រដ្ឋាភិបាល​​បង្ហាញ​​សមិទ្ធ​ផល​​វិជ្ជ​មាន​​​រយៈ​ពេល​​៨ខែ​​ពី​​បញ្ហា​​​ព្រំដែន តែ​​បក្ស​​ប្រឆាំង​​ថា​​​​​ថៃ​ឈ្លាន​ពាន​​តាម​​ចិត្ត

រដ្ឋាភិបាល​​លោក ហ៊ុន ម៉ាណែត នៅ​​ថ្ងៃ​ចន្ទ​​នេះ បាន​​បង្ហាញ​​ពី​​សមិទ្ធ​ផល​​វិជ្ជ​មាន​​រយៈ​ពេល​​៨ខែ ជុំវិញ​​បញ្ហា​​ព្រំដែន រួម​​ទាំង​​​រំលេច​​ពី​​ការ​​យក​ចិត្ត​​ទុក​ដាក់​​លើ​​ជ​នភៀស​សឹក ដែល​​រង​​គ្រោះ​​ពី​​​ថៃ​​ឈ្លាន​ពាន ក្រោម​​ការ​​រិះ​គន់​​ពី​​បក្ស​​ប្រឆាំង​​ថា «គ្មាន​​សម័យ​​ណា​​​ដែល​​ថៃ​​ព័ទ្ធ​​យក​​ដី​​ខ្មែរ​​ស្រួលៗ​​ដោយ​​គ្មាន​​ការ​​រារាំង»។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ប៉ែន បូណា បាន​និយាយ​នៅ​ថ្ងៃចន្ទ​នេះ ដោយ​ដកស្រង់​សម្តី​នាយករដ្ឋមន្ត្រី​ ​លោក ហ៊ុន ម៉ាណែត ថ្លែង​ក្នុង​​សុន្ទរកថា​បើក «មហាសន្និបាត​សហព័ន្ធ​អតីត​យុទ្ធជន​បណ្តា​ប្រទេស​អាស៊ាន» នៅ​​ព្រឹក​​​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ដោយ​អះអាង​​ថា កម្ពុជា​នៅតែ​បន្ត​ប្រកាន់ខ្ជាប់ នូវ​នយោ​​បាយ​ការ​បរទេស​​ឯករាជ្យ ផ្អែក​​​លើ​ច្បាប់​អន្តរជាតិ ការ​លើកកម្ពស់​ពហុភាគីនិយម និង​ការ​ដោះស្រាយ​​វិវាទ​ដោយ​សន្តិវិធី តាមរយៈ​ការ​សន្ទនា​ក្រោម​ស្មារតី​នៃ «នយោបាយ​ឈ្នះ-ឈ្នះ»។

លើសពីនេះ​ លោក​ថា កាលពី​ថ្ងៃទី៤ ខែតុលា មេដឹកនាំ​រូបនេះ ក៏​បាន​បញ្ជាក់​តាមរយៈ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​ថា ការ​ដោះ​ស្រាយ​​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ​មិនទាន់​ចប់​ទេ។ ប៉ុន្តែ សមិទ្ធផល​ដែល​សម្រេច​បាន​ក្នុង​​រយៈពេល​​ដ៏​ខ្លី​នេះ អាច​បញ្ជាក់​ឱ្យ​ប្រជាពលរដ្ឋ​បាន​ឃើញ​នូវ​ការ​ប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល ​ក្នុង​ការ​សម្រេច​​ភារកិច្ច​តាម​ផែនការ​​ដែ​ល​បាន​​ដាក់ចេញ​​ដោយ​ភាព​ច្បាស់លាស់ និង​ការ​ទទួលខុសត្រូវ​ខ្ពស់ ​ដើម្បី​បុព្វ​ហេតុ​ជាតិ ទឹកដី និង​ប្រជាជន។

បើ​តាម​លោក ប៉ែន បូណា ក្នុង​រយៈពេល​ត្រឹមតែ​ប្រមាណជា ​៨ខែ​​ប៉ុណ្ណោះ ស្ថាប័ន​ពាក់ព័ន្ធ​បាន​រួមគ្នា​ប្រែក្លាយ​​វិធានការ​ដែល​ដាក់ចេញ​ឱ្យ​ទៅជា​សមិទ្ធផល​ជាក់ស្តែង សម្រាប់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយ​សារ​សង្គ្រាម។

លោក​ថ្លែង​ថា៖ «ទន្ទឹមនឹងការដោះស្រាយបញ្ហាជនភៀសសឹក និង​បញ្ហាព្រំ​ដែ​នជាមួយ​ប្រទេស​ថៃ យ៉ាង​សកម្ម​មមា​ញឹក​ រាជរ​ដ្ឋាភិ​បាល​ក៏​នៅ​តែ​បន្ត​អនុវត្ត​គោល​នយោ​បាយ​អភិវឌ្ឍន៍​ប្រទេស ស្រប​តាម​ផែន​ការ​ដែល​បាន​ដាក់​ចេញ ដោយ​​មិន​បង្អែរ​បង្អង់​ឡើយ ហើយ​សមិទ្ធ​ផល​ដែល​ជា​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ ក៏​បាន​លេច​ចេញ​ជា​រូប​រាង​ជា​បន្ត​បន្ទាប់​ឥត​ដាច់»។

យ៉ាងណា តំណាងរាស្ត្រ​ពី​គណបក្ស​ប្រឆាំង ដែល​​មាន​​ជំនាញ​​កិច្ច​ការ​​ព្រំដែន លោក អ៊ុំ សំអាន ឱ្យ​​វីអូឌី​​ដឹង​​ថា ថៃ​​បន្ត​​ឈ្លាន​ពាន​​កម្ពុជា ជា​​បន្ត​បន្ទាប់ ហើយ​​គ្មាន​ការ​រារាំង​ពី​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឡើយ។

លោក​គូសបញ្ជាក់​ថា ចាប់តាំងពី​កម្ពុជា​ទទួលបាន​ឯករាជ្យ ក្នុង​ឆ្នាំ១៩៥៣ មក គឺ​ពុំ​ដែល​មាន​មេដឹកនាំ​ណា បណ្តោយ​​ឱ្យ​បរទេស​ឈ្លានពាន​យក​ទឹកដី​ខ្មែរ​តាមចិត្ត ដូច​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត នេះ​ទេ។

លោក​រំឭក​ថា កាលពី​សម័យមុន នៅ​ពេល​ដែល​មាន​ការ​ឈ្លានពាន​ពី​សំណាក់​ថៃ ឬ​វៀតណាម រដ្ឋាភិបាល​ជំនាន់​​​នោះ ​តែងតែ​ប្រើប្រាស់​សិទ្ធិ​ស្វ័យការពារ ដើម្បី​ទប់ទល់ និង​រុញច្រាន​ត្រឡប់​ទៅវិញ ដោយ​មិន​បណ្តោយ​​ឱ្យ​គេ​យក​ទឹកដី​ខ្មែរ​តាមចិត្ត​នោះ​ទេ។

លោក​ថ្លែង​ថា៖ «សម័យ លន់ នល់ ក៏អត់ដែរ, សម័យ​សង្គម​រាស្ត្រ​និយម ក៏​អត់​ដែរ, សម័យ ប៉ុល ពត ក៏​អត់​ដែរ។ កាល​​ណា​​ថៃ ឬ​វៀត​ណាម ឈ្លាន​ពាន គឺ​គេ​ប្រើ​សិទ្ធិ​ស្វ័យ​ការ​ពារ រុញ​ទៅ​វិញ ទប់​ទល់​ទៅ​វិញ គេ​អត់​ឱ្យ​យក​ទឹក​ដី​ខ្មែរ​យើង​​ស្រេច​តែ​ចិត្ត​ទេ បើ​អញ្ចឹង​សម័យ​ហ្នឹង​បាត់​ទឹក​ដី​អស់​ហើយ! ប៉ុន្តែ​សម័យ លន់ នល់ អត់​បាត់​ទឹក​ដី, សម័យ​ខ្មែរ​ក្រហម ក៏​អត់​បាត់​ទឹក​ដី សម័យ​សង្គម​រាស្ត្រ​និយម ក៏​អត់​បាត់​ទឹក​ដីដែ​រ មក​បាត់​សម័យ លោក ហ៊ុន សែន បាត់​ទៅ​ខាង​​វៀត​ណាម ដល់​សម័យ លោក ហ៊ុន ម៉ាណែត បាត់​ទៅ​ខាង​ថៃ»។

លើសពីនេះ ​លោក​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា គ្មាន​សម័យ​ណា​ដែល​ថៃ​ព័ទ្ធ​​យក​​​ដី​​ខ្មែរ​​ស្រួលៗ​​ដោយ​​គ្មាន​​ការ​​រារាំង​​ដូច​​សម័យ​​លោក ហ៊ុន ម៉ាណែត ដឹកនាំ​នោះ​ទេ។

ក្នុង​ន័យ​នេះ​ លោក​បញ្ជាក់​ថា តួយ៉ាង​នៅ​ថ្ងៃទី៤ ខែតុលា នេះ​ ​​លោក​បាន​​អះអាង​ថា ថៃ​ជួសជុល​ផ្លូវ និង​សាងសង់​ផ្លូវ​នៅ​តំបន់​ជាំស្រងាំ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដែល​ជា​ទឹកដី​ខ្មែរ។ គ្មាន​សម័យ​ណា​ដែល​​​ដឹកនាំ​អន់​ដូច​សម័យ​​លោក ហ៊ុន ម៉ាណែត ដែល​បណ្តែតបណ្តោយ​ឱ្យ​ថៃ​ឈ្លានពាន​យក​ទឹកដី​ខ្មែរ​ស្រេចចិត្ត។

ថៃ​ជួសជុល​ផ្លូវ និង​សាងសង់​ស្ពាន​នៅ​ភ្នំ៥០០ តំបន់​អានសេះ ខេត្ត​ព្រះវិហារ ដែល​ជា​ទឹកដី​ខ្មែរ។ គ្មាន​សម័យ​​ណា​ដែល​ថៃ​មើលងាយ​ខ្មែរ​ដូច​សម័យ​លោក ហ៊ុន ម៉ាណែត និង​ទាហាន​ថៃ​បាន​ជីក​ប្រឡាយ និង​បាន​​រាយ​បន្លាលួស​ដោយ​រំលោភ​យក​ដី​ខ្មែរ​នៅ​អូរខ្លាឃ្មុំ តំបន់​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត លើកឡើង​ថា អ្វី​ដែល​លោក ប៉ែន បូណា លើកឡើង​​ពេល​នេះ ទំនង​ជា​ការ​ចង់​លុបលាង​កំហុសឆ្គង​របស់​លោក ហ៊ុន ម៉ាណែត ដែល​​បាន​និយាយ​ប៉ុន្មាន​ថ្ងៃ​មុន ពី​ការ​មិន​ទទួលខុស​ត្រូវ​​ចំពោះ​ជនរងគ្រោះ​ពី​ថៃ​ឈ្លានពាន ដោយ​តម្រូវ​​ឱ្យ​ទៅ​ទារ​សំណង​ពី​អ្នក​ឈ្លាន​ពាន ជុំវិញ​​ទំហំ​នៃ​ការ​រងគ្រោះ​បាត់​បង់​​ផ្ទះសម្បែង​នោះ។

លោក​ថ្លែង​ថា៖ «អញ្ចឹង លោក ប៉ែន បូណា ហ្នឹង ប្រហែលជាទំនងជាគាត់ លើកឡើង​អំពី​សមិទ្ធ​ផល​នានា​ មក​បង្គ្រប់ និង​អ្វី​ដែល​លោក ហ៊ុន ម៉ាណែត គាត់​និយាយ​ឆ្គង​ថ្ងៃ​មុន​នេះ។ គាត់​និយាយ​ថា អ្នក​ណា​ចង់​បាន​​សំណង ពេញ​​ចិត្ត ទៅ​ទារ​ពី​អ្ន​ក​បាញ់​ទៅ ហ្នឹង​សម្តី​លោក ហ៊ុន ម៉ាណែត មានគេចាក់ផ្សាយ​នៅ​​លើបណ្តាញ​សង្គម គេ​​កាត់​មក​ផ្សាយ ហើយ​លោក ប៉ែន បូណា ហ្នឹង ក៏​ខ្លាច​អាម៉ាស់​ដល់​លោក ហ៊ុន ម៉ាណែត ហ្នឹង អញ្ចឹង​ខិត​ខំផ្សា​យ​កែស​ម្រួល​អំពី​​សមិទ្ធ​​ផល​​រដ្ឋាភិ​បាល​អញ្ចឹង​ទៅ»។

អ្នកឃ្លាំមើល​កិច្ចការ​ព្រំដែន ដែល​មិន​ចំណុះ​ឱ្យ​រដ្ឋាភិបាល តែងតែ​រិះគន់​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត «អសមត្ថ​ភាព​ក្នុង​ការ​ការពារ​ទឹកដី តែ​​ពូកែ​ខាង​បង្ក្រាប​ប្រជាពលរដ្ឋ និង​អ្នកនយោបាយ​ផ្ទៃក្នុង​ដើម្បី​រក្សា​អំណាច» ដែល​​ការ​រិះគន់​នេះ ពួកគេ​យោង​លើ​កត្តា​ប្រវត្តិសាស្ត្រ និង​ព្រឹត្តិការណ៍​ជាក់ស្តែង ពិសេស​ការដែល​​ថៃ​​បន្ត​​ឈ្លាន​ពាន​​ទឹក​ដី​​ខ្មែរ ជា​បន្តបន្ទាប់​ជាង១ឆ្នាំ​មកនេះ ​ទាំង​គ្មាន​ការ​រារាំង​ពី​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ក្រោយ​​មាន​បទ​ឈប់​បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

យ៉ាងណា ​ក្រោយ​ផ្ទុះ​សង្គ្រាម​ជាមួយ​ថៃ​ចំនួន​​ពីរ​លើក​ក្នុង​ឆ្នាំ២០២៥ រដ្ឋាភិបាល​កម្ពុជា ច្រើនតែ​ជ្រើសរើស​ប្រើ​ប្រាស់​ផ្លូវការទូត ការ​ចរចា និង​ការ​ដោះស្រាយ​តាម​ច្បាប់​អន្តរជាតិ ដើម្បី​ជៀសវាង​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​កើត​ឡើង​ជា​ថ្មី។ ប៉ុន្តែ យុទ្ធសាស្ត្រ​នេះ ត្រូវបាន​ក្រុម​រិះគន់​មើលឃើញ​ថា​ជា «ភាព​ទន់ជ្រាយ ឬ​អសមត្ថភាព» ក្នុង​​ការ​ឆ្លើយតប​ឱ្យ​បាន​ម៉ឺងម៉ាត់​ភ្លាមៗ​ដើម្បី​ការពារ​បូរណភាព​ទឹកដី។

ជុំវិញ​បញ្ហា​នេះ ថៃ​បាន​ប្រើ​កម្លាំង​ទ័ព​ឈ្លានពាន​ទឹកដី​កម្ពុជា ចំនួន​ពីរ​លើក អំឡុង​ខែកក្កដា និង​ខែធ្នូ ឆ្នាំ២០២៥។ ហើយ​​រហូត​បច្ចុប្បន្ន​នេះ ត្រូវបាន​ក្រុម​អ្នក​តាមដាន​ថា ថៃ​បាន​បន្ត​រុលចូល​ដណ្តើម​គ្រប់គ្រង​ដី​​ខ្មែរ តាម​​ខេត្ត​ជាប់​ព្រំដែន កើនឡើង​ដល់​ជាង៨០ទីតាំង។

យ៉ាងនេះក្តី បញ្ហា​ព្រំដែន គឺជា​​អាវុធ​នយោបាយ​ដ៏​មាន​ឥទ្ធិពល​របស់​បក្ស​ប្រឆាំង ដែល​អ្នកឃ្លាំមើល​ខ្លះ​ថា រដ្ឋាភិ​បាល​​ត្រូវ​បង្ហាញ​តម្លាភាព ដើម្បី​កុំឱ្យ​បក្ស​ប្រឆាំង​អាច​ទាញ​យក​ចំណេញ​នយោបាយ​បាន។

ទោះ​ជា​បែបណា មាត្រា៤៤០ នៃ​ក្រមព្រហ្មទណ្ឌ ចែង​​ថា «អំពើ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស នូវ​​ដែនដី​ជាតិ​​ទាំង​ស្រុង ឬ​មួយ​ផ្នែក ជា​អំពើ​ក្បត់ជាតិ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ