រដ្ឋាភិបាល​លោក ​ហ៊ុន ម៉ាណែត និង​ក្រុម​ប្រ​ឆាំង​​បន្ត​​ចោទ​​​គ្នា​​​ទៅ​​វិញ​​ទៅម​ក​​​​ពី​បទ​​ក្បត់​ជាតិ

រដ្ឋាភិបាល​​លោក​ ហ៊ុន ម៉ាណែត និង​​ក្រុម​​ប្រឆាំ​ង​​​នៅ​​ក្រៅ​​ប្រទេស​ នៅ​តែ​​បន្ត​​ចោទ​ប្រកាន់​​គ្នា​​ទៅ​វិញ​ទៅ​មក​​ពី​បទ​​ក្បត់​​ជាតិ ​​​ខ​ណៈ​ថៃ​​​​នៅ​តែ​​បន្ត​​រុល​ចូល​​ឈ្លាន​ពាន​​ទឹក​ដី​​កម្ពុជា​​​កាន់​តែ​​ជ្រៅ​​​រហូត​ដល់​​ជាង ​៨០​​ទីតាំង​ និង​​កំពុង​​បន្ត​​សម្រុក​​​សាង​សង់​​សំណង់​​ផ្សេងៗ ប៉ុន្តែ​​​រដ្ឋាភិ​បាល​​លោក​ ហ៊ុន ម៉ាណែត​ ​​នៅ​តែ​មិ​ន​ទាន់​​ប្តឹង​​ថៃ​​​ទៅ​កាន់​​តុលាការ​​អន្តរ​ជាតិ​​​នៅ​ឡើយ​​ទេ។

សូម​បញ្ជាក់​ថា លោក​ ហ៊ុន ម៉ាណែត​ បាន​ថ្លែង​កាលពី​ថ្ងៃទី១​ ខែតុលា នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ ដោយ​ឆ្លើយតប​ទៅ​នឹង​​ការ​​ឧបត្ថម្ភ​ប្រាក់​តិចតួច​ពេក​​ ដល់​ប្រជាពលរដ្ឋ​ដែល​បាត់បង់​ផ្ទះសម្បែង​ដីធ្លី​​ថា ឱ្យ​ទៅ​ទាមទារ​សំណង​​ពី​ថៃ ​ដោយ​​ថ្លែង​ថា​ រដ្ឋាភិបាល​គ្មាន​ប្រាក់​សង​នោះ​ទេ​។

លោក​ថ្លែង​ថា៖ «ខ្ញុំ​អត់​មាន​ទិន្នន័យ កន្លែងខ្លះប៉ះពីរ​លាន​ បី​លាន​​តាម​​ទំហំចឹងទៅ សូម​​យោគយល់​​មិន​មែន​​ជាថ្លៃ​សំណង​ទេ បងប្អូ​ន​ខ្លះ​​ថា ហ្ហេស! ផ្ទះវីឡាមួយ​ប៉ុណ្ណាប៉ុណ្ណី​ តម្លៃ​រាប់​សែន​គេ​បាញ់​អស់​ហើយ​ ហើយ​​រដ្ឋ​​ឱ្យ​​តែ​ប៉ុណ្ណឹង​​ អត់​ទេ​! ទៅទារពីអ្នក​បាញ់​ទៅរ​ដ្ឋ​​ជួយ​​ឧបត្ថម្ភ​​ការលំបាក​ ហើយ​រដ្ឋ​ក៏បេះពីម៉ាត់​ពីកឱ្យ​​ដែរ»។

ជាមួយគ្នានេះ​ លោក​ ហ៊ុន ម៉ាណែត​ ក៏បាន​រិះគន់​ទៅលើ​​​លោក​ សម រង្ស៊ី មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​ ២៣​តុលា​ ដែល​កន្លងមក​បាន​រិះគន់​រដ្ឋាភិបាល​ថា មិនបាន​ធ្វើទំនើបកម្ម​វិស័យ​យោធា​​ ទើប​កំឡុង​ពេល​​ថៃ​បើក​ការ​​ឈ្លាន​ពាន ​​កងទ័ព​កម្ពុជា​ជួរមុខ​ពុំ​មាន​កាំភ្លើង​ថ្មី​​ទំនើប​ និង​គ្រាប់​គ្រប់គ្រាន់​ ដើម្បី​ទប់ទល់​ទៅ​នឹង​ការ​ឈ្លានពាន​របស់​​ថៃ ​ថែមទាំង​កាំភ្លើង​​ចាស់ៗ​​របស់​កងទ័ព​​កម្ពុជា​​មួយចំនួន​ បាន​បាញ់​​ខុស​គោលដៅ។

លោក​ថ្លែង​ថា៖ «បែរ​ជាមេដឹកនាំក្រៅ​ប្រទេសមួយ​អី​​រដ្ឋាភិបាល​២៣​តុលា! បង្កើត​រដ្ឋាភិបាល​ដឹងស្អីខ្លះទេ​នៅ​​ក្រៅ​នឹង​ទៅ​! បង្កើតច្រើន​ណាស់ ​តាំងពី​រដ្ឋាភិបាល​​សម្តេចតេជោ​ ឥឡូវ​មក​ដល់​រដ្ឋាភិបាល​ខ្ញុំ តែ​ឡើង​មេក្រូ​ប្រាប់​ថា ទាហាន​​​​​យើង​បាញ់​សម្លាប់​ប្រជាជន​គេ​ ដោយ​អយុត្តិធម៌​ដោយ​អាក្រក់ អ៊ី​ចឹង​ស្មើ​នឹង​ខ្លួន​ឯងជា​ខ្មែរ​ទៅ​វាយ​ប្រហារ​កង​ទ័ពខ្លួន​ឯង​ យក​ពាក្យ​របស់​គេ​មក​​វាយ​ប្រហារ​នេះគឺជាអំពើ​អី? អំពើ​ក្បត់​ជាតិ​ធំណាស់​»។

សូម​បញ្ជាក់​ថា ក្រុម​លោក​ សម រង្ស៊ី​ នៅ​ក្រៅ​ប្រទេស ​និង​ក្រុម​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មួយចំនួន ​​តែងតែ​ធ្វើការ​​រិះ​គន់​​យ៉ាងខ្លាំង ដល់​លោក​​ ហ៊ុន សែន​ និង​លោក​ ហ៊ុន ម៉ាណែត​ ដែល​ដឹកនាំ​ប្រទេស​ជាង ​៣០​ឆ្នាំ​មកហើយ ​​ប៉ុន្តែ​គិតតែ​ពី​ពង្រឹង​ក្រុម​អង្គរក្ស​ដើម្បី​បាន​កាន់អំណាច​តពូជ​ ប៉ុន្តែ​បែរជា​​មិនបាន​ធ្វើទំនើបកម្ម​វិស័យ​យោធា​ដើម្បី​ការពារជាតិ​ ការពារ​​ទឹកដី​ ​ទុក​កងទ័ព​នៅ​តាម​ព្រំដែន​ចោល​ឱ្យ​​រស់នៅ​លំបាក​វេទនា​ គ្មាន​អាហារ​​ហូបចុក​គ្រប់គ្រាន់​ គ្មាន​ឯកសណ្ឋាន​​កង​ទ័ព​​ត្រឹម​ត្រូវ​ និង​គ្មាន​សព្វាវុធ​ទំនើប​ប្រើប្រាស់​​ជាដើម។​

បន្ថែម​ពីនេះ​​ ក្រុម​ប្រឆាំង​​តែងតែ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក​ ហ៊ុន ម៉ាណែត​ ប្តឹង​ថៃ​ទៅកាន់​តុលាការ​អន្តរជាតិ ​ដើម្បី​ទាម​ទារ​​ឱ្យ​ថៃ​ដក​កងទ័ព​ចេញពី​ទឹកដី​កម្ពុជា​ និង​សង​ការខូចខាត​ដល់​ពលរដ្ឋ​កម្ពុជា​​ផងដែរ។​ ប៉ុន្តែ​រហូតមកដល់​ពេលនេះ​ ក្រៅពី​ការ​តវ៉ា​ជាញឹកញាប់​ប្រឆាំង​ទៅនឹង​ការ​ឈ្លានពាន​ចូលមក​ក្នុង​ទឹកដី​ខ្មែរ​កាន់​តែ​ជ្រៅ​ពីសំណាក់​ភាគី​ថៃ គេ​ពុំទាន់​ឃើញ​រដ្ឋាភិបាល​​លោក​ ហ៊ុន ម៉ាណែត​ ដាក់ពាក្យ​ប្តឹង​ថៃ​​ទៅកាន់​តុលាការ​អន្តរជាតិ​ណាមួយ​នៅឡើយ​ទេ ខណៈ​ថៃ​បាន​បន្ត​រុលចូល​មក​ដណ្តើម​កាន់កាប់​ទឹកដី​ខ្មែរ​រហូតដល់​​ជាង ​៨០​ទីតាំង​ទៅហើយ​ចាប់តាំងពី​ក្រោយ​បទ​ឈប់បាញ់​ កាលពី​ថ្ងៃទី២៧​ ខែធ្នូ​ ឆ្នាំ២០២៥​ មក​។

លោក​ អ៊ុំ សំអាន​ ប្រមុខ​ដឹកនាំ​ស្ថាប័ន​កិច្ចការ​ព្រំដែន ​និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​២៣​​តុលា​របស់​លោក​ សម រង្ស៊ី ​បាន​ថ្លែង​ថា ការដែល​លោក ​​ហ៊ុន ម៉ាណែត​ ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រងគ្រោះ​ដែល​បាត់​បង់​​ដី​ធ្លី​​ផ្ទះ​សម្បែង​ និង​​ពលរដ្ឋ​​​ខ្លះ ​ផ្ទះ​របស់​ពួកគាត់​ត្រូវបាន​ទាហាន​​​​ថៃ​បាញ់​ផ្លោង​បណ្តាល​ឱ្យ​ឆេះ​ខូចខាត​​ ទៅ​ទាមទារ​សំណង​ពី​ថៃ ​គឺ​ជា​ការ​បង្ហាញ​​ពី​ការដឹកនាំ​​ប្រទេស​គ្មាន​ការទទួលខុសត្រូវ​។​

លោក​លើកឡើង​ថា ប្រជាពលរដ្ឋ​គ្មាន​ចំណេះដឹង គ្មាន​ធនធាន​ជួល​អ្នកច្បាប់​ដើម្បី​​ទៅ​ដាក់ពាក្យ​ប្តឹង​ថៃ​នោះ​​ទេ។ ប៉ុន្តែ​​ក្នុង​នាម​ជា​មេដឹកនាំ​ប្រទេស​ លោក​ ហ៊ុន ម៉ាណែត ​ត្រូវ​ឱ្យ​ក្រុម​អ្នកច្បាប់​​របស់​រដ្ឋាភិបាល ​​រៀប​ចំ​​ពាក្យបណ្តឹង ​ប្តឹង​​ថៃ​​​ទៅ​​តុលាការ​អន្តរជាតិ​នានា ​ដើម្បី​ទាមទារ​ឱ្យ​ថៃ​ដក​កងទ័ព​ចេញពី​ទឹកដី​កម្ពុជា​ និង​​ទាមទារ​សំណង​សម្រាប់​ការ​ខូចខាត​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​​ ដែល​យោធា​ថៃ​បាន​ទម្លាក់គ្រាប់​ពី​​​យន្ត​ហោះ និង​បាញ់​ផ្លោង​មកលើ​ភូមិ​ឋាន​​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ក្នុង​សង្គ្រាម​ឈ្លានពាន​​របស់​ថៃ​ចំនួន​ពីរ​លើក​​កាលពី​ឆ្នាំ២០២៥។

លោក​ថ្លែង​ថា៖ «ដូច្នេះ​ខ្ញុំ​យល់​ថា លោក ​ហ៊ុន ម៉ាណែត​ ជាមេដឹកនាំ​ដែល​មិន​ទទួល​ខុសត្រូវ​នោះទេ គាត់​គួរ​​តែ​ចុះ​ចេញ​​ពីតំណែង​ទៅ​ដើម្បី ឱ្យ​មាន​មេដឹកនាំថ្មី គេកាន់​​អំណាច​គេ​ប្តឹងថៃ​​ទៅ​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​(ICC)​ និង​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ)​ ដើម្បី​ទាមទារ​សំណង​​ជូន​ប្រជាពល​រដ្ឋ​ដែល​បាត់​បង់​ផ្ទះ​សំបែង​ ខូចខាតផ្ទះ​សំបែងដោយ​​សារ​ការទម្លាក់​គ្រាប់​របស់​យន្តហោះ​ថៃ​និងការ​បាញ់​ផ្លោង​គ្រាប់​ពីទាហានថៃ។ វាជារឿងគួរឱ្យ​អស់​សំណើច​ដែល​លោក​​ហ៊ុន ម៉ាណែត ​ឱ្យ​ប្រជាពល​រដ្ឋ​ខ្មែរ​ទៅ​ទាមទារសំណង​ពីថៃ​ដោយ​​ខ្លួន​ឯង​»។

សម្រាប់​​​​អ្នកតំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូបនេះ​​ នៅលើ​ពិភពលោក​​នេះ ពុំ​​មាន​មេដឹកនាំ​ណា​ ដែល​រុញ​ឱ្យ​ពលរដ្ឋ​​​ទទួលខុស​ត្រូវ​ដោយខ្លួនឯង​ ទៅ​ប្តឹង​​ទារ​សំណង​ដោយខ្លួនឯង ​ពី​មេដឹកនាំ​ប្រទេស​ដទៃ​ដែល​លើកទ័ព​​​ចូល​ឈ្លានពាន​ប្រទេស​​របស់​ខ្លួន ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​នោះទេ​។

ទាក់ទង​ទៅនឹង​ការ​ចោទប្រកាន់​របស់​លោក​ ហ៊ុន ម៉ាណែត ​​ទៅលើ​អ្នក​ដែល​រិះគន់​រដ្ឋាភិបាល ​និង​អ្នក​ដែល​​​ជំរុញ​​ឱ្យ​រដ្ឋាភិបាល​ប្តឹង​ថៃ​​​ទៅកាន់​តុលាការ​អន្តរជាតិ​​ ថា​ជា​អំពើ​ក្បត់ជាតិ ​ចូល​ដៃ​ជាមួយ​ថៃ​​ជួយ​ផ្សព្វ​ផ្សាយ​​ព័ត៌​មាន​​ឱ្យ​​ថៃ​​ មន្ត្រី​​បក្ស​ប្រឆាំង​រូបនេះ ​បាន​លើកឡើង​ថា គឺ​ជា​ការ​មួលបង្កាច់​ចំពោះ​អ្នក​ដែល​ស្រឡាញ់​​ជាតិ ​ខ្វល់​ខ្វាយ​ពី​បញ្ហា​ជាតិ។

លោក​ថ្លែង​ថា៖ «ជាការ​​មួល​បង្កាច់​តែប៉ុណ្ណោះ​ឯង​ តាម​ពិត​គេជំរុញឱ្យ​​ប្តឹងថៃ​​ ដើម្បី​ទាម​ទារ​ទឹក​ដីពីថៃមក​វិញ​ បែរ​ជា​​ចោទ​ប្រកាន់​គេថា កាន់​ជើង​ថៃ ​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​​ឱ្យថៃទៅ​វិញ អាហ្នឹង​គឺ​ជាការ​មួល​បង្កាច់​ពី​សំណាក់​លោក​​ហ៊ុន ម៉ាណែត ​តែប៉ុណ្ណោះឯង​។ តាម​ពិតគេស្រឡាញ់​ទឹកដី​ គេមិន​កាន់​ជើងថៃនោះទេ គេ​ចង់​បាន​ទឹកដីមក​វិញ​! អ្នក​ដែល​កាន់​ជើង​ថៃ​ចូល​ដៃ​ជាមួយថៃ​ មាន​តែរដ្ឋាភិបាល​បស់គាត់​ដែល​មិន​ព្រម​ប្តឹងថៃទៅ​​តុលាការ​ព្រហ្មទណ្ឌ​​​អន្តរ​ជាតិ​(ICC)​ និង​​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ) ​​ធ្វើ​ម៉េចទាមទារ​​ទឹកដីបាន​មក​វិញ»។

ចំណែក​លោក​ ម៉ែន ណាត​ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​​បាន​ថ្លែង​ថា ការ​ថ្លែង​របស់​លោក​ ហ៊ុន ម៉ាណែត​ មិន​មាន​អ្វី​ចំណេញ​ដល់​កម្ពុជា​​នោះទេ ផ្ទុយទៅវិញ​វា​​ជា​សារ​ដែល​ធ្វើ​ឱ្យ​ខ្មែរ​កាន់តែ​មាន​ការ​បែកបាក់​ដោយ​​ជំរុញ​ឱ្យ​ខ្មែរ​នៅក្នុង​ប្រទេស​ស្អប់​​ខ្មែរ​នៅ​ក្រៅ​ប្រទេស​​។ បន្ថែម​ពីនេះ ​បាន​ធ្វើឱ្យ​កាសែត​​ថៃ​​យក​ការ​ថ្លែង​​របស់​​លោក​ ហ៊ុន ម៉ា​ណែត​ ទៅ​ចុះផ្សាយ​ថា ធ្វើ​ឱ្យ​មាន​ការ​រើសអើង​ខ្មែរ​នៅ​ក្រៅ​​ប្រទេស​ និង​ការ​​ចោទប្រកាន់​​មេបក្ស​ប្រឆាំង​ខ្មែរ​ថា​​ក្បត់ជាតិ​​ជាដើម។ ការណ៍​នេះ ​ធ្វើ​ឱ្យ​ភាគី​ឈ្លានពាន​មាន​ថៃ ​និង​យួន​ គេ​ត្រេកអរ គេ​​សើចចម្អក ​និង​ថែមទាំង​ប្រមាថ​មើល​ងាយ​​ខ្មែរ​​កាន់​តែ​​ខ្លាំង​​ថែម​ទៀត​​​​។

លោក​ថ្លែង​ថា៖ «សាររបស់​លោក​ហ៊ុន ម៉ាណែត ​​ដែលតិច​តៀន​​ញុះ​ញង់​ឱ្យ​ខ្មែរ​ក្នុង​​ស្រុក​ស្អប់​ខ្មែរក្រៅប្រទេស​នេះ ​វាមិន​​បាន​ផ្តល់​​ផល​ចំណេញ​អី​ដល់​កម្ពុជា​ទេ ​តែធ្វើ​ឱ្យ​​ផ្ទៃក្នុង​កម្ពុជា​កាន់​តែបែកបាក់ ហើយ​ធ្វើ​ឱ្យ​​មនុស្ស​មួយ​ចំនួន ​ដែល​​ដើរ​តាម​គណបក្ស​កាន់​អំណាច​​ងុប​ងុល​​ហ្នឹង​ បង្កើតមនោគមន៍​វិជ្ជាស្អប់​ខ្មែរ​នៅក្រៅ​​​​ប្រទេស។ អ៊ីចឹង​ធ្វើ​ឱ្យភាគី​ឈ្លាន​ពាន​​យើង​​មាន​​យួន​​មាន​​សៀម ​ជាពិសេស​សៀម​បច្ចុប្បន្ន គឺគេ​សើចចម្អក​ ​គេ​ប្រមា​ថ​មេដឹក​នាំ​ខ្មែរកាន់​តែខ្លាំង​ថែមទៀត​ ហើយ​គេពង្រីក​ការឈ្លានពាន​តាម​ទំនើងចិត្ត ​ដូច​គេធ្លាប់​​ធ្វើ​រាល់​ថ្ងៃ​​អ៊ីចឹង ​គេឈ្លានពាន​ទឹកដីខ្មែរ​មិន​បង្អង់​ដៃទេ ហើយ​រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​ឃើញធ្វើ​អីចេញ​​នៅឡើយ​»​។

ចំពោះ​ការ​ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​​ដែល​ចង់បាន​សំណង​ច្រើន ​​ទៅ​​ទាមទារ​សំណង​ពី​រដ្ឋាភិបាល​​ថៃ​​ អ្នក​ឃ្លាំ​មើល​រូបនេះ ​ចាត់ទុកថា ជា​ពាក្យសម្ដី​គ្មាន​ការទទួលខុសត្រូវ ​និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការឈឺចាប់​​ទ្វេដង​​កាន់តែ​ខ្លាំង។

លោក​ថ្លែង​​ថា៖ «គាត់​​ឈឺ​ចាប់ដោយ​សារ​ការ​ឈ្លានពាន​របស់​ថៃ ​​ធ្វើ​ឱ្យ​​ខូច​ខាត​​បាត់​បង់​ផ្ទះ​សំបែង​ហើយ​ ហើយ​​ដល់​ពេល​ពឹង​ពរ​រដ្ឋាភិបាល​ដែល​ជាមុខ​ជាមាត់​របស់​គាត់ ​បែរជា​ប្រមុខ​រដ្ឋាភិបាល​ប្រើ​ពាក្យ​ថា ឱ្យ​ទៅ​ទារ​​​ពី​អ្នក​បាញ់​។ វាជាសារមួយ​ដែល​ធ្វើ​ឱ្យ​យើង​ខក​ចិត្ត​ ធ្វើ​ឱ្យពល​​រដ្ឋ​ខកចិត្ត​ឈឺ​ចាប់​ទ្វេដង​ ឈឺ​ចាប់​រឿង​សៀម​​ឈ្លានពាន​ ​រឿង​មួយ ​ឈឺចាប់​រឿង​​បាត់​បង់​ដី​ផ្ទះ​សំបែង​ ​រឿង​ពីរ ​និង​ឈឺ​ចាប់​ការចម្អកឡក​ឡឺយ​របស់​មេ​ដឹក​នាំ ​​រឿង​៣។ វាមិន​សមជាមេដឹកនាំ​ទៅ​និយាយ​ពាក្យ​ចឹងៗ​»។

សូម​បញ្ជាក់​ថា ក្រុម​អ្នក​ឃ្លាំមើល​ ដែល​មិន​ចំណុះ​រដ្ឋាភិបាល​ រួម​ទាំង​​ប្រជាពលរដ្ឋ​ខ្មែរ​​ជាច្រើន ​​បាន​រិះគន់​​​រដ្ឋាភិ​បាល​​លោក​ ហ៊ុន ម៉ាណែត និង​លោក​ ហ៊ុន សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ថា ​​ខ្លាំង​បានតែ​ជាមួយ​​ខ្មែរ​គ្នាឯង តាម​​ចាប់​​ដាក់​ពន្ធនាគារ​​ ​តាម​វាយ​ធ្វើបាប​ងើប​មួយ​វាយ​មួយ ​​ទៅលើ​អ្នក​ដែល​មាន​មតិ​ផ្ទុយ​​​សម្តែង​ការខ្វាយខ្វល់​ពី​ការ​បាត់​បង់​ទឹកដី​ទៅ​ថៃ​​ ប៉ុន្តែ​បែរជា​ខ្លាច​ថៃ​​មិន​ហ៊ាន​តបត​ជាមួយ​ថៃ ​ដើម្បី​ការពារ​នៅលើ​ដី​ជាក់ស្តែង​ ថែមទាំង​មិន​ហ៊ាន​ប្តឹង​ថៃ​ទៅកាន់​តុលាការ​​អន្តរជាតិ​​ ខណៈ​ចាប់តាំងពី​ក្រោយ​បទ​​ឈប់បាញ់​ កាលពី​ថ្ងៃទី២៧​ ខែធ្នូ​ ឆ្នាំ២០២៥​ មក ​ថៃ​បន្ត​​រុលចូល​ឈ្លានពាន​ទឹកដី​ខ្មែរ​តាម​អំពើចិត្ត​កាន់តែ​ជ្រៅ​រហូតដល់​ជាង ​៨០​ទីតាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ