឺគាត់​ខំ​ប្រឹង​រក​លុយ​នៅតាម​សាលា​ឯកជន​មួយ​ចំនួន​ទៀត​​ ដើម្បីបំពេញ​ឆ្នាំ​ងបាយ​គាត់»។

វីអូឌី មិនអាចសុំការ​អត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យ​ក្រសួ​ងអប់រំ យុវជន និងកីឡា អ្នកស្រី ឃួន វិច្ឆិកា​ បានទេ នៅថ្ងៃចន្ទនេះ។

យ៉ាងណា អំឡុងពេល​សមាគម​ប្រារព្ធទិវាគ្រូបង្រៀននេះ គេក៏សង្កេត​ឃើញ​អភិបាល​រង​រាជធានីភ្នំពេញ លោក សុខ ពេញ​វុធ បានចុះទៅទទួលញត្តិ​របស់សមាគម​ និង​បាននិយាយថា លោក​នឹង​ពាំនាំ​យកញត្តិ​នេះដាក់ទៅ​ក្រសួង​ស្ថាប័ន​​ពាក់ព័ន្ធ។

លោក​ថា៖ «ខ្ញុំ​នឹ​ងបញ្ជូនទៅ​ស្ថាប័នមានសមត្ថកិច្ច​ដើម្បីដាក់ជូន[…] ខ្ញុំគ្រាន់តែ​បញ្ជូនទៅ​ទេ បញ្ជូន​ទៅ​ដល់​ហើយ​ខ្ញុំឆ្លើយ​តបមកវិញ ហើយ​កា​រឆ្លើយ​តប​បែបម៉េច​ជា​របស់ក្រសួ​ងសាម៉ី​»។

ស្របពេល​គ្នា​នេះ​ដែរ​​ ប្រធានគណបក្ស​កម្លាំង​ជាតិ លោក ជា មុនី ដែលបានទៅចូលរួម​​ទិវាគ្រូបង្រៀន​នេះ​ដែរ បានលើក​ឡើងដែរថា កន្លងមក​ គ្រូ​បង្រៀន​ដែល​មាននិន្នាការ​គាំទ្រ​គណបក្ស​ក្រៅ​រដ្ឋាភិបាល បាន​រង​នូវ​​កា​ររើស​អើង ដោយ​អ្នកខ្លះត្រូវ​បានគេ​លុបឈ្មោះចេញពី​ក្រប​ខ័ណ្ឌរដ្ឋ ផ្ទេរ​ទៅកន្លែង​ផ្សេងៗ ឬមិនដំឡើង​​​កាំប្រាក់បៀវត្សរ៍ជា​ដើម។

ទោះជាយ៉ាងណា មេដឹកនាំបក្សប្រឆាំងរូបនេះ បាន​ជំរុញដល់​រដ្ឋាភិបាល ពង្រឹ​ងគុណភាព​​អប់រំ និង​ដំឡើងប្រាក់​ខែ​គោល​​ដល់​គ្រូបង្រៀន ហើយ​​គ្រូ​បង្រៀន​ត្រូវ​​ប្រកាន់​ខ្ជាប់​នូវនិយាម​​គរុកោសល្យ និង​ក្រមសីលធម៌វិជ្ជាជីវៈ​​របស់ខ្លួន ដោយ​មិន​គួរ​មានការ​លក់​នំក្នុង​ថ្នាក់ ឬ​វិញ្ញាសារប្រឡង​ចេញតែមេរៀន​ពេល​រៀនគួរនោះ​ទេ។

លោកថា៖ «កាលណា​ប្រទេស​មួយជឿនលឿន​ លុះ​ត្រាតែ​សិស្សានុសិស្ស ឬនិសិ្សត​មានចំណេះដឹង ប្រទេស​​​ជឿន​​លឿន​​ហើយ[…] ដូច្នេះខ្ញុំសូមអំពាវនាវ​ថា ក្រសួង​អប់រំ នឹង​យក​ចិត្ត​ទុកដាក់ចំពោះ​លោក​គ្រូអ្នក​គ្រូ​​ទូទាំង​ប្រទេស»។   

បើតាម​តារាង​ប្រាក់បៀវត្សគ្រូបង្រៀនគ្រប់កម្រិតនៅឆ្នាំ​២០២៥ ពីកម្រិត​បឋមដល់​កម្រិត​ឧត្តម​ គឺ​គ្រូបង្រៀន​​កម្រិត​​ឧត្តម​ទទួលបាន​ប្រាក់​បៀវត្ស​មូលដ្ឋានចាប់ពីជាង ៩០ម៉ឺនរៀល​ (៩០៧ ៣៥០រៀល) ដល់ជាង ១លាន​៤សែន​រៀល (១ ៤៤៦ ៥០០រៀល) និង​មានប្រាក់បៀវត្ស​មុខ​ងារ​ចំនួន ៨២ម៉ឺនរៀល ខណៈ​​គ្រូបង្រៀននៅកម្រិត​មូលដ្ឋាន ទទួល​បាន​​ប្រាក់​បៀវត្ស​ចាប់​ពី​ជាង ៧៨ម៉ឺនរៀល (៧៨ ៩០០រៀល)ដល់ជាង ១លាន​២សែនរៀល (១ ២៣៦ ១០០រៀល) និង​​ប្រាក់​បៀវត្សមុខងារ​ចំនួន ៨១ម៉ឺនរៀល។ ដោយឡែកសម្រាប់គ្រូបង្រៀន​កម្រិតបឋម ទទួលបានប្រាក់បៀវត្សមូលដ្ឋានចាប់ពីជាង ៦៩ម៉ឺន​រៀល​ (៦៩៦ ៩៥០រៀល) ដល់​ជាង ១លាន​រៀល (១ ០២៥ ៧០០​រៀល)។

សម្រាប់ប្រាក់​ខែតំណាងរាស្ត្រវិញ បើតាម​អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង​បាន​ទម្លាយ​កន្លងមកមាន​ប្រមាណ ៥ពាន់​ដុល្លារ​ក្នុង​មួយ​ខែ ខណៈសមាគមគ្រូបង្រៀនបានស្នើឱ្យដំឡើង​ប្រាក់​ខែគោលគ្រូបង្រៀន​ក្នុ​ងមួយ​ខែស្មើ ១ភាគ៤នៃ​ប្រាក់​ខែតំណាងរាស្ត្រ ឬស្មើប្រមាណជាងជាង ១២០០ដុល្លារ។ តែបើតាម​​​ក្រសួង​អប់​រំ ធ្លាប់​គូសបញ្ជាក់នា​ពេលកន្លង​មក​​​ថា ប្រាក់​ខែ​គ្រូ​បង្រៀន​​ត្រូវបាន​ដំឡើងជាបន្តបន្ទាប់ ដែលគិត​ត្រឹម​ឆ្នាំ​២០២៥​ ជាមធ្យមគ្រូបង្រៀន​ម្នាក់ទទួល​បាន ២លាន​រៀល ឬប្រមាណ ៥០០ដុល្លារ​ក្នុង​មួយខែ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ